អានតួអត្ថបទ
អ.ស.ប.-អាហ្វ្រិកកណ្តាល

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​អនុម័ត​ឱ្យ​ទ័ព​អឺរ៉ុប​ទៅ​អាហ្វ្រិក​កណ្តាល

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​ ជា​ឯកច្ឆន្ទ នៅ​ល្ងាច​ថ្ងៃអង្គារ​ម្សិលមិញ លើ​សេចក្តី​សម្រេច​អនុញ្ញាត​ឱ្យ​ដាក់​ពង្រាយ​ទាហាន​សហភាព​អឺរ៉ុប​ ​​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ ។ អាហ្វ្រិក​កណ្តាល​ដែល​បាន​និង​កំពុង​ស្គាល់​ភាព​ហិង្សា​ស្ទើរ​ក្លាយ​ជា​ការ​ប្រល័យ​ពូជសាសន៍​ទៅ​ហើយ។

ទាហាន​អាហ្វ្រិក​ Misca ល្បាត​នៅ​ក្រុង Bangui ប្រទេស​អាហ្វ្រិក​កណ្តាល
ទាហាន​អាហ្វ្រិក​ Misca ល្បាត​នៅ​ក្រុង Bangui ប្រទេស​អាហ្វ្រិក​កណ្តាល REUTERS/Siegfried Modola
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តីសម្រេច​ចិត្ត​លេខ ២៣១៤ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ មិន​បាន​​បញ្ជាក់​អំពី​សញ្ជាតិរបស់​ទាហាន​អឺរ៉ុប​​ ឬ​ កាល​បរិច្ឆេទ​ច្បាស់​លាល់​ ដែល​ក្រុម​ទាហាន​ទាំង​នោះ​ត្រូវ​ទៅ​ដល់​ទឹក​ដី​អាហ្វ្រិក​កណ្តាល​ទេ។ ប៉ុន្តែ​ ក្រុមប្រឹក្សាសន្តិសុខ​បាន​​​កំណត់បេសកកម្ម​អឺរ៉ុប សម្រាប់​​រយៈពេល​​ត្រឹម​៦​ខែ  ​​និង​ផ្តល់​អំណាច​ដល់​ទាហាន​ទាំង​អស់​នោះ​ ប្រើ​កម្លាំង​ទ័ព​ក្នុង​ករណី​ចាំបាច់។ បើ​តាម​ឯកអគ្គរដ្ឋទូត​​បារាំង​ប្រចាំអង្គការ​សហប្រជាជាតិ ទាហាន​សហភាព​អឺរ៉ុប នឹង​ត្រូវ​មាន​ភារកិច្ច​រក្សា​សុវត្ថិភាព​ឱ្យ​ក្រុម​ជនភៀស​ខ្លួន​​នៅ​អាកាសយានដ្ឋាន​ក្រុង​បង់ហ្គី ហើយ​ទាហានបារាំង​នឹង​ត្រូវ​ពង្រាយ​ក្នុង​ទ្រង់ទ្រាយ​ធំ​ការពារ​រដ្ឋធានី​ និង​តំបន់​ជុំវិញ។

ទាហាន​អឺរ៉ុប​ប្រមាណ​៥០០​នាក់ (បើតាម​តួលេខ​ផ្តល់​ដោយ​សហភាព​អឺរ៉ុប កាលពី​សប្តាហ៍​មុន) នឹង​ចុះ​ទៅ​​​ជួយពង្រឹង​កម្លាំង​ទ័ព​បារាំង​ ​ទាំង​១៦០០​នាក់​ ដែល​ឈរ​ជើង​ស្រាប់​នៅក្រុង​បង់ហ្គី និង​ទាហាន​អាហ្វ្រិក​ Misca (ទាហាន​អាហ្វ្រិក​ក្នុង​បេសកកម្ម​អន្តរជាតិ​នៅអាហ្វ្រិក​កណ្តាល)ចំនួន​៥ពាន់​នាក់​ ដែល​មិន​អាច​គ្រប់គ្រង់​ស្ថានការណ៍​ឱ្យ​វិល​ត្រលប់​មក​រក​ភាព​ស្ងប់​ស្ងាត់​បាន។ ទាហាន​អាហ្វ្រិក ដែល​ប្រធានាធិបតី​អាហ្វ្រិក​កណ្តាល​ស្តីទីថ្មី និង​ភាគី​បារាំង​បាន​ស្នើ​សុំ​ឱ្យ​ក្លាយ​ទៅជា​បេសកកម្ម​ក្នុង​ក្រប​ខ័ណ្ឌ​អង្គការ​សហប្រជាជាតិ។

ក្នុង​ពេល​បច្ចុប្បន្ន​នេះ មាន​ទាហាន​​សរុប​ប្រមាណ​៦ពាន់​នាក់​កំពុង​បំពេញ​បេសកកម្ម​នៅ​អាហ្វ្រិកកណ្តាល​ ប៉ុន្តែ​ចំនួន​នេះតិច​តួច​ខ្លាំង​សម្រាប់​ស្ថានការណ៍​ដុន​ដាប​ ក្នុងប្រទេស​ដ៏​ធំទូលាយ​ដូច្នេះ។ ប្រតិបត្តិការ​យោធានៅអាហ្វ្រិក​កណ្តាល​​កាន់​តែ​ស្មុគស្មាញ​និង​លំបាក​ខ្លាំង ដោយ​ហេតុ​តែ​សហគមន៍​អ៊ីស្លាមសេឡេកា និង​ ក្រុម​អង់ទីបាឡាកា អ្នក​គ្រិស្ត​សាសនា​ ​​ស្អប់ខ្ពើម​គ្នា ចាត់​ទុក​គ្នា​ជា​សត្រូវ​ស៊ីសាច់​ហុតឈាម ដែល​ទាមទារ​ជា​ចាំ​បាច់​ឱ្យ​មាន​ការ​គាំទ្រ​ពីអង្គការ​សហប្រជាជាតិ និង​សហភាព​អាហ្វ្រិក​ ដើម្បី​ធានា​សន្តិភាព​។

សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ ក៏​បាន​អនុម័ត​ផង​ដែរ ឱ្យ​​អាហ្វ្រិក​កណ្តាល​​ ​ការ​រៀប​ចំ​បោះឆ្នោត យ៉ាង​យូរ​នៅ​ខែ​កុម្ភៈ​២០១៥។ ការិយាល័យ​អង្គការ​សហប្រជាជាតិ នឹង​ត្រូវ​រក្សា​ទុក ក្នុង​ប្រទេស​រហូត​ដល់​ឆ្នាំ​ក្រោយ ដើម្បី​​ជួយ​អាជ្ញាធរ​អាហ្វ្រិក​កណ្តាល​ឆ្លង​កាត់​អន្តរកាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ