អានតួអត្ថបទ
រុស្ស៊ី-អ៊ូសបេគីស្ថាន

អ៊ូសបេគីស្ថាន​ភ្ជាប់​ខ្លួន​មក​នឹង​”តំបន់​ពាណិជ្ជកម្ម​សេរី​” របស់​សហគមន៍​រដ្ឋ​ឯករាជ្យ​

ការ​​នេះ ​​មាន​​ចែង​​ក្នុង​​កិច្ច​​ព្រមព្រៀង​​ចុះ​​ល្ងាច​​មិញ​នៅ​ទីក្រុង​ ​Tachkent​ ដោយ​ លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​​និង​សមភាគី​ ​អ៊ូសបេគីស្ថាន​លោក​ប្រធានាធិបតី​ ការីម៉ូវ។​ អ៊ូសបេគីស្ថាន​​ដែល​ស្ថិត​នៅ​តំបន់​អាស៊ី​កណ្តាល​ជា​ដំណាក់​ទី​១​នៃ​ទស្សនកិច្ច​លោក​ពូទីន​ ក្នុង​អាណត្តិ​ថ្មី​បស់​គាត់​តាមទិស​ទៅ​ខាង​កើត​ដោយ​រួម​ទាំង​ប្រទេស​ចិន​និង​កាហ្សាកស្ថាន។​ 

លោក​ប្រធានាធិបតី​រុស្ស៊ី ​ពូទីន​ និង​សមភាគី​អ៊ូសបេគីស្ថាន​ លោក​ប្រធានាធិបតី​ ការីម៉ូវ​
លោក​ប្រធានាធិបតី​រុស្ស៊ី ​ពូទីន​ និង​សមភាគី​អ៊ូសបេគីស្ថាន​ លោក​ប្រធានាធិបតី​ ការីម៉ូវ​ RFI/Keo Chhaya
ផ្សាយពាណិជ្ជកម្ម

ម្សិលមិញ​ គ្រាន់តែចូលរួម ក្នុងជំនួបកំពូលរុស្ស៊ី-សហភាពអឺរ៉ុប នៅក្រុង Saint-Petersbourg ចប់រួចរាល់ភ្លាម លោកប្រមុខរដ្ឋរុស្ស៊ីពូទីន បានផ្តើមទស្សនកិច្ចនៅអ៊ូសបេគីស្ថាន ទៅហើយ។ ទោះបីទស្សនកិច្ចនេះ មានរយៈពេលតែប៉ុន្មានម៉ោងក្តីក៏​ថ្នាក់ដឹកនាំប្រទេសនេះនៃតំបន់​អាស៊ី​កណ្តាល​ បានផ្តល់ឋានៈដលទស្សនកិច្ចលោកពូទីន ថាជា”ទស្សនកិច្ចផ្លូវការ”។

តាមប្រសាសន៍លោកពូទីន អ៊ូសបេគីស្ថានជា”ដៃគូប្រកបដោយអាទិភាពកំរិតខ្ពស់” របស់​រុស្ស៊ី។ ជាលទ្ធផល​នៃកិច្ចចរចា លោកប្រធានាធិបតីរុស្ស៊ី ពូទីន និង​លោក​ប្រធានាធិបតី​អ៊ូសបេគីស្ថាន​ ​ការីម៉ូវបានចុះហត្ថលេខាលើអនុស្សរណៈដែលប្រមើលនូវការភ្ជាប់ខ្លួនរបស់ អ៊ូសបេគីស្ថានមកនឹងសន្ធិសញ្ញាស្តីអំពី លំហពាណិជ្ជកម្មសេរី របស់សហគមន៍រដ្ឋឯករាជ្យ ហៅកាត់ថា CEI។

គួរនិយាយថា ពីក្នុងចំណោម ១១ រដ្ឋក្នុងCEI មាន ៨ ប្រទេសទៅហើយចូលក្នុង“តំបន់​ពាណិជ្ជកម្ម​​សេរី”នេះ ពោលគឺ Russie Armenie Belarus Kazakhstan , Kirghizistan​ Moldavie​ Tadjikistan និង Ukraine។ ការភ្ជាប់ខ្លួនរបស់អ៊ូសបេគីស្ថាន មកក្នុងលំហនេះ មាន ន័យថា ទំនិញប្រទេសនេះ ដែលនាំចូលទីផ្សាររុស្ស៊ី នឹងពុំត្រូវហូតពន្ធឡើយ រួចវានឹងធូរថ្លៃ សម្រាប់អ្នកទិញនៅរុស្ស៊ី។

ប្រមុខរដ្ឋរុស្ស៊ី និង អ៊ូសបេគីស្ថាន ក៏បានចេញ “សេចក្តីថ្លែងការណ៍រួម ឆ្ពោះទៅស៊ីជម្រៅ សហប្រតិបត្តិការជាយុទ្ធសាស្ត្រ” រវាងប្រទេសទាំងពីរ។ គូភាគី សំដែងដូចគ្នា នូវក្តី​កង្វល់​ចំពោះ ​ស្ថានការណ៍ក្នុងប្រទេសអាហ្វហ្កានីស្ថានជិតខាង ក្រោយពីកងកម្លាំងអន្តរជាតិ នាំ​មុខ​ដោយ​ ស.រ.អា. បញ្ចប់បេសកកម្មខ្លួននៅទីនោះ ក្នុង២ឆ្នាំទៀត។ ខណៈនោះ អាចសកម្មឡើង​វិញ​ គឺពួកភេរវនិយម​ និង ពួកអ៊ីស្លាមជ្រុលនិយម។ ទាំងចរាចរណ៍ខុសច្បាប់នៃគ្រឿងញៀន ហូរចេញ ពី អាហ្វហ្កានីស្ថាន នឹងរឹតតែពិបាកជំនះ បានដូចចិត្ត។ ចំហាយនៃ អកុសលនេះ មុខជានឹងរង ទទួលមុនគេ គឺដោយ តំបន់អាស៊ីកណ្តាលតែម្តង។

ម៉្លោះហើយ បានជា​សេចក្តីថ្លែងការណ៍​រួម​ សង្កត់ធ្ងន់ទៅលើ បញ្ហាធានាសន្តិសុខសម្រាប់​តំបន់។​

ជាការកត់សម្គាល់ អ៊ូសបេគីស្ថានផ្ទាល់ ជាប្រទេសកាន់សាសនាអ៊ីស្លាម និកាយ Sunnit ដែល​មាន​វិន័យ តឹងជាងនិកាយ Chiit។ នៅរុស្ស៊ី មានជាតិអ៊ូសបេក រស់នៅប្រមាណ ៣សែននាក់ ពី​ក្នុងនោះពាក់កណ្តាល គឺក្នុងរដ្ឋធានីម៉ូស្គូផ្ទាល់។

ហើយជាតិរុស្ស៊ីវិញដែលរស់នៅ អ៊ូសបេគីស្ថាន គឺមានចំនួន ប្រមាណ៦សែននាក់ ពីក្នុងនោះ ៤សែន៣ម៉ឺននាក់ រស់នៅក្នុង រដ្ឋធានី Tachkent៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ