អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កិច្ច​ព្រមព្រៀង​ដែល​នៅ​ចែង​មិនទាន់​ច្បាស់​ពី​ជោគវាសនា​របស់​លោក Bachar Al Assad

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​វិបត្តិ​ស៊ីរី នៅទីក្រុង​ហ្សឺណែវ កាលពីថ្ងៃ​សៅរ៍​ទី ៣០​មិថុនា ប្រទេស​មហាអំណាច​ទាំងប្រាំ និង​ប្រទេស​ជិតខាង​របស់​ស៊ីរី នៅទីបំផុត បាន​យល់ព្រមគ្នា ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​រដ្ឋាភិបាល​ស៊ីរី​អន្តរកាល ដែល​មាន​ការចូលរួម​ពី​សមាជិក​រដ្ឋាភិបាល​បច្ចុប្បន្ន និង​ក្រុមបក្ស​ប្រឆាំងស៊ីរី។ នៅថ្ងៃនេះ ក្រុមបក្ស​ប្រឆាំង​ស៊ីរី​វាយតម្លៃ ផែនការថ្មី​របស់​កូហ្វី អាណាន់ មិន​សូវ​ជាមាន​លក្ខណៈ​ចាប់​បង្ខំ ហើយ គេ​ក៏​មិន​បាន​និយាយ​ពីការចុះចេញ​ពី​អំណាច របស់​លោក​ប្រធានាធិបតី​Bachar Al Assad។ ទោះជា​រុស្ស៊ី និង​ចិន​ដែល​ធ្លាប់​ប្រឆាំង​មិន​ឲ្យ​គេ​អន្តរាគមន៍​យោធា និង​លូកដៃ​ចូលក្នុង​កិច្ចការ​នយោបាយ​ស៊ីរី នៅទី​បំផុត​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង ប៉ុន្តែ អាមេរិក និង​រុស្ស៊ី នៅតែ​ខ្វែង​គំនិត​ពី​ជោគវាសនា​របស់​លោក​ Bachar Al Assad។

រដ្ឋមន្រ្តីការបរទេស​រុស្ស៊ី (ឆ្វេង) និង​លោក​កូហ្វី អាណាន់ (ស្តាំ) នៅក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​ស៊ីរី កាលពីថ្ងៃ​សៅរ៍​ទី ៣០​មិថុនា ក្នុង​ទីក្រុង​ហ្សឺណែវ
រដ្ឋមន្រ្តីការបរទេស​រុស្ស៊ី (ឆ្វេង) និង​លោក​កូហ្វី អាណាន់ (ស្តាំ) នៅក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​ស៊ីរី កាលពីថ្ងៃ​សៅរ៍​ទី ៣០​មិថុនា ក្នុង​ទីក្រុង​ហ្សឺណែវ ©Reuters
ផ្សាយពាណិជ្ជកម្ម

 

ប្រមុខ​ការបរទេស​​អាមេរិក​បាន​និយាយ​ថា កិច្ចព្រមព្រៀង​នឹង​ធ្វើ​ឲ្យ​លោក​ Bachar Al Assad​ចាកចេញ​ពី​អំណាច​ជា​ប្រាកដ។ ប៉ុន្តែ បើតាម​រុស្ស៊ី ក្នុង​ឯកសារ​នៃ​កិច្ចព្រមព្រៀង គ្មាន​ចំណុច​ត្រង់ណា​មួយ​ដែល​បញ្ជាក់ថា លោក​ Bachar Al Assad នឹង​ត្រូវ​ធ្លាក់ចេញ ពីអំណាចទេ។ តាមមន្រ្តីការទូត​ម្នាក់​ដែល​សុំ​មិន​បញ្ចេញឈ្មោះ រុស្ស៊ី​បាន​ស្នើសុំ​ទៅ​កិច្ចប្រជុំ កាលពីថ្ងៃ​ម្សិលមិញ​ថា ​គេ​ត្រូវ​យល់ព្រម​រក្សា​លោក​ Bachar Al Assad ឲ្យ​នៅក្នុង​តំណែង​ប្រធានាធិបតី រហូត​ដល់​ចប់អាណត្តិ​របស់គាត់ ឆ្នាំ ២០១៤ ហើយ​សន្តិសុខ​របស់​ក្រុមគ្រួសារ​របស់គាត់ ត្រូវ​តែ​ធានា​ដោយ​សហគមន៍​អន្តរជាតិ។

រឿង​ប្រាកដ​ថា លោក​Bachar Al Assad នៅតែ​កាន់​អំណាច​បន្ត ជា​ប្រធានាធិបតី​ស៊ីរី ឬ​ត្រូវ​គេ​ផាត់​ចេញ​ពី​រដ្ឋាភិបាល​ចម្រុះថ្មី យ៉ាងណានោះ នៅតែ​គេ​មិន​ទាន់​ដឹងច្បាស់​នៅឡើយទេ។

នៅក្នុង​ផែនការ​របស់​លោក​កូហ្វី អាណាន់ វិញ គេ​បាន​លើកឡើង​ពី​ការបង្កើត​រដ្ឋាភិបាល​ចម្រុះ សម្រាប់​រយៈកាល​អន្តរកាល ដែល​មាន​ការចូលរួម​ពី​ ក្រុមបក្ស​ប្រឆាំង និង​រដ្ឋាភិបាល​បច្ចុប្បន្ន។ ការចូលរួម​ពី​មន្រ្តី​រដ្ឋាភិបាល​បច្ចុប្បន្ន អាច​ឲ្យ​គេ​គិតថា លោក​ Bachar Al Assad នឹង​អាច​មាន​វត្តមាន ដឹកនាំ នៅក្នុង​រដ្ឋាភិបាល​ចម្រុះថ្មីនេះ។ ប៉ុន្តែ បើតាម​លោក​កូហ្វី អាណាន់ លោក Bachar Al Assad នឹង​មាន​មុខ នៅក្នុង​រដ្ឋាភិបាល​ចម្រុះ ឬ ក៏​អត់ គឺ​អាស្រ័យ​ទៅលើ​ឆន្ទះ​និង​ការសម្រេច​របស់​ប្រជាជន​ស៊ីរី តែប៉ុណ្ណោះ។ លោក​ប្រេសិត​អង្គការ​សហប្រជាជាតិ​មិនជឿថា ប្រជាជន​ស៊ីរី ដែល​មាន​សមត្ថភាព និង​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ នឹង​ជ្រើសរើស​ក្រុមមនុស្ស ​ដែល​មាន​ដៃ​ប្រលាក់ឈាម យក​មក​ដឹកនាំ​ពួកគេនោះទេ។

ជារួម បើតាម​កិច្ចព្រមព្រៀង រដ្ឋាភិបាល​ចម្រុះ​ថ្មីនេះ នឹង​កើត​ចេញមក​ពីការ​យល់​ព្រមព្រៀង​គ្នា​ទៅវិញ ទៅមក និង​ការធ្វើ​សម្បទាន ទាំងពី ​ភាគី​ទាំងពីរ គឺ​រដ្ឋាភិបាល​ស៊ីរី​បច្ចុប្បន្ន និង​ក្រុម​ប្រឆាំង។ ហើយ ក្រុមប្រទេស​មហាអំណាច និង​ក្រុមប្រទេស​ជិតខាង​ស៊ីរី ជា​អ្នក​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ​យល់ព្រមធ្វើ​តាម កិច្ចព្រមព្រៀង។ ទេស​លោកខាងលិច រួម​ទាំងប្រទេស​អារ៉ាប់ ជំរុញឲ្យ​ក្រុមប្រឆាំង​បោះបង់​ចោល​អាវុធ និង​ចូល​មកចាប់ដៃ​បង្កើត​រដ្ឋាភិបាល។ ចំណែក​រុស្ស៊ី និង​ចិន មាន​ភារកិច្ច​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​លោក​Bachar Al Assad បញ្ឈប់​អំពើ​ហិង្សា និង​យល់ព្រម​ចរចា ជាមួយ​ក្រុមប្រឆាំង ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ។

យោងតាម​កិច្ចព្រមព្រៀង រដ្ឋាភិបាល​ចម្រុះនឹង​មាន​អំណាច​ប្រតិបត្តិ​ពេញទី ចំណែក​អំណាច​ប្រធានាធិបតី​នឹង​ត្រូវ​គេ​បន្ថយ​មកវិញ។ ក្នុង​ដំណាក់​កាលនេះ គេ​ត្រូវ​អនុវត្ត​ផែនការ​៦​ចំណុច​របស់​កូហ្វី អាណាន់ ដែល​មាន​និយាយ​ពី​ការគោរព​បទឈប់បាញ់ និង​ការផ្តល់ជំនួយ​ដល់​ជនរងគ្រោះ ដោយ​អំពើ​ហិង្សា។ បន្ទាប់មក ​គេ​នឹង​បង្កើត​ការចរចា​ថ្នាក់​ជាតិ ដើម្បី​បញ្ចប់​អំពើ​ហិង្សា​ទាំងស្រុង​ក្នុង​ប្រទេស។ គេ​ត្រូវ​សើរើ និង​សរសេរ​ឡើងវិញ រដ្ឋធម្មនុញ្ញ និង​ប្រព័ន្ធច្បាប់ ដោយមាន​ការយល់ព្រម​ពី​​ប្រជាជន​ស៊ីរី។ តាមរយៈ​រដ្ឋធម្មនុញ្ញថ្មី គេ​នឹង​អាច​រៀបចំ​ការបោះឆ្នោត មួយ​ដោយ​សេរី និង​យុត្តិធម៌ ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​ថ្មី និង​រៀបចំ​រដ្ឋាភិបាល​ថ្មី ​ស៊ីរី។

គេនៅមិនទាន់​ដឹង​ទេ​ថា តើ​រដ្ឋាភិបាល​លោក​ Bachar Al Assad នឹង​ព្រមទទួល​យក​អនុវត្ត​កិច្ចព្រមព្រៀង​ដែល​រៀបចំ​ដោយ​ប្រទេស​ខាងក្រៅ។ រហូត​មកដល់​ពេលនេះ គេ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​យ៉ាងណា​ពីទីក្រុង​ដាម៉ាស ទេ នៅក្រោយ​សន្និសីទ​អន្តរជាតិ កាល​ពី​ថ្ងៃម្សិលមិញ។ ប៉ុន្តែ នៅមុន​សន្និសីទ​នេះមួយថ្ងៃ លោក​ប្រធានាធិបតី​ Bachar Al Assad​ធ្លាប់​បាន​ផ្តល់​បទសម្ភាសន៍​ទៅ​ឲ្យ​ទូរទស្សន៍​អ៊ីរ៉ង់ ដោយ​ថា រដ្ឋាភិបាល​របស់លោក​នឹង​មិន​ចុះញ៉ម​នឹង​​សម្ពាធ​ពី​បរទេស ហើយ ក៏​មិន​ទទួល​យក​ផែនការ ឬ​កិច្ចព្រមព្រៀង ដោយ​ដាក់កំហិត​ឲ្យ​អនុវត្ត​ពីសំណាក់​ប្រទេស​ខាងក្រៅ​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ