អានតួអត្ថបទ
បុរីវ៉ាទីកង់-ដើមបូព៌ា

ជា​ប្រវត្តិសាស្រ្ត សម្តេច​ប៉ាប​បាន​ប៉ះ​ជញ្ជាំង​ដែល​ពុះខណ្ឌ​ចែក​អ៊ីស្រាអែល​ពី​ទឹកដី​ប៉ាឡេស្ទីន

កាលពីថ្ងៃ​អាទិត្យ ទី ២៥ ឧសភា នៅក្នុង​ដំណើរទស្សនកិច្ច​ទៅ​Bethléem ក្នុង​ទឹកដី​ប៉ាឡេស្ទីន សម្តេចប៉ាប​ហ្វ្រង់ស័រ​បាន​ធ្វើ​កាយវិការ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដោយ ព្រះអង្គ​បាន​ប៉ះកាន់​ជញ្ជាំង ដែល​កសាង​ឡើង ដោយ​អ៊ីស្រាអែល ដើម្បី​ពុះចែក ខ័ណ្ឌ​ឲ្យ​ដាច់​ពី​ទឹកដី​ប៉ាឡេស្ទីន។ ប្រមុខសាសនា​របស់​បុរី​វ៉ាទីកង់​បាន​អំពាវនាវ​ផងដែរ​ដល់​គូ​ភាគី បញ្ចប់​ជម្លោះ ដែល​មិនគួរ​ឲ្យ​ទទួល​យកបាន​មួយនេះ។ 

ជាប្រវត្តិសាស្រ្ត សម្តេច​ប៉ាប​ប៉ះជញ្ជាំងដែល​អ៊ីស្រាអែល​សង់​ពុះចែក​អ៊ីស្រាអែល​ពីទឹកដី​ប៉ាឡេស្ទីន
ជាប្រវត្តិសាស្រ្ត សម្តេច​ប៉ាប​ប៉ះជញ្ជាំងដែល​អ៊ីស្រាអែល​សង់​ពុះចែក​អ៊ីស្រាអែល​ពីទឹកដី​ប៉ាឡេស្ទីន ©REUTERS/Osservatore Romano
ផ្សាយពាណិជ្ជកម្ម

ចេញ​ពី​ប្រទេស​ហ្សកដានី សម្តេចប៉ាប​ធ្វើដំណើរ​តាម​ឧទ្ធម្ភាគចក្រ ដើម្បី​ចុះចត​នៅ​Bethléem ទឹកដី​របស់​ប៉ាឡេស្ទីន។ Bethléem​ដែល​ជា​ទឹកដីកំណើត​របស់​ព្រះយេស៊ូ។ ព្រះអង្គ​ត្រូវ​បាន​ទទួល​យ៉ាង​អធិកអធម​ពី​អាជ្ញាធរ​ប៉ាឡេស្ទីន ជាពិសេស ពី​លោក​ម៉ាមូដ អាបាស ប្រធាន​រដ្ឋប៉ាឡេស្ទីន។

 
គួរ​ដឹងថា បុរី​វ៉ាទីកង់​ដែល​ជា​រដ្ឋឯករាជ្យ បាន​ទទួល​ស្គាល់​ប៉ាឡេស្ទីន​ជា​រដ្ឋ​មួយ។ នៅ​ចំពោះ​មុខ​​ប្រមុខដឹកនាំ​បុរីវ៉ាទីកង់​ដែល​គាំទ្រ​បុព្វហេតុ​របស់ខ្លួន លោកប្រធានរដ្ឋ​ប៉ាឡេស្ទីន​បាន​ឆ្លៀត​បរិហារ​នយោបាយ​វាតទី​របស់​អ៊ីស្រាអែល។ តាម​លោក​ម៉ាមូដ អាបាស អ៊ីស្រាអែល​បាន​ព្យាយាម​ផ្លាស់ប្តូរ​អត្តសញ្ញាណ​របស់​ទីក្រុង​ជេរូសាឡឹម​ខាងកើត រំខាន​អុកឡុក​ប្រជាជន​ប៉ាឡេស្ទីន ដែល​ជាអ្នកកាន់សាសនា​គ្រិស្ត និង​អ៊ីស្លាម។ បំណង​គឺ​ដើម្បី​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន ធុញទ្រាន់ មិនអាច​អត់ទ្រាំរស់នៅបាន និង​ត្រូវ​ចាកចេញ​ពីជេរូសាឡឹមខាង​កើត។

ប្រមុខរដ្ឋ​ប៉ាឡេស្ទីន​បាន​បញ្ជាក់​ឲ្យ​សម្តេចប៉ាប​ធ្វើ​ជា​សាក្សី​ផងដែរ​ពី​រឿង​សាងសង់​ជញ្ជាំង ដែល​ភាគី​អ៊ីស្រាអែល​បាន​បង្ខំ​ធ្វើ ដោយ​ប្រើ​កម្លាំង​បាយ។ សម្តេចប៉ាប​បាន​អំពាវនាវ​សុំ​ឲ្យ​ប្រទេស​ទាំងអស់​ទទួល​ស្គាល់​សិទ្ធិ​មាន​រូបរាង របស់​រដ្ឋ​ទាំងពីរ និង​សុំ​ឲ្យ​រដ្ឋ​ទាំងពីរ​បញ្ចប់​ជម្លោះ និង​ងាក​មក​ចុះសម្រុង ដើម្បី​រស់មាន​សន្តិភាព​ជាមួយ​គ្នាឡើង​វិញនៅក្នុង​តំបន់​ដើមបូព៌ា។

នៅតាមផ្លូវ​ធ្វើដំណើរ​ទៅកាន់​កន្លែង​បន់ស្រន់ នៅ​ក្នុង​ទីក្រុង​Bethléem សម្តេច​ប៉ាប​បាន​បញ្ជា​ឲ្យ​គេ​ឈប់​នៅកណ្តាល​ផ្លូវ។ នៅក្រោម​ក្រសែភ្នែក​រាប់រយ​គូ​របស់​ប្រជាជន​ប៉ាឡេស្ទីន ប្រមុខ​បុរី​វ៉ាទីកង់ បាន​ធ្វើដំណើរ​ទៅកាន់​ជញ្ជាំង​ដែល​កសាង​ឡើង​អាជ្ញាធរ​អ៊ីស្រាអែល​ដើម្បី​ពុះចែក​អ៊ីស្រាអែល​ពី​ប៉ាឡេស្ទីន។ តាមអ្នកយកព័ត៌មាន​របស់​ទីភ្នាក់ងារ​បារាំង AFP សម្តេច​ប៉ាប ហ្វ្រង់ស័រ​បាន​ដើរ​សំដៅ​ឆ្ពោះ​ទៅផ្នែក​នៃ​​ជញ្ជាំង​មួយដែល​សរសេរ​ជា​ភាសា​អង់គ្លេស និង​មានន័យជា​ភាសា​ខ្មែរ​ថា “សម្តេចប៉ាប ពួកយើង​ត្រូវការ​អ្នកណា​ម្នាក់​ដើម្បី​និយាយ​ពី​យុត្តិធម៌”

សម្រាប់​ប្រជាជន​ប៉ាឡេស្ទីន សម្តេច​ប៉ាប​ហ្វ្រង់ស័រ ខុសពី​សម្តេចប៉ាប​មុនៗ គឺ​ព្រះអង្គ​ជា​និមិត្តរូប​ដែល​ជះពន្លឺ​នៅក្នុង​ភពងងឹត ដែល​កំពុង​គ្របដណ្តប់​តំបន់​ដើមបូព៌ា។

នៅក្រោយ​ចប់​ពិធីបុណ្យ​សាសនា សម្តេចប៉ាប​នឹង​ធ្វើដំណើរ​បន្ត​ទៅ​ទឹកដី​អ៊ីស្រាអែល ជា​ទី​ដែល​លោក​នឹង​ជួប​លោកប្រធានាធិបតី​ស៊ីមន ប៉េរ៉េស។ នៅថ្ងៃ​ចន្ទ សម្តេចប៉ាប នឹង​ជួប បន់ស្រន់ ជាមួយ​ប្រមុខ​ដឹកនាំ​សាសនា​អូតូដុក​នៅក្នុង​ពិភពលោក។ នៅ​ដោយសារ​តែ​សម្តេចប៉ាប​​ថ្មី ខុសពី​សម្តេចប៉ាប គឺ​ចូលចិត្ត​ជិះរថយន្ត​ដែល​គ្មាន​កញ្ចក់​ការពារ​គ្រាប់ អាជ្ញាធរ​អ៊ីស្រាអែល​បាន​ពង្រឹង​ខ្លាំង​ផ្នែក​សន្តិសុខ។ កាលពីថ្ងៃ​អាទិត្យ អាជ្ញាធរ​អ៊ីស្រាអែល​បាន​ប្រកាស​ថា ខ្លួន​ចាប់បាន​មនុស្ស​២៦​នាក់ ដែល​មក​ពី​ចលនា​ប្រឆាំង​នឹង​វត្តមាន​របស់​សម្តេចប៉ាប នៅ​លើ​ភ្នំ​Sion ក្នុង​តំបន់​ជេរូសាឡឹម៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ