អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​គីម ជុងអ៊ុន​បញ្ជា​ឲ្យ​កងទ័ព​ត្រៀម​ខ្លួន​ចូល​សមរភូមិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

យោង​តាមការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA កាលពីថ្ងៃ​ពុធ ទី ២៥ ធ្នូ លោក​គីម ជុងអ៊ុន​ ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង បាន​បញ្ជា ឲ្យ​កងទ័ព​ត្រៀម​លក្ខណៈ​ជានិច្ច​ដើម្បី​ចូល​សមរភូមិ​ប្រយុទ្ធ ព្រោះថា តាម មេដឹកនាំ​កូរ៉េខាងជើង សង្រ្គាម​អាច​កើតឡើង នៅគ្រប់​ពេល​វេលា។ កូរ៉េខាងជើង​តែងតែ​មាន​ប្រពៃណី​ ប្រកាស​គំរាម​ធ្វើ​សង្រ្គាម​ជាមួយ​កូរ៉េខាងត្បូង។ អាមេរិក និង​កូរ៉េខាងត្បូង ដែល​ជា​សត្រូវ​របស់​កូរ៉េខាងជើង តែងតែ​យកចិត្ត​ទុកដាក់ ជានិច្ច តាមដាន​រាល់​ជំហាន សកម្មភាព​របស់​មេដឹកនាំ​កូរ៉េខាងជើង។

លោក​គីម ជុងអ៊ុន​និង​មេទ័ព មន្រ្តី​យោធា​ចូល​គោរព​រំលឹក​វិញ្ញាណក្ខន្ធលោក​គីម ជុងអ៊ីល
លោក​គីម ជុងអ៊ុន​និង​មេទ័ព មន្រ្តី​យោធា​ចូល​គោរព​រំលឹក​វិញ្ញាណក្ខន្ធលោក​គីម ជុងអ៊ីល REUTERS/KRT via Reuters TV
ផ្សាយពាណិជ្ជកម្ម

 

នៅពីរ​សប្តាហ៍​ក្រោយ​ប្រហារជីវិត​ឪពុកមា​របស់​ខ្លួន លោក​គីម ជុងអ៊ុន​បាន​បង្ហាញ​វត្តមាន​ជា​បន្តបន្ទាប់ ដើម្បី​ធានា​បញ្ជាក់​ស្ថិរភាព នៅ​កូរ៉េខាងជើង។ ប្រព័ន្ធផ្សព្វផ្សាយ​របស់​កូរ៉េខាងជើង​បាន​បង្ហាញ​ពី​ដំណើរ​ចុះសួរសុខទុក្ខ​របស់​ លោក​គីម ជុងអ៊ុន ដែល​ កាលពី​ថ្ងៃ​អង្គារ លោក​បាន​ចុះ​ទៅ​សួរ​សុខទុក្ខ​កងពល លេខ​៥២៦ ដែល​ឈរជើង នៅ​ភាគខាងលិច​ប្រទេស។

ក្នុង​កាលៈទេសៈ ដែល​នយោបាយ​ផ្ទៃក្នុង​របស់​កូរ៉េខាងជើង កំពុងរង្គោះរង្គើ ចាប់តាំង​ពី​លោក​គីម ជុងអ៊ុន បាន​សម្រេច​ប្រហារជីវិត​លោក​ចាង សុងថេក ដែល​ជា​ឪពុកមាថ្លៃ កាលពី ​ពីរ​សប្តាហ៍​មុននេះ(ថ្ងៃទី ១២ ធ្នូ ២០១៣) អាមេរិក និង​កូរ៉េខាងត្បូង បាន​សំដែង​ការព្រួយបារម្ភ ពី​លទ្ធភាព​ផ្ទុះសង្រ្គាម នៅ​ឧបទ្វីប​កូរ៉េ។ កាលពីថ្ងៃ​ម្សិលមិញ នៅក្នុង​ដំណើរ​ចុះជួប​កងទ័ព លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក់ គុនហឺ បាន​អំពាវនាវ​កងទ័ព​ត្រៀមខ្លួន កុំ​ឲ្យ​មាន​ការខ្វះចន្លោះ ដើម្បី​ការពារ​សន្តិសុខ​កូរ៉េខាងត្បូង។
សូមអាន៖ អគ្គមគ្គទេសន៍គីម ជុងអ៊ុន​បន្ត​បោសសំអាត​សត្រូវ​ផ្ទៃក្នុង​ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន
ការកាត់ទោស​ប្រហារជីវិត​ភ្លាមៗ​លោក​ចាង សុងថេក គឺ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត ដែល​មិនធ្លាប់​មានទេ ពីមុន​មក នៅកូរ៉េខាងជើង។ នៅក្នុង​រវាង​តែ​មួយ​សប្តាហ៍ លោក​ចាង សុងថេក ដែល​ជា​មេដឹកនាំ​កំពូល​ទីពីរ បន្ទាប់ពីលោក​គីម ជុងអ៊ុន​ត្រូវ​បាន​បក្ស​កុម្មុយនិស្ត​កូរ៉េខាងជើង កាត់ទោស និង​ប្រហារ​ជីវិត​ភ្លាមៗ។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង អ្នកស្និទ្ធ​នឹង​លោក​ចាង សុងថេក ទាំងប៉ុន្មាន ក៏ត្រូវ​គេ​ចាប់ខ្លួន និង​ប្រហារជីវិត​ចោលដែរ។

គេ​វាយតម្លៃ​ថា លោក​គីម ជុងអ៊ុន​កំពុង​បោស​សម្អាតផ្ទៃក្នុង បក្ស​ដើម្បី​ពង្រឹង​អំណាច​របស់ខ្លួន នៅពីរឆ្នាំ​ក្រោយ​បន្ទាប់ពី​ស្នងតំណែង​បន្ត​ពី​ឪពុក។ លោក​បាន​កាត់ទោស​ប្រហារ​ជីវិត​លោក​ចាង សុងថេក ដែល​គេ​ធ្លាប់​មើលឃើញ ជា​មេដឹកនាំ​ស្រមោល របស់​កូរ៉េខាងជើង។ តាម​អ្នកជំនាញ​នយោបាយ​កូរ៉េខាងជើង ការបោសសម្អាត​ផ្ទៃក្នុង​បក្ស​មិន​ឈប់ត្រឹមណេះទេ។ ចង់ ឬ​មិន​ចង់ ការបោសសម្អាត​នឹង​អាច​បង្ក​ឲ្យ​មាន​ការងើប​រើបម្រះ។ ដូច្នេះ អាមេរិក និង​កូរ៉េ​ខាងត្បូង ខ្លាចថា ដើម្បី​អាច​ទប់ទល់​នឹង​ស្ថានការណ៍​វឹកវរ ក្នុង​ស្រុក លោក​គីម ជុងអ៊ុន​អាច​បង្វែរ​វិបត្តិ​ក្នុង​ស្រុក ទៅ​ជា​បង្ក​ជម្លោះ​សង្រ្គាម​ជាមួយ​ប្រទេស​ខាងក្រៅ។ វា​ជា​គ្រោះថ្នាក់​ធំ​សម្បើម នៅក្នុង​តំបន់ នៅពេល​ដែល​កូរ៉េខាងជើង កំពុងផ្គើន លួច​ផលិត​អាវុធ​នុយក្លេអ៊ែរ។

តើកូរ៉េខាងជើង​ពិតជា​កំពុង​ជួប​អស្ថិរភាព​នយោបាយ?
អ្នកជំនាញ​នយោបាយ​កូរ៉េខាងជើង នៅ​តែ​ខ្វែង​គំនិត​គ្នា​នៅ​ឡើយ នៅ​ចំណុច​ដែល​ថា​ កូរ៉េខាងជើង កំពុង​ជួប​អស្ថិរភាព​នយោបាយ ឬ​គ្មាន ។ សម្រាប់ក្រុមទីមួយ ដែល​វាយតម្លៃថា កូរ៉េខាងជើង កំពុង​ជួប​អស្ថិរភាព នយោបាយ គេមាន​អំណះអំណាង​មួយ​ចំនួន​មក​បញ្ជាក់។ ការកាត់ទោស​ប្រហារ​ជីវិត​ស្រស់​របស់​មេដឹកនាំ​ជាន់ខ្ពស់​ទីពីរ​របស់កូរ៉េខាងជើង បាន​ស្តែង​ពី​ជម្លោះ ការបែកបាក់​ផ្ទៃក្នុង​របស់​បក្ស​កុម្មុយនិស្ត​កូរ៉េខាងជើង ដែល​ធ្លាប់​តែ​បង្ហាញមុខមាត់ រឹងមាំ និង​សាមគ្គីភាព។ ប្រទេស​កុម្មុយនិស្ត​ខាងជើង មិន​ដែល​បង្ហាញ​ពី​ចំណុចខ្សោយ​របស់​បក្សទេ គឺមិន​ដែល​បង្ហាញថា នៅក្នុង​បក្ស​មាន​មនុស្ស​ក្បត់នោះទេ។ បើបក្ស​ធ្លាប់​កាត់ទោស និង​បោសសម្អាត​ផ្ទៃក្នុង គឺ​បក្ស​ធ្វើ​ដោយ​ស្អាត់ៗ ប៉ុន្តែ មិន​ដែល​បញ្ចេញ​ឲ្យ​ឃើញ​ជា​សាធារណៈ ដូចលើកនេះទេ។ មន្រ្តីជាន់ខ្ពស់ ដែល​គេចាត់ទុក​ជា​ជនក្បត់ និង​មិន​ដើរតាម​គោល​នយោបាយ​របស់​បក្ស គ្រាន់តែ​បាត់មុខ​ពី​បក្ស​តែប៉ុណ្ណោះ ប៉ុន្តែ មិនមែន​ត្រូវ​គេ​កាត់ទោស​​ប្រហារ​ជីវិត និង​ចាក់បញ្ចាំង តាម​ទូរទស្សន៍ ដូច​គេ​បាន​ធ្វើ​ទៅលើ​លោក​ចាង សុងថេក​ទេ។ មួយវិញទៀត លោក​ចាង សុងថេក មិនមែន​ជា​មន្រ្តី​សាមញ្ញ​របស់​បក្ស​ឯណា។ លោក​ធ្លាប់​ត្រូវ​គេ​ចាត់ទុក​ជា​គ្រូ​ប្រៀនប្រដៅ និង​អ្នកមាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​ប្រមុខដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន។

សម្រាប់ក្រុមអ្នកវិភាគ​ផ្សេងទៀត ​កូរ៉េខាងជើង គ្មាន​ជួប​អស្ថិរភាព​នយោបាយ អ្វីទេ។ លោក​គីម ជុងអ៊ុន​គ្រាន់តែ​ចង់​ពង្រឹង​អំណាច​របស់​លោក។ ការកាត់ទោស និង​ប្រហារ​ជីវិត​ភ្លាមៗ​ទៅលើ​លោក​ចាង សុងថេក អាច​ជា​យុទ្ធសាស្រ្ត​របស់​លោក​គីម ជុងអ៊ុន ដើម្បី​បិទ​ខ្ទប់ភ្លាមៗ រលក​ដែល​ប្រឆាំង​នឹង​លោក។ មន្រ្តីយោធា​សំខាន់ៗ​មួយចំនួន​ក៏​បាន​ឆ្លៀត ការកាត់ទោស​ប្រហារជីវិត​ឪពុកមារបស់​លោក​គីម ជុងអ៊ុន ដើម្បី​សុំ​ចូលខ្លួន មក​ធ្វើ​ជាគ្នីគ្នា​របស់​លោក​គីម ជុងអ៊ុន ដែល​នឹង​ធ្វើ​ឲ្យ​លោក​គីម ជុងអ៊ុន ដែល​មាន​វ័យ​ត្រឹម​ជាង​៣០​ឆ្នាំ រឹត​តែ​ក្លាយ​ជា​មេដឹកនាំ​ក្មេង និង​មាន​អំណាច​កាន់តែខ្លាំង នៅ​កូរ៉េខាងជើង៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ