អានតួអត្ថបទ
ភូមា

លោកស្រី អ៊ុង សានស៊ូជី អំពាវនាវ​ឱ្យ​យោធា​ចូលរួម​ធ្វើ​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ

ប្រមុខ​បក្ស​ប្រឆាំង​ភូមា លោកស្រី អ៊ុងសានស៊ូជី​ បាន​អំពាវនាវ​នៅ​ថ្ងៃ​សៅរ៍​ទី ៤ មករា ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិភូមា ឱ្យ​យោធា​ចូល​ប្រលូក​ធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ។ រដ្ឋ​ធម្មនុញ្ញ​ចាស់​គំរិល តាំង​ពី​សម័យ​ភូមា​ដឹកនាំ​ដោយ​របប​សឹក និង​ដែល​មាន​លក្ខណៈ​ចម្រូង​ចម្រាស​បំផុត។ ប៉ុន្តែ​បើ​គ្មានការ​ជ្រោមជ្រែង​ និង​ចូល​រួម​ពី​យោធា​ទេ នោះ​​​កំណែទម្រង់​ពិត​ជា​មិន​អាចចេញ​​រួចឡើយ។

លោកស្រី អ៊ុង សានស៊ូជី អំពាវនាវ​ឱ្យ​យោធា​​ដែលមាន​​តំណាង​២៥%​នៅក្នុង​សភា​ គាំទ្រ​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ
លោកស្រី អ៊ុង សានស៊ូជី អំពាវនាវ​ឱ្យ​យោធា​​ដែលមាន​​តំណាង​២៥%​នៅក្នុង​សភា​ គាំទ្រ​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ © Reuters
ផ្សាយពាណិជ្ជកម្ម

“យើង​ត្រូវ​តែ​ទទួលស្គាល់​ថា​ច្បាប់​រដ្ឋធម្មនុញ្ញ​ភូមា​មិន​ត្រឹម​ត្រូវ​ទេ បើ​ប្រៀប​ទៅ​នឹង​បទដ្ឋាន​ប្រជាធិបតេយ្យ” នេះ​ជា​ប្រសាសន៍​របស់​លោកស្រី​អ៊ុងសានស៊ូជី នាឱកាស​បុណ្យ​ឯកជាតិ​លើកទី​៦៦​ ដោយ​ថែម​ទាំង​សំណូមពរ​ឱ្យ​ តាតម៉ាដាវ ឈ្មោះ​កង​យុទ្ធពល​ភូមា​ ​សម្រេច​ចិត្ត​ភ្លាម​ ​ចូល​រួម​យ៉ាង​សស្រាក់សស្រាំ​ធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ​ជាតិ។

បើ​គ្មាន​​ការ​ចូល​រួម​ពី​យោធា​ កំណែទម្រង់​រដ្ឋធម្មនុញ្ញ​ពិត​ជា​មិន​អាច​ចេញ​រួច​ឡើយ ព្រោះ​នៅ​ក្នុងអត្ថបទ​ច្បាប់​យោធា​ភូមា​មាន​អំណាច​ធំធេង​ណាស់ និង​មាន​អាសនៈ​នៅ​ក្នុង​សភា​ដល់​ទៅ​២៥​%។ ដើម្បី​អាច​សម្រេច​ធ្វើ​កំណែទម្រង់​បាន ​ទាល់​តែសភា​​ប្រមូល​សំឡេង​គាំទ្រ​បាន​លើស​ពី​៧៥% ពោល​គឺ​ត្រូវ​ការ​មាន​តំណាង​យោធា​យ៉ាង​ហោច​ណាស់​ម្នាក់​ចូល​ជួយ។

តាំង​ពី​បាន​ទទួល​សេរីភាព​ផុត​ពី​ការ​ឃុំឃាំង​ក្នុង​គេហដ្ឋាន​មក លោកស្រី​អ៊ុងសានស៊ូជី បាន​យក​​ការធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ​ជា​អាទិភាព ព្រោះ​ច្បាប់​នេះ​ត្រូវ​បាន​តាក់តែង​ឡើង តាំង​ពី​សម័យ​ភូមា​ដឹកនាំ​ដោយ​របប​សឹក​ និង​អនុម័ត​ដោយ​ប្រជាមតិ​នៅ​ឆ្នាំ ២០០៨។ ​រដ្ឋធម្មនុញ្ញចាស់​នេះ បាន​ហាមឃាត់​​មិន​ឱ្យ​ជនណា​ ដែល​រៀបការ ឬ​មានកូន​កាន់​សញ្ជាតិ​បរទេស​ ឡើង​កាន់​អំណាច​ ជា​ប្រធានាធិបតី​បាន​ឡើយ។ ដូច្នេះ​មាន​ន័យ​ថា​ លោកស្រី​អ៊ុងសានស៊ូជី ដែល​មាន​មហិច្ឆតា​ចង់​ដឹកនាំ​ប្រទេស​ មិន​អាច​ឈរ​ឈ្មោះ​ បាន​ទេ​ នៅ​​ឆ្នាំ​២០១៥ បើ​គ្មានកំណែទម្រង់ ព្រោះ​លោកស្រី​មាន​ស្វាមី​ជា​ជនជាតិ​អង់គ្លេស (ស្លាប់​) និងកូនពីរ​នាក់​មាន​លិខិត​ឆ្លង​ដែន​អង់គ្លេស។

លោក​ ថេន សេន ប្រធានាធិបតី​ស៊ីវិល​ភូមាដំបូង ដែល​បាន​ធ្វើ​កំណែទម្រង់​យ៉ាង​សន្ធឹក​សន្ធាប់​ គួរ​ជា​ទី​ភ្ញាក់​ផ្អើល​ បាន​គាំទ្រ​ឱ្យ​មាន​កំណែទម្រង់​រដ្ឋធម្មនុញ្ញ​នេះ​ កាលពី​សប្តាហ៍​មុន។ ហើយ​គណៈកម្មការ​សភា​ភូមា​ក៏​បា​ន​ចាប់​ផ្តើម​ធ្វើ​ការ​​លើ​ប្រធានបទ​នេះ​ តាំង​ពី​ពីរ​បី​ខែ​មុន។ របាយការណ៍​ការងារ​នឹង​ត្រូវ​បង្ហាញ​នៅ​ដំណាច់​ខែ​មករានេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ