អានតួអត្ថបទ
កម្ពុជា

កំណើន​គ្រោះ​​ថ្នាក់​​ចរាចរណ៍​​ក្នុង​​ឱ​កាស​​បុណ្យ​​ភ្ជុំ​បិណ្ឌ​ ជំរុញ​​អោយ​​អង្គការ​​សង្គម​​ស៊ីវិល​​មួយ​​ផ្លាស់​​ប្តូរ​យុទ្ធ​​សាស្ត្រ​​របស់​​ខ្លួន​

ការ​កើន​ឡើង​ខ្ពស់​នៃ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌថ្មីៗ​នេះ បាន​ជំរុញ​អោយ​អង្គការ​សង្គម​ស៊ីវិល​មួយ ដែល​កំពុង​ធ្វើ​យុទ្ធ​នាការ​ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់​ចរាចរណ៍​នេះ ងាក​មក​ជជែក​គ្នា​ឡើង​វិញ ដើម្បី​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ ត្រៀម​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍​ពិសេស​នៅ​ពេល​បុណ្យ​ជាតិ​ធំ។ គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ពេល និង​ក្រោយ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​ទៅ បាន​បណ្តាល​អោយ​ស្លាប់​៤៩​នាក់ កើន​លើស​ឆ្នាំ​មុន ២១​នាក់​។

គ្រោះថ្នាក់ចរាចរណ៍​តែងតែ​កើតមាន​ពេល​បុណ្យជាតិធំៗ នៅកម្ពុជា។
គ្រោះថ្នាក់ចរាចរណ៍​តែងតែ​កើតមាន​ពេល​បុណ្យជាតិធំៗ នៅកម្ពុជា។ ©Reuters
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពេល​ការ​ចេញ​ផ្សាយ​របាយការណ៍​បូក​សរុប​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​រយៈ​ពេល​៥​ថ្ងៃ​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ បង្ហាញ​ពី​ការ​កើន​ឡើង​ដ៍​ខ្ពស់ និង​គួរ​អោយ​បារម្ភ​នោះ អង្គ​ការ​ដៃ​គូរ​សុវត្ថិភាព​ចរាចរណ៍​សកល ដែល​កំពុង​បើក​យុទ្ធ​នាការ​ផ្សព្វ​ផ្សាយ​និង​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ដល់​ប្រជា​ពល​រដ្ឋ​នៅ​ទូទាំង​១៥​ខេត្ត​ក្រុង បាន​ប្រកាស​ពី​ការ​ត្រៀម​ជួប​ប្រ​ជុំ​គ្នា​ជា​ថ្មី ដើម្បី​រុះ​រើ​នូវ​យុទ្ធ​សាស្ត្រ​របស់​ខ្លួន​ឡើង​វិញ។ ជា​យុទ្ធ​សាស្ត្រ​ដែល​នឹង​ផ្តោត​ទៅ​លើ​ក្រុម​គោល​ដៅ ដែល​ងាយ​នឹង​បង្ករ​អោយ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ នឹង​កាន់​តែ​ស៊ី​ជំរៅ​ថែម​ទៀត នោះ​គឺ​ក្រុម​បុរស​ៗ​ដែល​ជិះ​ម៉ូតូ អ្នកប្រើ​ប្រាស់​គ្រឿង​ស្រវឹង នឹង​អ្នក​បើកបរ​ដោយ​មិន​មាន​ពាក់​មួក​សុវត្ថិភាព​ជាដើម។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក គង់ សុវណ្ណ ប្រធាន​អង្គការ​ដៃគូរ​សុវត្ថិភាព​ចរាចរណ៍​សកល។

អង្គការ​ដៃគូរ​សុវត្ថិភាព​ចរាចរណ៍​សកល ដែល​កំពុង​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ និង​អ្នកស្ម័គ្រចិត្ត​កាក​បាទ​ក្រហម​កម្ពុជា​រាប់​រយ​នាក់ បើក​យុទ្ធ​នាការ​ផ្សព្វផ្សាយ​និង​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដល់​ប្រជា​ពល​រដ្ឋ​នៅ​ទូ​ទាំង​១៥​ខេត្ត/ក្រុង​។

យុទ្ធនាការ ដែល​បាន​ផ្តើម​ធ្វើ​តាំង​ពី​ថ្ងៃ​ទី​១៩​កញ្ញា ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ខែ​ធ្នូ​ខាង​មុខ។ ប៉ុន្តែ​លោក គង់ សុវណ្ណ បាន​ប្រកាស​ថា យុទ្ធនាការ​នឹង​ត្រូវ​ផ្លាស់​ប្តូរ​យុទ្ធ​សាស្ត្រ នៅ​ក្រោយ​កិច្ច​ប្រជុំ​ក្រុម​ការងារ​បច្ចេក​ទេស ដែល​ដឹកនាំ​ដោយ​គណៈ​កម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍, ក្រសួងមហាផ្ទៃ, ក្រសួង​សាធារ​ណៈការ, អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ខាង​ផ្នែក​ចរាចរណ៍ និង​ដៃគូរ​ពាក់ព័ន្ធ​ដ៍ទៃទៀត​នា​អំឡុង​ខែតុលា​ខាង​មុខ​នេះ​។
 

បើ​តាម​របាយ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​រយៈ​ពេល​៥​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ចាប់​ពី​ថ្ងៃ​ទី​២០ដល់​ថ្ងៃ​ទី​២៤​កញ្ញា ដែល​ចេញ​ផ្សាយ​ដោយ​នាយក​ដ្ឋាន​សណ្តាប់​ធ្លាប់​ចរាចរណ៍​ផ្លូវគោក​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​បាន​កើត​ឡើង ១៣៧ លើក ដែល​បណ្តាលអោយ​ស្លាប់​ម​នុស្ស​៤៩​នាក់ របួស​៣០៥​នាក់។ ចំនួន​នេះ បាន​កើន​ឡើង​លើស​ឆ្នាំ​២០១៣ ដែល​ក្នុង​រយៈពេល​ដូចគ្នា គ្រោះ​ថ្នាក់​ចរាចរណ៍​កើន​៥៣​លើក​ស្មើ ៦៣​ភាគរយ ស្លាប់​កើន​ឡើង​២១នាក់ ស្មើ​៧៥​ភាគរយ របួស​កើន​៧៨​នាក់ ស្មើ​៣៥​ភាគរយ។ មូល​ហេតុ​សំខាន់​ៗ​នៃ​គ្រោះ​ថ្នាក់​នេះ គឺ​ភាគ​ច្រើន​បណ្តាល​មកពី​បើកបរ​លើស​ល្បឿន​កំណត់​៤៣​ភាគរយ បើកបរ​ក្រោម​ឥទ្ធិពល​ស្រវឹង១២ភាគរយ បើកបរ​ប្រជែង​គ្នា១១ភាគរយ និង​មិន​គោរព​សិទ្ធ​អាទិភាព​១០​ភាគរយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ