អានតួអត្ថបទ
ហ្សកដានី-វ៉ាទីកង់

ដំណើរ​ទស្សនកិច្ច​សាសនា និង​ការទូត​របស់​សម្តេចសង្ឃ​ប៉ាប ហ្វ្រង់ស័រ នៅ​ដើម​បូព៌ា

សម្តេចសង្ឃ​ប៉ាប​ហ្រ្វង់ស័រ បាន​ធ្វើដំណើរ​ជា​លើកទីមួយ ទៅ​កាន់​តំបន់​ដើមបូព៌ា នៅថ្ងៃ​សៅរ៍ ទី ២៤​ឧសភានេះ។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​ខ្លី រយៈពេល ៣ថ្ងៃ សម្តេចសង្ឃ​ប៉ាប ហ្វ្រង់ស័រ នឹង​ជួប​ប្រមុខ​ដឹកនាំ​នយោបាយ និង​សាសនា​នៅក្នុង​ប្រទេស​អ៊ីស្រាអែល ទឹកដី​ប៉ាឡេស្ទីន និង​ប្រទេស​ហ្សកដានី។

សម្តេចសង្ឃ​ធ្វើ​ដំណើរ​ចាកចេញ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​ដើមបូព៌ា នៅថ្ងៃ​សៅរ៍ ទី ២៤​ឧសភា ២០១៤
សម្តេចសង្ឃ​ធ្វើ​ដំណើរ​ចាកចេញ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​ដើមបូព៌ា នៅថ្ងៃ​សៅរ៍ ទី ២៤​ឧសភា ២០១៤ ©REUTERS/Tony Gentile
ផ្សាយពាណិជ្ជកម្ម

 

សម្តេចសង្ឃ​ប៉ាប ហ្វ្រង់ស័រ​បាន​ជ្រើសរើស​ទឹកដី​ហ្សកដានី​ធ្វើ​ជា​កន្លែង​ចុះចត​មុន គេ​របស់​ព្រះអង្គ នៅ​តំបន់​ដើមបូព៌ា។ ទស្សនកិច្ច​នៅ​ដើមបូព៌ា​ធ្វើឡើង ក្នុង​គោលដៅ​បន្ធូរបន្ថយ​ភាព​តានតឹង និង​បង្ខិត​ចូល​គ្នា​រវាង​អ្នកកាន់​សាសនា​កាតូលិក និង​អូតូដុក​នៅ​តំបន់​ដើមបូព៌ា។

នៅ​ក្នុង​ទឹកដី​ហ្សកដានី សម្តេច​ប៉ាប ហ្វ្រង់ស័រ​ដែល​នឹង​ជួប​ពិភាក្សា​ជាមួយ​ព្រះមហាក្សត្រ​អាប់ដាឡា ទីពីរ នឹង​លើកឡើង​ផង​ដែរ​ពី​កង្វល់​របស់​វ៉ាទីកង់ ជុំវិញ ចំណាកស្រុក​របស់​ក្រុម​អ្នកកាន់​គ្រិស្ត​សាសនា ពី​តំបន់​ដើមបូព៌ា។ យោងតាម​មជ្ឈមណ្ឌល​សាសនា​កាតូលិក នៅ​ហ្សកដានី ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយនេះ អ្នកកាន់​គ្រិស្ត​សាសនា​ជាង​២​លាន​នាក់​បាន​ចាកចេញ​ពី​តំបន់​ដើមបូព៌ា ដោយសារ​ហេតុផល​នយោបាយ សេដ្ឋកិច្ច និង​សាសនា។ កាលពី​ឆ្នាំ ១៩៦៤ នៅក្នុង​ទឹកដី​សក្តិសិទ្ធ សម្តេចសង្ឃ​ប៉ូល​ទី ៦​ក៏​ធ្លាប់​បាន​សំដែង​ការព្រួយ​បារម្ភ​ពី​ការថយចុះ​នៃ​ចំនួន​អ្នកកាន់​គ្រិស្តសាសនាដែរ។ ក្តី​បារម្ភ​ពី​ការធ្លាក់ចុះ​នៃ​ចំនួន​អ្នកជឿ​សាសនាគ្រិស្ត នៅ​តំបន់​ដើមបូព៌ា កើត​មាន​សាជាថ្មី នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ដោយសារ​តែ​ជម្លោះ​សង្រ្គាម នៅ​អ៊ីរ៉ាក់ ស៊ីរី អស្ថិរភាព​នយោបាយ​នៅ​អេហ្ស៊ីប និង​ការកើន​ឡើង​នៃ​ក្រុម​សាសនា​អ៊ីស្លាម​ជ្រុលនិយម។

យោងតាម​អ្នកវិភាគ វត្តមាន​របស់​សម្តេច​ប៉ាប ហ្វ្រង់ស័រ​ដែល​កំពុង​មាន​ប្រជាប្រិយភាព​នៅក្នុង​ពិភពលោក ដោយសារ​តែ​ឥរិយាបថ​បើក​ចិត្ត​ទូលាយ​របស់​ព្រះអង្គ នឹង​អាច​បញ្ចុះបញ្ចូល ផ្តល់​ភាពកក់ក្តៅ​ដល់​អ្នកជឿ​គោរព​គ្រិស្ត​សាសនា​នៅ​ក្នុង​តំបន់​ដើម​បូព៌ា ដែល​កំពុង​លុកលុយ​ដោយ​ក្រុមអ៊ីស្លាម​ជ្រុលនិយម។

បន្ទាប់ពី​ហ្សកដានី សម្តេច​ប៉ាប​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​អ៊ីស្រាអែល ជាទី​ដែល​ព្រះអង្គ​នឹង​លើក​និយាយ​ជាមួយ​មេដឹកនាំ​ពី​ការវាយប្រហារ​របស់​ក្រុមជី្វហ្វ​ទៅលើ​វិហារ​គ្រិស្ត​សាសនា ក្នុង​ទឹកដី​អ៊ីស្រាអែល។

ក្រៅតែ​ពី​សាសនា ទស្សនកិច្ច នៅដើម​បូព៌ា​របស់​សម្តេច​ប៉ាប ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​លក្ខណៈ​នយោបាយ។ នៅក្នុង​ទឹកដី​ហ្សកដានី សម្តេច​ប៉ាប​នឹង​ធ្វើការ​​បន់ស្រន់​ជាមួយ​ជនភៀសខ្លួន​ ស៊ីរី អ៊ីរ៉ាក់​ជាង​៦០០​នាក់ ដែល​បាន​រត់គេច​ពី​សង្រ្គាម និង​កំពុង​ជ្រកខ្លួន ក្នុង​ជំរំ​ក្នុង​ទឹកដី​ហ្សកដានី។ នេះ​បើតាម​មន្រ្តី​វ៉ាទីកង់ ដែល​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។ ចាប់តាំង​ពី​ចូល​កាន់តំណែង​ជា​ប្រមុខដឹកនាំ​សាសនា នៅ​បុរី​វ៉ាទីកង់ សម្តេច​ប៉ាប ហ្វ្រង់ស័រ ព្យាយាម​ផ្តល់​សារ ដែល​​សង្កត់​ធ្ងន់​ទៅលើ​ដំណោះស្រាយ​សន្តិភាព​ដើម្បី​បញ្ចប់​វិបត្តិ​នៅ​ស៊ីរី។ ក្នុង​វិបត្តិ​សង្រ្គាម បង្ហូរឈាម នៅ​ស៊ីរី ព្រះអង្គ​ផ្តួចផ្តើម​គំនិត​ជា​ច្រើន ដូចជា​សរសេរ​សំបុត្រ​ទៅ​ក្រុមមេដឹកនាំ​ប្រទេស​G ២០ កោះហៅ​ឯកអគ្គរដ្ឋទូត និង​សរសេរ​សារ​ជាច្រើន នៅក្នុង​Twitter ដើម្បី​បញ្ជាក់​ពី​ការប្រឆំាង​របស់​ព្រះអង្គ​ទៅ​នឹង​សង្រ្គាម និង​ការថ្លោះធ្លោយ​ផ្នែក​មនុស្សធម៌៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ