អានតួអត្ថបទ
បារាំង

សភា​បារាំង​​បោះឆ្នោត​​ស្តីពី​ការ​បន្ត​អន្តរាគមន៍​យោធា​ខ្លួន​ នៅ​អាហ្វ្រិក​កណ្តាល​​

នៅ​ថ្ងៃ​អង្គារនេះ សភា​បារាំង​​​បើក​អង្គប្រជុំ​​ដើម្បីពិភាក្សា និង​បោះឆ្នោតសម្រេច​​​ថា តើ​ត្រូវ​បន្ត​វត្តមាន​​​ខ្លួន​ នៅ​​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ទៀត រឺយ៉ាងណា។ នាយករដ្ឋមន្ត្រី ហ្សង់ម៉ាក អៃរ៉ូល Jean-Marc Ayrault នឹង​ឡើងការពារ​​វត្តមាន​យោធា​បារាំង​ នៅ​អាហ្វ្រិក កណ្តាល។​ ពេលនេះ​​បារាំង​កំពុង​ចោទ​សួរ​ខ្លួនឯង ពី​ការ​ផុងខ្លួន​ក្នុង​ការ​ធ្វើ​អន្តរាគមន៍​​យោធា ឈ្មោះថា Sangari សង់ហ្ការី​ ​នៅ​អាហ្វ្រិកកណ្តាល។ នៅទីនោះ​ កងទ័ព​ប្រទេស​​លោក ខាងលិច​ ​ដែល​ចុះ​ជួយជ្រោមជ្រែង​ទ័ព​បារាំង​​ មិន​សូវ​​មាន​ចំនួន​ច្រើ​ន​នោះទេ។

កងទ័ព​បារាំង​​​ដើរល្បាត នៅ​ក្រុង​បង់ហ្គី Bangui កាលពីខែធ្នូ។
កងទ័ព​បារាំង​​​ដើរល្បាត នៅ​ក្រុង​បង់ហ្គី Bangui កាលពីខែធ្នូ។ REUTERS/Herve Serefio
ផ្សាយពាណិជ្ជកម្ម

នៅរសៀល​ថ្ងៃ​អង្គារ​នេះ តំណាង​រាស្ត្រ​បារាំង​ប្រហែល​ជា​អាច​បោះឆ្នោតគាំទ្រ​​​អោយ​កងទ័ព​បារាំង បន្ត​​​អន្តរាគមន៍​យោធា ឈ្មោះថា សង់ហ្ការី​​ នៅអាហ្វ្រិកកណ្តាល​ទៀត ទោះ​ជា​មាន​ការរិះគន់​ពី​​បក្ស​ប្រឆាំង​ក៏ដោយចុះ។ ​លោក​ អេរិក វើត មកពី​បក្ស​​ប្រឆាំង​ស្តាំនិយម​​ UPM ​ ​​របស់​អតីត​​ប្រធានាធិបតី សាកូហ្ស៊ី បាន​​បរិហារ​ថា បញ្ហា​​អាហ្វ្រិក​កណ្តាល​នៅ​​មិនទាន់​បាន​ដោះស្រាយ​​​នៅឡើយទេ ការបង្ហូរឈាម​នៅ​តែ​កើតមាន​នៅទីនោះ។

គួរ​រំលឹក​ថា កងទ័ព​បារាំង​១៦០០នាក់​បាន​​​ចុះទៅ​អន្តរាគមន៍​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៣។ ដោយឃើញ​ថា​ អន្តរាគមន៍​យោធា​បារាំងប្រយុទ្ធ​ក្រុម​ឧទ្ទាម ​នៅ​ម៉ាលី ​​ទទួលបាន​ជោគជ័យ ប្រធានាធិបតី​បារាំង​បាន​​​រំពឹង​ទុកថា​ ​​អន្តរាគមន៍​​​បារាំង​សង្គ្រោះ​​អាហ្វ្រិ​ក​កណ្តាល​​លើកនេះ ​នឹង​សម្រេច​លទ្ធផល​​​ឆាប់​រហ័ស។ ប៉ុន្តែ​ ដំណើរការ​​បេសកកម្ម​​ទ័ព​បារាំង​ មិនបាន​ប្រព្រឹត្ត​ទៅ​ដូចការគ្រោង​ទុក​នោះទេ។ ​​ការដាក់អាវុធចុះ​នៅ​មានព្រំដែន​កំណត់ ​អំពើ​ហិង្សា​នៅ​តែ​បន្ត​មាន។ អំពើ​ហិង្សា​រវាង​ក្រុម​អ្នកកាន់​គ្រិស្តសាសនា​ និង​ក្រុម​អ្នកកាន់​សាសនា​អ៊ីស្លាម បាន​ធ្វើអោយ​អ្នកកាន់​សាសនា​អ៊ីស្លាម​​រាប់ម៉ឺននាក់​​ភៀស​​ខ្លួន​​ទៅ​ភាគ​ខាងជើង។ បារាំង​​ញញើត​នឹង​បន្ថែម​ទ័ព​ខ្លួន​​ទៅអាហ្វ្រិក​កណ្តាល រហូត​ដល់​មាន​សំណូមពរ​ពីអង្គការ​សហប្រជាជាតិ ទើប​បារាំង​សម្រេច​បញ្ជូន​ទ័ព​៤០០នាក់​បន្ថែម នាពេល​ថ្មីៗនេះ​​ ទៅ​ទីនោះ។ សហភាពអឺរ៉ុប​ធ្លាប់​​សន្យា​ដាក់​កម្លាំង​ទ័ព​​​ប្រមាណ​មួយពាន់​នាក់ នៅ​អាហ្វ្រិក​កណ្តាល តែ​​រហូត​មកដល់​ពេល​នេះ នៅតែ​មិនទាន់​មាន​កងទ័ព​ចុះទៅទីនោះ​ទេ។

​ប្រធានាធិបតីអន្តរកាល​​អាហ្វ្រិកកណ្តាល​ លោកស្រី សាំបា ប៉ាន់ហ្សា ចង់អោយ​បារាំង​បន្ត​វត្តមាន​ខ្លួន​ រហូត​ដល់​អាហ្វ្រិក​កណ្តាល​សម្រេច​បាន​ការ​​បោះឆ្នោត​ នៅដើម​ឆ្នាំ​២០១៥។ ពេលនេះ ក្នុង​ពេល​កំពុង​​រង់ចាំ​​​​​​​កងទ័ព​មួកខៀវ​អង្គការ​សហប្រជាជាតិ​​ ចុះ​មកបន្ត​បេសកកម្ម​ពី​បារាំង កងទ័ពបារាំង​​ចង់​​​បន្ត​​​​ពង្រឹង​សន្តិសុខ នៅ​​អាហ្វ្រិកកណ្តាលទៀត។​

បក្ស​ប្រឆាំងនានា​ ​​ចោទ​រដ្ឋាភិបាល​បារាំង​ថា មាន​មោទនភាព​ជ្រុល​ហួស និង​មិន​បាន​​ធ្វើ​សកម្មភាព​​​ដិតដល់​ដើម្បី​ជម្រុញ​បណ្តា​ប្រទេស​សហភាពអឺរ៉ុប​អោយ​បញ្ជូន​​ទ័ព​ទៅ​ជួយ​បារាំង​នៅ​អាហ្វ្រិក​កណ្តាល។ ​ពេលនេះ បារាំង​កំពុង​តែ​ទទួលបន្ទុក​ផ្នែកថវិកា​ក្នុងការ​​អន្តរាគមន៍​ពង្រឹង​សន្តិសុខ​នៅទីនោះ តែ​ម្នាក់ឯង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ