អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្ត​របស់​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​នៅ​ទ្វីប​អាហ្រ្វិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ចន្ទ ទី៤ កក្កដា​នេះ លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ​បាន​ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល ៤ថ្ងៃ​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក។ មាន​ប្រទេស​អាហ្រ្វិក​ចំនួន ៤ ដែល​លោក​នេតាន់យ៉ាហ៊ូ​ត្រូវ​បំពេញ​ទស្សនកិច្ច គឺ​អ៊ូហ្កង់ដា កេនញ៉ា អេត្យូពី និង​ប្រទេស​រវ៉ាន់ដា។ គោលដៅ​នៃ​ទស្សនកិច្ច គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​អ៊ីស្រាអែល និង​អាហ្រ្វិក ព្រម​ទាំង​ទៅ​ចូលរួម​បុណ្យ​ខួប​គម្រប់ ៤០ឆ្នាំ​នៃ​មរណៈភាព​របស់​បងប្រុស​លោក​ដែល​បាន​ស្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​កងកម្ម៉ង់ដូ​អ៊ីស្រាអែល​នៅ​អាកាសយានដ្ឋាន Entebbe ក្នុង​ទឹកដី​អ៊ូហ្កង់ដា​កាល​ពី​ថ្ងៃទី៤ កក្កដា ឆ្នាំ ១៩៧៦។

លោក​​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ
លោក​​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ REUTERS/Abir Sultan
ផ្សាយពាណិជ្ជកម្ម

ថ្លែង​នៅ​ពេល​ចាកចេញ​ពី​ប្រទេស​នា​ព្រឹក​ថ្ងៃ​ចន្ទ ទី៤ កក្កដា​នេះ លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ​បាន​បញ្ជាក់​ថា ទស្សនកិច្ច​របស់​លោក​នៅ​អាហ្រ្វិក​ជា​ទស្សនកិច្ច​ប្រវត្តិសាស្រ្ត។ ចំណុច​ជា​ប្រវត្តិសាស្រ្ត​ដែល​គួរ​ឲ្យ​កត់សម្គាល់​ខ្លាំង​ជាង​គេ​នៅ​ត្រង់​ថា ទស្សនកិច្ច​របស់​ប្រមុខរដ្ឋ ឬ​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​នៅ​ក្នុង​ទ្វីបអាហ្រ្វិក ជា​ទស្សនកិច្ច​ដែល​គេ​កម្រ​ឃើញ​មាន។ ការ​ហ៊ាន​និយាយ​យ៉ាង​ដូច​នេះ​មិនមែន​មាន​ន័យ​ថា អ៊ីស្រាអែល​គ្មាន​ប្រយោជន៍​អ្វី​ដែល​អាហ្រ្វិក​ត្រូវ​រាប់រក ឬ​មួយ​ក៏​ថា អាហ្រ្វិក​គ្មាន​ប្រយោជន៍​អ្វី​ដែល​អ៊ីស្រាអែល​ត្រូវ​យក​ចិត្ត​ទុក​ឲ្យ​បាន​ខ្លាំង​នោះ​ទេ។ តែ​មក​ពី​អាហ្រ្វិក​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​មួយ​ចំនួន​របស់​អ៊ីស្រាអែល​នៅ​ក្នុង​តំបន់​ដើមបូព៌ា។

នៅ​ក្នុង​ទសវត្ស​ឆ្នាំ ៦០ មាន​ប្រទេស​អាហ្រ្វិក​ភាគ​ច្រើន​បាន​ដក​ខ្លួន​ឆ្ងាយ​ពី​អ៊ីស្រាអែល​ដោយសារ​តែ​អ៊ីស្រាអែល​បាន​ធ្វើ​សង្រ្គាម​ប្រឆាំង​អ្នកជិតខាង​ខ្លួន​ក្នុង​ចន្លោះ​ឆ្នាំ ១៩៦៧ និង ១៩៧៣ ពិសេស​ប្រឆាំង​ប្រជាជន​ប៉ាឡេស្ទីន រួម​ទាំង​ទង្វើ​របស់​ទីក្រុង​តេឡាវី​ដែល​បាន​ចេញ​មុខ​គាំទ្រ​របប​ប្រកាន់​ព័ណ៌សម្បុរ​នៅ​ក្នុង​ប្រទេស​អាហ្រ្វិកខាងត្បូង។ ម្យ៉ាង​ទៀត ប្រទេស​អាហ្រ្វិក​ភាគ​ច្រើន​ក៏​មិន​ពេញ​ចិត្ត​នឹង​ជំហរ​អតីតកាល​របស់​អ៊ីស្រាអែល​នៅ​ក្នុង​ប្រទេស​អាហ្រ្វិក​នីមួយៗ។
 
រូប​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ​ខ្លួន​ឯង​បាន​ទទួល​ស្គាល់​ពេញ​មាត់​ថា ការ​ដែល​អ៊ីស្រាអែល​ត្រូវ​បាន​ទ្វីបអាហ្រ្វិក​ដាក់​ក្នុង​បញ្ជី​ខ្មៅ ក៏​ដោយសារ​តែ​ទង្វើ​ខុសឆ្គង​មួយ​ចំនួន​របស់​អ៊ីស្រាអែល​នៅ​ក្នុង​ទសវត្ស​ឆ្នាំ ៦០ និង ៧០។ ក៏​ប៉ុន្តែ ពេល​វេលា​កាន់​តែ​រំកិល​ទៅ​មុខ រួម​ទាំង​ការ​ប្រែប្រួល​ស្ថានការណ៍​នៅ​ក្នុង​តំបន់ និង​ពិភពលោក អ៊ីស្រាអែល​ហាក់​ដូច​ជា​យល់​ថា គឺ​នៅ​ក្នុង​ទ្វីបអាហ្រ្វិក​ដែល​ខ្លួន​អាច​រក​បាន​សម្ព័នមិត្ត​ថ្មី។
 
ហេតុផល​នៃ​ការ​រំកិល​រក​គ្នា​ជា​ថ្មី​រវាង​អ៊ីស្រាអែល និង​អាហ្រ្វិក

មាន​ហេតុផល​ជា​ច្រើន​ដែល​បាន​ជំរុញ​អ៊ីស្រាអែល និង​អាហ្រ្វិក​ឲ្យ​ខិត​រក​គ្នា​ជា​ថ្មី​ពេល​នេះ ហើយ​ភាគី​ទាំង​ពីរ​នឹង​ទទួល​បាន​ប្រយោជន៍​ដូច​គ្នា គ្រាន់​តែ​ថា ប្រយោជន៍ និង​តម្រូវការ​មិន​ដូច​គ្នា​សុទ្ធសាធ​ប៉ុណ្ណោះ។ វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម គឺ​ជា​វិស័យ​មួយ​ដែល​អ៊ីស្រាអែល និង​អាហ្រ្វិក​ត្រូវ​ពង្រឹង​បន្ថែម​ដោយ​ខាន​មិន​បាន។ ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ខ្ពស់ និង​សក្តានុពល​សេដ្ឋកិច្ច​​ដែល​អាហ្រ្វិក​កំពុង​មាន​សព្វថ្ងៃ អ៊ីស្រាអែល​ពិត​ជា​មិន​អាច​មើល​រំលង​បាន​ទេ ព្រោះ​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​អ៊ីស្រាអែល និង​អាហ្រ្វិក​បច្ចុប្បន្ន​នៅ​មាន​កម្រិត​តិចតួច​ខ្លាំង​ណាស់ ពោល​មាន​ប្រមាណ​តែ ២% ប៉ុណ្ណោះ។

ក្រៅ​ពី​សម្លឹង​ឃើញ​សក្តានុពល​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​របស់​អាហ្រ្វិក អ៊ីសា្រអែល​ក៏​ត្រូវ​ការ​អាហ្រ្វិក​ឲ្យ​ជួយ​គាំទ្រ​ខ្លួន​នៅ​លើ​ឆាកអន្តរជាតិ​ដែរ ពិសេស​នៅ​តាម​បណ្តា​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន។ តម្រូវការ​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​អ៊ីស្រាអែល​កំពុង​បន្ត​ទទួល​រង​ការ​រិះគន់ ទិតៀន​ទាក់ទង​នឹង​ទង្វើ​ពង្រីក​អាណានិគម​លើ​ដែនដី​ប៉ាឡេស្ទីន និង​សកម្មភាព​នុយក្លេអែរ។ ដើម្បី​បំពេញ​ចិត្ត​អាហ្រ្វិក អ៊ីស្រាអែល​ត្រៀម​កញ្ចប់​ថវិកា​ចំនួន ១៣លានដុល្លារ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​សេដ្ឋកិច្ច ព្រម​ទាំង​បង្កើត​ទីភ្នាក់ងារ​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​អាហ្រ្វិក​ចំនួន ៤ គឺ​អ៊ូហ្កង់ដា កេនញ៉ា អេត្យូពី និង​ប្រទេស​រវ៉ាន់ដា។

តម្រូវ​ការ​របស់​អាហ្រ្វិក​ពី​អ៊ីស្រាអែល​វិញ​មាន​ច្រើន តាំង​ពី​ចំណេះ​ដឹង​ក្នុង​វិស័យ​កសិកម្ម សុខាភិបាល​រហូត​ដល់​សន្តិសុខជាតិ។ នៅ​ក្នុង​វិស័យ​សន្តិសុខ និង​ការពារជាតិ អាហ្វ្រិក​ត្រូវ​ការ​មេរៀន​របស់​អ៊ីស្រាអែល​ដើម្បី​ប្រឈម​ទប់​នឹង​កំណើន​គំរាមកំហែង​របស់​ពួកជីហាត​ក្នុង​ស្រុក និង​អន្តរជាតិ។

ទស្សនកិច្ច​នៅ​អ៊ូហ្កង់ដា ជា​ទស្សនកិច្ច​ផ្លូវការ និង​ឯកជន

នៅ​ក្នុង​ចំណោម​ប្រទេស​អាហ្រ្វិក​ទាំង ៤ ដែល​លោក​នេតាន់យ៉ាហ៊ូ​ត្រូវ​បំពេញ​ទស្សនកិច្ច អ៊ូហ្កង់ដា​ជា​ប្រទេស​ដែល​លោក​បាន​ទៅ​ទស្សនកិច្ច​មុន​គេ។ ជម្រើស​ប្រទេស​អ៊ូហ្កង់ដា​មុន​គេ ព្រោះ​ជា​ទស្សនកិច្ច​ផ្លូវរដ្ឋ​ផង និង​ជា​ទស្សនកិច្ច​ផ្លូវឯកជន​ផង។ ជា​ទស្សនកិច្ច​ផ្លូវឯកជន ព្រោះ​លោក​ទៅ​ចូលរួម​នៅ​ក្នុង​ពិធី​រម្លឹក​ខួប​គម្រប់ ៤០ឆ្នាំ​នៃ​មរណៈភាព​របស់​បងប្រុស​លោក គឺ​លោក​វរសេនីយទោ​យ៉ូណាត់តង់ នេតាន់យ៉ាហ៊ូ។ លោក​យ៉ូណាត់តង់​ដែល​បាន​ស្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​កងកម្ម៉ង់ដូ​អ៊ីស្រាអែល​ទៅ​លើ​អាកាសយានដ្ឋាន Entebbe ក្នុង​ទឹកដី​អ៊ូហ្កង់ដា​កាល​ពី​ថ្ងៃទី៤ កក្កដា ឆ្នាំ ១៩៧៦។
 
កាល​ពី ៤០ឆ្នាំ​មុន ពោល​ក្នុង​ថ្ងៃទី២៧ មិថុនា ១៩៧៦ មាន​ជនជាតិ​ប៉ាឡេស្ទីន ២នាក់ និង​សកម្មជន​ឆ្វេងនិយម​ជនជាតិ​អាល្លឺម៉ង់ ២នាក់​បាន​ពង្វៀង​យន្តហោះ​បារាំង​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​ពី​ទីក្រុង​តេឡាវី ប្រទេស​អ៊ីស្រាអែល​ទៅ​ទីក្រុង​ប៉ារីស​ជាមួយ​នឹង​អ្នក​ដំណើរ ២៥០នាក់ ក្នុង​នោះ​មាន​ជនជាតិ​អ៊ីស្រាអែល​ចំនួន ១០៥នាក់។ យន្តហោះ​នោះ​ត្រូវ​បាន​ក្រុម​ចាប់​ជំរិត​បញ្ជា​ឲ្យ​ចុះ​ចត​នៅ​អាកាសយានដ្ឋាន Entebbe ក្នុង​ទឹកដី​អ៊ូហ្កង់ដា ហើយ​នៅ​ពេល​ចុះ​ចត​ភ្លាម ក៏​មាន​ក្រុម​ចាប់​ជំរិត ៣នាក់​ទៀត​បាន​ទៅ​ចូលរួម​ជាមួយ។
 
កាល​ណោះ ក្រុម​ចាប់​ជំរិត​បាន​​គំរាម​បំផ្ទុះ​យន្តហោះ បើ​អ៊ីស្រាអែល​មិន​ព្រម​ដោះលែង​អ្នក​ទោស​ប៉ាឡេស្ទីន​ចំនួន ៥៣នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន ក្នុង​នោះ​មាន ២៩នាក់​នៅ​អ៊ីស្រាអែល។ តែ​អ៊ីស្រាអែល​មិន​ព្រម ហើយ​ក៏​បាន​ចាត់​វិធានការ​ធម៌ក្តៅ ដោយ​បាន​បញ្ជូន​កងកម្ម៉ង់ដូ​ដែល​ដឹកនាំ​ដោយ​លោក​យ៉ូណាត់តង់​ទៅ​រំដោះ​ជនជាតិ​ខ្លួន។ នៅ​ថ្ងៃទី៤ កក្កដា ១៩៧៦ ដែល​ជា​ថ្ងៃ​ឱសានវាទ​ដាក់​ដោយ​ពួកចាប់​ជំរិត កងកម្ម៉ង់ដូ​អ៊ីស្រាអែល​ក៏​សម្រេច​បើក​ប្រតិបត្តិការ​រំដោះ​ចំណាប់​ខ្មាំង​នៅ​អាកាសយានដ្ឋាន Entebbe
 
ប្រតិបត្តិការ​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ៣នាក់ និង​សម្លាប់​ពួកចាប់​ជំរិត​ទាំង ៧នាក់។ តែ​នៅ​ក្នុង​ចំណោម​មនុស្ស​ស្លាប់​ទាំង ៣នាក់ ក៏​មាន​លោក​យ៉ូណាត់តង់​ដែល​ជា​បងប្រុស​របស់​លោក​នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តី​អ៊ីសា្រអែល​សព្វ​ថ្ងៃ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ