អានតួអត្ថបទ
កម្ពុជា-ថៃ

ការដកកងទ័ព​ពីព្រំដែន​ប្រាសាទ​ព្រះវិហារ​អាចប្រព្រឹត្ត​ទៅក្រោយការ​មកដល់​នៃអ្នក​សង្កេតការណ៍​

ក្រោយ​ពី​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ គឺ​ការ​អនុវត្តន៍​សាលក្រម​មួយ​នេះ ​នោះ​គឺ​ការ​ដក​កងទ័ព។ ​នៅពេលនេះ ប្រទេស​ទាំងពីរ​នៅ​មិនទាន់​បង្ហាញ​អំពី​នីតិវិធី​នៃ​ការ​ដក​កងទ័ព​នោះ​យ៉ាង​ណានៅឡើយ​ទេ។ ​ប៉ុន្តែ​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​អះអាង​ថា ការ​ដកទ័ព​ទំនង​ជា​មិនអាច​ធ្វើ​ឡើង​មុនការ​មក​ដល់​នៃ​អ្នក​សង្កេតការណ៍​ ឥណ្ឌូនេស៊ី​នោះ​ឡើយ។​ កម្ពុជា​វិញ​បាន​ធ្វើ​លិខិត​ជំរាប​ទៅ​ប្រធាន​អាស៊ាន​អំពី​ខ្លឹមសារ​របស់​ សាលក្រម​ដែល​ជំរុញ​អោយ​កម្ពុជាថៃ​បន្ត​សហប្រតិបត្តិការ​ដើម្បី​ទទួល​យក​អ្នក ​សង្កេតការណ៍​ឥណ្ឌូនេស៊ី។

យោធាខ្មែរ​នៅតំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​
យោធាខ្មែរ​នៅតំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ © លាងដឺលុច
ផ្សាយពាណិជ្ជកម្ម

អ្នកនាំ​ពាក្យ​យោធា ឧត្តមសេនីយឯក​ឈុំ សុជាតិ​ថ្លែង​នៅថ្ងៃនេះ​ថា ​កងទ័ព​កម្ពុជា​គឺ​ជា​កងទ័ព​ស៊ីវីល័យ ថ្លៃថ្នូរ និង​គោរព​ច្បាប់។ ​ប៉ុន្តែ​ការ​ដក​កងទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ ក៏​មិន​ត្រូវ​ចេះ​តែ​ធ្វើ​ភ្លាមៗ​ដោយ​គ្មាន​ការ​ដឹងលឺ​ពី​អន្តរជាតិ​នោះ​ដែរ។ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា តាម​យោបល់​របស់​លោក លុះត្រាតែ​អ្នក​សង្កេតការណ៍​ឥណ្ឌូនេស៊ី​មក​ដល់​តំបន់​ព្រំដែន​ជាមុនសិន ទើប​កម្ពុជា​អាច​ដក​កងទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ។ ហើយ​ថា ប្រសិនបើ​កម្ពុជា​និង​ថៃ​ត្រូវ​ជួបគ្នា​ដើម្បី​និយាយ​អំពី​ការ​ដក​កងទ័ព​មែន​នោះ ​ការ​ជួបគ្នា​នេះ​ក៏ត្រូវ​តែ​ធ្វើ​តាម​យន្តការ​ចាស់ នោះ​គឺ​ការ​ជួបគ្នា​ក្រោម​វត្តមាន ឬ​ការ​ដឹងលឺ​ពី​ភាគី​ទី​៣​គឺ​អាស៊ាន។

 
ក្រោយ​ពី​ទទួលបាន​សេចក្តី​សម្រេច​របស់​តុលាការ​ហើយ​នោះ កម្ពុជា​មិនបាន​នៅ​ស្ងៀម​ឡើយ​កាល​ពី​ថ្ងៃ​ម្សិលមិញ។ ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​លោក​ហោ ណាំហុង​បាន​ធ្វើ​លិខិត​ទៅ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​ដែល​ជា​ប្រធាន​អាស៊ាន​ដើម្បី​ជូន​ដំណឹង​អំពី​បញ្ជា​មួយ​របស់​តុលាការ អោយ​កម្ពុជា​និង​ថៃ​បន្ត​សហកា​រជាមួយ​អាស៊ាន​ស្តី​អំពី​ការ​ទទួលយក​អ្នក​សង្កេតការណ៍​ឥណ្ឌូនេស៊ី។ ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​បាន​បញ្ជាក់​ថា កម្ពុជា​ចង់​អោយ​ឥណ្ឌូនេស៊ី​រៀបចំ​ការ​បញ្ជូន​អ្នកសង្កេតការណ៍​អោយ​បាន​កាន់​តែ​ឆាប់​កាន់​តែ​ល្អ។

ការ​ដក​កងទ័ព​ចេញ​ពី​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ទំនងជា​មិនមែន​ជា​បញ្ហា​សម្រាប់​កម្ពុជា​នោះឡើយ។ ​ដើមឡើយ​កម្ពុជា​ក៏មិន​ដែល​ដាក់​ពង្រាយ​កងទ័ព​នៅតាម​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​នោះ ក្រៅ​ពី​ប៉ូលិស​ព្រំដែន និង​ឆ្មាំ​រក្សា​ប្រាសាទ​ព្រះវិហារ​នោះ។ ​លោក​ឧត្តមសេនីយ​ឯក​ឈុំ សុជាតិ​បាន​ពន្យល់​ថា ​ទី១ ​កម្ពុជា​ត្រូវ​ដាក់​កងទ័ព​នៅតាម​តំបន់​មួយ​ចំនួន​ បន្ទាប់​ពី​មាន​ការ​ឈ្លានពាន​ពី​កងទ័ព​ថៃ​ចូល​ក្នុង​ទឹកដី​កម្ពុជា។ ទី២ វត្តមាន​របស់​កងទ័ព​កម្ពុជា​នៅទីនោះ គឺ​ដើម្បី​ប្រឆាំង​ទាហាន​ថៃ​ដែល​រារាំង​មិន​អោយ​កម្ពុជា​ឡើងទៅ​ប្រាសាទ​ព្រះវិហារ និង​ទី​៣ វត្តមាន​កងទ័ព​កម្ពុជា​គឺ​ដើម្បី​ធានា​សន្តិសុខ​ជូន​ដល់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ជើង​ប្រាសាទ​ព្រះវិហារ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ