អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បាតុកម្ម​នៅ​អាមេរិក​ក្រោយពី​ជនសង្ស័យ​សម្លាប់​យុវជន​ស្បែកខ្មៅ​ត្រូវ​តុលាការ​កាត់​ឲ្យ​រួច​ទោស

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃ​អាទិត្យ​ម្សិលមិញ បាតុកម្ម​បាន​ផ្ទុះឡើង នៅ​តាម​បណ្តា​ក្រុងធំៗ​ជាច្រើន ស្ទើរតែ​ពាសពេញ​សហរដ្ឋ​អាមេរិក ដើម្បី​ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់​តុលាការ​រដ្ឋ​ Florida ដែល​បានកាត់​ឲ្យ​បុរស​ស្បែក ស George Zimmerman រួចទោស ពីបទ​សម្លាប់​យុវជន​ស្បែក​ខ្មៅ Trayvon Martin។ លោក​អូបាម៉ា​បាន​អំពាវនាវ​ឲ្យ​គ្រប់គ្នា​មាន​ការអត់ធ្មត់ និង​ធ្វើការ​ពិចារណា​ដោយ​​ភាព​ស្ងប់ស្ងៀម។ លោក​ប្រធានាធិបតី​អាមេរិក​បាន​ចាត់ទុក​ការស្លាប់​របស់​យុវជន​ស្បែក​ខ្មៅ Trayvon Martin ថា ជា​សោកនាដកម្ម​មួយ ក៏ប៉ុន្តែថា ប្រទេស​មាន​ច្បាប់ ហើយ​តុលាការ​ជា​អ្នក​សម្រេច​សេចក្តី។

Georges Zimmerman នៅក្រោយ​ពេល​តុលាការ​ប្រកាស​សាលក្រម កាល​ពីយប់ថ្ងៃ​សៅរ៍
Georges Zimmerman នៅក្រោយ​ពេល​តុលាការ​ប្រកាស​សាលក្រម កាល​ពីយប់ថ្ងៃ​សៅរ៍ REUTERS/Joe Burbank
ផ្សាយពាណិជ្ជកម្ម

សំណួរ-តើ​ដំណើររឿងហេតុ​ពីដំបូង​វា​យ៉ាងម៉េច​ខ្លះ ដែល​នាំ​មក​ដល់​បញ្ហា​ចម្រូងចម្រាស​នៅពេល​នេះ?

ដំណើរឿង​ដំបូង កើតឡើង កាលពី​យប់ថ្ងៃ​ទី២៦ កុម្ភៈ ឆ្នាំ​២០១២ នៅ​ក្នុងរដ្ឋ Florida។ នៅ​យប់នោះ Trayvon Martin យុវជន​អាមេរិក​ស្បែក​ខ្មៅ កំពុង​ដើរ​សំដៅ​ទៅផ្ទះ ហើយ George Zimmerman ជនជាតិ​អាមេរិក​ស្បែក ស មានដើមកំណើត​​ពី​ប្រទេស​និយាយភាសា​អេស្ប៉ាញ (និង​ជា​អ្នក​ស្ម័គ្រចិត្ត​ធ្វើ​ឆ្មាំ​ចាំយាម​សង្កាត់​) ឃើញ​ Martin ក៏​មាន​ការ​សង្ស័យ​ថា​ជា​ក្មេងខូច ក៏​ទូរស័ព្ទ​ប្រាប់​ប៉ូលិស។

ប៉ូលិស​បាន​ប្រាប់​ទៅ Zimmerman វិញ​ថា កុំ​ឲ្យ​គាត់​តាម​ពីក្រោយ​យុវជន​ Martin ហើយ​ទុក​ឲ្យ​ប៉ូលិស​ជា​អ្នក​ចាត់ការ ព្រោះ​ភ្នាក់ងារ​ប៉ូលិស​កំពុង​ធ្វើ​ដំណើរ​ទៅ​​កន្លែង​នោះហើយ។ Zimmerman មិនស្តាប់ ក៏​តាម Martin ពីក្រោយ។ បន្ទាប់មក​ ​មាន​ការ​ប្រតាយប្រតប់គ្នា ហើយ​ Zimmerman ដកកាំភ្លើង​បាញ់​សម្លាប់ Trayvon Martin។

នៅ​ក្នុង​ការ​វាយប្រតាយប្រតប់គ្នា​នេះ រឿងពិត​យ៉ាងម៉េច​​មិនមាន​អ្នកណា​ដឹង​ទេ ក្រៅតែ​ពី Zimmerman ព្រោះ​មិនមាន​សាក្សី​ឃើញ​ហេតុការណ៍​ផ្ទាល់ភ្នែក ហើយ​ Trayvon Martin ស្លាប់​បាត់ទៅហើយ។ អ្វីដែល​គេ​ដឹង គឺ​ត្រឹមតែ​ថា Martin ដៃទទេ​គ្មាន​អាវុធ ចំណែក​ឯ Zimmerman មាន​កាំភ្លើង ដែលគាត់​កាន់កាប់​ដោយ​ស្របច្បាប់។

សំណួរ-អាមេរិក​​ជា​ប្រទេស​ជើងឯកខាង​ប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ហេតុអ្វី​បាន​​ជា​​មាន​ករណី​តុលាការ​កាត់​ឲ្យ​ជន​ដៃដល់​រួចទោស រហូត​បង្ក​ជា​បាតុកម្ម​ប្រឆាំង​គគ្រឹកគគ្រេង​បែបនេះ?
 
បញ្ហា​ដែល​ចោទ ក្នុង​សំណុំរឿង Zimmerman នេះ វា​ជា​បញ្ហា​ទាក់ទង​នឹង​ការស៊ើបអង្កេត​របស់​ប៉ូលិស ការ​​ខ្វះ​ភស្តុតាង និង​សាក្សី​ដាក់​បន្ទុក​លើ Zimmerman ជាជាង​បញ្ហា​អព្យាក្រឹត្យ ឬ​ឯករាជ្យ​របស់​តុលាការ។

គួរបញ្ជាក់ថា ការសម្រេច​ឲ្យ​ Zimmerman រួចទោស គឺ​ធ្វើឡើង​ដោយគណៈវិនិច្ឆ័យ ដែល​មាន​គ្នា ៦នាក់ សុទ្ធសឹង​ជា​ប្រជាពលរដ្ឋ​សាមញ្ញធម្មតា។ បើតាម​មើលទៅ ការសម្រេច​របស់​គណៈវិនិច្ឆ័យ​ទាំង ៦នាក់​នេះ គឺ​ធ្វើឡើង​ទៅតាម​គោលការណ៍​នៃ​ច្បាប់ព្រហ្មទណ្ឌ ដែល​ថា “វិមតិសង្ស័យ​ត្រូវ​បាន​ជា​ប្រយោជន៍​ដល់​ជនជាប់ចោទ”។ នៅ​ក្នុង​ច្បាប់​អាមេរិក​គោលការណ៍​នេះ គេ​កំណត់​ថា គេ​អាច​កំណត់​ថា​ជន​ណាមួយ​មាន​ទោស​បាន លុះត្រា​តែ​គេ​មាន​មូលដ្ឋាន​សំអាង​ជាក់លាក់​បំផុត ដោយ​គ្មាន​មន្ទិលសង្ស័យ​ (Reasonable Doubt)។

នៅ​ក្នុង​សំណុំរឿង Zimmerman នេះ គណៈវិនិច្ឆ័យ​បាន​ជជែក​ដេញដោល​គ្នា​អស់រយៈពេល ១៦ម៉ោង​កន្លះ ហើយ​គេ​មើលឃើញ​ថា ភស្តុតាង​ដាក់​បន្ទុក​លើ​ Zimmerman មាន​មិនគ្រប់គ្រាន់ ដែល​ធ្វើ​ឲ្យ​គេ​នៅ​មាន​មន្ទិលសង្ស័យ​លើ​ពិរុទ្ធភាព​របស់​គាត់ ទើប​​គេ​សម្រេច​ឲ្យ​គាត់​រួចទោស។

សំណួរ-គេដឹងថា មនុស្ស​ពីរនាក់​ប្រតាយប្រតប់​គ្នា​ ម្នាក់​មាន​កាំភ្លើង ម្នាក់​ទៀត​ដៃទទេ ហើយ​​អ្នកមាន​កាំភ្លើង​ បាញ់​សម្លាប់​ អ្នក​ដៃទទេ។ តើ​មាន​អ្វី​ដែល​ជា​ចំណុច​គួរ​ឲ្យ​មន្ទិល​សង្ស័យ​ទៀត?
 
តាមពិត ចំណុច​ដែល​គួរ​ឲ្យ​មន្ទិល​សង្ស័យ មិនមែន​នៅត្រង់ថា តើ Zimmerman បាន​បាញ់​សម្លាប់ Trayvon Martin ដែរ​ឬ​ក៏​អត់​ទេ។ Zimmerman ពិត​ជា​បាន​បាញ់​សម្លាប់ Martin មែន។ Zimmerman ខ្លួនឯង​ផ្ទាល់​ក៏​បាន​ទទួលស្គាល់ ហើយ​ថែមទាំង​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​ប៉ូលិស​ផង ក្រោយ​ពី​បាញ់​សម្លាប់ Martin រួចហើយ។ ក៏ប៉ុន្តែ Zimmerman បាន​អះអាង​ថា គាត់​បាញ់​សម្លាប់ Trayvon Martin នេះ ក្នុង​សិទ្ធិ​ការពារខ្លួន ព្រោះ Martin បាន​វាយប្រហារ​មក​លើ​រូបគាត់ ចាប់គាត់​ផ្តួល ជាន់ពីលើគាត់ ហើយ​បោក​ក្បាលគាត់​​ទៅដី ទើប​គាត់​ដកកាំភ្លើង​បាញ់ ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង។

ចំណុច​ដែល​គណៈវិនិច្ឆ័យ​នៅមន្ទិលសង្ស័យ ហើយ​ដែល​មាន​ភស្តុតាង និង​សាក្សី​មក​បញ្ជាក់​ច្បាស់លាស់ គឺ​នៅត្រង់ចំណុច​ថា តើ​ Zimmerman ដកកាំភ្លើង​បាញ់​សម្លាប់ Trayvon Martin ដោយ​កំហឹង ដោយ​សម្អប់ ឬ​ក៏​ដោយសារ​តែ​ការពារ​ខ្លួន​ពិត​ប្រាកដ​មែន?

បញ្ហា​មួយ​ដែល​ចោទ គឺ​នៅត្រង់​និយមន័យ​នៃ​សិទ្ធិការពារខ្លួន។ បើ​នៅ​ក្នុង​ច្បាប់​ព្រហ្មទណ្ឌ​ខ្មែរ ក៏ដូចជា ច្បាប់​បារាំង សិទ្ធិការពារខ្លួន​អាច​ប្រើ​បាន​ តែ​នៅពេលណា ដែល​យើង​មិនមាន​មធ្យោបាយ​អ្វីផ្សេង ដើម្បី​​ទប់ទល់ ឬ​គេច​ពី​ការ​វាយប្រហារ​ពី​អ្នក​ដទៃ​បាន ហើយ​មធ្យោបាយ​ការពារខ្លួន​នេះ​ចាំបាច់​ត្រូវ​តែ​ឲ្យ​សមាមាត្រ​នឹង​អំពើ​វាយប្រហារ។

ចំពោះ​ករណី​ Zimmerman នេះ យើងឃើញ​ថា Trayvon Martin ដៃទទេ ហើយ​ Zimmerman ប្រើ​កាំភ្លើង ដូច្នេះ ជា​មធ្យោបាយ​ការពារខ្លួន​ដែល​មិន​សមាមាត្រ ហើយ​ជាពិសេស​ទៅទៀត Zimmerman ជា​អ្នក​ដេញតាម Trayvon Martin។ ប៉ូលិស​ប្រាប់​ថា កុំ​ឲ្យ​ដេញតាម គាត់​នៅតែ​ដេញតាមទៀត។ ដូច្នេះ បើ​តាម​ច្បាប់​ខ្មែរ ឬ​ច្បាប់​បារាំង គាត់​ពិបាក​នឹង​​លើកយក​សិទ្ធិការពារខ្លួន​មក​ប្រើ​នៅ​មុខ​តុលាការ។

ក៏ប៉ុន្តែ នៅ​អាមេរិក​ សិទ្ធិការពារខ្លួន​នេះ វា​ខុស​ពី​ច្បាប់​ខ្មែរ ឬ​ច្បាប់​បារាំង។ ជាពិសេស នៅ​ក្នុង​រដ្ឋ Florida ក៏​ដូចជា រដ្ឋ​ប្រហែល​ជា ២០​ផ្សេងទៀត គេ​បង្កើត​ច្បាប់​មួយ ដែល​គេ​ឲ្យឈ្មោះ​ថា « Stand Your Ground »។ ច្បាប់​នេះ​អនុញ្ញាត​ឲ្យ​ជនណា​ក៏ដោយ ដែល​ទទួល​រង​នូវ​ការ​វាយប្រហារ ឬ​ក៏​យល់​ថា មាន​ការ​គំរាមកំហែង​ដល់​អាយុជីវិត​​ដល់​ខ្លួន អាច​ប្រើ​កម្លាំង​តបតវិញ​ភ្លាមៗ ដោយ​មិនចាំបាច់​ព្យាយាម​រត់គេច​ទេ ហើយ​មធ្យោបាយ​តបត​នោះ​អាច​ប្រើ​បាន បើទោះបី​ជា​វា​អាច​ប៉ះពាល់​ដល់​អាយុជីវិត​ក៏ដោយ។

ដូច្នេះ​ បើ​និយាយ​ឲ្យចំ​ទៅ បញ្ហាចម្រូងចម្រាស ទាក់ទង​នឹង​សំណុំរឿង Zimmerman នេះ វា​ជា​បញ្ហា​ច្បាប់ ច្រើន​ជាង​បញ្ហា​តុលាការ ពោលគឺ បញ្ហា​ច្បាប់​ស្តីពី​សិទ្ធិការពារខ្លួន និង​បញ្ហា​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ការកាន់កាប់​អាវុធ។

ក៏ប៉ុន្តែ អ្នក​ដែល​នាំគ្នា​ចេញ​ធ្វើ​បាតុកម្ម​ ប្រឆាំង​នឹង​សេចក្តីសម្រេច​ឲ្យ Zimmerman រួចទោស​ គេ​គិតថា ដោយសារ​តែ Trayvon Martin ជាជនជាតិ​ស្បែក​ខ្មៅ ទើប​ Zimmerman យល់ថា​ជា​ក្មេងខូច ហើយ​ដេញ​តាម រហូតនាំ​ឲ្យ​មាន​ការ​ប្រតាយប្រតប់គ្នា។ ម្យ៉ាង​ទៀត គេយល់ថា បើ​សិន​ជា Zimmerman ជា​ជនជាតិ​ស្បែក​ខ្មៅ ហើយ Trayvon Martin ជា​ជនជាតិ​ស្បែក ស វិញ ប្រហែល​ជា​តុលាការ​កាត់​ឲ្យ Zimmerman ចាប់ទោស​បានទៅហើយ។ ដូច្នេះ គេ​នាំគ្នា​គិតថា នេះ​វាជា​បញ្ហា​ទាក់ទង​នឹង​​ការ​រើសអើង​ប្រកាន់​ពណ៌សម្បុរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ