អានតួអត្ថបទ
កម្ពុជា

តុលាការក្រុងឡាអេ៖ តំបន់​ជុំវិញ​ប្រាសាទព្រះវិហារ​ស្ថិតនៅក្នុង​ទឹកដី​កម្ពុជា

តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុងឡាអេ បាន​បើក​សវនាការ​ជា​សាធារណៈ នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ប្រកាស​សេចក្តីសម្រេច លើ​បណ្តឹ​ង​របស់​កម្ពុជា ដែល​សុំ​ឲ្យ​បកស្រាយ​ឡើងវិញ នូវ​សាលក្រម​ឆ្នាំ​១៩៦២ ស្តីពី​ជម្លោះ​នៅ​តំបន់​ព្រះវិហារ។ តុលាការ​បាន​សម្រេច​ឲ្យ​កម្ពុជា​ឈ្នះ​ក្តី ក៏ប៉ុន្តែ មិនបាន​សម្រេច​ទៅតាម​ការទាមទារ​របស់​កម្ពុជាទាំង​ស្រុង​នោះដែរ។  

កម្ពុជា​ទទួលជោគជ័យ​ក្នុង​បណ្តឹង​​​សំណុំរឿង​តំបន់ជុំវិញ​ប្រាសាទព្រះវិហារ នៅ​តុលាការ​ក្រុងឡាអេ
កម្ពុជា​ទទួលជោគជ័យ​ក្នុង​បណ្តឹង​​​សំណុំរឿង​តំបន់ជុំវិញ​ប្រាសាទព្រះវិហារ នៅ​តុលាការ​ក្រុងឡាអេ ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

តុលាការ​យុត្តិធម៌​អន្តរជាតិ​​បាន​សម្រេច​ជា​ឯកចន្ឆន្ទ​ទៅលើ​ពីរចំណុច៖

ទីមួយ តុលាការ​យល់ឃើញ​ថា កម្ពុជា និង​ថៃ​ពិតជាមាន​ការយល់ឃើញ​ខុសគ្នា ទៅលើ​អត្ថន័យ​ និង​វិសាលភាព​នៃ​សាលាក្រម​ឆ្នាំ​១៩៦២​ពិតមែន ដូច្នេះ តុលាការ​សម្រេច​ថា​ខ្លួន​​មាន​សមត្ថកិច្ច​ដើម្បី​បកស្រាយ​សាលក្រម​នេះ ទៅតាម​បណ្តឹង​របស់​កម្ពុជា។

ទីពីរ តុលាការ​បាន​បកស្រាយ​ថា សាលក្រម​ឆ្នាំ​១៩៦២ តុលាការ​សម្រេច​ថា កម្ពុជា​ត្រូវ​មាន​អធិបតេយ្យភាព​ទៅលើ​ព្រះវិហារ និង​តំបន់​ជុំវិញ​ព្រះវិហារ​ ហើយ​តំ​បន់​ជុំវិញ​ប្រាសាទព្រះវិហារ​នេះ​ត្រូវ​លាតសន្ធឹង​ទៅ​ខាងជើង​ រហូតដល់​ខ្សែ​បន្ទាត់​ព្រំដែន ដែល​មាន​នៅលើ​ផែនទី​ឧបសម្ព័ន្ធ​ទី១ ហើយ​ទៅ​ខាងជើង​ឈៀង​ខាង​លិច ទៅដល់​ជើង​ភ្នំទ្រព្យ។

ភ្នំទ្រព្យ​មិនស្ថិត​ក្នុង​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ
 
ក៏ប៉ុន្តែ តុលាការ​បាន​បញ្ជាក់ច្បាស់ថា ភ្នំទ្រព្យ​មិនស្ថិត​ក្នុង​តំបន់​ជុំវិញ​ព្រះវិហារ ដូចដែល​បាន​ចែង​ក្នុង​សាលក្រម​ឆ្នាំ​១៩៦២ មិនមែន​មានន័យថា ភ្នំទ្រព្យ​នេះ​ស្ថិត​នៅ​ក្នុង​ដី​ថៃ​នោះទេ គឺ​មានន័យថា តុលាការ​មិនបាន​សម្រេច​អំពី​តំបន់​នេះ ពោលគឺ​ តុលាការ​មិនបាន​សម្រេច​ថា​ភ្នំទ្រព្យ​ស្ថិត​ក្នុង​ដី​ខ្មែរ ក៏ប៉ុន្តែ ក៏មិនបាន​សម្រេច​ថា​វា​ស្ថិត​នៅ​ក្នុង​ដីថៃ​ដែរ។ វា​គឺ​ជា​តំបន់​ជម្លោះ ដែល​ភាគី​ត្រូវ​ធ្វើការ​ដោះស្រាយ​ដោយ​សន្តិវិធី ទៅតាម​ធម្មនុញ្ញ​របស់​អ.ស.ប។

បើ​និយាយ​ជារួម នៅ​ក្នុង​សេចក្តីសម្រេច​ព្រឹកមិញ​នេះ តុលាការ​បាន​បញ្ជាក់​ឡើងវិញ​ថា នៅ​ក្នុង​សាលក្រម​ឆ្នាំ​១៩៦២ តុលាការ​មិនបាន​ធ្វើការ​សម្រេច​លើ​ខ្សែបន្ទាត់​ព្រំដែន​ នៅ​ក្នុង​ផែនទី ឧបសម្ព័ន្ធ​ទាំងមូលទេ គឺ​ធ្វើការ​សម្រេច​តែ​នៅ​ក្នុង​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​តែ​ប៉ុណ្ណោះ។

អ្នកណា​ឈ្នះ អ្នកណា​ចាញ់?

បើ​និយាយ​ពី​អ្នកណា​ឈ្នះ អ្នកណា​ចាញ់ យើងអាច​និយាយ​បាន​ថា នៅ​ក្នុង​សេចក្តីសម្រេច​នៅ​ថ្ងៃ​ចន្ទ​នេះ តុលាការ​បាន​សម្រេច​ឲ្យ​​កម្ពុជា​​ឈ្នះក្តី​ ក៏​ប៉ុន្តែ កម្ពុជា​ក៏​មិនទទួល​បាន​ទាំងស្រុង​​នូវ​អ្វី​ដែល​ខ្លួន​ទាមទារ​នោះដែរ។

កម្ពុជា​ឈ្នះថៃ នៅត្រង់ចំណុច​ទីមួយ ពីព្រោះ កម្ពុជា​ទាមទារ​ឲ្យ​តុលាការ​បកស្រាយ​សាលក្រម ចំណែក​ឯថៃ​វិញ​ទាមទារ​ឲ្យ​តុលាការ​ច្រានចោល​បណ្តឹង​របស់​កម្ពុជា ក្នុង​ហេតុផល​ថា មិនមាន​វិវាទ​ណាមួយ​ដែល​ចាំបាច់​ត្រូវ​បកស្រាយ​នោះទេ។ នៅ​ចុង​បញ្ចប់ តុលាការ​បាន​សម្រេច​ជា​ឯកច្ឆន្ទ​ថា មាន​វិវាទ​ទៅលើ​អត្ថន័យ​ និង​វិសាលភាព នៃ​សាលក្រម​ពិតមែន ហើយ​តុលាការ​សម្រេច​ធ្វើការ​បកស្រាយ​ទៅ​តាម​ការ​ទាមទារ​របស់​កម្ពុជា។

កម្ពុជា​ឈ្នះ​ថៃ ត្រង់ចំណុចទី២ គឺ​នៅត្រង់ថា ថៃទាមទារ​ថា តំបន់​ព្រំដែន​ជុំវិញ​ប្រាសាទ​ព្រះវិហារ គឺ​ត្រូវ​យក​ទៅ​តាម​ខ្សែបន្ទាត់​ដែល​គណៈរដ្ឋមន្រ្តី​ថៃ​បាន​គូស គឺ​មានន័យថា នៅ​ត្រឹមជើង​ជណ្តើរ​ប្រាសាទ​ព្រះវិហារ (ដោយ​កាត់យក​ទាំង​ផ្សារ​នៅ​ជើងជណ្តើរ​ប្រាសាទ​ ​ហើយ​ដែល​ឆេះ​ក្នុង​ពេល​ប្រយុទ្ធគ្នា និង​ទាំង​វត្ត​កែវសិក្ខាគិរីស្វារៈ​​បញ្ចូល​ទៅ​​ក្នុង​ទឹកដី​ថៃ)។ នៅទីបំផុត តុលាការ​ប្រកាស​ច្រានចោល​​​ខ្សែបន្ទាត់​ដែល​គូស​ដោយ​គណៈរដ្ឋមន្រ្តី​ថៃ​នេះ​ដោយ​បានសម្រេច​ជា​ឯកច្ឆន្ទ​​​ថា តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ ដែល​ត្រូវ​ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា គឺ​ត្រូវ​លាតសន្ធឹង​​​រហូត​ទៅដល់​ខ្សែបន្ទាត់​ព្រំដែន​នៃ​ផែនទី​ឧបសម្ព័ន្ធទី១ ពោលគឺ ទៅ​ហួស​ខ្សែបន្ទាត់​គូស​ដោយ​គណៈរដ្ឋមន្រ្តី​ថៃ។ នេះ​មានន័យថា ទាំង​ផ្សារ​ដែល​​នៅ​នឹង​ជើងជណ្តើរ​ប្រាសាទ​ព្រះវិហារ ទាំង​វត្ត​កែវសិក្ខាគិរី​ស្វារៈ ត្រូវ​ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា។

កម្ពុជា​មិន​ទទួល​ជ័យជម្នះ ១០០% ដោយសារ​តែ​កម្ពុជា​​បានទាមទារ​ថា តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ ដែល​ត្រូវ​ស្ថិត​នៅ​ក្រោម​អធិបតេយ្យភាព​កម្ពុជា ត្រូវ​លាតសន្ធឹង​ទៅ​ពាសពេញ​ ដែនដី​ជម្លោះ ដែល​គេ​ហៅ​ថា តំបន់ ៤,៦​គីឡូម៉ែត្រ​ក្រឡា។ ក៏ប៉ុន្តែ តុលាការ​បាន​សម្រេច​ថា តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​មិន​គ្របដណ្តប់​រហូតដល់​ពេញ​តំបន់​ ៤,៦​ទាំងស្រុង​ទេ គឺ​ទៅដល់​ត្រឹមតែ​​ជើង​ភ្នំទ្រព្យ​ប៉ុណ្ណោះ ដោយ​មិន​រាប់បញ្ចូល​ភ្នំទ្រព្យ​នេះ​ផងទេ។

ថៃ​ទទួលស្គាល់​ថា​កម្ពុជា​ជា​អ្នកឈ្នះ

នៅ​ក្រោយ​ការ​ប្រកាស​សាលក្រម​ នៅ​ព្រឹកមិញ​នេះ ​តំណាង​ភាគី​ថៃ នៅ​តុលាការ​​ក្រុងឡាអេ មិនបាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ច្រើន​​ភ្លាមៗ​ទេ ដោយ​គេ​នៅ​ចាំ​កិច្ចប្រជុំបន្ទាន់ ដែល​លោកស្រី​យីងឡាក់​កោះប្រជុំ នៅ​ល្ងាច​នេះ។ ក៏ប៉ុន្តែ ឯកអគ្គរាជទូតថៃ​ប្រចាំ​ក្រុងឡាអេ ដែល​ជា​តំណាង​ភាគី​ថៃ​បាន​មាន​ប្រសាសន៍​ខ្លី​ថា “កម្ពុជា​ឈ្នះ​បាន​ដី​តែ​មួយ​ចំណែក​តូចតែប៉ុណ្ណោះ”។

ខាង​ភាគី​កម្ពុជា​វិញ លោក​ឧបនាយករដ្ឋមន្រ្តី​ហោ ណាំហុង ក៏​មិនបាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ច្រើន​ដែរ គឺ​គ្រាន់តែ​បាន​មាន​ប្រសាសន៍​ខ្លី​​ថា សេចក្តីសម្រេច​របស់​តុលាការ​នៅ​ព្រឹកមិញ​នេះ ជា​សេចក្តីសម្រេច​ “​ល្អគួរសម” សម្រាប់​កម្ពុជា៕

ខាង​ក្រោម​នេះ ជា​ប្រសាសន៍​របស់​លោក​ហោ ណំាហុង រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា

00:58

ប្រសាសន៍​របស់​លោក ហោ ណំាហុង រដ្ឋមន្រ្តី​ការបរទេសកម្ពុជា

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ