អានតួអត្ថបទ
កម្ពុជា

ពលរដ្ឋខ្មែរ​សាទរ​សេចក្តី​សម្រេច​របស់​តុលាការ​​ក្រុង​ឡាអេ​

ពលរដ្ឋ​ខ្មែរ​ទូទៅ​បាន​សំដែង​ក្តីសប្បាយរីករាយ​ចំពោះ​សេចក្តីសម្រេច​របស់​តុលាកា​ឡាអេ ដែល​ប្រកាស​ថា ទឹកដី​នៅ​ជុំវិញ​ប្រាសាទព្រះវិហារ​ ស្ថិតនៅ​ក្រោមដែន​អធិបតេយ្យ​ភាព​របស់​កម្ពុជា។ ទាំងប្រជាពលរដ្ឋ ទាំង​អ្នកច្បាប់ និង​អ្នកនយោបាយ​គ្រប់និន្នាការ​ សុទ្ធ​តែ​បាន​សាទរ​សាលដីកា​តុលាការ​យុត្តិធម៌អន្តរជាតិ ​នៅ​រសៀល​ថ្ងៃ​ចន្ទ​ទី​១១​វិច្ឆិកា។ ជា​សេចក្តី​សម្រេច​បែបប្រវត្តិសាស្ត្រ​ដែលទាក់ទង​នឹង​បូរណភាព​ទឹកដី​កម្ពុជា ដែល​ប្រឈម​នឹង​ការ​ឈ្លានពាន​របស់​ប្រទេស​ជិតខាង។

ផ្សាយពាណិជ្ជកម្ម

ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ធម្មជាតិ​តេជោ នៅ​ក្នុង​ឃុំ​ស្រអែម​ ប្រមាណ​ជាង​១០​គីឡូម៉ែត្រ​មុន​ទៅដល់​ព្រំដែន​ប្រាសាទព្រះវិហារ បាន​រៀបរាប់​អំពី​ទិដ្ឋភាព ដែលអ្នកភូមិទាំងអស់​បាន​នាំគ្នា​អង្គុយ​ស្តាប់​ការ​ប្រកាសសាលដីកា ពី​ទីក្រុង​ឡាអេ​ប្រទេសហូឡង់ ដែល​ត្រូវបាន​ផ្សាយផ្ទាល់តាម​ទូរទស្សន៍ ស៊ីអិនស៊ី និង​មាន​អម​ដោយ​ការ​បកប្រែ​ផ្ទាល់​ជា​ភាសាខ្មែរ​ផងនោះ។ លោក​បន្តថា អ្នកភូមិបាន​ហូរ​កញ្ជ្រៀវ អបអរ នៅពេលចៅក្រម​ប្រកាសថា ដីជុំវិញ​ប្រសាទព្រះវិហារ​ជារបស់​កម្ពុជា និង​ថា​ អោយ​ថៃ​ដក​កង​ទ័ព​ចេញ​ពីតំបន់នោះ។ ទោះយ៉ាងណា​ក៏ដោយ អ្នកភូមិនៅ​តំបន់ជួរមុខ​ នៅ​បន្ត​ប្រុងប្រយ័ត្ន​នៅឡើយ​។ 

លោក​មេធាវី​សុក សំអឿន​វិញ ​ក៏​បានសាទរ​នឹង​ជ័យជំនះ​របស់​កម្ពុជា​ផងដែរ។ ជ័យជំនះ​​ដែល​មេធាវី​រូប​នេះ បញ្ជាក់ថា វា​នឹង​បញ្ចប់​ទំនាស់​ព្រំដែន​ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ​រវាង​កម្ពុជា និង​ថៃ។ ហើយ​លោក​ក៏បាន​អំពាវនាវអោយ​រដ្ឋាភិបាល​ជិតខាង​ទាំងពីរ បន្ត​នយោបាយ​សហប្រតិបត្តិការ ដើម្បី​អភិវឌ្ឍន៍​តំបន់​ព្រំដែន។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ លោក ខៀវ កាញារីទ្ធ​ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វ៊េសប៊ុក​របស់​លោក​ថា នេះជាជ័យជំនះរបស់ប្រជាជនកម្ពុជាទាំងមូល និងជាជ័យជំនះ​នៃភាព​ចាស់ទុំ​នយោបាយ​របស់រាជរដ្ឋាភិបាលកម្ពុជា។

ការ​សាទរ​ក៏​មាន​មក​ពី​គណបក្ស​សង្គ្រោះជាតិដែរ។ អ្នកនាំពាក្យ​គណបក្ស​នេះ គឺ​លោកយឹម សុវណ្ណ​ បាន​សំដែងការ​សប្បាយរីករាយ ហើយក៏​បាន​ជំរុញ​អោយ​រដ្ឋាភិបាល​គិតគូរ​ចំពោះ​ព្រំដែន​កម្ពុជាទាំងមូល នៅ​គ្រប់ទីកន្លែង។

លោក​ហ៊ាង ឫទ្ធី​ ដែលជាអ្នកច្បាប់ និង​ជា​ប្រធាន​អង្គការ CNRO ​មិនចង់​បញ្ចប់ក្តីក្តាំ​ប្រាសាទ​ព្រះវិហារ​​ត្រឹម​នេះឡើយ។ លោក​បាន​ស្នើអោយ​រដ្ឋាភិបាល​កម្ពុជា ដាក់បណ្តឹងទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ប្រឆាំង​ថៃ។ ថៃ​ ដែល​លោក​ថា បាន​បង្ក​សង្គ្រាម​ធ្វើអោយខូចខាត​ប្រាសាទ​ និងសម្លាប់ពលរដ្ឋ​ខ្មែរ​ផងនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ