អានតួអត្ថបទ
តួកគី

តួកគី​បើកចំហរ​ការ​ដេញថ្លៃ​​ផលិត​​មីស៊ីល​​ ប្រសិន​បើ​ការចរចា​ជាមួយ​​ក្រុមហ៊ុនចិន​ធ្លាក់ទឹក​

សារព័ត៌មាន​តួកគី​នានា​ បានចុះ​ផ្សាយ​នៅថ្ងៃ​សៅរ៍​នេះថា ប្រសិន​បើ​ការចរចារវាង​ប្រទេស​តួកគី​​ជាមួយ​ក្រុមហ៊ុន​​​ចិន​ជួប​បរាជ័យ តួកគី​នឹង​បើកចំហរ​​ គំរោង​ដេញថ្លៃ​​ផលិត​មីស៊ីល​បាញ់បាន​​ចំងាយឆ្ងាយ ជាមួយ​ក្រុមហ៊ុន​បរទេស​ផ្សេងទៀត។ កន្លងមក នាយករដ្ឋមន្ត្រី​តួកគី​ធ្លាប់​បាន​ប្រកាស​ថា គ្មាន​អ្នកណា​មាន​សិទ្ធិ​អន្តរាគមន៍​ចំពោះ​ការ​សំរេចបែប​ឯករាជ្យ​​របស់​តួកគី ​ក្នុងគំរោង​ដេញថ្លៃ​មីស៊ីល​នេះ​ឡើយ។

គ្រាប់មីស៊ីល Patriot នៅ​ប្រទេស​តួកគី
គ្រាប់មីស៊ីល Patriot នៅ​ប្រទេស​តួកគី AFP PHOTO / MEHDI FEDOUACH
ផ្សាយពាណិជ្ជកម្ម

នៅ​ពេលនេះ ប្រទេស​តួកគី​នៅ​មិនទាន់សំរេច​នៅឡើយ​ទេ​ថា តើ​ខ្លួន​ត្រូវ​ជ្រើស​យក​ក្រុមហ៊ុន​បរទេស​​ណាមួយ​​ ​សំរាប់​គំរោង​ដេញថ្លៃ​​ផលិត​អាវុធ​មីស៊ីលនានា​ដែល​​​បាញ់​បាន​រយៈចំងាយ​ឆ្ងាយ។ ​សារព័ត៌មាន​តួកគី​ជាច្រើន​​ បាន​ប្រាប់​អោយ​ដឹង​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះថា​ ប្រសិន​បើ​ក្រុមហ៊ុន​អាមេរិក រឺ​ក៏​ក្រុមហ៊ុន​អឺរ៉ុប​​ណា​​ចង់​ផលិត​អាវុធ​មីស៊ីល​អោយ​តួកគី ​ក្នុងតំលៃ​ថោក​គួរអោយ​ចាប់អារម្មណ៍​នោះ តួកគី​នឹង​បើកចំហរ​​​​បន្តការ​​ពិភាក្សា​​ជាមួយ​ក្រុមហ៊ុននោះ។ ​

គួរបញ្ជាក់ថា ការ​បើកចំហរ​ចំពោះ​គំរោង​ដេញថ្លៃ​ផលិតមីស៊ីល​នេះ គឺអាច​​ធ្វើឡើង​លុះត្រាណា​​តែ​ការ​ចរចា​ជាមួយ​ក្រុមហ៊ុនចិន​​ជួបបរាជ័យ។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​តួកគី​បាន​ប្រាប់ថា ការ​ផលិត​មីស៊ីល​​​រួមគ្នា ជា​លក្ខខណ្ឌ​​ដ៏ចាំបាច់​​សំរាប់​ប្រទេស​តួកគី។ ឥលូ​វនេះ​ គេ​នៅរង់ចាំ​មើលថា តើ​តួកគី​នឹង​សំរេច​យ៉ាងណា​ទៀត ប្រសិន​បើ​ក្រុមហ៊ុន​ផ្សេងៗ​នៅក្នុងគំរោង​ដេញថ្លៃ​នេះ ដាក់តំលៃ​គួរអោយចាប់អារម្មណ៍​ដូចដែល​តួកគី​ប្រកាស​នោះ។

កាលពី​ខែ​កញ្ញា​កន្លងទៅ​ រដ្ឋាភិបាលក្រុង​​អង់ការ៉ា បាន​ប្រកាស​​​ចរចារឿង​មីស៊ីលនេះ ​ជាមួយ​ក្រុមហ៊ុនចិន​មួយ​ឈ្មោះថា China Precision Machinery Import-Export Corporation ដើម្បី​អោយ​ក្រុមហ៊ុន​ផលិត​​​មីស៊ីល​ Hongqi ដែល​បាញ់​បាន​ទាំង​លើដី​ និង​លើ​អាកាស។ គេ​រំពឹង​ថា កិច្ចសន្យា​ដេញថ្លៃ​​មីស៊ីល​នេះ មាន​ជា​ទឹកប្រាក់​ប្រមាណ​​៤ពាន់លាន​ដុល្លារ។

ការ​ប្រកាស​ចរចា​នេះ បាន​ធ្វើ​អោយ​​អាមេរិក និង​សម្ព័ន្ធ​មិត្ត​ចិន​នានា​នៃ​អង្គការ​អូតង់ មាន​ការ​ច្រឡោត​​ខឹង​ ព្រោះថា ​​កន្លងមក​ ​ក្រុមហ៊ុនចិន​មួយនេះធ្លាប់​បាន​​​ផ្តល់អាវុធ​ទៅអោយ​អ៊ីរ៉ង់ និង​ស៊ីរី ហើយ​​​​អាមេរិក​​​​​បាន​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​នេះ។

តួកគី​បាន​សំរេច​ចរចា​ជាមួយ​​ក្រុមហ៊ុនចិន​នេះ​ដដែល ជាជាង​ចរចា​ជាមួយ​ក្រុមហ៊ុន​អាមេរិក Raytheon រឺក៏​ក្រុមហ៊ុនរុស្ស៊ី Rosoboronexport រឺ​ក៏​ក្រុមហ៊ុន​បារាំង-អ៊ីតាលី Eurosam ព្រោះថា ​តំលៃ​​ផលិត​ និងការ​បញ្ជូន​បច្ចេកទេស​​របស់​ក្រុមហ៊ុន​​ចិន​មាន​លក្ខណៈ​សមស្រប​។ តួកគី​បាន​​ទាត់ចោល​ក្រុមហ៊ុន​រុស្ស៊ី​​រួចមកហើយ នៅសល់​តែ​ក្រុមហ៊ុន​អាមេរិក និង​ក្រុមហ៊ុន​អឺរ៉ុប​ប៉ុណ្ណោះ​ដែល​ការដេញថ្លៃ​នៅបើកចំហរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ