អាមេរិកគាំទ្រតួកគីក្នុងការវាយប្រហារទៅលើក្រុមឧទ្ទាមគួឌីស្ថាន PKK
ជម្លោះប្រដាប់អាវុធ រវាងកងទ័ពតួកគី និងក្រុមឧទ្ទាមគួឌីស្ថាន PKK កំពុងតែរាលដាលកាន់តែខ្លាំង ដែលអាចនឹងបិទបញ្ចប់បទឈប់បាញ់ ដែលចូលជាធរមានតាំងពីឆ្នាំ២០១៣។ ក្នុងពេលដែលកងទ័ពតួកគីបើកការវាយប្រហារតាមផ្លូវអាកាស ទៅលើទីតាំងរបស់ឧទ្ទាម PKK នៅប៉ែកខាងជើងអ៊ីរ៉ាក់ ក្រុមឧទ្ទាមវិញក៏បានបង្កើនការវាយប្រហារតាមបែបភេរវកម្ម នៅក្នុងទឹកដីតួកគីផងដែរ។ នៅក្នុងជម្លោះនេះ រដ្ឋាភិបាលតួកគីបានទទួលនូវការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សម្ព័ន្ធមិត្តដ៏សំខាន់មួយ គឺ សហរដ្ឋអាមេរិក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៤៨
ជម្លោះ រវាងតួកគី និងក្រុមឧទ្ទាមគួឌីស្ថាន PKK ដែលមានកិច្ចឈប់បាញ់ តាំងពីឆ្នាំ២០១៣មកនោះ បានចាប់ផ្តើមផ្ទុះឡើងវិញ នៅក្រោយពេលដែលរដ្ឋាភិបាលតួកគីសម្រេចចូលរួមក្នុងប្រតិបត្តិការយោធាវាយប្រហារទៅលើក្រុមជីហាតរដ្ឋអ៊ីស្លាម។ យន្តហោះចម្បាំងធុន F-16 របស់កងទ័ពអាកាសតួកគីបានបើកការវាយប្រហារទៅលើទីតាំងក្រុមជីហាត នៅក្នុងទឹកដីស៊ីរី ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា ក៏បានវាយប្រហារផងដែរទៅលើពួកឧទ្ទាម PKK នៅក្នុងទឹកដីអ៊ីរ៉ាក់។
អ្នកសង្កេតការណ៍ជាច្រើនយល់ថា តួកគីកំពុងតែយកប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជីហាតរដ្ឋអ៊ីស្លាម ដើម្បីមកធ្វើជាលេស ដើម្បីសម្រេចគោលដៅផ្ទាល់ខ្លួន គឺវាយបង្រ្កាបពួកគួឌីស្ថាន ដែលជាគូសត្រូវដ៏ធំមួយ ចាប់តាំងពីឆ្នាំ១៩៨៤មក។ ក៏ប៉ុន្តែ សម្រាប់សហរដ្ឋអាមេរិកវិញ ប្រតិបត្តិការយោធារបស់តួកគី ទៅលើក្រុមឧទ្ទាម PKK គឺជារឿងសមហេតុផល។
មន្រ្តីសេតវិមានបានបញ្ជាក់សាជាថ្មីពីជំហររបស់អាមេរិក ដែលចាត់ទុកក្រុមឧទ្ទាម PKK ថាជាក្រុមភេរវជន ព្រមទាំងបានថ្កោលទោសការវាយប្រហារភេរវកម្ម ដែលក្រុមឧទ្ទាមបានធ្វើទៅលើប៉ូលិសតួកគី កាលពីថ្ងៃពុធ ហើយថា វាជាសិទ្ធិរបស់កងទ័ពតួកគី ក្នុងការវាយប្រហារតបតទៅវិញ។
កាលពីល្ងាចថ្ងៃសៅរ៍ ក្រោយពីទទួលរងការវាយប្រហារតាមផ្លូវអាកាសពីសំណាក់តួកគី មេដឹកនាំក្រុមឧទ្ទាម PKK បានធ្វើការព្រមានចង់លុបចោលបទឈប់បាញ់ កាលពីឆ្នាំ២០១៣ទៅវិញ។ ប៉ុន្មានម៉ោងក្រោយការព្រមាននេះ ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកបង្កៃក្នុងឡាន បានកើតមានឡើង នៅក្បែរសង្កាត់គួឌីស្ថាន ក្នុងទឹកដីតួកគី បណ្តាលឲ្យទាហានតួកគី ២នាក់ត្រូវបាត់បង់ជីវិត និង៤នាក់ផ្សេងទៀតត្រូវរងរបួស។
ភ្លាមៗក្រោយការវាយប្រហារនេះ ក្រុមឧទ្ទាម PKK មិនបានចេញមុខប្រកាសទទួលខុសជាផ្លូវការនៅឡើយទេ ក៏ប៉ុន្តែ វិធីសាស្រ្តក្នុងការវាយប្រហារភេរវកម្មនេះត្រូវបានគេស្គាល់ថា ជាវិធីសាស្រ្ត ដែលក្រុមឧទ្ទាម PKK តែងតែប្រើប្រាស់ ក្នុងការវាយប្រហារទៅលើកងកម្លាំងប្រដាប់អាវុធតួកគី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ