អានតួអត្ថបទ
កម្ពុជា

លោក​ស្រី​ឡាក់ សុភាព​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​បក្ស​សង្គ្រោះ​ជាតិ

ទី​បំផុត​ទៅ គណៈកម្មាធិការ​វិន័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្រេច​បណ្តេញ​លោកស្រី ឡាក់ សុភាព ចេញពី​គណបក្ស​ហើយ។ គណៈកម្មាធិការ​វិន័យ​បាន​ចោទ​លោកស្រី​ឡាក់ សុភាព ដែល​ជា​សមាជិក​គណៈកម្មាធិការ​នាយក​គណបក្ស​ថា​បាន​និយាយ​ព័ត៌មាន​មិន​ពិត​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​គណបក្ស។

លោក​ស្រី​ឡាក់ សុភាព​កំពុង​ផ្តល់​សម្ភាស​នៅ​ខាង​មុខ​រដ្ឋសភា​ជាតិ បន្ទាប់​ពី​ត្រូវ​បក្ស​ប្រឆាំង​បណ្តេញ​ចេញ​នៅ​​ថ្ងៃ​ទី ​៣០​ធ្នូ​ ២០១៤។​
លោក​ស្រី​ឡាក់ សុភាព​កំពុង​ផ្តល់​សម្ភាស​នៅ​ខាង​មុខ​រដ្ឋសភា​ជាតិ បន្ទាប់​ពី​ត្រូវ​បក្ស​ប្រឆាំង​បណ្តេញ​ចេញ​នៅ​​ថ្ងៃ​ទី ​៣០​ធ្នូ​ ២០១៤។​ @RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

 

សេចក្តីសម្រេច​បណ្តេញ​លោកស្រី​ឡាក់ សុភាព​ចេញពី​គ​បក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី៣០ធ្នូ​នេះ​តាមរយៈ​លិខិត​ជា​លាយ​លក្ខណ៍​អក្សរ​ចុះ​ហត្ថ​លេខា​ដោយ​លោក អ៊ូ ច័ន្ទ​ឫទ្ធិ ប្រធាន​គណៈ​កម្មាធិការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក អ៊ូ ច័ន្ទ​ឫទ្ធិ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​បន្ថែមថា លោកស្រី​ឡាក់ សុភាព​បានធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​គណបក្ស។

លោកស្រី​ឡាក់ សុភាព ដែល​ជា​សមាជិក​គណៈ​កម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​ជំនួយការ​របស់លោក កឹម សុខា ផង​នោះ​បាន​ប្រឡូក​ក្នុង​នយោបាយ​ជាមួយ​គណបក្សប្រឆាំង​អស់​រយៈ​ពេល​២០​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ ស្ត្រី​រូបនេះ​បាន​និយាយប្រាប់​អ្នកកាសែត​កាល​ពី​២៧​ធ្នូ​ខណៈ​ដែល​លោក​ស្រី​ទៅ​ចូលរួម​កិច្ចប្រជុំ​ជាមួយ​ក្រុម​បណ្តាញ​គណបក្ស​នយោបាយ​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក កែម ឡី នោះ អំពី​បញ្ហា​ពុករលួយ​របស់​មេបក្ស​និង​ការ​បែក​បាក់​ផ្ទៃ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ។

ប៉ុន្តែ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បដិសេធ​ទាំងស្រុង​នូវ​ព័ត៌មាន​នេះ។ កាលពី​ថ្ងៃ​ចន្ទ​ទី២៩ធ្នូ គណៈកម្មាធិការ​វិន័យ​គណបក្ស​ក៏បាន​កោះហៅ​លោកស្រី ឡាក់ សុភាព ទៅ​សាកសួរ​និង​បាន​ទុកពេល​មួយថ្ងៃ​ដើម្បី​ឲ្យ​លោកស្រី​បក​ស្រាយ​ជាមួយ​សារព័ត៌មាន​ចំពោះ​អ្វី​ដែល​ខ្លួន​បាន​និយាយ ប៉ុន្តែ លោក​ស្រី​មិនបាន​ធ្វើតាម​ទេ។ ភ្លាម​ៗ​ក្រោយ​ការបណ្តេញ​ចេញពី​បក្ស លោកស្រី​ឡាក់ សុភាព បាន​បើក​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​មុខ​មន្ទីរ​រដ្ឋសភា​ដោយ​ហៅ​ការ​សម្រេច​នេះ​ថា«អយុត្តិធម៌»ហើយ​លោក​ស្រី​នឹង​មិន​ដើរចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។
 

នេះ​ជា​លើកដំបូង​ហើយ​ដែល​គណៈ​កម្មាធិការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ​ចាត់វិធានការ​ចំពោះ​មន្ត្រីជាន់ខ្ពស់​របស់ខ្លួន​ដែល​បាន​រិះគន់​បរិហារ​មេដឹកនាំ​គណបក្ស។ លោកស្រី​ឡាក់ សុភាព ដែល​គេ​សង្ស័យថា ទំនងជា​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ថ្មី​របស់លោក កែម ឡី នោះ​អះអាងថា លោកស្រី​មិនត្រូវ​បាន​អ្នកណា​ទិញ​ទឹកចិត្ត​ឲ្យ​និយាយ​អំពី​បញ្ហា​ពុករលួយ​និង​ការបែកបាក់​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​នោះឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ