អានតួអត្ថបទ
ភូមា

ប្រធានាធិបតីភូមា​គាំទ្រ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ​ដ៏​ចម្រូងចម្រាស​

នៅប្រទេស​ភូមា ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រធានាធិបតី​​ ថេន សេន​ បាន​បង្ហាញ​ការ​គាំទ្រ​របស់​លោក ចំពោះ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​​ឆ្នាំ២០០៨ ដែល​ធ្វើឡើង​ កាលពី​ភូមា​ស្ថិត​ក្នុង​របបសឹកចាស់។ ​​ការ​គាំទ្រ​អោយ​មាន​កំណែទម្រង់​រដ្ឋធម្មនុញ្ញ​នេះ ស​បង្ហាញ​ពី​បំណង​ប្រធានាធិបតី​ថេន សេន​ ក្នុង​ការ​ដឹកនាំ​ភូមា​ ទៅ​កាន់លទ្ធិប្រជាធិបតេយ្យ។

ប្រធានាធិបតី​ភូមា Thein Sein
ប្រធានាធិបតី​ភូមា Thein Sein REUTERS/Aaron Favila/Pool
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ព្រហស្បតិ៍​នេះ ប្រធានាធិបតី​ភូមា​ ថេន សេន​ បាន​​ផ្តល់​ការគាំទ្រ​​ដល់កំណែទម្រង់​រដ្ឋធម្មនុញ្ញ​​នៅភូមា ដែល​របបសឹកចាស់​ភូមា​បាន​តាក់តែង​ឡើង កាលពី​ឆ្នាំ២០០៨។​ លោក​ថេន សេន​ លើកឡើង​ថា៖ ខ្ញុំ​គិត​ថា រដ្ឋធម្មនុញ្ញ​​ដែល​ល្អបរិសុទ្ធ ត្រូវ​តែ​ទទួល​បាន​ការកែទម្រង់ ជា​រឿយៗ ដើម្បី​ឆ្លើយតប​ទៅនឹង​តំរូវ​ការ​ជាតិ តំរូវការ​សេដ្ឋកិច្ច និង​សង្គម​​របស់​យើង។

រដ្ឋធម្មនុញ្ញ​ឆ្នាំ២០០៨ ត្រូវ​បាន​តាក់តែង​ឡើង​ និង​បាន​អនុម័ត​ដោយ​ការបោះឆ្នោត​ប្រជាមតិ កាលពីពេល​ភូមា​ស្ថិត​ក្នុង​របប​សឹកចាស់​នៅឡើយ។ ​​​កាលណោះ របបសឹកចាស់​ភូមា បានប្រកាន់​ខ្ជាប់​អោយ​មានការបោះឆ្នោត​ប្រជាមតិ​អនុម័ត​​រដ្ឋធម្មនុញ្ញ​នេះ បើទោះ​ជា​ ភូមា​បាន​រងគ្រោះ​ដោយព្យុះ​សង្ឃរា ណារហ្គី ធ្វើអោយ​​ប្រជាជន​១សែន​៣ម៉ឺន​៨ពាន់នាក់ស្លាប់​និង​បាត់ខ្លួន ក៏ដោយ​។ រដ្ឋធម្មនុញ្ញ​ភូមា​ឆ្នាំ២០០៨ ​បានផ្តល់​អំណាច​លើសលុប​ដល់​ទាហាន​ភូមា ដោយ​ផ្តល់​សិទ្ធិ​​ក្នុង​ការកាន់កៅអីសភា​២៥ភាគរយ​ដល់ពួកគេ។ ម្យ៉ាងទៀត រដ្ឋធម្មនុញ្ញ​នេះ ​បាន​​ចែង​ហាមឃាត់​​ជនជាតិ​ភូមា ដែល​មាន​ស្វាមី រឺក៏ភរិយា​ជា​ជនបរទេស រឺក៏​មាន​កូនៗ​​កាន់​ទិដ្ឋាការ​ឆ្លងដែន​បរទេស មិន​អោយ​ធ្វើជា​ប្រធានាធិបតី​នៅភូមា​ឡើយ។ អាស្រ័យ​​ហេតុនេះ ប្រធាន​គណបក្ស​ប្រឆាំង គឺ​លោកស្រី​អ៊ុងសាន ស៊ូជី ដែល​មានស្វាមី​ជា​ជនជាតិ​អង់គ្លេស​នោះ មិនអាច​​ចូលរួម​ក្នុង​ឆាក​នយោបាយ​​​ភូមា​បានឡើយ។

ប៉ុន្តែ ចាប់​តាំង​ពី​របបសឹក​ចាស់ភូមា​ត្រូវ​បាន​រំលាយ​ចោល ក្នុង​ខែ​មិនា​ឆ្នាំ២០១១មក ប្រធានាធិបតី​ថេន សេន​ បាន​ធ្វើកំណែ​ទម្រង់​គួរអោយ​កត់សំគាល់ និង​បាន​អនុញ្ញាត​អោយ​​លោកស្រី​ ​ អ៊ុងសាន ស៊ូជី បាន​ចូល​ប្រលូក​ក្នុង​ឆាកនយោបាយ​ឡើងវិញ។ លោកថេន សេន​ ​បាន​ដោះលែង​អ្នកទោស​នយោបាយ​រាប់រយនាក់ ថែម​ទាំង​បានចុះទៅចរចា​សន្តិភាព​ជាមួយ​ក្រុមឧទ្ទាម​ជាច្រើន​មកពី​សហគមន៍​ជនជាតិ​ភាគតិច​ទៀតផង។

ជាង​មួយខែ​មកនេះ គណៈកម្មការ​សភា​មួយ មាន​សមាជិក​មកពី​គណបក្ស​នយោបាយ​ជាច្រើន​ផ្សេងគ្នា​ បាន​ជួបពិភាក្សា​​គ្នា​ ​​ធ្វើកំណែទម្រង់​រដ្ឋធម្មនុញ្ញ។ ប្រធានាធិបតី​ថេន សេន​ ប្រាប់ថា លោក​មិនចង់​អោយ​ពលរដ្ឋភូមាម្នាក់ៗ ​រងការ​រឹតត្បិត​ មិនអាច​ឡើង​កាន់អំណាច​នោះឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ