អានតួអត្ថបទ
កម្ពុជា

ក្រសួង​សុខាភិបាល​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​គ្រុន​ឈាម ក្រោយ​ពេល​ទឹក​ជំនន់​ស្រក​

គិត​ត្រឹម​ថ្ងៃទី២២តុលា ឆ្នាំ២០១៣នេះ ជំងឺគ្រុនឈាម បានសម្លាប់​មនុស្ស ៤៩នាក់ ។ ទោះបីជា​ចំនួន​នេះ​ថយចុះ​ជាង​ឆ្នាំ ២០១២ ប៉ុន្តែ ក្រសួងសុខាភិបាល​បាន​សម្តែង​ការព្រួយបារម្ភ​ពី​ជំងឺ​នេះ​ដោយសារ​ទឹកជំនន់​ដែល​ទើបតែ​ស្រក​អាច​បណ្តាល​ឲ្យ​ជំងឺ​នេះ​នឹង​រីករាយ​ដាល​ខ្លាំង​ក្នុងអំឡុង​ពេលនេះ។

រូប​សំណាក​មូសខ្លា ដែល​ត្រូវ​បាន​តាំង​បង្ហាញ ក្នុង​យុទ្ធនាការ​ប្រឆាំង​ជំងឺ​គ្រុនឈាម
រូប​សំណាក​មូសខ្លា ដែល​ត្រូវ​បាន​តាំង​បង្ហាញ ក្នុង​យុទ្ធនាការ​ប្រឆាំង​ជំងឺ​គ្រុនឈាម © ចាន់ណា/rfi
ផ្សាយពាណិជ្ជកម្ម

ក្រសួងសុខាភិបាល​កម្ពុ​ជា​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​រយៈពេល១០ខែ ក្នុង​ឆ្នាំ ២០១៣ នេះ មាន​ករណី​ជំងឺគ្រុនឈាម​ជាង១៥ ០០០ ករណី និង​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ចំនួន ៤៩នាក់។ យ៉ាងណាក៏ដោយ​ចំនួន​នេះ គឺ​បាន​ថយចុះ​ច្រើន បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១២ ដែលមាន​ជំងឺ​នេះ​ដល់​ទៅ​ជាង ៣៩ ០០០ ករណី និង​បានសម្លាប់​មនុស្ស ១៦៧​នាក់។ នេះ​បើតាម​លោក ង៉ាន់ ច័ន្ទ​ថា នាយក​កម្មវិធី​ប្រយុទ្ធ​ជំងឺគ្រុនឈាម​នៃ​ក្រសួងសុខាភិបាល ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ថ្ងៃ​អង្គារ​នេះ។

 
លោក​ង៉ាន់ ច័ន្ទ​ថា បាន​ឲ្យ​ដឹងថា អ្នកស្លាប់​ភាគច្រើន​ជា​កុមារ ដែលមាន​អាយុ​ក្រោម ១៥ឆ្នាំ ប៉ុន្តែ នេះ​មិនមែន​មានន័យថា មនុស្ស​ធំ​មិន​ប្រឈមមុខ​នោះទេ គ្រាន់តែ​ក្រសួង​មិនទាន់បាន​លម្អិត​ខ្លាំង​ទៅលើ​ករណី​មនុស្ស​ពេញវ័យ។ លោក ង៉ាន់ ច័ន្ទ​ថា បាន​បន្តថា ទោះបីជា​ជំងឺគ្រុនឈាម មិន​ធ្ងន់ធ្ងរ​ខ្លាំង ដូច​ក្នុង​ឆ្នាំ ២០១២ ប៉ុន្តែ ក្រសួង​នៅតែ​ព្រួយបារម្ភ​ជានិច្ច។ ព្រួយបារម្ភ ព្រោះថា​ទឹកជំនន់​ទើបតែ​ស្រក ហើយ​នៅ​តំបន់​ដែល​លិច​ទឹក​ខ្លាំង អាច​បង្ក​ឲ្យ​មាន​ជំរក​មូស​ខ្លា កាន់តែ​រីក​រាលដាល​ខ្លាំង។

ជាមួយគ្នា​នោះ លោកនាយក​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម​ដដែល បាន​និយាយថា អ្វីដែល​រឹតតែ​គួរ​បារម្ភ​នោះ គឺ​បណ្តា​ប្រទេស​ជា​មិត្ត​កម្ពុជា​ជាច្រើន មានដូចជា ថៃ ឡាវ វៀតណាម សិង្ហ​បុរី ម៉ាឡេស៊ី ជាដើម កំពុងតែ​ផ្ទុះឡើង​ខ្លាំង នៅ​ជំងឺ​គ្រុនឈាម​នេះ។
សូមបញ្ជាក់ថា ខេត្ត​ដែល​ប្រឈម​មុខ ដោយ​ជំងឺ​គ្រុន​ឈាម​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា មាន​ដូចជា ខេត្ត​សៀមរាប កំពង់ចាម កណ្តាល កំពង់ធំ ភ្នំពេញ ព្រៃវែង បន្ទាយមានជ័យ និង​កំពង់ស្ពឺ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ