អានតួអត្ថបទ
ប៉ាគីស្ថាន

ប៉ាគីស្ថាននិង​ហ្វេសបុក រួមគ្នា​ប្រឆាំង​ព័ត៌មាន​ក្លែង​ក្លាយ​ ពាក់ព័ន្ធ​​វ៉ាក់​សាំង​បង្ការ​​ជំងឺ

ថ្ងៃទី​១៦មករា រដ្ឋអំណាច​​ប៉ាគីស្ថាន និង​អ្ន​កតំណាង​ក្រុម​ហ៊ុន​បណ្តាញ​សង្គម​ហ្វេសបុក បាន​ប្តេជ្ញា​ចិត្ត​សហការជាមួយ​គ្នា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែង​ក្លាយ​ ជុំវិញ​ការទ​ទួល​វ៉ាក់​សាំង​បង្ការ​​​ជំងឺគ្រុនស្វិតដៃជើង។ ការ​ចេញ​វិធានការ​រួម​នេះ គឺក្រោយ​ពេល​មាន​ការ​ឃោសនា​អកុសល​ពី​សំណាក់​ក្រុម​អ៊ីស្លាម​អភិរក្ស​ជ្រុល​និយមមួយ​ចំនួន​ ដែល​បំពុល​ព័ត៌មាន​ ថា​ ការ​ចាក់ឬបន្តក់​​វ៉ាក់​សាំងបង្ការ​នេះ គឺ​នាំឱ្យ​គ្មាន​កូន និង​ខុស​នឹង​បម្រាម​របស់​សា​សនាអ៊ីស្លាម​ជាដើម​។ 

យុទ្ធនាការផ្តល់​វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើង​​ នាពេល​កន្លងមក នៅ​ប៉ាគីស្ថាន។
យុទ្ធនាការផ្តល់​វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើង​​ នាពេល​កន្លងមក នៅ​ប៉ាគីស្ថាន។ Reuters
ផ្សាយពាណិជ្ជកម្ម

«ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​ ពាក់ព័ន្ធ​​ថ្នាំ​វ៉ាក់សាំងបង្ការជំងឺ គឺជា​គោល​ដៅ​សំខាន់​មួយ​ សម្រាប់​ប៉ាគីស្ថាននិង​សម្រាប់​គ្រប់​ៗ​ប្រទេស​លើពិភព​លោក។» នេះជាការ​អះអាង​របស់​អ្នក​នាំពាក្យ​​ក្រុម​ហ៊ុន​ហ្វេសបុក  ​ដោយ​បន្ទរ​បញ្ជាក់ថា ហ្វេសបុក​នឹង​ពិនិត្យ​មើល​រាល់​ការ​ផ្សាយ​ជុំវិញ​រឿង​នេះ អាច​ត្រូវ​លុប​ចោល ឬ​រឹតត្បិត ហើយ​នឹង​បង្ហាញណែនាំប្រាប់​​អ្នក​ប្រើប្រាស់​ហ្វេសបុក​នៅប៉ាគីស្ថាន ឱ្យ​ទៅ​រក​ព័ត៌មានពិត ព័ត៌មាន​ដែល​អាច​ទុក​ចិត្ត​ ​ពាក់ព័ន្ធនឹង​​​វ៉ាក់​សាំង​នេះ​។

ហ្វេសបុក​និង​រដ្ឋាភិបាល​ប៉ាគីស្ថាន​ ចេញ​វិធាន​ការ​រឹង​តឹង​​ចំពោះការ​ផ្សាយ​ព័ត៌មានភាន់​ច្រឡំ​​ជុំវិញ​ការ​ទទួល​​វ៉ាក់សាំង ក៏​ព្រោះថា​ពេល​កន្លង​មក មា​នអំពើវាហប្រហារ​លើ​​​ប៉ូលីសនិង​ក្រុម​គ្រូពេទ្យ​ ដែល​បាន​ចុះ​ធ្វើ​​យុទ្ធនាការផ្តល់​វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើង​​។ រឿងសោកនាដកម្ម​នេះ  កើតឡើង​ពីខែមុន ដែល ប៉ូលីស​២នាក់និងភ្នាក់ងារ​ពេទ្យ​ម្នាក់ ត្រូវ​ជនប្រដាប់​អាវុធ​ពីរនាក់​សម្លាប់ផ្តាច់​ជី​វិត​។ ​

អាជ្ញាធរ​រដ្ឋ​​ជឿថា អំពើ​ហិង្សា​នេះ គឺ កើត​ចេញពីការ​ផ្សាយ​ព័ត៌មាន​មិនពិត។ មិនពិត​នោះ ​មាន​​ច្រើនបែប​ គឺទី១ មានការ​ផ្សាយថា ​ទទួល​ថ្នាំវ៉ាក់​សាំង​បង្ការចូលក្នុង​ខ្លួន​ទៅ ធ្វើ​ឱ្យ​គ្មាន​កូន​នៅពេល​អនាគត។ ទី២ ថ្នាំវ៉ាក់សាំង​នោះ វា​មាន​ផ្ទុះ​សារជាតិ​ ដែល​ច្បាប់​សាសនាអ៊ីស្លាម​​ហាម​ឃាត់ ដូច​ជា​សាច់​ជ្រូក​ជាដើម។ ​ទី៣ ​ក្រុម​អ្នក​បំពុល​ព័ត៌មាន​ បាន​ផ្សាយ​នោះ​ គឺ​ថា ក្រុម​ពេទ្យ​ខាង​វ៉ាក់​សាំង​បង្ការជំងឺ​នេះហើយ ដែល​ជាភ្នាក់​ងារ​របស់​ក្រុម​ស៊ើប​ការ​សម្ងាត់​អាមេរិកCIA ដែល​បាន​​ចុះ​ស៊ើប​យក​ការ​ណ៍ ​រហូត​ដល់​បាញ់​សម្លាប់​មេខ្លោង​ភេរវជនអាល់កៃដា Oussama ben Laden កាលពីឆ្នាំ​២០១១​។ ព័ត៌មាន​ចចាម​អារាម​ទាំងអស់​​នេះ ត្រូវ​រដ្ឋា​ភិបាល​បដិសេធ​ច្រាន​ចោល។

ទន្ទឹមគ្នា​ដែរ អ្នក​ជំនួយ​ការ​ពិសេស​របស់​នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Zafar Mirza បញ្ជាក់​ថា «ការ​លុប​ចោល​ខ្លឹម​សារ​ការ​ផ្សាយ​ណា​ដែល​ខុស​ការ​ពិត គឺ​ជាកិច្ចការ​​ចាំបាច់​  ព្រោះ​ថា ការ​មិន​​បានទទួល​ថ្នាំបង្ការ គឺ​ប៉ះពាល់​​គ្រោះថ្នាក់​ដល់​អាយុវជីវិត​នៃ​កុមារ​ប៉ាគីស្ថាន​ ដែល​ជាអនាគត​ជាតិ។​»​

​តាមរបាយការណ៍​​អង្គការ​សហប្រជាជាតិ,​ ប៉ាគីស្ថានគឺជាប្រទេស​១នៅក្នុង​ចំណោម​៣ប្រទេស​​ ដែល រងគ្រោះ​ខ្លាំង​និងធ្ងន់ធ្ងរ ដោយសារតែ​កុមារ​មិន​បាន​ទទួល​វ៉ាក់សាំង​បង្ការជំងឺគ្រុនស្វិតដៃជើង​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ