អានតួអត្ថបទ
ប៉ាគីស្ថាន

អតីតប្រធានាធិបតីប៉ាគីស្ថាន ត្រូវតុលាការកាត់ទោសប្រហារជីវិត

អតីត​ប្រធានាធិបតី លោក ពែរ​វេ ម៉ូស្ស៊ារ៉ាហ្វ (Pervez Musharraf) គឺត្រូវ​តុលាការ​ប៉ាគីស្ថាន កាត់​ទោស​ប្រហារ​ជីវិត។ ដំណឹង​នេះ គឺត្រូវ​ប្រកាស​ផ្សាយ​ដោយ​វិទ្យុ​ជាតិប៉ាគីស្ថាន ថ្ងៃទី​១៧ធ្នូ។ នេះគឺការ​ជម្រះ​ក្តី​ជាប្រវត្តិ​សាស្ត្រ​លើកទី១​នៅក្នុង​ប៉ាគីស្ថាន ដែល​ អតីត​មេបញ្ជាការ​យោធាកំពូល​ និង ជាអតីត​ប្រមុខ​រដ្ឋ​ ត្រូវ​តុលាការ​ក្នុង​ស្រុក​កាត់​ទោសពី​បទ​«ក្បត់ជាតិ» ជាបទ​ឧក្រិដ្ឋធ្ងន់ធ្ងរបំផុត​។

អតីត​ប្រធានាធិបតី លោក ពែរ​វេ ម៉ូស្ស៊ារ៉ាហ្វ (Pervez Musharraf) រូប​កាល​ពី​ឆ្នាំ​២០១៣
អតីត​ប្រធានាធិបតី លោក ពែរ​វេ ម៉ូស្ស៊ារ៉ាហ្វ (Pervez Musharraf) រូប​កាល​ពី​ឆ្នាំ​២០១៣ AFP Photos/Aamir Qureshi
ផ្សាយពាណិជ្ជកម្ម

ជា​សវនាការ​«ជម្រះក្តី​ដោយកំបាំងមុខ»​គឺគ្មាន​វត្តមាន​រូប​អតីត​ប្រធានាធិបតីប៉ាគីស្ថាននោះទេ។ ​ មេធាវី​ការពារក្តី​ឱ្យ​រូប​លោក បាន​ប្រតិកម្ម​តប​ភ្លាមៗថា លោកអតីត​ប្រធានាធិបតីប៉ាគីស្ថាន គឺគ្មាន​បា​នធ្វើ​អ្វីខុសទេ។ នៅពេលនេះ លោក ពែរ​វេ ម៉ូស្ស៊ារ៉ាហ្វ​ ​មាន​អាយុ៧៦ឆ្នាំ​  ​កំពុងតែរត់​​ភៀស​ខ្លួន​ទៅ​​«ព្យាបាល​ជំងឺ»​ នៅ​ក្រុង​ឌូបៃ ប្រទេស​អេមីរ៉ាតអារ៉ាប់រួម។ បើ​តាម​មេធាវី​ដដែល លោក ពែរ​វេ ម៉ូស្ស៊ារ៉ាហ្វ​ នឹង​អញ្ចើញ​ចូលស្រុក​វិញ តទល់​ក្តី​ប្រឈមមុខ​​ជាមួយ​តុលាការ​កំពូង ប្រសិន​បើ​សុវត្ថិភាព​របស់​លោក បានត្រូវ​ធានា។​

សូម​ជ្រាបថា នៅឆ្នាំ​១៩៩៩ ​អគ្គ​មេបញ្ជាការ​កំពូល​កងទ័ព​​ជាតិ លោក ពែរ​វេ ម៉ូស្ស៊ារ៉ាហ្វ​ បាន​ធ្វើ​រដ្ឋប្រហារ​ដោយ​មិន​បង្ហូរ​ឈាម​​ ហើយបាន​ឡើង​​​​កាន់​តំណែង​ជាប្រមុខរដ្ឋ​ប៉ាគីស្ថាន​ ដោយ​ប្រកាស​ខ្លួន​ឯង​តែម្តង​ ថា​ជាប្រធានាធិបតី​ នៅ​​ឆ្នាំ​២០០១។​ លោក​កាន់អំណាច​រហូត​ដល់ឆ្នាំ​២០០៨។​ នៅក្រោម​រជ្ជកាល​​គ្រប់​គ្រង​របស់​លោក ពែរ​វេ ម៉ូស្ស៊ារ៉ាហ្វ​, អ្ន​កសង្កេតការ​ណ៍​ខ្លះ មើលឃើញថា ប្រទេស​ប៉ាគីស្ថាន បាន​ស្គាល់​កំណើន​សេដ្ឋកិច្ច កម្រិត​ជីវភាព​ប្រជាជន​វណ្ណៈ​កណ្តាល​បាន​គ្រាន់បើ​ជាមុន ហើយ​វិស័យ​​សារ​ព័ត៌មាន​ ការ​បញ្ចេញ​មតិ ក៏មាន​សេរីភាពគ្រាន់បើដែរ​។ ផ្នែក​យោធាវិញ​​ ក៏​បាន​ធូរស្រាល​ខ្លះដែរ ចំពោះ​ជម្លោះប្រមុខដាក់​គ្នា​រវាង​ឥណ្ឌា-ប៉ាគីស្ថាន​ ជាដើម​។

ក៏​ប៉ុន្តែ ក្នុង​ក្រសែភ្នែករបស់​ក្រុម​ប្រឆាំង​វិញ លោក ពែរ​វេ ម៉ូស្ស៊ារ៉ាហ្វ​ គឺ​ជា​«​មេដឹកនាំ​ផ្តាច់​ការ» ហើយ​ក្រុម​ប្រឆាំង​បាន​ជីកកកាយ​សើរើ​ពី​របៀប​ឡើង​កាន់​អំណាច​តាមរយៈ​​រដ្ឋប្រហារ​ និង​ចាត់​ទុក​ថា​ជា​ការ«​មិន​ស្រប​ច្បាប់» ហើយ​ ប្តឹង​ទៅតុលាការ​កំពូល។ ​រឿង​ឃាតកម្ម​ទៅលើ​លោកស្រីនាយករដ្ឋមន្ត្រី​​ Benazir Bhutto គឺត្រូវ​គេ​ដាក់​បន្ទុក​សង្ស័យ​ថែមទៀត​ទៅលើលោក ពែរ​វេ ម៉ូស្ស៊ារ៉ាហ្វ​​។​ នៅពេល​ដែល​ត្រូវ​រងសម្ពាធ​ជុំទិស ប្រធានាធិបតី ពែរវេ ម៉ូស្ស៊ារ៉ាហ្វ បាន​សម្រេច​សុំ​លា​ឈប់​ពី​តំណែង​នៅ​ឆ្នាំ​២០០៨ ហើយ​​ភៀសខ្លួន​ទៅ​ក្រុង​ឡុង​ និង​រស់​នៅ​​ចេញចូល​ចន្លោះ​ ក្រុង​ឡុង​និង​ក្រុង​ឌូបៃ។

តមកទៀត​នៅ​ឆ្នាំ​២០១៧ តុលាការ​ប៉ាស្ថាគីស្ថាន បាន​​ប្រកាស​ថា លោក ពែរវេ ម៉ូស្ស៊ារ៉ាហ្វ ជា​អ្នកទោស​ ក្នុង​ឃាតកម្ម​ទៅលើ​លោកស្រីនាយករដ្ឋមន្ត្រី Benazir Bhutto ហើយ​នៅថ្ងៃទី​១៧ធ្នូ​២០១៩ តែម្តង តុលាការ​កំពូល​​ សម្រេច​កាត់ក្តី​ប្រហារ​ជីវិត​រូប​លោក ពីទោស​បទ​ក្បត់ជាតិ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ