អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​អូបាម៉ា​ប្រកាស​ធ្វើ​កំណែទម្រង់​ទីភ្នាក់ងារ​ចារកិច្ច ​NSA ​ដែល​កំពុង​ជាប់​រឿង​អាស្រូវ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ លោក​អូបាម៉ា​បាន​ប្រកាស​ឲ្យដឹង​អំពី​គម្រោង​ធ្វើ​កំណែទម្រង់​មួយ ដែល​គេ​ទន្ទឹង​រង់ចាំ​មើល​ជា​យូរ​មក​ហើយ គឺ​កំណែទម្រង់​​ទីភ្នាក់ងារ​ចារកិច្ច NSA ដែល​កំពុង​ប្រឈមមុខ​នឹង​រឿង​អាស្រូវ​ជុំវិញ​ការ​លួច​ស្តាប់​ទូរស័ព្ទ​​​ និង​ការ​ប្រមូល​ទិន្នន័យ​ឯកជន​ពី​អ្នក​ប្រើប្រាស់​អ៊ីនធ័រនែត។ រឿង​អាស្រូវ​ដែល​បាន​ផ្ទុះឡើង ចាប់តាំង​ពី​មាន​លេចធ្លាយ​ព័ត៌មាន​សម្ងាត់ ពី​ Edward Snowden អតីត​បុគ្គលិក NSA។

លោក​អូបាម៉ា នៅ​ពេល​ថ្លែង​សុន្ទរកថា ស្តីពី​ការ​ធ្វើ​កំណែទម្រង់ NSA កាលពីថ្ងៃ​សុក្រ ១៧មករា ២០១៤
លោក​អូបាម៉ា នៅ​ពេល​ថ្លែង​សុន្ទរកថា ស្តីពី​ការ​ធ្វើ​កំណែទម្រង់ NSA កាលពីថ្ងៃ​សុក្រ ១៧មករា ២០១៤ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

 

សំណួរ-តាំង​ពីដើម​មក កាលណា​គេ​និយាយ​ពី​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក គែ​ធ្លាប់​តែ​ឮ​ CIA ហើយ​កម្រ​នឹង​ឮ​អំពី NSA។ តើ​​រវាង​ NSA និង CIA មាន​ចំណុច​ខុសគ្នា​ត្រង់ណា​ខ្លះ?
 
នៅ​សហរដ្ឋ​អាមេរិក មាន​ទីភ្នាក់ងារ​ចារកិច្ច​សរុបទាំងអស់ រហូត​ដល់​ទៅ ១៦។ CIA ​មាន​លក្ខណៈពិសេស​ជាងគេ​ នៅ​ត្រង់ថា វាជា​ទីភ្នាក់ងារ​ចារកិច្ច​ឯករាជ្យ ខុស​ពី​​ទីភ្នាក់ងារ​ចារកិច្ច ១៥​ផ្សេងទៀត ដែល​សុទ្ធតែ​​ចំណុះ​ឲ្យ​ក្រសួង​ណាមួយ។ NSA គឺ​ជា​ទីភ្នាក់ងារ​ចារកិច្ច​ចំណុះ​ឲ្យ​ក្រសួង​ការពារជាតិ។

CIA (Central Intelligence Agency) និង NSA (National Security Agency) សុទ្ធតែ​មាន​សកម្មភាព​ឈ្លបយកការណ៍​សម្ងាត់​ ​​ទាក់ទង​នឹង​ផ្នែក​សន្តិសុខ និង​យោធា។ អ្វី​ដែល​ខុសគ្នា គឺ​នៅត្រង់​ថា CIA មាន​ជំនាញ​ខាង​​យកការណ៍​ដោយ​ប្រើ​ធនធាន​មនុស្ស (Human Intelligence) គឺ​ការ​ដាក់ពង្រាយ​គិញ​សម្ងាត់​ឲ្យ​ទៅ​ឈ្លប​យកការណ៍សម្ងាត់ នៅបរទេស ហើយ​ពេល​ខ្លះ​អាច​បើក​ធ្វើ​ប្រតិបត្តិការ​សម្ងាត់​ ដូចជា ចាប់ខ្លួន ឬ​សម្លាប់​មេដឹកនាំ​ភេរវជន ឬ​លួច​ជួយ​ក្រុមឧទ្ទាម ឬ​ក្រុមប្រឆាំង ដើម្បី​ទម្លាក់​រដ្ឋាភិបាល​បរទេស ជាដើម។

ចំណែក​ឯ NSA មាន​ជំនាញ​ខាង​យកការណ៍​ផ្នែក​​អេឡិចត្រូនិច (Signal Intelligence) ដូចជា​ការ​លួច​ស្តាប់​ការ​សន្ទនា​តាមទូរស័ព្ទ ​និង​ការ​លួច​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​អ៊ីនធ័រនែត ជាដើម។

ចំណុច​ខុសគ្នា​មួយ​ទៀត គឺ CIA អាច​ធ្វើ​ប្រតិបត្តិការ​ឈ្លបយកការណ៍​តែ​នៅ​បរទេស​ប៉ុណ្ណោះ ចំណែក​ឯ NSA វិញ អាច​ធ្វើ​សកម្មភាព​លួច​ស្តាប់​ទូរស័ព្ទ ឬ​ប្រមូល​ទិន្នន័យ​អ៊ីនធ័រនែត​ ទាំង​នៅ​ក្រៅ​ប្រទេស និង​ទាំង​ក្នុង​សហរដ្ឋអាមេរិក។

ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​ ក្រោយ​ពី​មាន​លេចធ្លាយ​ព័ត៌មាន​សម្ងាត់ ដោយ​ Edward Snowden មិនមែន​តែ​រដ្ឋាភិបាល​បរទេស​ទេ ដែល​តវ៉ា​ប្រឆាំង​នឹង​សកម្មភាពរបស់ NSA។ បណ្តា​អង្គការ​ការពារ​សិទ្ធិសេរីភាព​ពលរដ្ឋ​អាមេរិក និង​សមាជិក​សភា​អាមេរិក​ខ្លះ​ក៏​បាន​នាំគ្នា​ចេញ​មុខ​រិះគន់​ NSA ព្រោះ​គេ​យល់ថា ការ​លួច​ស្តាប់​សំឡេង និង​ប្រមូល​ព័ត៌មាន​ដោយ​មិន​រើសមុខ​បែបនេះ គឺ​ជា​ការ​រំលោភបំពាន​ទៅលើ​សិទ្ធិសេរីភាព​ឯកជន​របស់​ពលរដ្ឋ​អាមេរិក។​
 
សំណួរ-បើ​តាម​ការ​ប្រកាស​របស់​លោក​អូបាម៉ា កាល​ពីថ្ងៃ​សុក្រ​ម្សិលមិញ​នេះ តើ​អ្វី​ខ្លះ​ជា​កំណែទម្រង់ ដែលនឹង​ត្រូវ​​ទៅលើ​ NSA?
 
កំណែទម្រង់​ធំបំផុត ដែល​លោក​អូបាម៉ា ប្រកាស​ម្សិលមិញ​នេះ គឺ​​ទាក់ទង​នឹង​ការ​ដាក់​កម្រិត​ទៅលើ​សកម្មភាព​របស់ NSA ក្នុង​ការ​ប្រមូល និង​ប្រើប្រាស់​ទិន្នន័យ​ទូរស័ព្ទ។

រាល់​ការ​លួច​ស្តាប់​ទូរស័ព្ទ​មេដឹកនាំ​ប្រទេស​ជា​មិត្ត​របស់​អាមេរិក​​ត្រូវ​តែ​បញ្ឈប់​ លែង​ឲ្យ​មាន។ ការ​លួច​ស្តាប់ ឬ​ប្រមូល​ទិន្នន័យ​ទូរស័ព្ទ​របស់​ប្រជាជន​ធម្មតា​អាច​បន្ត​ធ្វើ​បាន ក៏ប៉ុន្តែ ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​យ៉ាង​ដិតដល់​ពី​សំណាក់​សភា និង​តុលាការ។ ដើម្បី​​ចូល​មើល​ទិន្នន័យ​​ទូរស័ព្ទ​របស់​អ្នកណាមួយ NSA ចាំបាច់​ត្រូវ​ទៅ​សុំ​ដីកា​ពី​តុលាការ​ជាមុន​សិន លើកលែង​តែ​ក្នុងករណី​ចាំបាច់ និង​បន្ទាន់។

ទាក់ទង​នឹង​ពលរដ្ឋ​បរទេស​វិញ ទិន្នន័យ​ដែល NSA ប្រមូល​បាន​ គេ​អាច​យក​មក​ប្រើប្រាស់​តែ​ក្នុង​វិស័យ​សន្តិសុខតែ​មួយ​មុខ​ប៉ុណ្ណោះ ដូចជា ការ​ប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម និង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត​ ជាដើម។ ម្យ៉ាងទៀត ទិន្នន័យ​នេះ​​ក៏​មិន​អាច​ត្រូវ​ស្តុកទុក​ជា​អចិន្រៃយ៍​បាន​ដែរ មានន័យថា នៅ​ក្នុង​រយៈពេល​កំណត់​ណាមួយ គេ​ត្រូវ​តែ​លុប​ទិន្នន័យ​នេះ​ចោល។

ចំពោះ​ការរក្សា​ទុក​ទិន្នន័យ​ជាទូទៅ (តើ​ត្រូវ​រក្សា​ទុក​រយៈពេល​ប៉ុន្មាន? តើ​ត្រូវ​ទុក​រក្សា​ទុក​នៅ​កន្លែងណា? ដោយ​ស្ថាប័ន​ណា?) លោក​អូបាម៉ា​មិន​​ទាន់​បាន​សម្រេច​ថា​នឹង​ត្រូវ​ធ្វើ​យ៉ាងណា​នៅឡើយទេ ដោយ​ចាត់​ឲ្យ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ធ្វើ​ការ​សិក្សា​លម្អិត និង​ធ្វើ​ជា​អានុសាសន៍​​ត្រឡប់​មកវិញ នៅ​ក្នុងរយៈពេល ២ខែ​ទៀត។
 
សំណួរ-បើ​ស្តាប់​មើលទៅ កំណែទម្រង់​ទាំងអស់​នេះ​ទាក់ទង​តែ​នឹង​ការ​ប្រមូល​ទិន្នន័យ​តាម​ទូរស័ព្ទ។ ចុះ​ការ​ប្រមូល​ទិន្នន័យ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែតវិញ?
 
បើ​យោងតាម​ព័ត៌មាន​សម្ងាត់​បញ្ចេញ​ឲ្យដឹង​ដោយ Edward Snowden ការឆ្លើយឆ្លង​តាម​អ៊ីមែល និង​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើប្រាស់​អ៊ីនធ័រនែត​នៅ​ទូទាំង​ពិភពលោក ក៏​ត្រូវ​​ទីភ្នាក់ងារ​ NSA លួច​យក​យ៉ាង​សន្ធឹកសន្ធាប់​ដែរ។
 
ក៏ប៉ុន្តែ ការធ្វើ​កំណែទម្រង់ ដែល​លោក​អូបាម៉ា​ប្រកាស​ឲ្យដឹង ​កាល​ពី​ថ្ងៃ​សុក្រ​​ម្សិលមិញ​នេះ ទាក់ទង​តែចំពោះ​សកម្មភាព​​ប្រមូល​ និង​ប្រើប្រាស់​ទិន្នន័យ​តាម​ទូរស័ព្ទ​តែ​មួយ​មុខគត់ ដោយ​​មិនមាន​ការ​ផ្លាស់ប្តូរ​ចំពោះ​​សកម្មភាព​​​ប្រមូល​ទិន្នន័យ​ផ្សេងទៀត​ទេ។ និយាយ​ឲ្យ​ចំទៅ វា​គ្រាន់តែ​ជា​កំណែទម្រង់​មួយ​ផ្នែក​តូចប៉ុណ្ណោះ មិនមែន​ជា​កំណែទម្រង់​ទ្រង់ទ្រាយ​ធំ ដែល​អ្នក​ខ្លះរំពឹង​ទុក​នោះទេ។

លោក​អូបាម៉ា​​មិនបាន​ស្តីបន្ទោស​ NSA ចំពោះ​សកម្មភាព​កន្លងមក​ផងទេ ប៉ុន្តែ ​មានតែ​ស្តីបន្ទោស Edward Snowden ដែល​ជា​អ្នក​ទម្លាយ​ឯកសារ​សម្ងាត់​ទៅវិញ ដោយ​ថា វា​ជា​ការ​ហែក​ទ្រូង​ខ្លួនឯង ឲ្យ​សត្រូវ​ដឹង​ពី​សកម្មភាព​ចារកិច្ច​របស់​ប្រទេស​ខ្លួនឯង។

បើ​ពិនិត្យ​ជារួម យើងឃើញ​ថា លោក​អូបាម៉ា ក្នុងឋានៈ​ជា​ប្រធានាធិបតី បាន​ប្រកាន់​ជំហរ​មិនខុស​ពី​មេដឹកនាំ​អាមេរិក​មុនៗ​ប៉ុន្មាន​ទេ គឺ​ប្រកាន់​គោលការណ៍​​ថា សកម្មភាព​ចារកិច្ច គឺ​ជា​តម្រូវការ​ចាំបាច់ ក្នុងការ​រក្សា​សន្តិសុខ​​ជាតិ​របស់​អាមេរិក ដោយ​គ្រាន់តែ​លោក​ព្យាយាម​ធ្វើយ៉ាងណា​ឲ្យ​មាន​តុល្យភាព រវាង​សន្តិសុខ និង​សិទ្ធិសេរីភាព​ឯកជន។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ