អានតួអត្ថបទ
ភូមា

លោកស្រី​អ៊ុងសាន ស៊ូជី​ប្រាប់​អាមេរិក​កុំ​ឲ្យ​ទុកចិត្ត​លើ​ការសន្យា​ធ្វើ​កំណែទម្រង់​របស់​រដ្ឋាភិបាល​ភូមា

លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន ដែល​ត្រូវ​ធ្វើ​ពី​ថ្ងៃ​ទី ១២ និង ១៣ វិច្ឆិកា ​នៅក្នុង​ប្រទេស​ភូមា។ កាលពី​ថ្ងៃ​ពុធ​ទី ៥ វិច្ឆិកា គឺ នៅមួយ​សប្តាហ៍​មុន​ជំនួប​ជាមួយ​លោក​អូបាម៉ា លោកស្រី​អ៊ុងសាន ស៊ូជី មេដឹកនាំ​បក្ស​ប្រឆាំង​ភូមា​បាន​អំពាវនាវ​កុំ​ឲ្យ​អាមេរិក​ឆាប់​មាន​សុទិដ្ឋិនិយម​ទៅលើ​ការសន្យា​ធ្វើ​កំណែទម្រង់​របស់​រដ្ឋាភិបាល​ស៊ីវិល។  

លោកស្រី​ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​ធ្វើ​សន្និសីទកាសែត កាលពីថ្ងៃ​ពុធ​ទី ៥​វិច្ឆិកា​ដើម្បី​អំពាវនាវ​កុំ​ឲ្យ​អាមេរិក​ឆាប់​ជឿទុកចិត្ត​លើ​កំណែទម្រង់​របស់​រដ្ឋាភិបាល​ភូមា
លោកស្រី​ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​ធ្វើ​សន្និសីទកាសែត កាលពីថ្ងៃ​ពុធ​ទី ៥​វិច្ឆិកា​ដើម្បី​អំពាវនាវ​កុំ​ឲ្យ​អាមេរិក​ឆាប់​ជឿទុកចិត្ត​លើ​កំណែទម្រង់​របស់​រដ្ឋាភិបាល​ភូមា ©REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

កំណែទម្រង់​របស់​រដ្ឋាភិបាល​ភូមា​ជាប់​កកស្ទះ មិន​ដំណើរការ​ទៅមុខ តាំង ពី ឆ្នាំ ២០១៣​មក។ លោកស្រី​ប្រមុខ​បក្ស​ប្រឆាំង​ភូមា​ធ្វើ​កំណត់​សំគាល់​យ៉ាង​ដូច្នេះ នៅក្នុង​សន្និសីទ​កាសែត​មួយ កាល​ពី​ថ្ងៃ​ពុធម្សិលមិញ។ លោកស្រី​ថែម​ទាំង​បាន​ព្រមាន​កុំ​ឲ្យ​សហរដ្ឋអាមេរិក​ឆាប់​មាន​សុទិដ្ឋិនិយម ជឿទុក​ចិត្ត​ទៅលើ​នយោបាយ​ធ្វើ​កំណែទម្រង់ សន្យា​ដោយ​រដ្ឋាភិបាលភូមា។ កំណត់​សំគាល់​របស់​លោកស្រី​អ៊ុងសាន ស៊ូជី ធ្វើ​ឡើង​នៅ​មួយ​សប្តាហ៍ មុន​ដំណើរទស្សនកិច្ច​​របស់​លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា​នៅ​ភូមា និង​នៅ​មួយ​សប្តាហ៍​ក្រោយ​កិច្ចសន្ទនា​តាមទូរស័ព្ទ​រវាង​លោកអូបាម៉ា និង​លោកប្រធានាធិបតី​ថេន សេន។

 
កាលពី​សប្តាហ៍មុន លោក​ប្រធានាធិបតី​អាមេរិក បាន​ទូរស័ព្ទ ទៅ​សរសើរ​លោក​​ប្រធានាធិបតី​ភូមា​ដែល​បាន​បង្កើត​ជំនួប​កំពូល​ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំង។ តាម​សេតវិមាន ប្រធានាធិបតី​ភូមា​បាន​សន្យា​ទៅ​ប្រធានាធិបតី​ថា នឹង​រៀបចំ​ការបោះឆ្នោត​ដែល​គួរ​ឲ្យ​ជឿទុកចិត្ត​មួយ។

កាលពី​សប្តាហ៍មុន រដ្ឋាភិបាល​ភូមា​បាន​បង្ហាញ​ការផ្លាស់ប្តូរ​ដ៏​គួរ​ឲ្យ​កត់សំគាល់​មួយ ដោយ​បាន​អញ្ជើញ​លោកស្រី​អ៊ុងសាន ស៊ូជី ឲ្យ​ចូលរួម ក្នុង​ជំនួប​កំពូល ដែល​មាន​ការចូលរួម​ពី​​ថ្នាក់ដឹកនាំ​សភា និង​កងទ័ព។ នៅក្រោយ​កិច្ចប្រជុំ​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​បាន​លើកឡើង​ពី​លទ្ធភាព​ធ្វើកំណែទម្រង់​រដ្ឋធម្មនុញ្ញ ដែលធ្វើ​ឲ្យ​គេ​គិត​ថា នឹង​អាច​បើក​ផ្លូវ​ឲ្យ​លោកស្រី​អ៊ុងសាន ស៊ូជី អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​នៅ​ក្នុង​ការបោះឆ្នោត​ឆ្នាំក្រោយ។ ប៉ុន្តែ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​ភូមា ទាត់​ចោល​រាល់​ការរំពឹង​ទុក ដោយ​លោកស្រី​បាន​អះអាងថា ជំនួប​កាលពី​សប្តាហ៍​មុន​បាន​បញ្ចប់​ជាមួយ​លទ្ធផល​តិចតួច មិន​ឆ្លើយតប​នឹង​ការទន្ទឹង​រង់ចាំ​របស់​បក្ស​ប្រឆាំង​នោះទេ។

អន្តរាគមន៍​របស់​មេបក្ស​ប្រឆាំង កាលពី​ថ្ងៃ​ពុធ ធ្វើឡើង​ផងដែរ នៅ​មួយ​សប្តាហ៍​មុន​ដំណើរការ​ពិភាក្សា​ស្តីពី​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ នៅ​រដ្ឋសភា ​ដែល​ធ្វើ​ឡើង នៅ​ជួនចំ​​ពេល​ដែល​ប្រធានាធិបតី​អាមេរិក​ត្រូវ​ធ្វើ​ទស្សនកិច្ច​នៅភូមា។ រដ្ឋាភិបាល​ស៊ីវិល​ភូមា​ដែល​បាន​សន្យា​ធ្វើ​កំណែទម្រង់​ដើម្បី​បាន​ការដកទណ្ឌកម្ម​សេដ្ឋកិច្ច​ពីអាមេរិក។

របប​សឹក​ភូមា​ត្រូវ​បាន​រំលាយ និង​បង្កើត​រដ្ឋាភិបាល​ស៊ីវិល ​ចេញពី​ការបោះឆ្នោត ដើម្បី​ជាថ្នូរ​នឹង​ការដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ។ មេដឹកនាំ​បក្ស​ប្រឆាំង​ភូមា​សង្ឃឹម​ប្រើ​គំនាប​ពី​សហគមន៍​អន្តរជាតិ​ទៅលើ​រដ្ឋាភិបាល​ស៊ីវិល​ភូមា ដើម្បី​ជំរុញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ ភូមា។
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ