អានតួអត្ថបទ
រុស្ស៊ី

គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នៅរុស្ស៊ី​សម្លាប់​មនុស្ស ៤៤នាក់ និង​របួស​៨នាក់

សោកនាដកម្ម​នេះ បានកើតឡើង​នៅ​ពាក់​កណ្តាល​អធ្រាត្រ​យប់ថ្ងៃ​ចន្ទ ទី ២០ មិថុនា ឆ្នាំ ២០១១ ពេលដែល យន្តហោះរុស្ស៊ីធុន Tupolev-134 ដឹក​មនុស្ស ៥២នាក់ ហោះ​ចេញ​ពី​ម៉ូស្គូ​ទៅ សំដៅ ទៅក្រុង Petrozavodsk ទីរួមខេត្ត Karelia នៅចម្ងាយ​ប្រមាណ​៨០០គ.ម.ខាងជើង រដ្ឋធានី​រុស្ស៊ី។លុះនៅ សល់​តែ​៧០០ម៉ែត្រ គឺ​ដល់​ព្រលាន​យន្តហោះ​ក្រុងនោះ តួ​ខ្លួន​វា ស្រាប់តែ អុក​យ៉ាង​គំហុក​ចំ​លើ​ផ្លូវ​រថយន្ត​នៅក្បែរ​នោះ បណ្តាល​ឲ្យ​តួខ្លួន​យន្តហោះ​ដាច់​ដោច បែក​ជា​បំណែកៗ ទាំង​ឆេះ​ទ្រលោម​តែម្តង។ ក្នុង​ចំណោម​អ្នកស្លាប់ មាន​ទាំង​ជាតិ​បរទេស ៤នាក់​ផង។

គ្រោះថ្នាក់​ធ្លាក់​យន្តហោះ នៅ​Petrozavodsk នៅ​ប្រទេស​រុស្ស៊ី នៅយប់​ថ្ងៃ​ចន្ទ​ទី ២០ មិថុនា ២០១១
គ្រោះថ្នាក់​ធ្លាក់​យន្តហោះ នៅ​Petrozavodsk នៅ​ប្រទេស​រុស្ស៊ី នៅយប់​ថ្ងៃ​ចន្ទ​ទី ២០ មិថុនា ២០១១ © Reuters/Vladimir Larionov
ផ្សាយពាណិជ្ជកម្ម

 

ធាតុអាកាស​ចុះអ័ព្ទ​ខ្លាំង​ពិបាក​មើលឃើញ ឬ​មួយ​កំហុស អ្នកបើក​យន្តហោះ ឬ​មួយ​ខ្សែផ្លូវ​ចុះចត នៃ​ព្រលានយន្តហោះ ស្រាប់តែ​ងងឹត ឥត​បំភ្លឺ​ដោយ​ចង្កៀង ឬ​មួយ ម៉ាស៊ីន​យន្តហោះ​ផ្ទាល់ ដើរមិនស្រួល។ ទំាងនេះ​អាច​ជា​មូលហេតុ នៃ​ការចុះចត​ដោយ​អុកតួ​ខ្លួន​យន្តហោះ យ៉ាង​គំហុក​បែបនេះ​ចំលើដី។ នេះ​បើតាម​ការបកស្រាយ​របស់​”ទីភ្នាក់ងារ​អាកាសចរណ៍​ស៊ីវិល​រុស្ស៊ី ”RosAviation”។

ទោះយ៉ាងណាក្តី ប្រអប់​ពណ៌លឿង​ទុំទាំង​២ របស់​យន្តហោះ ៖ មួយ​ថតសំឡេង អ្នកបើក​យន្តហោះ មួយទៀត​ថត​ជីពចរ​ម៉ាស៊ីន​យន្តហោះ ដែលបាន​ត្រូវ​ក្រុមសង្គ្រោះ​រកឃើញទៅហើយ នឹង​ដំណាល ឲ្យ​ដឹង​ពុំខាន អំពី​មូលហេតុ​ពិតប្រាកដ​នៃ​សោកនាដកម្ម​នោះ។

ក្នុង​ចំណោម​មនុស្ស ៥២នាក់​ជិះ ក្នុង​យន្តហោះ Tupolev-134 នោះ ៤៣នាក់ ជា​អ្នកដំណើរ និង ៩នាក់​ជា​ក្រុម​អ្នកបើកបរ អភ័ព្វស្លាប់ទៅ គឺអស់​៤៤នាក់ ក្នុងនោះ មាន​៤នាក់​ជា​ជាតិ​បរទេស (ជនជាតិ​ស៊ុយអែត​ម្នាក់ ជាតិ​ហូឡង់​ម្នាក់ ជាតិ​អ៊ុយក្រែន ២នាក់) មិនតែប៉ុណ្ណោះ មាន ៤នាក់​ទៀត កាន់លិខិត​ឆ្លងដែន ជា​ពលរដ្ឋរុស្ស៊ី​ផង និងស.រ.អា.ផង។

ចំណែក​អ្នកមាន​ភ័ព្វសំណាង នៅរស់ ៨នាក់ សុទ្ធ​តែ​របួសធ្ងន់ ក្នុងនោះ មាន​កុមារ​ម្នាក់ផង កំពុង​ស្នាក់​ព្យាបាល នៅមន្ទីរពេទ្យ។

អភិបាលខេត្ត Karelia ជាទី​ដែល​មាន​គ្រោះថ្នាក់​យន្តហោះនោះ​កើតឡើង ទើប​បាន​ចេញ បទបញ្ជា​ឲ្យ​ផ្តល់​ប្រាក់​ឧបត្ថម្ភ ដល់​គ្រួសារ​អ្នកស្លាប់ម្នាក់ៗ គឺ១លាន​រូប្ល ឬ​ស្មើ​នឹង ជិត ៣ម៉ឺន ៦ពាន់ ដុល្លារ​អាមេរិក និង ដល់អ្នករបួស​ម្នាក់ៗ គឺ​៥សែន​រូប្ល ឬស្មើ​នឹង​ជិត ១ម៉ឺន៨ពាន់​ដុល្លារ។

យន្តហោះធុន Tupolev-134 តែង​ត្រូវ​ពួក​អ្នកបើក​យន្តហោះ រុស្ស៊ី ចាត់ទុក​ជា​យន្តហោះ​ដើរ​យ៉ាង​កក់ក្តៅ​ណាស់។ គិតពី​ឆ្នាំ​១៩៦៣​មក វា​បាន​ត្រូវ​ផលិត ចំនួន​៨៥២គ្រឿង។
សម័យ​សូវៀត ក្រុមហ៊ុន​អាកាសចរណ៍​រដ្ឋ ឈ្មោះ Aeroflot ​មាន​យន្តហោះនេះ ដល់​៦០០គ្រឿង ហើយ​វា​មិន​ដែល​បណ្តាល​ឲ្យ​កើត​ឡើង​ជា​ឧប្បត្តិហេតុ អ្វីណាទេ។

ចាប់ពីឆ្នាំ ១៩៨៤មក វាបាន​ត្រូវ​គេ​ឈប់​ផលិត។ បច្ចុប្បន្ន ក្នុង​លំហ​នៃ​អតីត​សហភាព​សូវៀត នៅមាន​សល់​យន្តហោះ​នេះ ហោះហើរ​ប្រមាណ ១០០គ្រឿង។ ធ្លាប់​មាន​គ្រោះថ្នាក់​កើតឡើង​ម្តង ជាមួយ​យន្តហោះ​នេះ គឺ​ក្នុងឆ្នាំ ២០០៧ ដែល​កាលណោះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៤នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ