អានតួអត្ថបទ
កម្ពុជា

គ្រោះ​ថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៣​ កម្ពុជា​ខាតបង់​ប្រាក់​៣២៩លាន​ដុល្លា​​ និង​ស្លាប់​មនុស្ស​ជិត​២​ពាន់​នាក់​

គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​កម្ពុជា នៅ​ថ្ងៃ​ចន្ទ​ទី១៧វិច្ឆិការ​នេះ បានចេញ​ផ្សាយ​របាយការណ៍​ស្តីពី​គ្រោះថ្នាក់​ឆ្នាំ២០១៣នៅ​ទូទាំង​ប្រទេស ដែលមាន​អ្នកស្លាប់​ចំនួន​១៩៥០​នាក់។ ចំនួន​នេះ ថយចុះ១៦នាក់ បើ​ធៀប​នឹង​ឆ្នាំ២០១២ តែ​ប្រធាន​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក លោក ត្រាំ អ៊ីវតឹក កំពុង​ព្រួយបារម្ភ​ថា ចំនួន​អ្នកស្លាប់ នឹង​កើនឡើង​ខ្ពស់​នៅ​ឆ្នាំ២០១៤។

គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា
គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា © សុវណ្ណរ៉ា
ផ្សាយពាណិជ្ជកម្ម

មាន​កត្តា​ច្រើនយ៉ាង ដែល​នាំអោយមាន​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ នោះ​មកពី​កត្តា​មនុស្ស​និង​កត្តា​យានយន្ត ការបើកបរ​ហួស​ល្បឿន​កំណត់ និង​ការបើកបរ​ដែល​ស្ថិតនៅក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ជាដើម។

បើតាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ២០១៣ ដែល​ចេញផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​កម្ពុជា ដែល​ប្រមូល​ចេញពី​ប្រភពពី​ក្រសួងមហាផ្ទៃ និង​ក្រសួង​សុខាភិបាល​បាន​បង្ហាញថា ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន១៩៥០នាក់​បាន​ស្លាប់បាត់​បង់​ជីវិត ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​ចំនួន៤៣៥៣ករណី និង​របួសធ្ងន់​៥៣៤៩​នាក់ ដែល​គិត​ជា​មធ្យម​ប្រជាពលរដ្ឋ​កម្ពុជា៥នាក់​បាន​ស្លាប់ និង​របួស១៥នាក់​ក្នុងមួយថ្ងៃ។

តែ​របាយការណ៍​បង្ហាញ​ថា ចំនួន​អ្នកស្លាប់​នៅ​ឆ្នាំ២០១៣ បាន​ថយចុះ១៦នាក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០១២ ដែលមាន​ចំនួន១៩៦៦នាក់។ ប៉ុន្តែ​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារ​ណៈ​ការ​​និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​កម្ពុជា​បាន​ដាក់​ការព្រួយបារម្ភ​ថា នៅ​ឆ្នាំ២០១៤នេះ ចំនួន​អ្នកស្លាប់​នឹង​កើនឡើង​ខ្ពស់ជាង​ឆ្នាំណា​ៗ​ទាំង​អស់​ ពោលគឺ​គ្រាន់តែ​រយៈពេល១០ខែ ឆ្នាំ២០១៤នេះ ចំនួន​អ្នក​ស្លាប់មាន​ដល់​ទៅ១៧៧២​នាក់​​ទៅហើយ ហើយ​ចំនួន​នេះ នៅ​មិនទាន់​បូក​បញ្ចូល​ករណីថ្មីៗ ដែល​បាន​កើនឡើង​នៅក្នុង​ខែតុលា និង​ខែវិច្ឆិការ​នៅឡើយ​ទេ។

បើតាម លោក​រដ្ឋមន្ត្រី ការកើនឡើង​នៃ​ការចុះបញ្ជី​យានយន្ត១៤%ក្នុង១ឆ្នាំ កំណើន​ផលិត​ផល​​សរុប​​ក្នុងស្រុក​ក្នុង​រង្វង់៧%ជា​រៀងរាល់ឆ្នាំ រួមទាំង​ការរីកចំរើន​ខាង​ផ្លូវថ្នល់ បាន​បង្ករ​ឱកាស​​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើដំណើរ​កំសាន្ត​កាន់តែច្រើន ដែល​នេះ ក៍​ជា​មូល​ហេតុដែល​នាំអោយមាន​ឱ​កាស​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ផងដែរ។

គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ២០១៣ ដែល​បានធ្វើអោយ​កម្ពុជា​ខាតបង់​សេដ្ឋកិច្ច​ប្រមាណ​ជា ៣២៩​លាន​ដុល្លា​អាមេរិក ហើយ​ភាគច្រើន​នៃ​អ្នកបង្ករ​គ្រោះថ្នាក់ គឺ​ភាគច្រើន​ជា​យុវជន​និង​មនុស្ស​ពេញកំលាំង​រកលុយ ដែលមាន​អាយុ​ចាប់ពី១៥ដល់៤០ឆ្នាំ៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ