អានតួអត្ថបទ
ភូមា

តើ​រដ្ឋាភិបាល​ភូមាមាន​ចេតនា​ពិតប្រាកដ​ដើម្បី​​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញដែរ​ឬទេ?

រដ្ឋាភិបាល​ភូមា​បាន​បង្កើត​ភាពភ្ញាក់ផ្អើល​មួយ ដោយ​លោកស្រី​អ៊ុងសាន ស៊ូជី​បាន​ទទួល​ការអញ្ជើញ​ពី​លោក​ប្រធានាធិបតី​ភូមា ថេន សេន ឲ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​មួយ នៅថ្ងៃ​សុក្រទី ៣១​តុលា ដែល​រៀបចំ​ឡើង នៅ​ទីក្រុង​ណៃពីដោ។ នៅក្រោយ​ជំនួប​កំពូល​ដែល​មាន​រយៈពេល​តែ​កន្លះថ្ងៃ អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​និយាយ​ប្រាប់​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ថា សភា​នឹង​ពិភាក្សា​ទៅលើ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ។ បក្ស​ប្រឆាំង​ទាមទារ​ឲ្យ​ធ្វើ​វិសោធនកម្ម ព្រោះ​មាត្រា​មួយ​ចំនួន​ក្នុង​រដ្ឋធម្មនុញ្ញ ជា​ឧបសគ្គ​រារាំង មិន​ឲ្យ​លោកស្រី​អ៊ុងសាន ស៊ូជី អាច​ក្លាយ​ជា​ប្រមុខដឹកនាំ​ភូមា។ 

ប្រធាន​បក្ស​ប្រឆាំង​ចាប់ដៃ​ជាមួយ​ប្រធានាធិបតី​ភូមា លោក​ថេន សេន នៅមុន​ចូលក្នុង​ជំនួប​កំពូល​នៅថ្ងៃ​សុក្រ​ទី ៣១ តុលា​២០១៤
ប្រធាន​បក្ស​ប្រឆាំង​ចាប់ដៃ​ជាមួយ​ប្រធានាធិបតី​ភូមា លោក​ថេន សេន នៅមុន​ចូលក្នុង​ជំនួប​កំពូល​នៅថ្ងៃ​សុក្រ​ទី ៣១ តុលា​២០១៤ ©REUTERS/Aung Myin Yezaw
ផ្សាយពាណិជ្ជកម្ម

ជាព្រឹត្តិការណ៍​ដែល​គេ​មិន​ធ្លាប់​ឃើញ​មាន តាំងពី​របបសឹក​ភូមា​បាន​រំលាយ​ខ្លួន និង​បង្កើត​រដ្ឋាភិបាល​ស៊ីវិល តាមរយៈ​ការបោះឆ្នោត។ នៅថ្ងៃ​សុក្រនេះ លោកស្រី អ៊ុងសាន ស៊ូជី ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង ជាមួយ​លោក​ប្រធានាធិបតី​កំណែទម្រង់ លោក​ថេន សេន បាន​ធ្វើ​ដំណើរ​រួម​គ្នា ចូល​ក្នុង​បន្ទប់ប្រជុំ។ ជំនួប​កំពូល នៅថ្ងៃ​នេះ ដែល​មាន​ការចូលរួម​ពី មេដឹកនាំ​សភា កងទ័ព មាន​គោលដៅ​បើកផ្លូវ​ឲ្យ​មាន​ការចរចា​រវាង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល និង​មេដឹកនាំ​បក្ស​ប្រឆាំង ជាពិសេស គឺ​ជុំវិញ​ច្បាប់​រដ្ឋធម្មនុញ្ញ​ដ៏​ចម្រូងចម្រាស​របស់​ភូមា។

 
ការអញ្ជើញ​ជា​ប្រវត្តិសាស្រ្ត​រដ្ឋាភិបាល ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​ចូល​ជួប​ចរចា ធ្វើ​ឡើង បន្ទាប់​ពី​ការបោះឆ្នោត​សភា នឹង​កាន់តែ​ខិត​ចូល​មកដល់។ កាលពី​ប៉ុន្មាន​ថ្ងៃមុននេះ គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ភូមា​បាន​ប្រកាស​ថា ការបោះឆ្នោត​សភា នឹង​ត្រូវ​ធ្វើ​នៅ​អំឡុង​ចុងខែ​តុលា ឆ្នាំ​ក្រោយ ឆ្នាំ ២០១៥។

តាម​អ្នកនាំពាក្យ​របស់​វិមាន​ប្រធានាធិបតី នៅក្នុង​ជំនួប​កំពូល គូភាគី​ចរចា​បាន​យល់ព្រមព្រៀង​គ្នា ឲ្យ​មាន​ការជជែក​ពី​ការធ្វើ​វិសោធនកម្ម រដ្ឋធម្មនុញ្ញ នៅ​រដ្ឋសភា។ គេ​នឹង​ពិភាក្សា​ផងដែរ​​ទៅលើ​ការផ្លាស់ប្តូរ​នៅ​ក្នុង​មាត្រា​មួយ​ចំនួន របស់​រដ្ឋធម្មនុញ្ញ ដែល​រហូត​មក​ដល់​ពេលនេះ​ជា​ឆ្អឹង​ទទឹង​ក រារាំង​មិន​ឲ្យ​ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី។

ច្បាប់​រដ្ឋធម្មនុញ្ញ ដែល​ត្រូវ​បាន​តាក់តែង​ឡើង តាំង​ពី​សម័យ​ភូមា​ដឹកនាំ​ដោយ​របប​សឹក​ និង​អនុម័ត​ដោយ​ប្រជាមតិ​នៅ​ឆ្នាំ ២០០៨ បាន​ចែង​ហាមឃាត់​មិន​ឱ្យ​ជនណា ដែល​រៀបការ ឬ​មាន​កូនសញ្ជាតិ​បរទេស​ ចូល​កាន់​តំណែង​កំពូល​របស់​ប្រទេស។ បើ​គ្មាន​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ លោកស្រី​អ៊ុងសាន ស៊ូជី ដែល​មាន​មហិច្ឆតា​ចង់​ដឹកនាំ​ប្រទេស មិន​អាច​ឈរ​ឈ្មោះ​ជាបេក្ខជន​ប្រធានាធិបតី​ភូមា នៅ​ក្នុង​ការបោះឆ្នោត ឆ្នាំ​២០១៥​ខាងមុខ​បានទេ  ព្រោះថា លោកស្រី​មាន​ស្វាមី​ជា​ជនជាតិ​អង់គ្លេស (ស្លាប់​) និង​មាន​កូនពីរ​នាក់ កាន់​លិខិត​ឆ្លងដែន​អង់គ្លេស។

សូម​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ ដែល​ប្រធានាធិបតី​ភូមា​បាន​សន្យា​គំាំទ្រ​ឲ្យ​មាន​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ។ អស់​រាប់ខែ​មក​ហើយ ដែល​គណៈកម្មការ​សភា បាន​សិក្សា​ទៅលើ​លទ្ធភាព​ធ្វើ​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ ប៉ុន្តែ គ្មាន​ឃើញ​ចេញ​លទ្ធផល​អ្វីសោះ។

ជំនួប​ចរចា​រវាង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ភូមា​ជាមួយ​មេដឹកនាំ បក្ស​ប្រឆាំង​ នៅថ្ងៃ​សុក្រ​នេះ ស្ថិតនៅ​ក្រោម​ក្រសែ​ភ្នែក តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​របស់​សហរដ្ឋអាមេរិក។ លោក​អូបាម៉ា​ដែល​ត្រូវ​ធ្វើដំណើរ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ ភូមា នា​ខែ​វិច្ឆិកា​ខាងមុខ បាន​បញ្ជាក់​រួចហើយ ទៅ​លោកថេន សេន ពី​ សារៈសំខាន់​នៃ​ដំណើរការ​បោះឆ្នោត ដែល​បើក​ទូលាយ និង​គួរ​ឲ្យ​ជឿជាក់។ តាម​លោកបារ៉ាក់ អូបាម៉ា ដែល​បាន​និយាយ​ទូរស័ព្ទ ទៅ​លោក​ប្រធានាធិបតី​ភូមា នៅមុន​ជំនួប​កំពូល​ថ្ងៃសុក្រនេះ លោក​ថេន សេន​បាន​សន្យា​ឲ្យ​មាន​ការបោះឆ្នោត​ដោយ​សេរី​នៅ​ភូមា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ