អានតួអត្ថបទ
ប៉ាឡេស្ទីន-អ.ស.ប.

តុលាការព្រហ្មទ័ណ្ឌអន្តរជាតិ​បាន​ផ្តើម​សិក្សាបឋម​ស្តីពី​បទឧក្រិដ្ឋកម្មសង្រ្គាម​ជាយថាហេតុ​នៅ​ដែនដី​ប៉ាឡេស្ទីន

នៅ​ថ្ងៃ​សុក្រ ទី១៦ មករា រដ្ឋអាជ្ញា​នៃ​តុលាការព្រហ្មទ័ណ្ឌអន្តរជាតិ​ក្នុង​ទីក្រុង​ឡាអេ​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ផ្តើម​ធ្វើ​ការ​សិក្សាបឋម​ស្តីពី​ស្ថានការណ៍​នៅ​ក្នុង​ដែនដី​ប៉ាឡេស្ទីន។ កម្មវត្ថុ​នៃ​ការ​សិក្សាបឋម​នេះ គឺ​ដើម្បី​ចង់​ដឹង​ថា តើ​មាន ឬ​មិន​មាន​បទឧក្រិដ្ឋកម្មសង្រ្គាម​ជា​យថាហេតុ​នៅ​ក្នុង​ដែនដី​ប៉ាឡេស្ទីន។ ប្រជាជន​ប៉ាឡេស្ទីន​បាន​សម្តែង​ការ​សប្បាយ​ចិត្ត តែ​អ៊ីស្រាអែល​បាន​បរិហារ និង​បាន​ចាត់​ទុក​គំនិត​ផ្តួចផ្តើម​របស់​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​នេះ​ថា ជា​ការ​បង្ក​រឿង​អាស្រូវ​ដែល​ខ្លួន​មិន​អាច​ទទួល​យក​បាន​ទេ។ ចំណែក​អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីស្រាអែល​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​បរិហារ​ដែរ។

ទីស្នាក់ការកណ្តាល​របស់​តុលាការព្រហ្មទ័ណ្ឌអន្តរជាតិ​ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់
ទីស្នាក់ការកណ្តាល​របស់​តុលាការព្រហ្មទ័ណ្ឌអន្តរជាតិ​ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ Wikimédia
ផ្សាយពាណិជ្ជកម្ម

ពិតមែន​តែ​ជា​ការ​ផ្តើមសិក្សា​បឋម​មែន តែ​វា​ជា​រឿង​មួយ​សំខាន់​ខ្លំាង​ណាស់​សម្រាប់​ប្រជាជន​ប៉ាឡេស្ទីន​ទូទៅ សំខាន់​នៅ​ត្រង់​ថា ពិភពលោក​ហាក់​ដូច​ជា​បាន​យក​ចិត្ត​ទុក​ដាក់​ខ្លំាង​ជាង​មុន​ចំពោះ​បុព្វហេតុ​របស់​ខ្លួន ឬ​មួយ​ក៏​ថា ការ​ស្វែង​រក​ការ​ពិត​បាន​ចាប់​ផ្តើម​ហើយ។ អ្វី​ដែល​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​នឹង​ត្រូវ​ធ្វើ​ការ​សិក្សា​ចង់​ដឹង​ជា​ដំបូង​នោះ​គឺ​ថា តើ​នឹង​អាច​មាន​ទិន្នន័យ​សមហេតុ សមផល​ណា​មួយ​ដែល​អាច​នឹង​ផ្តើម​បើក​ការ​ស៊ើបអង្កេត​ស្តីពី​បទឧក្រិដ្ឋកម្មសង្រ្គាម​នៅ​ក្នុង​ដែនដី​ប៉ាឡេស្ទីន​តំាង​ពី​ខែ​មិថុនា ឆ្នំា ២០១៤។ គឺ​ជា​ខែ ឆ្នំា ដែល​រដ្ឋអំណាច​ប៉ាឡេស្ទីន​ខ្លួន​ឯង​បាន​ចាត់​ទុក​ការ​ដែល​កងទ័ព​អ៊ីស្រាអែល​បាន​ផ្តើម​បើក​យុទ្ធនាការ​ចាប់​ខ្លួន និង​វាយបង្រ្កាប​លើ​ប្រជាជន​ប៉ាឡេស្ទីន​នៅ​តំបន់ Cisjordanie។ ជា​យុទ្ធនាការ​ដែល​ទ័ពអ៊ីស្រាអែល​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​ក្រោយ​ពី​ការ​បាត់ខ្លួន​យុវជន​អ៊ីស្រាអែល​ចំនួន ៣នាក់

គឺ​ផ្តើម​ចេញ​ពី​យុទ្ធនាការ​របស់​ទ័ពអ៊ីស្រាអែល​នោះ​ឯង​ដែល​ជា​ចំណុច​ចាប់​ផ្តើម​នៃ​សង្រ្គាម​ប្រឆំាង​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្គាហ្សា​នា​រដូវ​ក្តៅ​កន្លង​ទៅ និង​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ២ ២០០នាក់ ភាគច្រើន​ជា​ប្រជាជន​ប៉ាឡេស្ទីន​ស្លូតត្រង់។ គួរ​រម្លឹក​ជូន​ថា គឺ​ទើប​តែ​នៅ​ថ្ងៃទី២ ខែ​មករា​ដើម​ឆ្នំា​នេះ​ទេ​ដែល​ប៉ាឡេស្ទីន​បាន​ចូល​ជា​សមាជិក​របស់​តុលាការ​ព្រហ្មទ័ណ្ឌអន្តរជាតិ។ កម្មវត្ថុ​របស់​ប៉ាឡេស្ទីន គឺ​ដាក់​ពាក្យ​បណ្តឹង​ទៅ​ស្ថាប័ន​តុលាការ​អន្តរជាតិ​មួយ​នេះ​ឲ្យ​បើក​ការ​ស៊ើបអង្កេត​ពី​បទឧក្រិដ្ឋកម្មសង្រ្គាម​នៅ​ក្នុង​ដែនដី​ប៉ាឡេស្ទីន និង​អូស ក ជន​ដៃដល់​ទៅ​កាត់​ទោស។ ប្រតិកម្ម​ភ្លាមៗ អ៊ីស្រាអែល និង​អាមេរិក​បាន​បរិហារ​លើ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋអាជ្ញា​នៃ​តុលាការព្រហ្មទ័ណ្ឌអន្តរជាតិ។

លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ​បាន​បញ្ជាក់​ថា លោក​នឹង​ច្រាន​ចោល​រាល់​សេចក្តីសម្រេចចិត្ត​របស់​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ និង​ថា ដោយ​ប៉ាឡេស្ទីន​មិនមែន​ជា​រដ្ឋ​មួយ​នោះ ដូច្នេះ​តុលាការ​មួយ​នេះ​គ្មាន​យុត្តាធិការ​ណា​មួយ​ក្នុង​ការ​ចាត់​វិធានការ​លើ​បណ្តឹង​របស់​ប៉ាឡេស្ទីន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ