អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កាតា​ ឋាននរក​សម្រាប់​ពលករ​បរទេស​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​នាម​ជា​​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​បាល់ទាត់ពិភពលោក​ ឆ្នាំ​២០២២​ ​ប្រទេស​កាតា ​​បាន​​ទទួល​យក​ពលករ​បរទេស​យ៉ាងសន្ធឹកសន្ធាប់​​ អោយចូល​មកធ្វើការ​​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​ ក្នុង​ទឹកដី​ខ្លួន។ ​​ប៉ុន្តែ​ កាតា​ជាប្រទេស​អ្នកមាន​ដ៏ល្បីល្បាញ​ក្នុងពិភពលោក​នោះ មិនមែន​ជា​កន្លែង​ផ្តល់​ប្រាក់ខែ​ខ្ពស់​អោយ​ដល់​ពលករ​បរទេស​នោះទេ។ ពលករ​បរទេស​ត្រូវ​បាន​គេរំលោភ​សិទ្ធិ​​​ធ្ងន់ធ្ងរ ពលករ​​ច្រើននាក់​​ថែមទាំង​ត្រូវបាន​បាត់បង់​ជីវិត ក្នុង​ពេល​បំពេញ​ការងារ​​នៅកាតា​ទៀតផង។ ​​

ពលករ​បរទេស​នៅ​ Doha ប្រទេស Qatar
ពលករ​បរទេស​នៅ​ Doha ប្រទេស Qatar Getty Images
ផ្សាយពាណិជ្ជកម្ម

ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​​រៀបចំ​ការប្រកួត​បាល់ទាត់​ពិភពលោក​ ឆ្នាំ២០២២ ប្រទេ​ស​កាតា​បាន​នាំ​ពលករ​បរទេស​យ៉ាងច្រើន​សន្ធឹកសន្ធាប់​អោយ​ចូល​មកក្នុង​ទឹកដី​ខ្លួន ដើម្បី​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ បែបយ៉ាង​​ផ្លូវរថភ្លើង អាកាសយានដ្ឋាន ​សណ្ឋាគារ រឺក៏​ទីលាន​កីឡា​ជាដើម។​ ​ពលករ​បរទេស​​​​នៅកាតា​ មាន​រហូត​ដល់​១លាន​៤សែននាក់។ ពលករ​មកពី​អាស៊ីអាគ្នេយ៍​មាន​​ ៨០ភាគរយ ក្នុង​ចំណោម​ប្រជាជន​២លាន​នាក់ នៅកាតា​ ហើយ​ ភាគច្រើន​​ជាជនជាតិ​ឥណ្ឌា ស្រីលង្កា នេប៉ាល់ និង​បង់ក្លាដែស។

ពលករ​បរទេស​​មកបំរើការងារ​នៅ​​កាតា សុទ្ធ​តែ​ស្រមៃ​និង​​សង្ឃឹម​ថា អាច​ផ្ញើ​ប្រាក់ខែ​ដែល​ខ្លួន​រកបាន​នៅកាតា​ ​យក​ទៅ​ជួយគ្រួសារ​ក្នុង​ទឹកដី​កំណើត​ រឺក៏​សន្សំ​ប្រាក់ខែ​​ដណ្តឹង​ប្រពន្ធ សាងសង់​ផ្ទះ​ជាដើម។ ប៉ុន្តែ​ នៅកាតា ក្តីស្រមៃ​និង​ក្តីសង្ឃឹម​ទាំងអស់​នេះ បាន​រលាយ​ដូច​អំបិល​ត្រូវទឹក។ ​​ ​មូលហេតុ​គឺថា សិទ្ធិ​ពលករ​បរទេស​​ ​​ពុំត្រូវបាន​គេ​គោរព​​ពេញលេញ​​នោះទេ។ កាតា​ជា​ប្រទេស​អ្នកមាន​​មែនពិត តែប្រាក់ខែមធ្យម​​ដែល​ពលករ​ទទួលបាន​មានត្រឹមតែ​១៥០​ដុល្លារ​​ប៉ុណ្ណោះ។ បណ្តា​ក្រុមហ៊ុន​ដែល​ជ្រើសរើស​​មនុស្ស​អោយទៅ​បំរើការ​​នៅកាតា បាន​ទៅរក​មនុស្ស​នៅ​តាម​ភូមិដាច់ស្រយាល​នៅ​​ប្រទេស​នេប៉ាល់ ឥណ្ឌា រឺ​ក៏​ស្រី​លង្កា​ជាដើម។ ពលករ​បរទេស​ទាំងនេះ ត្រូវបាន​ក្រុមហ៊ុនទុច្ចរិត​​ កិបកេង​​ប្រយោជន៍។ ពេល​​ចុះពី​យន្តហោះ​ទៅដល់​​កាតា​ ពលករ​បរទេស​ត្រូវ​បង់​​ផលចំណេញ​៣០ភាគរយ អោយ​ទៅ​​ក្រុមហ៊ុន​​ការងារ​ទាំងនេះ។ លើសពីនេះ ថ្លៃ​សំបុត្រ​​យន្តហោះ និង​​​​វីសា​គឺជា​បន្ទុក​របស់​ពលករ​ផ្ទាល់ ដូច្នេះ​ពលករ​ត្រូវ​បង្ខំចិត្ត​ជំពាក់បំណុល​​ ដើម្បី​ដោះស្រាយ​​បញ្ហា​នេះ។

ដោយឡែក ពេល​បាន​បំរើការ​នៅ​​កាតា​រួចមក ពលករ​បរទេស​​ច្រើន​នាក់​ នៅមិនទាន់​មាន​ក្រដាស​ស្នាម​​ស្របច្បាប់​នោះទេ។ ​​ថៅកែ​បាន​កិបកេង​ប្រាក់ខែ រឺ​មិនបើកអោយពួកគេ​បាន​​គ្រប់ចំនួន ​តាមពេល​វេលា​កំណត់​។ ​​ថៅកែ​ខ្លះ​បាន​​ដកហូត​ទិដ្ឋាការ​ឆ្លងដែន​ពលករ​ទុក ​ដើម្បីកុំអោយ​ពួកគេ​​រត់គេច​ពីការងារ។

ប្រាកដ​ណាស់ ដើម្បី​កសាង​ផ្លូវរថភ្លើង សណ្ឋាគារ ដ៏​មហាសាល លើកស្ទួយ​មុខមាត់​ប្រទេស​កាតា ក្នុង​ការ​រៀបចំ​ការប្រកួត​​​​បាល់ទាត់​ពិភពលោក​ ឆ្នាំ​២០២២ ពលករ​បរទេស​ត្រូវ​គេ​បង្ខំ​អោយ​​ធ្វើការ​ហួសកម្លាំង ក្រោម​កំដៅ​​ថ្ងៃ​៥០អង្សា​​ ​​គ្មានម៉ោង​​សម្រាក​គ្រប់គ្រាន់ ប្រៀបបាន​ទៅ​នឹង​ទាសករ។ ​ពួកគេ​គ្មានកន្លែង​ស្នាក់នៅ​សមស្រប កម្មករ​ជាង១០នាក់ ដេក​ក្នុង​បន្ទប់​តែមួយ ហើយ​​​ថៅកែ​មួយ​មិនបាន​ផ្តល់​​ភួយ កន្ទេល​អោយពួកគេ​​​នោះទេ។

ដោយសារ​ធ្វើការ​បាក់កម្លាំង ពលករ​​ច្រើននាក់​បាន​​ធ្លាក់ខ្លួន​ឈឺរហូត​ស្លាប់​។ ​ក្នុង​​​ក្របខណ្ឌ​ការងារ​នៅកាតា​ មាន​ប្រព័ន្ធ​មួយ​ឈ្មោះថា កាឡាហ្វា ​បាន​ប្រព័ន្ធ​​​ផ្តល់សិទ្ធិ​អោយ​ថៅកែ​ហាមឃាត់​ពលករ​ មិនអោយ​បំរើការងារ​កន្លែង​ផ្សេង ​​អោយ​ថៅកែ​ដកហូត​លិខិត​ឆ្លងដែន​ពលករ​​ទុក​បាន។ នៅកាតា ពលករ​គ្មានសិទ្ធិ​ធ្វើកូដកម្ម​អ្វីនោះទេ។ ដូច្នេះ ពលករ​ទោះ​ជា​មកពី​ប្រទេស​លោកខាងលិច​ក៏ដោយចុះ ពិបាក​នឹង​រត់ចេញ​ពីកាតា​បានស្រួលណាស់។

កាសែតប្រចាំថ្ងៃ​អង់គ្លេស​ ឈ្មោះថា The Gardian ធ្លាប់​បានចុះផ្សាយ​ថា ចន្លោះ​ខែ​មិថុនា និង​​ខែ​សីហា ឆ្នាំ២០១៣ កម្មករ​ជនជាតិ​នេប៉ាល់​ ​​៤៤នាក់ ដែល​បំរើការងារ​ការដ្ឋាន​សំណង់​​នៅកាតា បាន​បាត់បង់​ជីវិត។ ពលករ​ឥណ្ឌា​​​ស្លាប់​ នៅ​កាតា​ ក្នុង​​​ឆ្នាំ​២០១២ មាន​​២៣៧នាក់។ សម្រាប់​៩ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៣ ពលករ​​​នេប៉ាល់ដែល​ស្លាប់​នៅកាតា​​វិញ មាន​ដល់​១៥៩នាក់។​ ប្រភព​​មិន​បញ្ចេញ​​អត្តសញ្ញាណ​អាច​យកជាការ​បាន​មួយ បាន​ប្រាប់ថា ការស្លាប់​របស់​ពលករ​៥០ទៅ​៦០ភាគរយ គឺ​បណ្តាល​មកពី​បញ្ហា​បេះដូង។ 

កន្លងមក សមាជិក​សហជីព​ការងារ​ផ្នែក​សំណង់​និង​ឈើ ត្រូវបាន​ក្រុមហ៊ុន​សាងសង់​បារាំង​មួយ បដិសេធ​មិនអោយ​ចូលទៅ​ត្រួតពិនិត្យ​​លក្ខខណ្ឌ​ការងារ​នៅការដ្ឋាន​ខ្លួន។ ការ​ត្រួតពិនិត្យ​ស៊ើបអង្កេត​លើ​ការរំលោភ​សិទ្ធិ​ការងារ​នៅកាតា ​ពិបាក​នឹង​ធ្វើបាន​ស្រួល ​​អ្នក​ស៊ើបអង្កេត​​មិនទាន់មានចំនួន​​គ្រប់គ្រាន់​ ហើយ​ប្រព័ន្ធ​ច្បាប់​នៅកាតា​ទៀតសោត​ នៅ​យឺតយ៉ាវ​​​ ដូច្នេះ​ ​ការរំលោភ​សិទ្ធិមនុស្ស​ បំពាន​សិទ្ធិពលករការងារ​ នៅតែ​កើត​​មាន​ជា​ប្រចាំ។

ផ្ទុយទៅវិញ ​នៅចំពោះ​មុខ​ស្ថានភាព​​ទាំងនេះ អាជ្ញាធរ​កាតា​បែរ​ជា​​បិទភ្នែក​ ហើយ​ថែមទាំង​ចោទ​កាសែត​អង់គ្លេស​ដែល​បាន​ចុះផ្សាយ​ពី​ការស្លាប់​របស់​ពលករ​នេប៉ាល់​នោះ ថា​បាន​បំផ្លើស​​ព័ត៌មាន​ទៀតផង។ ក្រសួងការងារ​កាតា​ថែមទាំង​អួត​​ ​ថា បណ្តា​សហគ្រាស​​មានវត្តមាន​នៅកាតា បាន​គោរព​​លក្ខខណ្ឌការងារបាន​៩៩​ភាគរយ​ឯណោះ។

ក្រោយពេល​​​​រឿងអាស្រូវ​ស្លាប់​ពលករ​បរទេស​​បាន​ផ្ទុះឡើង ​រហូត​ដល់​មានប្រតិកម្មពី​អង្គការ​សហប្រជាជាតិ​ រដ្ឋាភិបាល​កាតា​បាន​​​ដុតដៃដុតជើង ធ្វើ​កំណែ​​ទម្រង់​សម្រេច​បាន​នូវ​កាតិកា​សញ្ញា​​កែលម្អ​លក្ខខណ្ឌ​ការងារ​មួយ កាលពី​ថ្ងៃ​១១កុម្ភៈ​​ថ្មីៗនេះ។ ប៉ុន្តែ កាតិកា​សញ្ញា​នេះ​មិនបាន​ចែង​ទាក់ទង​​ប្រព័ន្ធកាហ្វាឡា ដែល​បានគាបសង្កត់​សិទ្ធិ​ពលករ​​​ ហើយ​ដែល​អង្គការ​សហប្រជាជាតិ​ធ្លាប់​សុំ​អោយ​លុបចោល​នោះទេ។ ​

គួរបញ្ជាក់​ដែរថា ដោយសារ​ការរំលោភសិទ្ធិ​ពលករ​បរទេស​នេះ កន្លងមក​ ធ្លាប់​មាន​ការ​ទាមទារ​ជាច្រើន​អោយ​ផ្លាស់ប្តូរ​ប្រទេស​​រៀបចំ​ការប្រកួត​បាល់ទាត់​ពិភពលោក​ទៀតផង។ ​​ ​ទន្ទឹម​នេះដែរ កន្លងមក កាតា​ធ្លាប់​​បាន​គេ​សង្ស័យថា​ បាន​សូកប៉ាន់​ទិញសន្លឹកឆ្នោត​ពី​សមាជិក​មួយចំនួននៃសហព័ន្ធ​ហ្វ៊ីហ្វា ដើម្បីជាប់​​​ឈ្មោះ​ជាម្ចាស់ផ្ទះ​រៀបចំការប្រកួត​បាល់ទាត់​ពិភពលោក​នេះ។ ប៉ុន្តែ ​នៅសប្តាហ៍​មុននេះ សហព័ន្ធ​បាល់ទាត់​អន្តរជាតិFIFA ​​ប្រាប់ថា ​ការ​ប្រកួត​​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០២២ នឹង​ប្រព្រឹត្តទៅ​​នៅ​កាតា ​ដូច​ការ​គ្រោងទុក​ដដែល។​

ដូច្នេះ​ គេ​អាច​និយាយ​បានថា ក្នុង​នាម​ជាប្រទេស​អ្នកមានដូចកាតា​​ អ្នកណា​អ្នកណា​ក៏​ញញើត​ដែរ។ ទោះ​ជា​បាន​មើលឃើញ​ថា ពលករ​បរទេស​ត្រូវបាន​គេ​រំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ​នៅ​កាតា​ក៏ដោយ​ចុះ សហព័ន្ធ​FIFA ប្រាប់ថា មិនអាច​លូកដៃ​ចូលកិច្ចការផ្ទៃក្នុង​កាតា​នោះទេ តែ​​សហព័ន្ធ​សង្ឃឹម​ថា ព្រឹត្តិការណ៍​ពិភពលោកមួយ​​នេះ​អាច​ជួយកែលម្អ​ស្ថានភាព​​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​នេះ​​បាន។ សរុបសេចក្តី​ទៅ​មុនការប្រកួតបាល់ទាត់ពិភពលោក​នេះ ​ពលករ​បរទេស​មានតែ​ធ្មេចភ្នែក​​បន្ត​ធ្វើជាជន​រងគ្រោះ​ រង់ចាំ​កិច្ចសន្យា​ការងារ​ផុតកំណត់​ប៉ុណ្ណោះ។
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ