អានតួអត្ថបទ
ប៉ាគីស្ថាន

តុលាការប៉ាគីស្ថាន៖​លោក Pervez Musharraf ជា​ជនជាប់ចោទ​តែ​ម្នាក់​គត់​នៅ​ក្នុង​ឃាតកម្ម​សម្លាប់​លោកស្រី Benazir Bhutto

នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន តុលាការ​ទើប​បាន​ចេញ​សាលក្រម​លើកទី១ នា​ថ្ងៃ​ព្រហស្បតិ៍ ទី៣១ សីហា​ស្តីពី​ឃាតកម្ម​សម្លាប់​លោកស្រី​អតីត​នាយករដ្ឋមន្រ្តី Benazir Bhutto កាល​ពី​ឆ្នាំ ២០០៧។ នៅ​ក្នុង​សាលក្រម​នោះ តុលាការ​បាន​សម្រេច​ដោះលែង​ជនជាប់​សង្ស័យ​ចំនួន ៥នាក់ និង​បាន​តម្កល់​ទុក​លោក​អតីត​ប្រធានាធិបតី ឧត្តមសេនីយ Pervez Musharraf ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​ជា​ជនជាប់​ចោទ​តែ​ម្នាក់​គត់។

លោកអតីតប្រធានាធិបតី ឧត្តមសេនីយ​ប៉ាគីស្ថាន Pervez Musharraf
លោកអតីតប្រធានាធិបតី ឧត្តមសេនីយ​ប៉ាគីស្ថាន Pervez Musharraf AFP PHOTO / Asif HASSAN
ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​តម្កល់​ទុក​លោកPervez Musharraf ជា​ជនជាប់​ចោទ​តែ​ម្នាក់​គត់​នៅ​ក្នុង​ឃាតកម្ម​សម្លាប់​លោកស្រី Benazir Bhutto តុលាការ​ក៏​បាន​តម្រូវ​ឲ្យ​មាន​ការ​រឹបអូស​លុយកាក់ និង​ទ្រព្យសម្បត្តិ​ទាំង​អស់​របស់​លោក Musharraf ផង​ដែរ។ សូម​ជម្រាប​ជូន​ថា អតីត​ប្រធានាធិបតី ឧត្តមសេនីយ​រូប​នេះ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ក្នុង​ឆ្នាំ ២០១៣ ពី​បទ​សម្លាប់​លោកស្រី Bhutto ហើយ​បាន​ចាកចេញ​ពី​ប្រទេស​ក្នុង​ខែ​មីនា ឆ្នាំ ២០១៦ ដើម្បី​ព្យាបាល​ជម្ងឺ​នៅ​ក្នុង​ប្រទេស​អេមីរ៉ាអារ៉ាប់រួម​ដោយ​សន្យា​ត្រឡប់​មក​ឆ្លើយ​នឹង​តុលាការ​ក្នុង​បទ​ចោទប្រកាន់​នោះ។ តែ​មក​ទល់​ពេល​នេះ លោក Musharraf បន្ត​គេច​ខ្លួន​ដោយ​មិន​បាន​វិល​ចូល​ស្រុក​ដូច​ពាក្យ​សន្យា​ទេ។

ដោយឡែក តុលាការ​បាន​សម្រេច​ដោះលែង​ជនសង្ស័យ​ចំនួន ៥នាក់ បន្ទាប់​ពី​បាន​ឃុំឃាំង​ពួក​គេ​អស់​រយៈពេល​ជាង ៩ឆ្នាំ ពោល​តាំង​ពី​ក្រោយ​ថ្ងៃ​ឃាតកម្ម​សម្លាប់​លោកស្រី Benazir Bhutto ក្នុង​ថ្ងៃទី២៧ ធ្នូ ឆ្នាំ ២០០៧។ ជាប់​ឆ្នោត​ចំនួន​ពីរ​ដង​ជា​នាយករដ្ឋមន្រ្តី លោកស្រី Bhutto គឺ​ជា​ស្រ្តី​ទី១ ក្នុង​សហសម័យ​ដែល​បាន​ដឹកនាំ​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​មួយ​ដូច​ប៉ាគីស្ថាន។ តែ​ជា​អកុសល លោកស្រី​ដែល​កំពុង​ថ្លែង​នៅ​ក្នុង​អង្គមេន្ទិញ​មួយ​ត្រូវ​បាន​ឃាតករ​បាញ់​ចំ ក រួច​ទាញ​បំផ្ទុះ​គ្រាប់​ជាប់​នឹង​ខ្លួន​គេ​បណ្តាល​ឲ្យ​លោកស្រី​ស្លាប់​នឹង​កន្លែង រួម​ទាំង​មនុស្ស ២៤នាក់​ផ្សេង​ទៀត។

ក្នុង​ឆ្នាំ ២០១០ អង្គការ​សហប្រជាជាតិ​បាន​ចេញ​របាយការណ៍​មួយ​ដោយ​ចោទ​រដ្ឋាភិបាល​របស់​លោក Musharraf ពេល​នោះ​ពី​បទ​មិន​បាន​ផ្តល់​សុវត្ថិភាព និង​សន្តិសុខ​គ្រប់គ្រាន់​ដើម្បី​ការពារ​លោកស្រី Bhutto។ តែ​លោក Musharraf តែង​បដិសេធ និង​ថា លោក​មិនមែន​ជា​អ្នក​រៀបចំ​ផែនការ​សម្លាប់​លោកស្រី Bhutto ដែល​រហូត​បង្ក​ឲ្យ​មាន​ភាព​អនាធិបតេយ្យ​ពេញ​ប្រទេស​នោះ​ឡើយ និង​បាន​ទម្លាក់​កំហុស​នេះ​ដាក់​ប្រមុខ​តាលីបង់​ប៉ាគីស្ថាន​ជំនាន់​នោះ​ឈ្មោះ Baitullah Mehsud។

យ៉ាង​ណា​ក៏​ដោយ លោកស្រី Zardari ដែល​ជា​កូនស្រី​របស់​លោកស្រី Bhutto បាន​បញ្ចេញ​ប្រតិកម្ម​នឹង​សាលក្រម​របស់​តុលាការ​ថា បើ​លោក Musharraf នៅ​មិន​បាន​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នឹង​បទឧក្រិដ្ឋ​របស់​ខ្លួន​ទេ នោះ​នឹង​គ្មាន​យុត្តិធម៌​សម្រាប់​ម្តាយ​របស់​លោកស្រី​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ