អានតួអត្ថបទ
បារាំង

លោកសាកូហ្ស៊ី ​អះអាង​ភាព​ស្អាតស្អំ​របស់​ខ្លួន ចំពោះ​មុខ​ការ​ចោទ​ប្រកាន់​ពី​បទ​​ពុក​រលួយ

អតីត​ប្រធានាធិបតី​បារាំង​ លោក នីកូឡា សាកូហ្ស៊ី បាន​ទាមទារ​រក​យុត្តិធម៌​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ថា​លោក​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ។ បន្ទាប់​ពី​ត្រូវ​បាន​ដោះលែង​ពី​ការ​ឃាត់ខ្លួន​អស់​រយៈ​ពេល​១៥​ម៉ោង ​លោក​នីកូឡា សាកូហ្ស៊ី ​បាន​ថ្លែងកាល​ពី​ល្ងាច​ថ្ងៃ​ពុធ នៅ​តាម​កញ្ចក់​ទូរទស្សន៍​បារាំង​មួយ ​ថា​ “លោក​ជា​មនុស្ស​សុចរិត ​លោក​មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ។ ​

លោកនីកូឡា សាកូហ្ស៊ី​ ក្នុង​បទ​សម្ភាស​តាម​កញ្ចក់​ទូរទស្សន៍​បារាំងTF1កាល​ពី​ថ្ងៃ​២​កក្កដា​២០១៤
លោកនីកូឡា សាកូហ្ស៊ី​ ក្នុង​បទ​សម្ភាស​តាម​កញ្ចក់​ទូរទស្សន៍​បារាំងTF1កាល​ពី​ថ្ងៃ​២​កក្កដា​២០១៤ TF1
ផ្សាយពាណិជ្ជកម្ម

លោក​នីកូឡា សាកូហ្ស៊ី អតីត​ប្រធានា​ធិបតី​បារាំង បាន​ផ្តល់​បទ​សម្ភាស​តាម​ទូរទស្សន៍​បន្ទាប់​ពី​លោក​ត្រូវ​បាន​តុលាការ​ដោះលែង​ពី​ការឃាត់​ខ្លួន​នៅ​ថ្ងៃ​ពុធ​ទី​២កក្កដា។ ​ក្នុង​បទ​សម្ភាស​នោះ លោក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ទាំង​ស្រុង​ហើយ លោក​ថា​វា​គឺ​ជា​ការ​រៀប​ចំ ប្រតិដ្ឋ​ដោយ​យក​ស្ថាប័ន​តុលាការ​ជា​ឧបករណ៍​នយោបាយ។ លោក​​បន្ត​​ថា គេ​មាន​ចេត្តនា​បង្ខូច​កិត្តិយស​របស់​លោក​ដោយ​ចាប់​ឃាត់​ខ្លួន​លោក​អស់​រយៈ​ពេល​១៥​ម៉ោង។

ការចោទប្រកាន់មកលើរូបខ្ញុំ គឺជាការយកតុលាការធ្វើជាឧបករណ៍នយោបាយ។

01:24

សំឡេងរបស់នីកូឡា សាកូហ្ស៊ី​ ប្រែសម្រួលដោយ ម៉ម ពិសី

លោក​បាន​រិះគន់​ដោយ​ចំៗ​ ទៅ​លើ​លោក​ស្រី រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ ថា​បាន​កុហក​ថា​លោក​ស្រី​មិន​បាន​ដឹង​ឮ​រឿង​ដែល​លោក​ត្រូវ​បាន​ប៉ូលីស​លួច​ស្តាប់​រាល់​ការ​សន្ទនារ​តាម​ទូរស័ព្ទ។ លោក​បន្ត​ទៀត​ថា លោក​ហូឡង់ និង​ក្រុម​សហការី​របស់​គាត់​បាន​កេង​ចំណេញ​នយោបាយ រើ​កកាយ​និង ប្រើ​ប្រាស់​ឯកសារ​របស់​លោក​ដោយ​ឥត​មាន​ការ​អៀន​ខ្មាស​។ ទាំង​នេះ គឺ​ជា​រៀប​ចំ​មួល​បង្កាច់ ក្នុង​គោល​បំណង​តែ​មួយ​គត់ គឺ​កំចាយ​លោក​ចេញ​ពី​ឆាក​នយោបាយ។ លោក​ក៏​បាន​ថ្លែង​ដែរ​ថា លោក​មិន​បាន​ទទួល​ការ​ស៊ើប​អង្កេត​ដោយ​សុក្រឹត​យុត្តិធម៌​ទេ ព្រោះ​ថា​ចៅក្រម​ស៊ើបអង្កេត​គឺ​ជា​សមាជិក​សហជីព​ចៅក្រម​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​គាត់។

លោក​សាកូហ្ស៊ី ត្រូ​វបាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ពុក​រលួយ។ ការ​ចោទប្រកាន់​លើ​លោក​នីកូឡា សាកូហ្ស៊ី នៅពេលនេះ កើតចេញ​ពី​ការ​ស៊ើបអង្កេត​លើ​សំណុំរឿង​ផ្សេងមួយទៀត គឺ​ការ​សង្ស័យ​ពី​រឿង​លោក​សាកូហ្ស៊ី​ទទួល​លុយ​ពី​កាដាហ្វ៊ី អតីត​មេដឹកនាំ​លីប៊ី ដើម្បី​យក​មក​ប្រើ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត កាល​ពី​ឆ្នាំ​២០០៧។ នៅ​ក្នុង​ការ​ស៊ើបអង្កេត​នេះ ចៅក្រម​ស៊ើបអង្កេត​បាន​សម្រេច​ឲ្យ​ប៉ូលិស​លួច​ស្តាប់​ការ​សន្ទនា​ តាមទូរស័ព្ទ​របស់​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​នេះ​ទាំងអស់ ក្នុងនោះ ក៏​មាន​ទាំង​លោក​សាកូហ្ស៊ី​ផងដែរ។

នៅក្នុង​ការ​លួច​ស្តាប់​ទូរស័ព្ទ​នេះ គេ​ឮ​​​លោក​សាកូហ្ស៊ី​ជជែក​ជាមួយ​​មេធាវី​របស់​លោក​ អំពី​​ការ​ទាក់ទង​ទៅ​រដ្ឋអាជ្ញា​ម្នាក់ នៅ​តុលាការ​កំពូល​បារាំង ដើម្បី​​ចង់​បាន​ព័ត៌មាន​សម្ងាត់​​​ទាក់ទង​​នឹង​សំណុំរឿង ដែល​តុលាការ​កំពុង​ចាត់ការ ទាក់ទង​នឹង​លោក​សាកូហ្ស៊ី។ ជា​ថ្នូរ​មក​វិញ ​លោក​សាកូហ្ស៊ី​សន្យាថា​នឹង​ជួយ​អន្តរាគមន៍ ដើម្បី​ឲ្យ​រដ្ឋអាជ្ញា​នេះ​ទទួល​បាន​តំណែង​ដែល​​គាត់​​ចង់បាន។

ក្នុង​ពេល​នេះ លោក​សាកូហ្ស៊ី អាច​នឹង​ប្រឈម​មុខ​នឹង​ការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​១០​ឆ្នាំ​​ ហើយ​និង​ការ​ផាក​ពិន័យ​មិន​អោយ​ចូល​រួម​ធ្វើ​នយោបាយ​តទៅ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ