អានតួអត្ថបទ
ភូមា

នាវា​ម៉ាឡេស៊ី​ដឹកជំនួយ​ទៅឲ្យ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ភូមា​ត្រូវ​ទទួល​ស្វាគមន៍​ដោយ​បាតុកម្ម

ក្រុម​អ្នក​ប្រឆាំង​នឹង​ជនជាតិ​រ៉ូហ៊ីងយ៉ា​បាន​ប្រមូលផ្តុំគ្នា​នៅថ្ងៃ​ព្រហស្បតិ៍​នេះ នៅឯកំពង់ផែ​ក្រុងរ៉ង់ហ្គូន ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការមកដល់​នៃ​កប៉ាល់​របស់​ម៉ាឡេស៊ីដឹកជំនួយ​ទៅ​ឲ្យ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា ដែល​កំពុង​រត់ភៀសខ្លួន​ពី​ផ្ទះសម្បែង ដើម្បី​គេចចេញ​​អំពើ​ហិង្សា។ គេ​សង្កេតឃើញ​ថា ម៉ាឡេស៊ី​ដែល​ជា​ប្រទេស​មាន​ប្រជាជន​ភាគច្រើន​លើសលុប​កាន់​សាសនា​អ៊ីស្លាម គឺ​ជា​ប្រទេស​ដែល​តែងតែ​បាន​បញ្ចេញ​សំឡេង​ខ្លាំងជាងគេ ក្នុងការ​បរិហារ​រិះគន់​ភូមា ទាក់ទង​នឹង​ការធ្វើ​ទុក្ខបុកម្នេញ​ទៅលើ​ពួក​រ៉ូហ៊ីងយ៉ា ដែល​ជា​​ជនជាតិ​ភាគតិច​កាន់​សាសនា​អ៊ីស្លាម​។

បាតុកម្ម​នៅ​ភូមា​ដើម្បី​ប្រឆាំង​កប៉ាល់​ម៉ាឡេស៊ី​ដែល​ដឹកជំនួយ​ទៅ​ឲ្យ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា
បាតុកម្ម​នៅ​ភូមា​ដើម្បី​ប្រឆាំង​កប៉ាល់​ម៉ាឡេស៊ី​ដែល​ដឹកជំនួយ​ទៅ​ឲ្យ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

កប៉ាល់​​ដឹក​ជំនួយ​ជា​អង្ករ ថ្នាំពេទ្យ និង​សម្លៀកបំពាក់ គិត​ជា​សរុប​​ប្រមាណ​ជា​ជាង​២ពាន់តោន រួមជាមួយ​នឹង​មន្រ្តី​មនុស្សធម៌​រាប់រយនាក់ បាន​ចាកចេញ​ពី​ប្រទេស​ម៉ាឡេស៊ី កា​លពីសប្តាហ៍មុន ហើយ​គ្រោង​ចូល​សំចត​នៅ​កំពង់ផែន​ក្រុងរ៉ង់ហ្គូន ដើម្បី​យក​ជំនួយ​មួយផ្នែក​ទៅជួយជនជាតិ​រ៉ូហ៊ីងយ៉ា​នៅ​ឯរដ្ឋ​អារ៉ាកាន់ មុននឹង​បន្ត​ដំណើរ​យក​ជំនួយ​មួយផ្នែក​ទៀត​ទៅ​ជួយ​ពួករ៉ូហ៊ីងយ៉ា​ដែល​រត់ភៀសខ្លួន​ទៅកាន់​ប្រទេស​បង់ក្លាដែស។

ទៅដល់​កំពង់ផែ​ក្រុងរ៉ង់ហ្គូន​ កប៉ាល់ដឹកជំនួយ​នេះ​ត្រូវ​ទទួលស្វាគមន៍​ដោយ​បាតុកម្ម​ប្រឆាំង ពីសំណាក់​​ព្រះសង្ឃ និង​ទាំង​អ្នក​កាន់ពុទ្ធសាសនា​ជ្រុលនិយម​មួយក្រុម ដៃកាន់​​ទង់ជាតិភូមា ព្រមទាំង​ពាក្យស្លោក​ប្រឆាំង​នឹង​ជនជាតិ​រ៉ូហ៊ីងយ៉ា។

កាល​ពីដំបូង សូម្បីតែ​រដ្ឋាភិបាល​ភូមា​ក៏​ប្រឆាំង​នឹង​ការ​ដឹកជំនួយ​នេះដែរ ដោយ​បាន​បដិសេធ​មិន​ឲ្យ​កប៉ាល់​ម៉ាឡេស៊ី​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ដែនទឹក​ភូមា។ ក៏ប៉ុន្តែ ក្រោយ​មក ភូមា​ក៏​បាន​ផ្លាស់ប្តូរ​ជំហរ​វិញ ដោយ​អនុញ្ញាត​ឲ្យ​ម៉ាឡេស៊ី​ដឹកជំនួយចូល តែ​​តម្រូវ​ឲ្យ​គោរពតាម​​លក្ខខណ្ឌ​ពីរ។ ទីមួយ កប៉ាល់​នេះ​មិន​អាច​ធ្វើ​ដំណើរ​ដោយ​ផ្ទាល់​ទៅដល់​រដ្ឋ​អារ៉ាកាន់​នោះទេ គឺ​ត្រូវ​ចូល​ចត​ត្រឹមក្រុង​រ៉ង់ហ្គូន ហើយ​ជំនួយ​ត្រូវ​ដឹកជញ្ជូន​ទៅ​រដ្ឋអារ៉ាកាន់​តាមផ្លូវគោក។ លក្ខខណ្ឌ​ទី២ ជំនួយ​នេះ​ត្រូវតែ​ធ្វើការ​ចែកចាយ​ទាំង​ទៅដល់​ជនជាតិ​រ៉ូហ៊ីងយ៉ា និង​អ្នក​កាន់​ពុទ្ធសាសនា។

គួរបញ្ជាក់ថា ការដឹកជំនួយ​របស់​ម៉ាឡេស៊ី​ទៅ​ឲ្យ​ជនជាតិ​រ៉ូហ៊ីងយ៉ា​​នេះ​ត្រូវ​បាន​ធ្វើឡើង​តែ​ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​អ.ស.ប.​បាន​ចេញផ្សាយ​របាយការណ៍​មួយ បរិហាររិះគន់​យ៉ាងធ្ងន់ៗ​ទៅលើ​កងកម្លាំង​ប្រដាប់​អាវុធ​ភូមា​ថា បាន​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ពួករ៉ូហ៊ីងយ៉ា ដោយ​បាន​ធ្វើ​សកម្មភាព​រំលោភ ទារុណកម្ម និង​ការ​សម្លាប់​រង្គាល។ ក្រុមស៊ើបអង្កេត​របស់​អ.ស.ប​ក៏​បាន​លើកឡើង​ផងដែរ​ថា សកម្មភាព​អស់ទាំងនេះ គឺ​ធ្វើឡើង​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​គោលនយោបាយ​របស់​កងទ័ព​ភូមា​ក្នុងការ​ប្រឆាំង​នឹង​ពួករ៉ូហ៊ីងយ៉ា ហើយ​ដែល​អាច​ត្រូវ​ចាត់ទុក​ជា​យុទ្ធនាការ​ “សម្អាត​ជាតិសាសន៍”។

ដូចជា​រៀងរាល់​លើក របាយការណ៍​ស៊ើបអង្កេត​នេះ​ត្រូវ​បាន​ច្រានចោល​ដោយ​អាជ្ញាធរ​ភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ