អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​អង្គការសហប្រជាជាតិ​អាច​នឹង​ជួយ​បញ្ចប់​វិបត្តិ​ផ្ទៃក្នុង​នៅ​ប្រទេស​យេម៉ែន​បាន​ដែរ ឬ​ទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃទី១៤ មិថុនា អង្គការ​សហប្រជាជាតិ​រៀបចំ​កិច្ចប្រជុំ​មួយ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​បិទបញ្ចប់​វិបត្តិ​ផ្ទៃក្នុង​នៅ​ក្នុង​ប្រទេស​យេម៉ែន។ កិច្ចប្រជុំ​នេះ​ចូលរួម​ដោយ​តំណាង​គ្រប់​ភាគី​ជម្លោះ​នៅ​យេម៉ែន រួម​មាន​តំណាង​រដ្ឋាភិបាល​ស្របច្បាប់​ដែល​កំពុង​ភៀសខ្លួន​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​តំណាង​ចលនា​ឧទ្ទាម​ហ៊ូទី្ស​ដែល​កំពុង​សោយរាជ្យ​នៅ​យេម៉ែន​សព្វថ្ងៃ។ អ្វី​ជា​ការ​កត់សម្គាល់ កិច្ចប្រជុំ​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ប្រទេស​អារ៉ាប៊ីសាអូឌីត​កំពុង​បន្ត​ដឹកនំា​កម្លំាង​សម្ព័ន្ធមិត្ត​វាយប្រហារ​បណ្តេញ​ពួក​ឧទ្ទាម​ហ៊ូទី្ស។ តើ​អង្គការសហប្រជាជាតិ​អាច​នឹង​ជួយ​បញ្ចប់​វិបត្តិផ្ទៃក្នុង​នៅ​ប្រទេស​យេម៉ែន​បាន​ដែរ ឬ​ទេ?

តើ​អង្គការសហប្រជាជាតិ​អាច​នឹង​ជួយ​បញ្ចប់​វិបត្តិ​ផ្ទៃក្នុង​នៅ​ប្រទេស​យេម៉ែន​បាន​ដែរ ឬ​ទេ?
តើ​អង្គការសហប្រជាជាតិ​អាច​នឹង​ជួយ​បញ្ចប់​វិបត្តិ​ផ្ទៃក្នុង​នៅ​ប្រទេស​យេម៉ែន​បាន​ដែរ ឬ​ទេ? REUTERS
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​ឆ្នំា ២០១១ ដែល​ប្រទេស​យេម៉ែន​បាន​ភ្លួករសជាតិ​បដិវត្តន៍អារ៉ាប់​ផ្ទុះ​ចេញ​ដំបូង​ពី​ប្រទេស​ទុយនីស៊ី តែ​ផ្ទុយ​ពី​បណ្តា​ប្រទេស​អារ៉ាប់​មួយ​ចំនួន បដិវត្តន៍​នៅ​យេម៉ែន​បាន​បិទ​បញ្ចប់​ទៅ​តាម​ផ្លូវ​ចរចា។ កាល​ណោះ លោក​ប្រធានាធិបតី​អាលី អាប់ដាឡា សាឡេ​បាន​យល់ព្រម​ចុះ​ចេញ​ពី​អំណាច ហើយ​លោក​អាប់ រ៉ាប់បូ មែនស៊ូ ហាឌី​ក៏​បាន​ក្លាយ​ជា​ប្រធានាធិបតី​ថ្មី​តាម​រយៈ​ការ​បោះឆ្នោត​របស់​ប្រជាជន។ តែ​មិន​បាន​ប៉ុន្មាន​ផង យេម៉ែន​ក៏​បាន​ធ្លាក់​ក្នុង​វិបត្តិ​ហែកហួរ​ពី​ការ​គំរាមកំហែង​របស់​ចលនា​ឧទ្ទាម​ហ៊ូទី្ស។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កម្លំាង​ឧទ្ទាម​មួយ​នេះ​បាន​ដណ្តើម​ចូល​កាន់កាប់​ទីតំាង​ជា​ច្រើន​កន្លែង​របស់​រដ្ឋាភិបាល​រហូត​ជម្រុញ​ឲ្យ​លោក​ប្រធានាធិបតី​ហាឌី​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​រត់​ភៀសខ្លួន​ទៅ​ជ្រកកោណ និង​តំាង​ទីស្នាក់ការ​​នៅ​បរទេស​តំាង​ពី​ខែ​កុម្ភៈ ពោល​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។

អ្វី​ជា​ការ​កត់សម្គាល់ ការ​ឡើង​សោយរាជ្យ​របស់​ពួក​ហ៊ូទី្ស​និកាយ​ឈីអ៊ីត​នៅ​យេម៉េន​មិន​ត្រឹមតែ​ជា​គ្រោះថ្នាក់​សម្រាប់​ប្រទេស​យេម៉ែន​តែ​មួយ​ប៉ុណ្ណោះ​ទេ តែ​វា​បាន​នឹង​កំពុង​បង្ក​គ្រោះថ្នាក់​យ៉ាង​ខ្លំាង​ដល់​ប្រទេស​ជិត​ខាង​ក្នុង​តំបន់ ពិសេស​ប្រទេស​និកាយ​ស៊ុយនីត​ដូច​យ៉ាង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ជា​ដើម។ ចូរ​កុំ​ភ្លេច​ថា ចលនា​ឧទ្ទាម​ហ៊ូទី្ស​និកាយ​ឈីអ៊ីត​នៅ​យេម៉ែន​បាន​ទទួល​ការ​គំាទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​ក្រុមនិកាយ​ឈីអ៊ីត​ក្នុង​តំបន់ ពិសេស​ពី​ប្រទេស​អ៊ីរ៉ង់​ដែល​ជា​គូប្រជែង​របស់​អារ៉ាប៊ីសាអូឌីត។ គឺ​ដោយ​យល់​ពី​ផលវិបាក​នៅ​ចំពោះ​មុខ​នេះ​ហើយ​បាន​ជា​តំាង​ពី​ថ្ងៃទី២៦ មីនា​មក អារ៉ាប៊ីសាអូឌីត និង​ក្រុមសម្ព័ន្ធមិត្ត​បាន​សម្រេច​បើក​ប្រតិបត្តិការ​វាយប្រហារ​ផ្លូវអាកាស​លើ​ពួកហ៊ូទី្ស។

តែ​បញ្ហា​នៅ​ត្រង់​ថា ប្រតិបត្តិការ​វាយប្រហារ​ផ្លូវអាកាស​លើ​ពួក​ឧទ្ទាម​ហ៊ូទី្ស​ដឹកនំា​ដោយ​អារ៉ាប៊ីសាអូឌីត​បែរ​ជា​បាន​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​យេម៉ែន​កាន់​តែ​ធ្លាក់​ដុនដាប​ទៅៗ ពិសេស​នៅ​ក្នុង​ផ្នែក​មនុស្សធម៌។ គិត​មក​ទល់​ថ្ងៃ​នេះ ប្រតិបត្តិការ​សឹក​របស់​អារ៉ាប៊ីសាអូឌីត​បាន​សម្លាប់​ជនស៊ីវិល​យេម៉ែន​ច្រើន​ជាង​ពួក​ឧទ្ទាម និង​ថែម​ទំាង​បាន​ធ្វើ​កម្លំាង​ឧទ្ទាម​កាន់​តែ​ឡើង​ចាង​ខ្លំាង​ទៅៗ​ថែម​ទៀត។ បន្តិច​ម្តងៗ ប្រតិបត្តិការ​ក្រោម​ឈ្មោះ « ព្យុះសង្ឃរា​ផ្តាច់ព្រ័ត្រ » របស់​អារ៉ាប៊ីសាអូឌីត​បែរ​ជា​កំពុង​ធ្វើ​ឲ្យ​អារ៉ាប៊ីសាអូឌីត​ខ្លួន​ឯង​ឈឺ​ក្បាល​ជា​ពន់ពេក ពោល​ឈឺ​ក្បាល​ដោយ​សារ​តែ​ការ​​ឈឺ​ឆ្អាល​ចំពោះ​វិបត្តិ​អ្នក​ដទៃ។ ជាក់ស្តែង​នៅ​ដើម​ខែ​មិថុនា​កន្លង​ទៅ​ថ្មីៗ​នេះ កងទ័ព​អារ៉ាប៊ីសាអូឌីត​បាន​ស្ទាក់​បាញ់​ទាន់ពេល​នូវ​គ្រាប់មីស៊ីល​ប្រភេទ​ស្គុគ (Scud) ចំនួន ៣គ្រាប់​ដែល​ពួក​ឧទ្ទាម​ហ៊ូទី្ស​បាន​បាញ់​តម្រង់​ទឹកដី​អារ៉ាប៊ីសាអូឌីត។

ទន្ទឹម​គ្នា​នេះ ប្រទេស​សម្ព័ន្ធមិត្ត​​របស់​អារ៉ាប៊ីសាអូឌីត​ក៏​បាន​ចាប់​ផ្តើម​ពិចារណា​ឡើង​វិញ​ពី​ការ​បន្ត​រួម​សហការណ៍​ជាមួយ​ទីក្រុង​រីយ៉ាដ​នៅ​ក្នុង​ប្រតិបត្តិការ « ព្យុះសង្ឃរា​ផ្តាច់ព្រ័ត្រ » ក្នុង​ប្រទេស​យេម៉ែន ពិសេស​ពិចារណា​លើ​គម្រោង​បើក​ប្រតិបត្តិការ​ជើងគោក។ ជាក់ស្តែង ប្រទេស​អេហ្ស៊ីប​បន្ត​ចងចំា​មិន​ភ្លេច​នូវ​មេរៀន​ល្វីងជូរចត់​ដែល​ខ្លួន​បាន​ទទួល​នា​អន្តរាគមន៍​នៅ​យេម៉ែន​ក្នុង​ឆ្នំា ១៩៦២ និង​ឆ្នំា ១៩៦៧។ នៅ​ដើម​ខែ​មេសា​កន្លង​ទៅ សភា​ប្រទេស​ប៉ាគីស្ថាន​បាន​បោះឆ្នោត​ឲ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញ​ពី​កម្លំាងសម្ព័ន្ធមិត្ត​ដឹកនំា​ដោយ​អារ៉ាប៊ីសាអូឌីត។ ចំណែក​នៅ​ក្នុង​ប្រទេស​សេណេហ្គាល់​វិញ ការ​សន្យា​របស់​រដ្ឋាភិបាល​ទីក្រុង​ដាកា​ក្នុង​ការ​បញ្ជូន​កម្លំាង​ទាហាន ២ ១០០នាក់​ទៅ​ចូល​រួម​ជាមួយ​កម្លំាង​សម្ព័ន្ធមិត្ត​អារ៉ាប៊ីសាអូឌីត​នៅ​បន្ត​ជា​ពាក្យ​សន្យា​ដដែល។

ដូច្នេះ វា​ពិត​ជា​ចំ​កាលៈទេសៈ​ល្អ​ណាស់​ដែល​អង្គការសហប្រជាជាតិ​បាន​រៀបចំ​កិច្ចប្រជុំ​តុមូល​មួយ​ដោយ​មាន​ការ​យល់ព្រម​ចូលរួម​ពី​គ្រប់​ភាគី​ជម្លោះ​ទំាង​អស់​នៅ​ក្នុង​ប្រទេស​យេម៉ែន។ មែនទែន​ទៅ នេះ​មិន​មែន​ជា​លើកទី១ ទេ​ដែល​ស្ថាប័ន​ពិភពលោក​មួយ​នេះ​បាន​ចូលរួម​ជួយ​ឈឺឆ្អាល​ចំពោះ​វិបត្តិ​ផ្ទៃក្នុង​នៅ​យេម៉ែន​នោះ កាល​ពី​ខែ​មេសា​កន្លង​ទៅ ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ក៏​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​នូវ​សេចក្តីសម្រេច​ចិត្ត​មួយ​លេខ ២២១៦ ដោយ​បាន​ស្នើ​ឲ្យ​ពួក​ឧទ្ទាម​ហ៊ូទី្ស​ទម្លាក់​អាវុធ​ចុះ ដក​ខ្លួន​ចេញ​ពី​តំបន់​ដែល​ពួក​គេ​បាន​វាយ​ចូល​កាន់កាប់ ព្រម​ទំាង​ចាត់​ទុក​ពួក​នេះ​ថា​ជា​អ្នក​ទទួល​ខុស​ត្រូវ​តែ​ម្នាក់​គត់​នៅ​ក្នុង​វិបត្តិ​យេម៉ែន​សព្វថ្ងៃ។ តែ​បញ្ហា​នៅ​ត្រង់​ថា ពួក​ឧទ្ទាម​មិន​ខ្ចី​យក​ត្រចៀក​ស្តាប់​បន្តិច​ណា​សោះ។

ជា​ថ្មី​ម្តង​ទៀត អង្គការ​សហប្រជាជាតិ​បាន​ចេញ​មុខ​អន្តរាគមន៍​ដែល​លើក​នេះ បាន​កោះ​ហៅ​គ្រប់​ភាគី​ជម្លោះ​ឲ្យ​ជួប​ជជែក​គ្នា​ដោយ​ផ្ទាល់។ នេះ​ជា​កិច្ចសន្ទនា​លើក​ទី១ រវាង​ភាគី​ឧទ្ទាម​ហ៊ូទី្ស និង​តំណាង​រដ្ឋាភិបាល​ស្របច្បាប់ តំាង​ពី​លោក​ប្រធានាធិបតី​ហាឌី​ភៀសខ្លួន​ទៅ​ជ្រកកោណ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​កាល​ពី​ខែ​កុម្ភៈ។ យ៉ាង​ណា​ក៏​ដោយ គេ​ហាក់​ដូច​ជា​គ្មាន​សង្ឃឹម​បន្តិច​ណា​សោះ​លើ​ជំនួប​ចរចា​ពេល​នេះ ព្រោះ​រហូត​មក​ដល់​ពេល​នេះ ភាគី​នីមួយៗ​បន្ត​ប្រកាន់​ជំហរ​រៀងៗ​ខ្លួន​ដោយ​មិន​យល់ព្រម​ធ្វើ​សម្បទាន​ទេ។ ម្យ៉ាង​ទៀត សហគមន៍​អន្តរជាតិ​ហាក់​ដូច​ជា​ចង់​បាន​ដំណោះស្រាយ​ផ្លូវ​យោធា និង​ការ​វិលត្រឡប់​ចូលស្រុក​វិញ​របស់​លោក​ហាឌី។

តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា គឺ​ពួក​ឧទ្ទាម​ហ៊ូទី្ស​ទៅ​វិញ​ទេ​ដែល​កំពុង​មាន​ឥទ្ធិពល​ខ្លំាង និង​កំពុង​ក្លាយ​ជា​តួអង្គ​នយោបាយ​មួយ​មិន​អាច​ខ្វះ​នៅ​ក្នុង​សង្គម​យេម៉ែន​សព្វថ្ងៃ។ ដូច្នេះ វា​ជា​រឿង​បន្ទាន់​ដែល​សហគមន៍​អន្តរជាតិ​ត្រូវ​ដាក់​សម្ភាធ​លើ​គ្រប់​ភាគី​ទំាង​អស់​ឲ្យ​ស្មើ​គ្នា ដោយ​មិន​កាន់​ជើង​ខាង​ណា​ជាង​ខាង​ណា។ បើ​មិន​ដូច្នោះ​ទេ គឺ​ប្រជាជន​ស៊ីវិល​ស្លូតត្រង់​ជា​អ្នក​បន្ត​រងគ្រោះ ហើយ​អ្នក​ដែល​បន្ត​កេង​ចំណេញ​ពី​ភាព​វឹកវរ​នៅ​យេម៉ែន​បច្ចុប្បន្ន គឺ​មិនមែន​ពួក​ឧទ្ទាម​ហ៊ូទី្ស ឬ​លោក​ហាឌី​ទេ តែ​គឺ​អាល់កៃដា និង​អង្គការ​រដ្ឋអ៊ីស្លាម​ដូច​​នៅ​ស៊ីរី និង​អ៊ីរ៉ាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ