អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​នឹង​មាន​កិច្ចព្រមព្រៀង​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ក្នុង​កិច្ចចរចា​ជា​ថ្មី​ដែរ ឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ពុធទី២០ វិច្ឆិកា​នេះ សំណុំរឿង​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់​បាន​វិល​ត្រឡប់​ទៅ​កាន់​តុចរចា​ជាថ្មី​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។ កិច្ចចរចា ៦ភាគី​ជា​ថ្មី​ថ្ងៃ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​កិច្ចចរចា​ចុង​ក្រោយ​មិន​បាន​សម្រេច​កាល​ពី​ថ្ងៃទី៩ វិច្ឆិកា​កន្លង​ទៅ។ យ៉ាង​ណា​ក៏​ដោយ កិច្ចចរចា​ថ្ងៃ​នេះ​ត្រូវ​បាន​គ្រប់​គ្នា​សង្ឃឹម​ថា នឹង​អាច​ទទួល​បាន​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត​មួយ​ស្តីពី​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដ៏​ចម្រូងចម្រាស។

ក្រុម​រដ្ឋមន្រ្តី​ការបរទេស​នៃកិច្ចចរចា ៦ភាគី​ស្តីពី​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និងភាគីអ៊ីរ៉ង់ ក្នុង​ទីក្រុងហ្សឺណែវ ប្រទេស​ស្វីស
ក្រុម​រដ្ឋមន្រ្តី​ការបរទេស​នៃកិច្ចចរចា ៦ភាគី​ស្តីពី​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និងភាគីអ៊ីរ៉ង់ ក្នុង​ទីក្រុងហ្សឺណែវ ប្រទេស​ស្វីស REUTERS/Jean-Christophe
ផ្សាយពាណិជ្ជកម្ម

អ្វីៗ​បាន​ស្តែង​ឡើង​តាម​រយៈ​កិច្ចចរចា​កាល​ពី​ថ្ងៃទី៩ វិច្ឆិកា​កន្លង​ទៅ។ កាល​ណោះ គេ​សង្កេត​ឃើញ​មាន​សញ្ញា​វិជ្ជមាន​ជា​ច្រើន​ដែល​គួរ​ឲ្យ​កត់សម្គាល់ និង​ដែល​ហៀប​នឹង​នំា​ឲ្យ​មាន​ការ​អនុម័ត​នូវ​កិច្ចព្រមព្រៀង​លើកទី១ ស្តីពី​សំណុំរឿង​នុយក្លេអ៊ែរ​ដ៏​ចម្រូងចម្រាស។

ចាប់​តំាង​ពី​ថ្ងៃ​ចរចា​កាល​ពី ១០ថ្ងៃ​មុន​មិន​បាន​ជោគជ័យ​មក ភាគី​ពាក់ព័ន្ធ​នីមួយៗ​បាន​ផ្តើម​បេសកកម្ម​ការទូត​ទៅ​កាន់​ប្រទេស​ផ្សេងៗ ឬ​មួយ​ក៏​ហៅ​ទូរស័ព្ទ​ទៅ​កាន់​ថ្នាក់​ដឹកនំា​មួយ​ចំនួន​ដើម្បី​និយាយ​បញ្ចុះបញ្ចូល​បន្ថែម ក៏​ដូច​ជា​បង្ហាញ​នូវ​ជំហរ​របស់​ខ្លួន​ទាក់ទង​នឹង​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ។ កន្លង​មក គេ​ឃើញ​មាន​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​បារំាង François Hollande ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល និង​ទស្សនកិច្ច​របស់​លោក​ប្រមុខ​ការទូត​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​ជា​ដើម។ នៅ​យប់​មិញ ពោល​ប៉ុន្មាន​ម៉ោង​មុន​ការ​ផ្តើម​កិច្ចចរចា​ជាថ្មី​ក្នុង​ថ្ងៃ​នេះ លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស David Cameron បាន​ទូរស័ព្ទ​និយាយ​ជាមួយ​លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ហាស់សាន រ៉ូហានី។

នេះ​ពិត​ជា​កាយវិការ​មួយ​ដែល​គេ​មិន​ធ្លាប់​ឃើញ​មាន​ទេ ក្នុង​រយៈពេល ១០ឆ្នំា​កន្លង​ទៅ​រវាង​អង់គ្លេស និង​អ៊ីរ៉ង់។ ក្រៅ​ពី​និយាយ​ពី​ទំនាក់ទំនង​ដែល​កំពុង​បោះជំហាន​ទៅ​មុខ​រវាង​ទីក្រុង​ឡុងដ៏ និង​តេហេរ៉ង់​នា​រយៈពេល​ចុង​ក្រោយ ថ្នាក់ដឹកនំា​អង់គ្លេស និង​អ៊ីរ៉ង់​ក៏​បាន​កត់សម្គាល់​ឃើញ​ពី​ការ​ចម្រើន​ទៅ​មុខ​នៅ​ក្នុង​កិច្ចចរចា​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កាល​ពី ១០ថ្ងៃ​មុន​ដែរ។ ទន្ទឹម​គ្នា​នេះ លោក​ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស​ក៏​បាន​គូស​បញ្ជាក់​ពី​ភាព​ចំាបាច់​របស់​អ៊ីរ៉ង់​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ក្តីបារម្ភ​របស់​សហគមន៍​អន្តរជាតិ​ទាក់ទង​នឹង​រឿង​នុយក្លេអ៊ែរ​របស់​ខ្លួន។

ក្នុង​ថ្ងៃ​នេះ​ទៀត ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់ ក៏​បាន​ជម្រុញ​ឲ្យ​អ៊ីរ៉ង់​ឆ្មក់​យក​ឱកាស​ដ៏​ល្អ​នៃ​កិច្ចចរចា​នេះ​ដើម្បី​បង្កើន​ទំនាក់ទំនង​ជាមួយ​សហគមន៍​អន្តរជាតិ។ អ្នក​ដែល​មាន​សុទិដ្ឋិនិយម​ខ្លំាង​ជាង​គេ​ថា​នឹង​មាន​កិច្ចព្រមព្រៀង​នោះ គឺ​ភាគី​អ៊ីរ៉ង់​តែ​ម្តង។

អ៊ីស្រាអែល​បន្ត​បេសកកម្ម​ការទូត​ប្រឆំាង​អ៊ីរ៉ង់​រហូត​ដល់​នាទី​ចុង​ក្រោយ

តំាង​ពី​ក្រោយ​បរាជ័យ​នៅ​ក្នុង​កិច្ចចរចា​កាល​ពី ១០ថ្ងៃ​មុន​មក លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល Benjamin Netanyahu បាន​ដើរ​បញ្ចុះបញ្ចូល​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​កិច្ចចរចា​នោះ​កុំ​ឲ្យ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់​ឲ្យ​សោះ។ កន្លង​មក លោក Netanyahu បាន​ទៅ​សហរដ្ឋអាមេរិក​ដើម្បី​និយាយ​ប្រាប់​លោក​ប្រធានាធិបតី​អូបាម៉ា​កុំ​ឲ្យ​ចាញ់បោក​ជំហរ​របស់​អ៊ីរ៉ង់ និង​ក្តី​បារម្ភ​របស់​ប្រជាជន​អ៊ីស្រាអែល ក្នុង​ករណី​ណា​ដែល​អាមរិក​យល់ព្រម​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ណា​មួយ​ជាមួយ​អ៊ីរ៉ង់។ បន្ទាប់​មក នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​បារំាង François Hollande ក្នុង​ទឹកដី​អ៊ីស្រាអែល លោក​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​ក៏​បាន​និយាយ​ប្រាប់​លោក Hollande អំពី​ក្តី​បារម្ភ​របស់​អ៊ីស្រាអែល​ដូច​គ្នា​នេះ​ដែរ។ នៅ​ថ្ងៃ​នេះ​ទៀត និង​ចំ​ថ្ងៃ​បើក​កិច្ចចរចា​ជាថ្មី​ក្នុង​ទីក្រុង​ហ្សឺណែវ លោក Netanyahu បាន​ធ្វើ​ដំណើរ​ជា​បន្ទាន់​ទៅ​កាន់​ប្រទេស​រុស្ស៊ី​ដើម្បី​ជួប​និយាយ​ជា​មួយ​លោក​ប្រធានាធិបតី​ពូទីន។

វា​ពិត​ជា​រឿង​ធម្មតា​ទេ​ដែល​អ៊ីស្រាអែល​កំពុង​ព្រួយ​បារម្ភ​ខ្លំាង​ពី​ការ​ដែល​សហគមន៍​អន្តរជាតិ និង​អ៊ីរ៉ង់​កំពុង​រំកិល​រក​គ្នា​នោះ ហើយ​អ៊ីស្រាអែល​កាន់​តែ​បារម្ភ​ថែម​ទៀត នៅ​ពេល​ដែល​ឃើញ​អាមេរិក និង​អ៊ីរ៉ង់​កំពុង​ល្អូតល្អឺន​ដាក់​គ្នា​ខ្លាំង​នោះ។ ចូរ​កុំ​ភ្លេច​ថា អាមេរិក និង​អ៊ីស្រាអែល ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លេច​រវាង​គ្នា តែ​អ៊ីស្រាអែល និង​អ៊ីរ៉ង់​ជា​ជា​សត្រូវ​ស៊ីសាច់​ហុតឈាម និង​ស៊ូពូជ​គ្មាន​ថ្ងៃ​នឹង​ជានា​នឹង​គ្នា​បាន​ឡើយ។

បើ​តាម​មើល​ទៅ បេសកកម្ម​ការទូត​របស់​លោក​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល Netanyahu ហាក់​ដូច​ជា​ពិបាក​នឹង​ផ្លាស់ប្តូរ​ឥរិយាបទ​សម្របសម្រួល​របស់​របស់​សហគមន៍​អន្តរជាតិ​បន្តិច ព្រោះ​ថា ពួក​គេ​ក៏​បាន​រង់ចំា​ជា​យូរ​មក​ហើយ​នូវ​ឱកាស​ដ៏​ល្អ​សម្រាប់​ដោះស្រាយ​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដ៏​ស្មុគស្មាញ និង​អូសបន្លាយ​មក​ដល់​បច្ចុប្បន្ន។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​ទេ​ថា ដើម្បី​អាច​ឲ្យ​មាន​កិច្ចព្រមព្រៀង​មួយ​បាន លុះ​ត្រា​ណា​តែ​សហគមន៍​អន្តរជាតិ​យល់ព្រម​ឲ្យ​អ៊ីរ៉ង់​មាន​នុយក្លេអ៊ែរ​ស៊ីវិល ដូច​ដែល​អ៊ីរ៉ង់​បាន​ទាមទារ​ជា​យូរ​មក​ហើយ។ រីឯ​អ៊ីរ៉ង់​វិញ ត្រូវ​តែ​ហ៊ាន​បង្ហាញ​ការ​ពិត​ថា កម្មវត្ថុ​នៃ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​មិន​មែន​ក្នុង​គោលដៅ​ផលិតគ្រាប់​បែក​បរមាណូ​ដូច​ដែល​សហគមន៍​អន្តរជាតិ​កំពុង​សង្ស័យ​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ