អានតួអត្ថបទ
អារ៉ាប៊ីសាអូឌីត-យេម៉ែន

​យេម៉ែន៖អារ៉ាប៊ីសាអូឌីត​បន្ត​គោរព និង​អត់ធ្មត់​នៅ​ចំពោះ​ការ​រំលោភបំពាន​របស់​ពួក​ឧទ្ទាម​ហ៊ូទី្ស

នៅ​ក្នុង​ប្រទេស​យេម៉ែន ថ្ងៃ​សុក្រ ទី១៥ ឧសភា​នេះ ជា​ថ្ងៃទី៤ នៃ​បទឈប់បាញ់​ដែល​បាន​ចូល​ជា​ធរមាន​តំាង​​ពី​អធ្រាត្រ​យប់​ថ្ងៃ​អង្គារ ទី១២ ឧសភា។ ប្រទេស​អារ៉ាប៊ីសាអូឌីត​ដែល​ជា​អ្នកដឹកនំា​កម្លំាង​សម្ព័ន្ធមិត្ត​វាយប្រហារ​ផ្លូវអាកាស​លើ​ពួក​ឧទ្ទាម​ហ៊ូទី្ស​ក្នុង​ប្រទេស​យេម៉ែន​តំាង​ពី​ខែ​មីនា​បាន​ប្រកាស​ពី​ការ​បន្ត​គោរព​បទឈប់បាញ់ ទោះ​បី​ជា​ពួក​ឧទ្ទាមហ៊ូទី្ស​មិន​បាន​គោរព​ត្រឹមត្រូវ​ក៏​ដោយ។ គួរ​រម្លឹក​ជូន​ថា បទឈប់បាញ់​រយៈពេល ៥ថ្ងៃ​ដែល​ស្នើ​ឡើង​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​យល់​ព្រម​ដោយ​គ្រប់​ជម្លោះ​នៅ​យេម៉ែន គឺ​ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​ដឹកជញ្ជូន​ជំនួយមនុស្សធម៌​ទៅ​ជួយ​ជនស៊ីវិល​យេម៉ែន​ដែល​កំពុង​​រងគ្រោះ​ដោយ​សង្រ្គាម។ ស្ថានការណ៍​មនុស្សធម៌​នៅ​យេម៉ែន​ដែល​អង្គការសហប្រជាជាតិ​បាន​វាយតម្លៃ​ថា កំពុង​ដុនដាប​ខ្លំាង។

ជនស៊ីវិល​យេម៉ែន​ដែល​រងគ្រោះ​ដោយ​សង្រ្គាម
ជនស៊ីវិល​យេម៉ែន​ដែល​រងគ្រោះ​ដោយ​សង្រ្គាម REUTERS/Mohamed al-Sayaghi
ផ្សាយពាណិជ្ជកម្ម

ស្ថានការណ៍​ទូទៅ​នៅ​ក្នុង​ទីក្រុង​សាណា ប្រទេស​យេម៉ែន​មាន​ភាព​ស្ងាត់ជ្រងំ​គួរ​ឲ្យ​កត់សម្គាល់ តែ​ស្នូរ​កំាភ្លើង​រប៉េះរប៉ោះ​បាន​កើត​មាន​ឡើង​នៅ​តាម​តំបន់​ជា​ច្រើន​ស្ថិត​ប៉ែកខាងត្បូង។ កម្លំាង​សម្ព័ន្ធមិត្ត​ដែល​ដឹកនំា​ដោយ​អារ៉ាប៊ីសាអូឌីត​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ ឧសភា​ថា ទោះបី​ជា​ពួក​ឧទ្ទាម​ហ៊ូទី្ស​បាន​បន្ត​រំលោភបំពាន​តិច ឬ​ច្រើន​លើ​បទឈប់បាញ់​ក៏​ដោយ ក៏​កម្លំាង​សម្ព័ន្ធមិត្ត​បន្ត​ប្រកាន់​ជំហរ​អត់ធ្មត់​ដដែល។ តែ​ក៏​បាន​ឆ្លៀត​ព្រមាន​ថា ខ្លួន​នឹង​ធ្វើ​ការ​វាយបក​វិញ ប្រសិន​បើ​ពួក​ឧទ្ទាម​នៅ​តែ​បន្ត​រំលោភបំពាន​នោះ។ តាម​កម្លំាងសម្ព័ន្ធមិត្ត ពួកឧទ្ទាម​បាន​រំលោភបំពាន​លើ​បទឈប់បាញ់​ចំនួន ១២លើក ពិសេស​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​អារ៉ាប៊ីសាអូឌីត និង​នៅ​ផ្ទៃក្នុង​យេម៉ែន។

គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា អារ៉ាប៊ីសាអូឌីត​បាន​ដឹកនំា​កម្លំាងសម្ព័ន្ធមិត្ត​វាយប្រហារ​ផ្លូវអាកាស​លើ​ពួក​ឧទ្ទាម​ហ៊ូទី្ស​ក្នុង​ប្រទេស​យេម៉ែន​កាល​ពី​ថ្ងៃទី២៦ មីនា។ តែ​បាន​សុខចិត្ត​ផ្អាក​ប្រតិបត្តិការ​រយៈពេល ៥ថ្ងៃ​ជាមួយ​ពួកឧទ្ទាម​ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​ដឹកជញ្ជូន​ជំនួយមនុស្សធម៌​ទៅ​ជួយ​ជនស៊ីវិល​យេម៉ែន។ ស្ថានការណ៍​មនុស្សធម៌​នៅ​យេម៉ែន​ដែល​ត្រូវ​បាន​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ស្បៀងអាហារ និង​កសិកម្ម​ចាត់​ទុក​ជា​ស្ថានការណ៍​ដ៏​មហន្តរាយ ព្រោះ​មាន​ការ​ខ្វះខាត​សព្វ​គ្រប់។ តាម​តួលេខ​ផ្តល់​ដោយ​អង្គការ​សុខភាព​ពិភពលោក សង្រ្គាម​នៅ​យេម៉ែន​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ១ ៥៧៨ នាក់ និង​របួស​ជាង ៦ ៥០០នាក់។

តំាង​ពី​មាន​បទឈប់បាញ់​រយៈពេល ៣ថ្ងៃ​មក ជំនួយ​មនុស្សធម៌​ចំនួន ៧កប៉ាល់ និង​ឡានដឹកប្រេង​ឆ្លង​ពី​ទឹកដី​អារ៉ាប៊ីសាអូឌីត​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កំពុងផែ​យេម៉ែន។ រដ្ឋាភិបាល​យេម៉ែន​ដែល​កំពុង​ភៀសខ្លួន​ក្នុង​ទឹកដី​អារ៉ាប៊ីសាអូឌីត​បាន​សាទរ​ពី​ជំនួយ​អារ៉ាប៊ីសាអូឌីត​តែ​ម្នាក់​ឯង​ចំនួន ៥៤០លានដុល្លារ តែ​បាន​បញ្ជាក់​ពី​ការ​បដិសេធ​មិន​ទទួល​ជំនួយ​មួយ​កប៉ាល់​ចំនួន ២ ៥០០តោន​របស់​អ៊ីរ៉ង់​ដែល​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​យេម៉ែន​ដោយ​គ្មាន​ការ​ឯកភាព​ពី​រដ្ឋអំណាច​ស្របច្បាប់​យេម៉ែន។ តែ​អ៊ីរ៉ង់​ដែល​កំពុង​ជាប់​ចោទ​ពី​បទ​គំាទ្រ​ពួក​ឧទ្ទាម​ហ៊ូទី្ស​បាន​អះអាង​ថា ខ្លួន​បាន​ឯកភាព​ជាមួយ​អង្គការ​សហប្រជាជាតិ​រួច​ហើយ។

ថ្មីៗ​នេះ អាមេរិក​ក៏​បាន​អំពាវនាវ​ឲ្យ​អ៊ីរ៉ង់​សហការណ៍​ជាមួយ​ទីភ្នាក់ងារ​សហប្រជាជាតិ​ក្នុង​ការ​ដឹកជំនួយមនុស្សធម៌​ទៅ​យេម៉ែន និង​ព្រមាន​រារំាង​កប៉ាល់​របស់​អ៊ីរ៉ង់​កុំ​ឲ្យ​ចូល​ក្នុង​ដែនទឹក​យេម៉ែន ពិសេស​ត្រួតពិនិត្យ​ពី​ទំនិញ​ដែល​មាន​នៅ​ក្នុង​កប៉ាល់​នោះ​ដើម្បី​ធានា​ថា មិនមែន​ជា​អាវុធ​សម្រាប់​ពួក​ឧទ្ទាម​ហ៊ូទី្ស​ទេ។ តែ​អ៊ីរ៉ង់​បាន​ព្រមាន​អាមេរិក​វិញ​ពី​ការ​ប៉ុនប៉ង​រារំាង​កប៉ាល់​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ