អានតួអត្ថបទ
ចិន-តួកគី

អនុប្រធានាធិបតីចិន​អញ្ជើញ​ទៅតួកគី​ដើម្បី​រឹតចំណង​នយោបាយ​និងពាណិជ្ជកម្ម​

លោក​អនុប្រធានាធិបតី​ចិន​ Xi Jinping ​បាន​អញ្ជើញ​ទៅដល់​ទីក្រុង​អង់ការ៉ា​នៅល្ងាច​ថ្ងៃចន្ទ​ទី២០​កុម្ភៈ​ឆ្នាំ២០១២​ ​ ដោយឲ្យ​សារៈសំខាន់​ទៅលើ​វិស័យ​ពាណិជ្ជកម្ម​និង​វិនិយោគ​ ​ ហើយនិង​ទៅលើ​បញ្ហា​តំបន់​មួយចំនួន​ ​ ជាពិសេស​វិបត្តិ​នៃ​ប្រទេស​ស៊ីរី​ដែលមាន​ជាប់ព្រំដែន​ជាមួយ​ប្រទេស​តួកគី។

លោក​អនុប្រធានាធិបតី​​ចិន​​ Xi Jinping ​
លោក​អនុប្រធានាធិបតី​​ចិន​​ Xi Jinping ​ Reuters/David Moir
ផ្សាយពាណិជ្ជកម្ម

ក្រោយពី​ទស្សនកិច្ច​របស់​លោក​នៅសហរដ្ឋ​អាមេរិក​ ​ លោក​អនុប្រធានាធិបតី​ចិន​ Xi Jinping ​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ចំនួន​បីថ្ងៃ​នៅ​ប្រទេស​អៀរឡង់​ ​ មុននឹង​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​អង់ការ៉ា​នៃ​ប្រទេស​តួកគី។​ មាន​ប្រជាជន​អៀរឡង់​នៅ​សហរដ្ឋ​អាមេរិក​ច្រើន​ជាង​នៅក្នុង​ប្រទេស​អៀរឡង់​ ​ ហេតុដូច្នេះហើយ​បាន​ជា​ប្រទេស​អៀរឡង់​ក្លាយទៅជា​ប្រទេស​សមាជិក​នៃ​តំបន់​អឺរ៉ូ​ដែល​សហរដ្ឋ​អាមេរិក​យកមក​ប្រើ​ធ្វើជា​ “ស្ពាន”​ សម្រាប់​សហគ្រាស​អាមេរិក​ឆ្លងចូល​ទ្វីបអឺរ៉ុប។​ ចំណែកឯ​ប្រទេស​តួកគី​វិញ​ គឺជា​សម្ព័ន្ធមិត្ត​ដ៏​ស្និទ្ធ​របស់​អាមេរិក​នៅក្នុង​តំបន់។

 
តើមាន​មូលហេតុ​អ្វី​មក​ជំរុញ​ឲ្យ​អនុប្រធានាធិបតី​ចិន​ Xi Jinping ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​​នៅ​ប្រទេស​អៀរឡង់​ និងនៅ​​ប្រទេស​តួកគី?
លោក​ Xi Jinping ​ជ្រើសយក​ប្រទេស​អៀរឡង់​ ​ ដើម្បី​ពង្រឹង​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ ​ ហើយលោក​ជ្រើសយក​ប្រទេស​តួកគី​ដើម្បី​ពិភាក្សា​ពី​វិបត្តិ​ដ៏​ក្តៅគគុក​នៅ​ប្រទេស​ស៊ីរី​។

ម្យ៉ាងទៀត​ ប្រទេស​តួកគី​ជា​សមាជិក​នៃ​បក្ស​សម្ព័ន្ធ​អូតង់​ ហើយក៏ជា​មហាអំណាច​យោធា​មួយ​ក្នុង​តំបន់។​ ទីក្រុង​អង់ការ៉ា​ជាអ្នក​ផ្តល់ជំនួយ​និង​ទទួល​ផ្គត់ផ្គង់​ក្រុម​អ្នកប្រឆាំង​ស៊ីរី។​ ចំណែកឯ​ប្រទេសចិន​ក៏​ដូចជា​ប្រទេស​រុស្ស៊ី​បាន​ប្រើ​សិទ្ធិវេតូ​ប្រឆាំង​ទល់នឹង​គម្រោង​សេចក្តី​សម្រេចចិត្ត​របស់​អ.ស.ប.ធ្វើការ​ថ្កោលទោស​ទៅលើ​ទង្វើ​វាយ​បង្ក្រាប​ដ៏​ហិង្សា​ឃោរឃៅ​នៃ​របប​គ្រប់គ្រង​ផ្តាច់ការ​របស់​បាស្ហារ​អាល-អាស្សាដ។

ប្រទេស​តួកគី​ចង់​ពន្យល់​បញ្ចុះ​បញ្ចូល​ប្រទេស​ចិន​ឲ្យ​យល់​ឃើញ​ដូច​ខ្លួនថា​ ​ “ស្ថានភាព​ដ៏ហិង្សា​និង​ការបង្ហូរ​ឈាម​នៅ​ប្រទេស​ស៊ីរី​ពុំអាច​មាន​បន្ត​ទៅទៀត​បាន​ឡើយ​ ​ គេត្រូវតែ​បញ្ឈប់​ការបង្ហូរឈាម​បែបនេះ”។​ ដូច្នេះ​ ជំហរ​ខុសផ្ទុយ​គ្នា​ស្រឡះ​រវាង​ប្រទេស​ចិន​និង​ប្រទេស​តួកគី​អាច​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​សេដ្ឋកិច្ច​ ​ ដែល​ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​បាន​គុណ​មួយ​ជា​ម្ភៃ​នារយៈកាល​១០ឆ្នាំ​ចុងក្រោយនេះ។​ សូម​បញ្ជាក់ថា​ ​ ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​និង​ប្រទេស​តួកគី​បាន​ស្ទុះ​កើនឡើង​ដល់ទៅ​២០ពាន់លាន​ដុល្លារ​ក្នុង១ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ