អានតួអត្ថបទ
ឥណ្ឌា-ប៉ាគីស្ថាន

ឥណ្ឌា​និង​ប៉ាគីស្ថាន​បាញ់គ្នា​សា​ជាថ្មី​ បណ្តាល​អោយ​ទាហាន​ប៉ាគីស្ថាន​ម្នាក់​ស្លាប់​

ឥណ្ឌា​និង​ប៉ាគីស្ថាន​បាន​ទាញ​កាំភ្លើង​​បាញ់គ្នា​សា​ជាថ្មីទៀតហើយ​ កាលពី​យប់​ថ្ងៃ​អង្គារ​ចូល​ព្រឹក​ថ្ងៃ​ពុធ​នេះ នៅ​តំបន់​ជម្លោះ​កាស្មៀរ ធ្វើអោយ​ទាហាន​ប៉ាគីស្ថាន​ម្នាក់​ស្លាប់។ នេះបើ​យោងតាម​​​​​​ការរាយការណ៍​របស់​អាជ្ញាធរ​​យោធា​​ប៉ាគីស្ថាន​ នៅ​ថ្ងៃ​ពុធ​នេះ។

ទាហាន​ឥណ្ឌា​កំពុង​​ល្បាត​នៅ​​ជិត​ខ្សែ​បន្ទាត់​ត្រួតពិនិត្យ​ព្រំដែន​ ក្នុង​តំបន់​កាស្មៀរ កាលពី​ថ្ងៃ​​៨​សីហា។
ទាហាន​ឥណ្ឌា​កំពុង​​ល្បាត​នៅ​​ជិត​ខ្សែ​បន្ទាត់​ត្រួតពិនិត្យ​ព្រំដែន​ ក្នុង​តំបន់​កាស្មៀរ កាលពី​ថ្ងៃ​​៨​សីហា។ REUTERS/Mukesh Gupta
ផ្សាយពាណិជ្ជកម្ម

ទាហាន​ឥណ្ឌា​​​ និង​ទាហាន​ប៉ាគីស្ថាន​​​​​​​​​​បាន​ប្រយុទ្ធ​គ្នា​អស់​រយៈ​ពេល​ពីរសប្តាហ៍​មកហើយ នៅ​​តំបន់​Shakma តាម​ខ្សែ​បន្ទាត់​ត្រួតពិនិត្យ​ព្រំដែន​​រវាង​ប្រទេស​ទាំងពីរ ​ស្ថិត​ក្នុង​តំបន់​ជម្លោះ​កាស្មៀរ។ យោងតាម​ទាហាន​ប៉ាគីស្ថាន​ ការប្រយុទ្ធ​គ្នារវាង​ទាហាន​ប្រទេស​ទាំងពីរ ​កាលពី​យប់​ថ្ងៃ​អង្គារ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ពុធ​ បាន​ធ្វើ​​អោយទាហាន​ប៉ាគីស្ថាន​ម្នាក់​បាត់បង់ជីវិត និង​​ម្នាក់ទៀត​រងរបួស​ធ្ងន់។ ខាង​​ទាហាន​ប៉ាគីស្ថានបាន​​ប្រាប់ថា ទាហាន​ឥណ្ឌា​ជាអ្នក​ចាប់ផ្តើម​បាញ់​ពន្យុះ​មុន ទើប​ទាហាន​ប៉ាគីស្ថាន​បាញ់​តបទៅវិញតាម​ក្រោយ។

ផ្ទុយទៅវិញ មេដឹកនាំយោធា​​ឥណ្ឌា​ម្នាក់ ដែល​ទទួល​បន្ទុក​​​ប៉ែក​កាស្មៀរ​ឥណ្ឌា​ បាន​ប្រាប់​ថា មិន​បាន​ទទួល​ព័ត៌មាន​អ្វី​ទាក់ទង​នឹង​ការ​បាញ់ប្រហារ​គ្នា​នេះ​សោះឡើយ។ គួរបញ្ជាក់​ថា ទាហាន​ឥណ្ឌា​និង​ទាហាន​ប៉ាគីស្ថាន​តែង​ចោទ​គ្នា​ទៅវិញទៅមក​ថា ខ្លួន​បាញ់​តបត​ទៅភាគី​ម្ខាងទៀត ក៏​ព្រោះតែ​ភាគី​ម្ខាងទៀត​នោះជា​អ្នក​ផ្តើម​បាញ់​មុន។ ​

នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​ Nawaz Sharif ធ្លាប់​បាន​អំពាវនាវ​អោយ​មាន​ការអត់ធ្មត់​ និង​សុំ​អោយ​​​មាន​ការ​ចរចា​គ្នា រវាង​ប្រទេស​ទាំងពីរ។ ប៉ុន្តែ​ ការ​ប្រយុទ្ធគ្នា​នៅតែ​បន្ត​មាន​ នៅ​តំបន់​​កាស្មៀរ។ រដ្ឋាភិបាល​ឥណ្ឌា​បាន​ប្រាប់​ទៅវិញ​ថា ការចរចា​គ្នា​អាច​ធ្វើឡើង​បាន​លុះត្រា​តែ​​ស្ថានការណ៍​មានលក្ខណៈ​អនុគ្រោះ​ជាមុន​សិន ពោលគឺ​​មិន​ត្រូវ​មាន​​អំពើ​ភេរវកម្ម​ ឬ​​ហិង្សា​​នោះទេ។

ចាប់តាំង​ពី​​​ទទួល​បាន​ឯករាជ្យ​ផុត​​ពី​អាណានិគម​អង់គ្លេស​ នៅឆ្នាំ​​១៩៤៧មក ឥណ្ឌា​និង​ប៉ាគីស្ថាន​បាន​ធ្វើ​សង្គ្រាម​នឹង​គ្នា​បីដង​មកហើយ ក្នុង​នោះ សង្គ្រាម​ចំនួន​ពីរ​បាន​ធ្វើឡើង​ដោយសារ​តែ​ជម្លោះ​តំបន់កាស្មៀរ។ តំបន់​កាស្មៀរ​បានបែង​ចែកជាពីរ​សំរាប់​ប្រទេស​នីមួយៗ។ ប៉ុន្តែ​ទាំង​ឥណ្ឌា ទាំង​ប៉ាគីស្ថាន​ សុទ្ធតែ​ចង់​​បាន​​​តំបន់​កាស្មៀរ​ទាំងមូល ​​​ជាកម្មសិទ្ធិ​ជាតិរៀងៗ​​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ