អានតួអត្ថបទ
អ៊ីស្រាអែល-កាណាដា

អ៊ីស្រាអែល​បញ្ចុះបញ្ចូល​សម្ព័ន្ធមិត្ត​ឲ្យ​ឈប់​ផ្តល់​មូលនិធិ​ដល់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

អ៊ីស្រាអ៊ែល​បាន​ផ្តើម​យុទ្ធនាការ​ការទូត​ បញ្ចុះ ​បញ្ជូល​សម្ព័ន្ធមិត្ត​របស់ខ្លួន ដែល​ជា​សមាជិក​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ឲ្យ​ឈប់​ផ្តល់​ហិរញ្ញប្បទាន​ដល់តុលាការ​ព្រហ្មទណ្ឌ​​អន្តរជាតិ បន្ទាប់ពី​ស្ថាប័ន​មួយ​នេះ​បាន​​ប្រកាស​បើក​ការសិក្សា​បឋម​ស្តីពី​បទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅលើ​ទឹកដី​ប៉ាឡេស្ទីន ។ នេះ​បើតាម​ការប្រកាស​របស់​រដ្ឋមន្រ្តី​ការបរទេស​អ៊ីស្រាអែល នៅ​មុន​ជំនួប​ជាមួយ​សមភាគី​កាណាដា នៅ​ថ្ងៃ​អាទិត្យ ទី ១៨ មករា។ 

រដ្ឋមន្រ្តីការបរទេស​កាណាដា​(ស្តាំ) និង​ប្រមុខការបរទេស​អ៊ីស្រាអែល នៅថ្ងៃ​អាទិត្យ ទី ១៨ មករា ២០១៥
រដ្ឋមន្រ្តីការបរទេស​កាណាដា​(ស្តាំ) និង​ប្រមុខការបរទេស​អ៊ីស្រាអែល នៅថ្ងៃ​អាទិត្យ ទី ១៨ មករា ២០១៥ ©REUTERS/Ronen Zvulun
ផ្សាយពាណិជ្ជកម្ម

អ៊ីស្រាអែល​កំពុង​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​រារាំង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ CPI កុំ​ឲ្យ​ផ្តើម​​និតិវិធី​ណាមួយ ដែល​អាច​នឹង​ប៉ះពាល់​ដល់ប្រយោជន៍​របស់​ខ្លួន។ កាលពីថ្ងៃ​អាទិត្យ ពីរថ្ងៃ​ក្រោយ​ការិយាល័យ​រដ្ឋអាជ្ញា​របស់​ CPI ផ្តើម​សិក្សា​បឋម​ស្តីពី​បទឧក្រិដ្ឋ​ដែល​អាច​កើតមាន​នៅលើ​ទឹកដី​ប៉ាឡេស្ទីន នៅក្នុង​ប្រតិបត្តិការ​វាយប្រហារ​របស់​អ៊ីស្រាអែល លើ​តំបន់​ហ្កាហ្សា កាលពី​រដូវក្តៅ ឆ្នាំមុន រដ្ឋមន្រ្តី​ការបរទេស​អ៊ីស្រាអែល លោក​Avigdor Lieberman បាន​ប្រកាស​ថា អ៊ីស្រាអែល​នឹង​បញ្ចុះបញ្ចូល​សម្ព័ន្ធមិត្ត​របស់ខ្លួន ដូចជា​កាណាដា អូស្ត្រាលី អាល្លឺម៉ង់​ឲ្យ​ឈប់​ផ្តល់​លុយ​ដល់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​តទៅ​ទៀត។ សម្រាប់​ប្រមុខ ការបរទេស​អ៊ីស្រាអែល តុលាការ​ CPI​មិនតំណាង​ប្រជាជន​ទេ ប៉ុន្តែ វា​ជា​ឧបករណ៍​នយោបាយ។

 
ថ្លែង​យ៉ាងខ្លី ទៅកាន់​អ្នកកាសែត រដ្ឋមន្រ្តីការបរទេស​កាណាដា លោក​John Biard ដែល​កំពុង​ផ្តើម​ទស្សនកិច្ច​នៅ​ប្រទេស​អ៊ីស្រាអែល​បាន​និយាយ​ថា កាណាដា​មាន​ការខកចិត្ត​នឹង​ការសម្រេច​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ នៅមុនជំនួប​ជាមួយ​រដ្ឋមន្រ្តីការបរទេស​អ៊ីស្រាអែល លោក​John Biard បាន​បញ្ជាក់​បន្ថែមថា នៅក្នុង​ជំនួប​ដែល​នឹង​និយាយ​ពី​ពាណិជ្ជកម្ម រហូត​ដល់​សន្តិសុខ ការសម្រេច​ថ្មីៗ របស់ CPI​ក៏នឹង​ត្រូវ​សមភាគី​លើក​និយាយ​ផងដែរ។

នៅមុន​ដំណើរ​ទៅដល់​អ៊ីស្រាអែល លោក​ប្រមុខការ​បរទេស កាណាដា បាន​ឆៀង​ទៅ​ចូលជួប សមភាគី​ប៉ាឡេស្ទីន នៅទីក្រុង​រ៉ាម៉ាឡា ដោយ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ប៉ាឡេស្ទីន​ពិចារណារ​ឡើងវិញពី​​ផលវិបាក នៅក្រោយ​ពេល​ប៉ាឡេស្ទីនបាន​ដាក់​ពាក្យ​​សុំ​ចូល​ជា​សមាជិក​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ ប៉ាឡេស្ទីន​នឹង​ក្លាយ​ជា​សមាជិក​ពេញសិទ្ធិ​នៅ​ខែ​មេសា​ខាងមុខ។ គឺ​នៅក្រោយ​ជំនួប​ជាមួយ​មន្រ្តី​ជាន់ខ្ពស់​របស់​ប៉ាឡេស្ទីន ដែល​ប្រមុខ​ការបរទេស​កាណាដា​រង​ការគប់​ពងមាន់ ពី​ក្រុម​ប្រជាជន​ប៉ាឡេស្ទីន ដែល​បាន​ស្រែកថា ប៉ាឡេស្ទីន​​មិនស្វាគម​កាណាដា។

សូមបញ្ជាក់ថា នៅក្រោយ​ការវាយប្រហារ​របស់​អ៊ីស្រាអែល​ទៅលើ​តំបន់​ហ្កាហ្សា រដ្ឋមន្រ្តី​ការបរទេស​កាណាដា​ផ្ទាល់​បាន​ចេញ​មុខ​គាំទ្រ​អ៊ីស្រាអែល និង​ថា ប្រតិបត្តិការ​របស់​អ៊ីស្រាអែល​ធ្វើឡើង​ដើម្បី​គ្រាន់​ការពារ​ខ្លួន​ប៉ុណ្ណោះ។ កាណាដា ជា​ប្រទេស​ដើរ​តួនាទី​សំខាន់​ក្នុង​ការចូលរួម​បង្កើត និង​ផ្តល់​ហិរញ្ញវត្ថុ​សំខាន់​ដល់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ ក្រៅតែ​ពី​កាណាដា អ៊ីស្រាអែល​គ្រោង​ផងដែរ នឹង​បញ្ចុះបញ្ចូល​ជប៉ុន ដែល​ជា​សមាជិក ផ្តល់​ហិរញ្ញវត្ថុ​ដ៏​សំខាន់​របស់​CPI។ នាយក​រដ្ឋមន្រ្តី​ជប៉ុន លោក​ស្ហ៊ីនហ្សូ អាបេ ក៏​នឹង​ត្រូវ​ផ្តើម​ទស្សនកិច្ច​រយៈពេល បីថ្ងៃ នៅ​អ៊ីស្រាអែល ចាប់ពីថ្ងៃ​ចន្ទ នេះតទៅ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ