អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ព្រឹទ្ធសភា​អាមេរិក​អនុម័ត​ច្បាប់​ធ្វើកំណែទម្រង់​អន្តោប្រវេសន៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃ​ព្រហស្បតិ៍ ២៧មិថុនា​២០១៣ ព្រឹទ្ធសភា​អាមេរិក​ទើប​នឹង​បាន​អនុម័ត​ច្បាប់​ដ៏សំខាន់មួយ ​ស្តីពី​ការ​ធ្វើ​កំណែទម្រង់​ផ្នែក​អន្តោប្រវេសន៍ ដែល​​​អាមេរិក​មិនដែលធ្វើ​ចេញ​សោះ តាំង​ពី​សម័យកាល​លោក​រ៉ូណាល់ រេហ្គែន (Ronald Reagan) កាល​ពី​ឆ្នាំ​១៩៨៦។

វិមាន​​កាពីតូល នៅ​រដ្ឋធានី​វ៉ាស៊ីងតោន ដែល​ជា​វិមាន​សភា​អាមេរិក (ទាំង​ព្រឹទ្ធសភា និង​រដ្ឋសភា)
វិមាន​​កាពីតូល នៅ​រដ្ឋធានី​វ៉ាស៊ីងតោន ដែល​ជា​វិមាន​សភា​អាមេរិក (ទាំង​ព្រឹទ្ធសភា និង​រដ្ឋសភា) Architect of the Capitol / Wikimedia public domain
ផ្សាយពាណិជ្ជកម្ម

សំណួរ-តើ​ក្នុង​ច្បាប់ ដែល​ព្រឹទ្ធសភា​អាមេរិក​បាន​អនុម័ត​នេះ មានចែង​ពី​ការ​ធ្វើ​កំណែទម្រង់​​អ្វីខ្លះ?
 
ចំណុចសំខាន់ជាងគេ នៅ​ក្នុង​ច្បាប់នេះ គឺ​ការ​បើក​ផ្លូវ​ឲ្យ​ជនអន្តោប្រវេសន៍​រហូតដល់​ទៅ​ប្រមាណ​ជា ១១លាននាក់ ដែល​រស់នៅ​ខុសច្បាប់ ក្នុង​ទឹកដី​អាមេរិក អាច​សុំ​លិខិតស្នាម ដើម្បី​រស់​នៅ​និង​ធ្វើ​ការ​ដោយ​ស្របច្បាប់​បាន ហើយ​រហូត​អាច​ឈាន​ទៅ​សុំ​សញ្ជាតិ​អាមេរិក​បាន។ ជនអន្តោប្រវេសន៍​ខុសច្បាប់​ ដែល​អាច​សុំ​ច្បាប់​រស់នៅ​បាន គឺ​ទាល់តែ​ជា​អ្នក​ដែល​បាន​ចូល​មក​ក្នុង​ទឹកដី​អាមេរិក មុនឆ្នាំ​២០១២ ហើយ​ដំណើរការ​នៃ​ការ​សុំចូល​សញ្ជាតិ​អាមេរិក នឹង​ត្រូវ​ចំណាយពេល​រហូតដល់​ទៅ ១៣ឆ្នាំ។

ដើម្បី​ជា​ការ​សម្រុះសម្រួលគ្នា​ជាមួយ​​​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ កំណែទម្រង់​ផ្នែក​អន្តោប្រវេសន៍​នេះ មាន​ចែង​ចំណុច​សំខាន់មួយទៀត គឺ​ការ​រឹតបន្តឹង​ការ​ត្រួតពិនិត្យ​ព្រំដែន​គោក រវាង​អាមេរិក និង​ម៉ិចស៊ិក ដើម្បី​ធ្វើ​យ៉ាង​ទប់ស្កាត់​កុំឲ្យ​មាន​ជនអន្តោប្រវេសន៍​ខុសច្បាប់​ហូរ​ចូល​មក​ក្នុង​ទឹកដី​អាមេរិក​បន្ថែម​ទៀត។

តាម​ផែនការ ដែល​ចែង​ក្នុង​ច្បាប់​អនុម័ត​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ អាមេរិក​គ្រោង​នឹង​ដាក់ពង្រាយ​ឆ្មាំ​ព្រំដែន​ ចំនួន ២ម៉ឺននាក់​ទៀត បន្ថែម​ពីលើ​​ចំនួន ១ម៉ឺន ៨ពាន់​នាក់ ដែល​មាន​ស្រាប់ ឲ្យ​តាម​ឃ្លាំមើល​ព្រំដែន​គោក​ ប្រវែង​ជាង ៣ពាន់​គីឡូម៉ែត្រ រវាង​អាមេរិក និង​ម៉ិចស៊ិក។ បន្ថែម​ពីលើនេះ​ទៅទៀត គេ​គ្រោង​នឹង​សង់​​របង​នៅ​តាម​បណ្តោយ​ព្រំដែន​ ដោយ​មាន​ដាក់​កាមេរ៉ា និង​រ៉ាដា​​ ហើយ​នៅ​ពីលើ​មាន​យន្តហោះ​ឈ្លបយកការណ៍ ដែល​គ្មាន​មនុស្ស​បើក​ (Drone) ហោះ​ឆ្វែល​ឃ្លាំមើល​ព្រំដែន​ ទាំងថ្ងៃ​ ទាំង​យប់។

ការរឹតបន្តឹង​ព្រំដែន​គោក​ជាមួយ​ម៉ិចស៊ិក ជា​ចំណុច​អាទិភាព ពីព្រោះ​ថា កន្លែង​នេះ គឺ​ជា​ច្រក​សំខាន់​បំផុត សម្រាប់​ឲ្យ​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ឆ្លង​ចូល​មក​ក្នុង​ទឹកដី​អាមេរិក ហើយ​នៅ​ក្នុង​ចំណោម​​ជនអន្តោប្រវេសន៍​ខុសច្បាប់​ទាំង ១១លាន​នាក់ នៅ​ក្នុង​ទឹកដី​អាមេរិក​សព្វថ្ងៃ​នេះ មាន​ ៧លាន​នាក់ ដែល​ជា​អ្នក​និយាយ​ភាសា​អេស្ប៉ាញ មក​ពី​អាមេរិក​ឡាទីន។

ចំណុច​សំខាន់ទី៣ នៅ​ក្នុង​ច្បាប់​កំណែទម្រង់​ផ្នែក​អន្តោប្រវេសន៍​នេះ (មើល​ទៅ​ជា​ចំណុច ដែល​ទទួល​បាន​នូវការ​គាំទ្រ​ជាទូទៅ ទាំង​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ) គឺ​ការ​កែសម្រួល​​ប្រព័ន្ធ​ផ្តល់​វីសា ក្នុងគោលដៅ​ធ្វើ​យ៉ាងណា សម្រួល​ឲ្យ​​ជនបរទេស ដែល​មាន​ចំណេះ​ដឹង​ខ្ពស់​ មាន​ភាពងាយស្រួល ក្នុងការ​​​ទទួល​បាន​វីសា និង​​ប័ណ្ណ​ស្នាក់នៅ (Green Card) ចូល​មក​រស់នៅ និង​​ធ្វើ​ការ នៅ​អាមេរិក ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​ក្រុមហ៊ុន​អាមេរិក ដែល​កំពុង​ខ្វះ​អ្នកមាន​ជំនាញ ជាពិសេស វិស្វករ។

ក្នុងពេល​ជាមួយគ្នា ការរៀបចំ​ចាប់ឆ្នោត​ប្រចាំឆ្នាំ ដើម្បី​ឲ្យ​ជនបរទេស​ផ្សងសំណាង​ ទៅ​រស់នៅ​ស្របច្បាប់ នៅ​អាមេរិក បើ​តាម​ច្បាប់​ថ្មី​នេះ នឹង​ត្រូវ​លុបចោល លែង​ធ្វើ​តទៅទៀត​ហើយ។
 
សំណួរ-ច្បាប់នេះ​​នឹង​ត្រូវ​ឆ្លងកាត់​រដ្ឋសភា​មួយទៀត ទើប​អាច​អនុម័ត​ចេញ​ជា​ច្បាប់​បាន។ តើ​កំណែទម្រង់​អន្តោប្រវេសន៍​នេះ​អាច​ឆ្លងកាត់​រដ្ឋសភា​រួចដែរ​ឬទេ?
 
ខុស​ពី​នៅ​ព្រឹទ្ធសភា ដែល​គណបក្ស​ប្រជាធិបតេយ្យ ជា​អ្នក​មាន​សំឡេង​ភាគច្រើន នៅ​រដ្ឋសភា (ឬ​សភា​តំណាង/House of Representatives) គណបក្ស​សាធារណរដ្ឋ​មាន​សំឡេង​ភាគច្រើន ២៣៤ ទល់នឹង ២០១​សំឡេង។ ប្រធាន​រដ្ឋសភា ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋ​​ បាន​ព្រមាន​រួចជាស្រេច​ទៅហើយ​ថា រដ្ឋសភា​នឹង​មិន​អនុម័ត​ច្បាប់ កំណែទម្រង់​អន្តោប្រវេសន៍ ដែល​បញ្ជូន​ពី​ព្រឹទ្ធសភា​នេះ​ទេ។

ដូច្នេះ បើ​ស្តាប់មើលទៅ ច្បាប់​កំណែទម្រង់​អន្តោប្រវេសន៍​នេះ ​ពិបាក​នឹង​ឆ្លងផុត​​រដ្ឋសភា។ ក៏ប៉ុន្តែ មាន​ចំណុច​មួយចំនួន ដែល​គេ​គួរ​ពិចារណា។

ទីមួយ យើងឃើញ​ថា នៅ​ពេល​បោះឆ្នោត​ក្នុង​ព្រឹទ្ធសភា នៅ​ក្នុង​ចំណោម​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ ទាំង ៣៤នាក់ គេឃើញ​មាន​​រហូតដល់​ទៅ ១៤នាក់ ដែល​បោះឆ្នោត​គាំទ្រ​ច្បាប់​កំណែទម្រង់​អន្តោប្រវេសន៍​នេះ។ ដូច្នេះ មានន័យថា មិនមែន​អ្នក​សាធារណរដ្ឋ​ទាំងអស់​សុទ្ធតែ​ប្រឆាំង​នឹង​ច្បាប់នេះ​ទេ។

ម្យ៉ាងទៀត ការ​ស្ទាបស្ទង់​មតិ​ជាច្រើន​បង្ហាញ​ថា ប្រជាជន​អាមេរិក​ភាគច្រើន​គាំទ្រ​ឲ្យ​មាន​ការ​ធ្វើ​កំណែទម្រង់​អន្តោប្រវេសន៍នេះ។​

ថ្នាក់ដឹកនាំ​គណបក្ស​សាធារណរដ្ឋ​​មួយ​ចំនួន ក៏​​រឹត​តែ​មិនចង់​ឲ្យ​គេ​មើល​មក​ឃើញ​ថា​ខ្លួន​ជា​អ្នក​ទទួលខុស​ត្រូវ ចំពោះបរាជ័យ​នៃ​កំណែទម្រង់​នេះ​ដែរ ពីព្រោះ​ថា នៅ​ក្នុង​ចំណោម​ជនអន្តោប្រវេសន៍​ខុសច្បាប់ ទាំង ១១លាន​នាក់ ដែល​អាច​ទទួល​ប្រយោជន៍​ពី​កំណែទម្រង់​នេះ មាន ៧លាន​នាក់​ ជា​ក្រុម​អ្នក​និយាយ​ភាសា​អេស្ប៉ាញ ហើយ​កាល​ពី​ការ​បោះឆ្នោត​ប្រធានាធិបតី​កន្លងទៅថ្មីៗនេះ គណបក្ស​សាធារណរដ្ឋ​បាន​ទទួល​មេរៀន​មួយ​រួចហើយ គឺ​លោក Mitt Romney ដែល​ជា​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​ ទទួល​បាន​សំឡេង​គាំទ្រ​តែ ៣០% ប៉ុណ្ណោះ ក្នុង​ចំណោម​ពលរដ្ឋ​អាមេរិក មាន​ដើមកំណើត​ពី​ប្រទេស​និយាយ​ភាសា​អេស្ប៉ាញ។ នេះ​គឺ​ដោយសារ​តែ​​គណបក្ស​សាធារណរដ្ឋ​​តែងតែ​ប្រកាន់​ជំហរ​តឹងតែង​ចំពោះ​ជនអន្តោប្រវេសន៍។

ដូច្នេះ អ្វី​ដែល​អាច​ជាក្តីបារម្ភ​របស់​សមាជិក​សភា​គណបក្ស​សាធារណរដ្ឋ គឺ​បារម្ភ​ថា បើ​សិន​ជា​កំណែទម្រង់​អន្តោប្រវេសន៍​ត្រូវ​ទទួល​បរាជ័យ ចេញ​មិន​រួច​ពី​រដ្ឋសភា ហើយ​គេ​មើល​ឃើញ​ថា វា​ជា​កំហុស​របស់​គណបក្ស​សាធារណរដ្ឋ នៅ​ក្នុង​ការ​បោះឆ្នោត​សភា នៅ​ឆ្នាំ​២០១៥​ខាងមុខ គណបក្ស​ប្រជាធិបតេយ្យ​​អាច​នឹង​បាន​រឿង​នេះ​មក​ធ្វើ​ជា​យុទ្ធសាស្រ្ត​ឃោសនា​បោះឆ្នោត ដើម្បី​ ទាក់ទាញ​ការគាំទ្រ​ពី​អ្នក​មាន​ដើម​កំណើត​​មក​ពី​ប្រទេស​និយាយ​ភាសា​អេស្ប៉ាញ ដោយសន្យាថា បើ​សិន​ជា​គណបក្ស​ប្រជាធិបតេយ្យ​មាន​សំឡេង​ភាគច្រើននៅ​ព្រឹទ្ធសភា និង​រដ្ឋសភា កំណែទម្រង់​អន្តោប្រវេសន៍​នេះ​ប្រាកដ​ជា​នឹង​អនុម័ត​ចេញ​រួច។ ក្នុងករណីនេះ បេក្ខជន​​មក​ពី​គណបក្ស​សាធារណរដ្ឋ​អាច​នឹង​​ត្រូវ​ជួប​បញ្ហាធំ... គណបក្ស​សាធារណរដ្ឋ​អាច​នឹង​ត្រូវ​ប្រឈមមុខ​នឹង​ការ​បាត់បង់​សំឡេង​ភាគច្រើន នៅ​រដ្ឋសភា​ទៀតផង​ក៏​អាច​ថាបាន។

ដូច្នេះ​ហើយ​បាន​ជា​មាន​អ្នក​វិភាគ​ជាទូទៅ គេ​យល់ថា សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​​ប្រហែល​ជា​នឹង​មិន​ច្រានចោល​ទាំងស្រុង នូវ​ច្បាប់​​កំណែទម្រង់​អន្តោប្រវេសន៍ ដែលព្រឹទ្ធសភា​អនុម័ត​នេះទេ។ ប្រហែល​ជា​អាច​មាន​ការ​ទាមទារ​ឲ្យ​មាន​ការ​កែប្រែ ឬ​ក៏​អាច​អនុម័ត​ច្បាប់​ថ្មី​មួយទៀត ដើម្បី​យក​មក​ធ្វើ​ជា​មូលដ្ឋាន ​ចរចា​ជាមួយ​ព្រឹទ្ធសភា ដើម្បី​សម្របសម្រួល​គ្នា ស្វែងរក​ជំហរកណ្តាល​មួយ។ ក្នុងករណីនេះ ដំណើរ​ការ​ចរចា​គ្នា​នឹង​ត្រូវ​អូសបន្លាយពេល​រាប់ខែ ទម្រាំតែ​មាន​ការ​ត្រូវរ៉ូវគ្នា ឈានទៅ​​អនុម័ត​ចេញ​ជា​ច្បាប់​ស្ថាពរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ