អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ផ្តោត​លើការ​អនុវត្ត​ផែនការ​គ្រប់​គ្រង​បេតិក​ភណ្ឌពិភ​ពលោក​ព្រះ​វិហារ​

ថ្មី​ៗ​នេះ ប្រធាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​ថៃ លោក ភីត​ថាយ៉ា ភុក​កា​ម៉ាន​ បាន​ប្រកាស​ថា លោក​នឹង​ជំទាស់ប្រឆាំងផែនការគ្រប់គ្រង​សម្បតិ្ត​បេតិកភណ្ឌ​ពិភ​ព​លោក​ប្រសាទ​ព្រះវិហារ​ដែល​ស្នើ​ដោយ​កម្ពុជា។ ការ​លើកឡើង​របស់​ភាគី​ថៃ នៅ​ក្រោយ​ការ​ប្រកាស​សាលដីកា​តុលាការ​ឡាអេ​នេះ មិន​បានធ្វើ​អោយ​មន្ត្រីជំនាញ​របស់​កម្ពុជា ខ្វល់ខ្វាយ​នោះឡើយ។ មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​និយាយថា សេចក្តីសម្រេច​របស់​តុលាការឡាអេចុង​ក្រោយ​នេះ​ហើយ ដែល​រឹត​តែ​អំណោយ​ផល​ដល់កម្ពុជា។

ពលរដ្ឋ​ជាអ្នកទេសចរណ៍​នៅតែបន្តទៅកាន់ប្រសាទព្រះវិហារនៅថ្ងៃទី១០ វិច្ឆិកានេះ។
ពលរដ្ឋ​ជាអ្នកទេសចរណ៍​នៅតែបន្តទៅកាន់ប្រសាទព្រះវិហារនៅថ្ងៃទី១០ វិច្ឆិកានេះ។ @rfi/ siv channa
ផ្សាយពាណិជ្ជកម្ម

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មិនបាន​សម្តែង​អារម្មណ៍ភ្ញាក់ផ្អើល​ចំពោះសេចក្តីថ្លែងការណ៍​ថ្មីៗ​នេះរបស់​មន្ត្រី​ថៃ​អំពី​គម្រោង​ជំទាស់​ប្រឆាំង​នឹង​ផែនការ​គ្រប់គ្រង​តំបន់​បេតិកភណ្ឌ​ពិភពលោក​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​នោះឡើយ។ ក្រោយពីការ​ប្រកាស​សាលដីកា​របស់​​តុលាការ​យុត្តិធម៌អន្តរជាតិ ប្រធាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​ថៃ លោក ភីត​ថាយ៉ា ភុកកាម៉ាន បាន​ប្រកាស​ថា លោក​នឹង​ជំទាស់ប្រឆាំងផែនការគ្រប់គ្រង​សម្បតិ្ត​បេតិកភណ្ឌ​ពិភពលោកប្រសាទ​ព្រះវិហារ​ដែល​ស្នើ​ដោយ​កម្ពុជា ទៅគណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ។

 

តាមពិត ផែនការ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​បេតិកភណ្ឌ​ពិភពលោក​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​កម្ពុជា​បញ្ជូន​ទៅអង្គការ​យូណេស្កូ​តាំង​ពី​ឆ្នាំ​២០១១។

ត្រង់ចំនុច​នេះ ទាំង​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជាលោក ខៀវ កាញារីទ្ធ និង​លោក​ជុច ភឿន​ ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ​បាន​អះអាង​ដូច​គ្នា ថាសាលដីកា​ចុងក្រោយ​របស់​តុលាការ​យុត្តិធម៌អន្តរជាតិ​ថ្ងៃទី​១១​វិច្ឆិកា​នោះ​ រឹត​តែ​អំណោយ​ផល និង​អនុញ្ញាត​អោយ​កម្ពុជា​អនុវត្តិ​ផែនការ​គ្រប់គ្រង​តំបន់​ប្រាសាទ​ព្រះវិហារ​​បាន​ដោយ​ងាយស្រួល។

ទំនង​ជា​ចង់​ចំអក​អោយមន្ត្រី​ថៃ លោក​ខៀវ កាញារីទ្ធ​បាន​មាន​ប្រសាសន៍​ថា ភាគី​ថៃ​ផ្លាស់​ប្តូរ​មន្ត្រី​ញឹកញាប់ ហើយ​ថា​អ្វី​ៗ​ក៏​ជា​រឿង​ថ្មី​សម្រាប់​មន្ត្រី​ដែល​មក​ដល់​ថ្មីទាំងនោះ។

លោក​ជុច ភឿន ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ​វិញ បាន​និយាយ​ដល់ថា លោក​មិន​ខ្វល់ខ្វាយ​អំពី​សេចក្តីថ្លែងការណ៍​នានា​របស់​មន្ត្រី​ថៃ​ឡើយ ហើយ​លោក​កំពុង​តែ​បន្តការងារ​នីតិវិធី​​នៃ​ផែន​ការ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​បេតិកភណ្ឌ​របស់​មនុស្សជាតិ ប្រាសាទ​ព្រះ​វិហារ។

ថ្លែង​ប្រាប់​វិទ្យុបារាំងអន្តរជាតិ លោកជុច ភឿន​បាន​ប្រាប់​អោយដឹងផង​ដែរ​ថា រដ្ឋាភិបាល​កម្ពុជា​ពិភាក្សា និង​កៀងគរប្រទេស​ជា​​ដៃគូអភិវឌ្ឍន៍ ទាំងក្នុង​​វិស័យ​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ដើម្បីអាច​​អនុវត្ត​ផែនការ​គ្រប់គ្រង​ អភិរក្ស និង​អភិវឌ្ឍន៍​តំបន់ប្រាសាទ​ព្រះវិហារ​នេះ​ហើយ។
គួរ​បញ្ជាក់អោយដឹងថា យោងតាម​ការ​ពន្យល់​របស់​ប្រធាន​អាជ្ញាធរជាតិ​ព្រះវិហារ តំបន់​ប្រាសាទ​ព្រះវិហារ​ដែល​ត្រូវ​គ្របដណ្តប់​ដោយ​ផែនការ​គ្រប់គ្រង​នោះ មាន​៤​តំបន់។

លោក​បន្ត​ថា តំបន់ស្នូល​សំខាន់ទីមួយ​មានទំហំ​ជាង​១១​ហិចតា។ តំបន់​ទ្រនាប់​មាន​ទំហំ​ជាង​២ម៉ឺនហិចតា។ តំបន់រណប​ទី៣​មាន​ទំហំជាង​៤ម៉ឺនហិចតា និងតំបន់​ទី​៤​ ដែល​កាន់​តែ​ស្ថិត​នៅ​ឆ្ងាយ​ពី​ប្រាសាទ​ព្រះវិហារ អាច​អនុញ្ញាត​អោយ​មាន​ពលរដ្ឋ​រស់នៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន​ធម្មតា។

ទោះយ៉ាងណា​ក៏ដោយ បើតាម​មន្ត្រីជំនាញ​ដដែនេះ នៅពេល​នេះ គេ​នៅមិនទាន់អាច​ដឹងថា តើ​នឹង​មាន​ថវិកា​ប៉ុន្មាន​ដែល​គេ​ត្រូវការ​សម្រាប់ការងារ​អភិរក្ស និងអភិវឌ្ឍន៍​តំបន់បេតិកភណ្ឌ​ពិភពលោក​ប្រាសាទ​ព្រះវិហារ​នោះ​នៅឡើយទេ។ ហើយថា​ តើ​យន្តការ​នៃ​ការអនុវត្តផែនការ​នេះ អាច​នឹង​ត្រូវ​ធ្វើ​ដូច​​យន្តការ ICC-Angkor ដែរ​ឬយ៉ាងណា​នោះ ក៏​នៅ​មិនទាន់មាន​ការ​សម្រេច​យ៉ាងណា​នៅឡើយ​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ