អានតួអត្ថបទ
ជប៉ុន

នាយករដ្ឋមន្រ្តី​ជប៉ុន​ទៅ​ទស្សនកិច្ច​ក្នុង​ប្រទេស​អ៊ីស្រាអែល និង​ដែនដី​ប៉ាឡេស្ទីន

លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស្ហ៊ីនហ្សូ អាបេ​កំពុង​បន្ត​ទស្សនកិច្ច​មួយ​ជុំ​តំបន់​មជ្ឈិមបូព៌ា។ បន្ទាប់​ពី​ប្រទេស​អេហ្ស៊ីប និង​ហ្ស៊កដានី លោក​អាបេ​បាន​ទៅ​ប្រទេស​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​អាទិត្យ ទី១៨ មករា​ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​នៅ​អ៊ីស្រាអែល និង​ដែនដី​ប៉ាឡេស្ទីន។ សំណុំរឿង​សំខាន់​ដែល​លោក​អាបេ​លើក​ទៅ​ជជែក​ជាមួយ​ថ្នាក់ដឹកនំា​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន គឺ​ជួយ​ផ្តល់​សន្ទុះ​ឡើង​វិញ​នូវ​កិច្ចចរចា​សន្តិភាព​របស់​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ក្នុង​គោលដៅ​ស្វែង​រក​ដំណោះស្រាយ​មួយ​ដើម្បី​បង្កើត​រដ្ឋ​ពីរ​រស់​ក្បែរ​ខាង​គ្នា។ ទន្ទឹម​គ្នា​នេះ រឿង​សេដ្ឋកិច្ច ក៏​ជា​ប្រធានបទ​មិន​អាច​ខ្វះ​បាន​ទេ។

លោក​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន ស្ហ៊ីនហ្សូ អាបេ និង​សមភាគី​អ៊ីស្រាអែល បិនយ៉ាមីន នេតាន់យ៉ាហ៊ូ
លោក​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន ស្ហ៊ីនហ្សូ អាបេ និង​សមភាគី​អ៊ីស្រាអែល បិនយ៉ាមីន នេតាន់យ៉ាហ៊ូ Reuters
ផ្សាយពាណិជ្ជកម្ម

កម្មវត្ថុ​សំខាន់​នៃ​ទស្សនកិច្ច​នៅ​ក្នុង​តំបន់​របស់​លោក​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​ស្ហ៊ីនហ្សូ អាបេ គឺ​ដើម្បី​ជួយ​ពង្រឹង​ស្ថិរភាព ក៏​ដូច​ជា​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។ នៅ​ក្នុង​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​អាបេ​ក្នុង​ទីក្រុង​ហ៊្សេរុយសាឡិម លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ​បាន​ថ្លែង​ថា មាន​វិស័យ​សេដ្ឋកិច្ច បច្ចេកវិទ្យា និង​វិស័យ​ផ្សេង​ទៀត​ជា​ច្រើន​ដែល​ជប៉ុន និង​អ៊ីស្រាអែល​អាច​សហការណ៍​ជាមួយ​គ្នា​បាន។ នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ដែល​បាន​រៀបចំ​នៅ​មុន​ជំនួប​ជាមួយ​លោក​អាបេ លោក​នេតាន់យ៉ាហ៊ូ​បាន​បញ្ជាក់​ជា​ថ្មី​ថា អ៊ីស្រាអែល​ត្រូវ​តែ​ស្វែង​រក​ទីផ្សារ​បន្ថែម​ទៀត ដោយ​រាប់​បញ្ចូល​ជប៉ុន និង​ប្រទេស​អាស៊ី​ផ្សេង​ទៀត​ដែល​កំពុង​មាន​សេដ្ឋកិច្ច​លូតលាស់។

គួរ​ជម្រាប​ជូន​ថា ការ​ដោះដូរ​សេដ្ឋកិច្ច​រវាង​ជប៉ុន និង​អ៊ីស្រាអែល​នៅ​មាន​កម្រិត​តិចតួច​ខ្លំាង​ណាស់។ ជាក់ស្តែង​ក្នុង​ឆ្នំា ២០១៣ ផលិតផល​ជប៉ុន​ដែល​អ៊ីស្រាអែល​បាន​នំា​ចូល​មាន​ប្រមាណ​តែ ០,១% ប៉ុណ្ណោះ។ តែ​ខុទ្ទកាល័យ​របស់​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បាន​បញ្ជាក់​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ អ៊ីស្រាអែល​នឹង​ផ្តើម​កាត់​បន្ថយ​ការ​រកស៊ី​ជាមួយ​បណ្តា​ប្រទេស​អឺរ៉ុបខាងលិច​ដែល​កំពុង​ស្គាល់​ភាព​បះបោរ​របស់​ប្រជាជន​អ៊ីស្លាម និង​ចលនា​ប្រឆំាង​នឹង​ជនជាតិ Juif។ នេះ​ជា​លើកទី១ ក្នុង​រយៈពេល ៩ឆ្នំា​កន្លង​ទៅ​ដែល​មាន​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​ម្នាក់​បាន​ទៅ​ទស្សនកិច្ច​នៅ​អ៊ីស្រាអែល។ ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​ពេល​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​លោក​នេតាន់យ៉ាហ៊ូ​បាន​ទៅ​ទស្សនកិច្ច​នៅ​ជប៉ុន​កាល​ពី​ខែ​ឧសភា ឆ្នំា ២០១៤។

បន្ទាប់​ពី​​អ៊ីស្រាអែល លោក​អាបេ​នឹង​បន្ត​ដំណើរ​ទៅ​កាន់​តំបន់ Cisjordanie ក្នុង​ទឹកដី​ប៉ាឡេស្ទីន​ដើម្បី​ជួប​ជាមួយ​លោក​ប្រមុខ​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាមូត អាបាស់។ ប្រធានបទ​សំខាន់​ដែល​លោក​អាបេ​លើក​ទៅ​និយាយ​ជាមួយ​ថ្នាក់​ដឹកនំា​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន គឺ​សុំ​ឲ្យ​ភាគី​ជម្លោះ​ទំាង​ពីរ​ផ្តើម​កិច្ចចរចា​សន្តិភាព​ជា​ថ្មី​ដែល​បាន​ទទួល​បរាជ័យ​កាល​ពី ៩ខែ​មុន។ ទន្ទឹម​គ្នា​នេះ លោក​អាបេ​សំណូមពរ​អ៊ីស្រាអែល​ឲ្យ​ចៀសវាង​សកម្មភាព​ទំាង​ឡាយ​ណា​ដែល​ឈាន​ដល់​ការ​បង្ក​សង្រ្គាម​ជាមួយ​ប្រជាជន​ប៉ាឡេស្ទីន។ អ្វី​ជា​ការ​កត់សម្គាល់ វត្តមាន​លោក​អាបេ​នៅ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ពេល​នេះ​បាន​ធ្វើ​ឡើង ២ថ្ងៃ​បន្ទាប់​ពី​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​បាន​សម្រេច​បើក​ការ​សិក្សាបឋម​ស្តីពី​បទឧក្រិដ្ឋកម្មសង្រ្គាម​ជា​យថាហេតុ​ប្រព្រឹត្តិ​ដោយ​អ៊ីស្រាអែល​លើ​ដែនដី​ប៉ាឡេស្ទីន​តំាង​ពី​ខែ​មិថុនា ឆ្នំា ២០១៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ