អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បញ្ហា​​ចរាចរណ៍៖ ច្បាប់​​ថ្មី​​ក្នុង​​បរិបទ​​នៃ​​ទម្លាប់​​ចាស់!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ច្បាប់​ចរាចរណ៍​ជើងគោក​ថ្មី​ដែល​រដ្ឋសភា​បាន​អនុម័ត​កាល​ពី​ចុង​សប្តាហ៍​មុន​បាន​បង្កើន​ការ​ផាកពិន័យ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អ្នក​បើក​បរ​ល្មើស​ច្បាប់។ គេ​រំពឹង​ថា​វិធានការ​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​បើកបរ​គោរព​ច្បាប់​និង​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជិត​២០០០​នាក់​បាន​ស្លាប់ និង​ជាង ៥០០០ នាក់​រងរបួស​ក្នុង​មួយ​ឆ្នាំៗ។ ប៉ុន្តែ ប្រសិន​បើ​មាន​ច្បាប់​ថ្មី តែ​មនុស្ស​នៅតែ​អនុវត្ត​ទម្លាប់​ចាស់ គេ​ពិបាក​សង្ឃឹម​ណាស់​ថា​ច្បាប់​នេះ​មាន​ប្រសិទ្ធ​ភាព។ លើស​ពី​នេះ វា​អាច​បើក​ឲ្យ​មាន​អំពើ​ពុក​រលួយ​កាន់​តែ​ខ្លាំង ហើយ​ប្រជា​ពលរដ្ឋ​អាច​មាន​បន្ទុក​ធ្ងន់​លើស​ពី​មុន​ក៏​ថា​បាន​។

ការ​បើកបរ​ដោយ​មិន​គោរព​ច្បាប់ និង​ដោយ​មិនចេះ​អធ្យាស្រ័យគ្នា បង្ក​ឲ្យ​​មាន​គ្រោះថ្នាក់ និង​​ការស្ទះចរាចរណ៍
ការ​បើកបរ​ដោយ​មិន​គោរព​ច្បាប់ និង​ដោយ​មិនចេះ​អធ្យាស្រ័យគ្នា បង្ក​ឲ្យ​​មាន​គ្រោះថ្នាក់ និង​​ការស្ទះចរាចរណ៍ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

ចាប់ពី​ច្បាប់​ចរាចរណ៍​ថ្មី​ចូល​ជា​ធរមាន អ្នក​បើកបរ​ល្មើស​ច្បាប់​នឹង​ត្រូវ​ផ្តន្ទាទោស​យ៉ាង​ធ្ងន់ធ្ងរ​រាប់​ទាំង​ទោស​ជាប់​ពន្ធនាគារ​និង​ការ​ផាក​ពិន័យ។ ជាក់​ស្តែង អ្នក​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ដែលមាន​ជាតិ​អាល់​កុល​ចាប់​ពី ០,៤០ មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់​ឬ​ក៏​ចាប់​ពី ០,៨០ ក្រាម​ក្នុង​មួយ​លីត្រ​ឈាម​ឡើង​ទៅ នឹង​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពីមួយ​ខែ​ដល់​៦​ខែ​និង​ផាក​ពិន័យ​ចាប់​ពី​៨០​ម៉ឺន​រហូត​ដល់​៤​លាន​រៀល។ ក្នុង​ករណី​បង្ក​គ្រោះ​ថ្នាក់​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​របួស​ឬ​ស្លាប់ ទោស​ជាប់​ពន្ធនាគារ​អាច​កើន​ដល់​៥​ឆ្នាំ រីឯ​ប្រាក់​ពិន័យ​អាច​ឡើង​ដល់ ២៥ លាន​រៀល​ឯ​ណោះ​។

 
ទោស​និង​ពិន័យ​ធ្ងន់ធ្ងរ​ក៏​មាន​ដែរ​សម្រាប់​អ្នក​បើក​បរ​ដោយ​គ្មាន​ប័ណ្ណ​បើកបរ បើកបរ​ដោយ​បំពាន​ច្បាប់​ចរាចរណ៍​និង​បំពាន​បទ​បញ្ជា​របស់​សមត្ថ​កិច្ច​ជាដើម។ ក៏​មាន​ដែរ​ទោស​ជាប់​ពន្ធនាគារ​និង​ពិន័យ​ជា​ប្រាក់​ចំពោះ​ភ្នាក់ងារ​នគរបាល​ដែល​បំពាន​ទៅ​លើ​អ្នក​បើកបរ​។ ទាំង​អស់​នេះ​ជា​វិធាន​ការ​ថ្មី​ដែល​ក្រុម​អ្នក​តាក់​តែង​ច្បាប់​និង​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ចរាចរណ៍​រំពឹង​ថា​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នៅ​លើ​ដងផ្លូវ​ក៏​ដូចជា​អាច​ជួយ​ឲ្យ​មាន​សណ្តាប់​ធ្នាប់​ចរាចរណ៍​ឡើង​វិញ។ ប៉ុន្តែ ចំណោទ​នៅ​ត្រង់​ថា តើ​ច្បាប់​នេះ​អាច​អនុវត្ត​ដោយ​មាន​ប្រសិទ្ធភាព​ដូច​ការ​រំពឹង​ទុក​ដែរ​ឬ​ទេ​?

ជា​ការ​ពិត​ណាស់ រដ្ឋសភា​កម្ពុជា​បានអនុម័ត​ច្បាប់​ល្អៗ​យ៉ាង​ច្រើន​មក​ហើយ​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​ចុង​ក្រោយ​នេះ ក្នុង​នោះ​ក៏​មាន​រដ្ឋ​ធម្មនុញ​ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស​ផងដែរ។ ប៉ុន្តែ បញ្ហា​នៅត្រង់​ការ​អនុវត្ត​មិន​បាន​តែ​ប៉ុណ្ណោះ​។ ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នៅ​ពេល​នេះ​ជា​វិញ្ញាសា​សាកល្បង​ថ្មី​មួយ​ទៀត​សម្រាប់​សមត្ថកិច្ច​និង​ប្រជាជន​កម្ពុជា​ពោល​គឺ​«ច្បាប់​ថ្មី​ក្នុង​បរិបទ​នៃ​ទម្លាប់​ចាស់»។

នៅ​កម្ពុជា ពាក្យ​ថា«ច្បាប់​ទម្លាប់»ត្រូវ​បាន​គេ​ប្រើ​ដោយ​ចង​ភ្ជាប់​គ្នា​ដោយ​សារតែ​វា​មាន​ឥទ្ធិពល​លើ​គ្នា​ទៅ​វិញ​ទៅ​មក​មិន​អាច​កាត់​ផ្តាច់​បាន​។ ជា​ញឹក​ញយ «ទម្លាប់» ធំ​ជាង​ច្បាប់​ទៅ​ទៀត។ ក្នុង​ន័យ​នេះ ច្បាប់​ចរាចរណ៍​ជើង​គោក​ថ្មី​នឹង​គ្មាន​ប្រសិទ្ធ​ភាព​ទេ​ប្រសិន​បើ​សមត្ថកិច្ច​និង​អ្នក​បើកបរ​ទាំង​ឡាយ​នៅ​តែ​អនុវត្ត​ទម្លាប់​ចាស់​តែ​ដដែល​នោះ។ ទម្លាប់​ចាស់​មាន​ដូច​ជា ទម្លាប់​របស់​អ្នក​បើកបរ​ដែល​មិន​សូវ​អើពើ​ចំពោះ​ច្បាប់ ទម្លាប់​របស់​បុគ្គល​មួយ​ចំនួន​ដែល​អាង​អំណាច​បុណ្យ​ស័ក្តិ​ឬ​អាង​ទឹក​ប្រាក់​ហើយ​មិន​ខ្លាច​បំពាន​ច្បាប់ និង​ទម្លាប់​រក​ផល​ចំណេញ​ដាក់​ហោប៉ៅ​របស់​ភ្នាក់ងារ​មាន​សមត្ថកិច្ច។ល។ និង​ល។ល។

ប្រសិន​បើ​ទម្លាប់​ទាំង​នេះ​មិន​ត្រូវ​បាន​កែ​ប្រែ​ទេ​នោះ ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​មិន​ត្រឹម​តែ​គ្មាន​ប្រសិទ្ធភាព​ប៉ុណ្ណោះ​ទេ តែ​វា​អាច​នឹង​ក្លាយ​ជា​ឧបករណ៍​បើក​ផ្លូវ​ឲ្យ​មាន​អំពើ​ពុករលួយ​ជម្រិត​ទារប្រាក់​កាន់​តែខ្លាំង​ជាង​មុន​ក៏​ថា​បាន។ នេះ​គឺជា​បន្ទុក​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​របស់​អ្នក​ប្រើ​ប្រាស់​ទ្រូង​ផ្លូវ​ដែរ​នៅ​ពេល​ដែល​ពួក​គេ​ប្រព្រឹត្ត​ល្មើស​ដោយ​ប្រការ​ណា​មួយ​ហើយ​ត្រូវ​បាន​ផាក​ពិន័យ​យ៉ាង​សន្ធឹក​សន្ធាប់។ ប្រសិន​បើ​ប្រាក់​ផាក​ពិន័យ​ចូល​ទៅ​ក្នុង​កញ្ចប់​ថវិកា​ជាតិ​មិន​ជា​ថ្វី​ទេ តែ​ប្រសិន​បើ​ប្រាក់​នោះ​បែរ​ជា​ធ្លាក់​ចូល​ក្នុង​ហោ​ប៉ៅ​បុគ្គល​ឯក​ជន​វិញ​នោះ​វា​រឹត​តែ​ធ្ងន់​ធ្ងរ​ជាង​ច្បាប់​ចាស់​ទៅ​ទៀត​។

នៅ​កម្ពុជា គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៥​នាក់​ក្នុង​មួយ​ថ្ងៃ ធ្វើ​ឲ្យ​របួស ជាង ៥០០០ នាក់​ក្នុង​មួយ​ឆ្នាំ និង​បាន​បង្ក​ការ​ខូចខាត​សេដ្ឋ​កិច្ច​ជាតិ​ជាង ៣០០ លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ។ នេះ​បើ​យោង​តាម​ការ​សិក្សា​របស់​ក្រុម​អ្នក​ជំនាញ​ខាង​ចរាចរណ៍។ គឺ​ជា​តួលេខ​អ្នក​ស្លាប់​ដ៏​ខ្ពស់​បំផុត​គឺ​ខ្ពស់​ជាង​អ្នក​ស្លាប់​ដោយ​គ្រាប់​មីន​ឬ​ដោយ​ជំងឺអេដស៍​ដ៏​កាច​សាហាវ​ទៅ​ទៀត។ ជាង ៩០ ភាគរយ​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ត្រូវ​គេ​រក​ឃើញ​ថា​បណ្តាល​មក​ពី​កត្តា​មនុស្ស ដូច​ជា ការបើកបរ​ដោយ​មិន​គោរព​ស្លាក​សញ្ញា​ចរាចរណ៍ មិន​គោរព​សិទ្ធិ​អាទិភាព បើកបរ​ក្នុង​ល្បឿន​លឿន​ហួសហេតុ និង​ការបើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ជាដើម។ អ្នក​ទាំង​នោះ​ហើយ​ដែល​ជា​មុខ​ព្រួញ​ដែល​ត្រូវ​ជាប់​ទោស​និង​ត្រូវ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​ក្នុង​ច្បាប់​ចរាចរណ៍​ថ្មី​។

ដូច្នេះ ដើម្បី​ឲ្យ​ច្បាប់​ថ្មី​មាន​ប្រសិទ្ធភាព ការ​អប់រំ​សីលធម៌​ដល់​ពលរដ្ឋ​និង​ដល់​ភ្នាក់ងារ​អនុវត្ត​ច្បាប់​ដើម្បី​ឲ្យ​ពួក​គេ​កែ​ទម្លាប់​ចាស់ ព្រម​ទាំង​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ដល់​មនុស្ស​ជាទូទៅ​ឲ្យ​បាន​ទូលំ​ទូលាយ​គឺជា​បេសកកម្ម​ចាំ​បាច់​មួយ​ទៀត​ដែល​គេ​មិន​អាច​មើល​រំលង​បាន​ឡើយ​។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ«ទម្លាប់​នៅតែ​ធំ​ជាង​ច្បាប់»តែ​ដដែល​នោះ សោក​នាដកម្ម​លើ​ដងផ្លូវ​នៅតែ​មិន​អាច​កាត់​បន្ថយ​បាន​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ