អានតួអត្ថបទ
ជប៉ុន

សារព័ត៌មាន​ជប៉ុន​​ប្រឆាំង​គំរោងច្បាប់​ដែលចង់​ដាក់ទោស​អ្នកចុះផ្សាយ​​ការសំងាត់​ជាតិ​

នៅ​ប្រទេស​ជប៉ុន ទីភ្នាក់ងារ​សារព័ត៌មាន​​​​ និង​អ្នកសារព័ត៌មាន​ជាច្រើន​ បាន​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​នឹង​គំរោង​ច្បាប់របស់​រដ្ឋាភិបាល​មួយ ដែល​ចង់ដាក់ទោស​រាល់អ្នក​ដែល​ចុះផ្សាយ​ការសំងាត់​ជាតិ។ នេះ​បើយោងតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​បារាំង អាអេហ្វប៉េ AFP នៅថ្ងៃ​ពុធនេះ។ សំរាប់​អ្នកសារព័ត៌មាន​ជប៉ុន​​ ច្បាប់​នេះគឺ​​ជាច្បាប់​ប្រឆាំង​លិទ្ធិប្រជាធិបតេយ្យ​ ហើយ​ប្រសិន​​ច្បាប់នេះ​ត្រូវ​បាន​សភា​អនុម័ត​នោះ សិទ្ធិសេរីភាព​របស់ពួកគេ​នឹង​ត្រូវកាត់បន្ថយ។ 

កំពង់ផែ​មួយ នៅ​ក្រុងតូក្យូ។ អ្នកសារព័ត៌មាន​ជប៉ុន​ប្រាប់ថា គំរោង​ច្បាប់​រដ្ឋាភិបាល​ជប៉ុនចង់ដាក់ទោស​អ្នកចុះផ្សាយ​ការសំងាត់ជាតិ​នេះ​ អាច​ដើរហួស​ពី​ទិសដៅ​ដែល​បានកំណត់ទុក។
កំពង់ផែ​មួយ នៅ​ក្រុងតូក្យូ។ អ្នកសារព័ត៌មាន​ជប៉ុន​ប្រាប់ថា គំរោង​ច្បាប់​រដ្ឋាភិបាល​ជប៉ុនចង់ដាក់ទោស​អ្នកចុះផ្សាយ​ការសំងាត់ជាតិ​នេះ​ អាច​ដើរហួស​ពី​ទិសដៅ​ដែល​បានកំណត់ទុក។ REUTERS/Yuya Shino
ផ្សាយពាណិជ្ជកម្ម

យោងតាម​សារព៍ត៌មាន​បារាំង​អាអេហ្វប៉េ នៅថ្ងៃ​ពុធនេះ ​អ្នកសារព័ត៌មាន​ជប៉ុន​ ពិធីករ ពិធីការនី​ជាច្រើន​ មកពី​ទូរទស្សន៍​និង​កាសែត​ជប៉ុន​​​ រួមទាំង​អ្នកសរសេរ​នានា បាន​ចេញសេចក្តី​ប្រកាស​រួមគ្នា​មួយ ប្រឆាំង​នឹង​​គំរោង​ច្បាប់​​រដ្ឋាភិបាល​​ ដែល​ចង់ដាក់ទោស​​អ្នក​ដែល​ចុះផ្សាយ​ការសំងាត់​ជាតិ។ ​សំរាប់​អ្នកសារព័ត៌មាន​ជប៉ុន​​ ច្បាប់​នេះគឺ​​ជាច្បាប់​ប្រឆាំង​លិទ្ធិប្រជាធិបតេយ្យ​ទាំងស្រុង ហើយ​បើ​ច្បាប់នេះ​ត្រូវ​បាន​អនុម័ត​នៅ​សភា​នោះ សិទ្ធិសេរីភាព​សារព័ត៌មាន​​​នឹង​ត្រូវ​កាត់បន្ថយ។ ​

យោងតាម​គំរោងច្បាប់​រដ្ឋាភិបាល​មួយ​នេះ ​​អ្នកចុះផ្សាយ​ការសំងាត់ជាតិនឹង​ទទួល​ទោស​ជាប់ពន្ធនាគារ​១០ឆ្នាំ។ ច្បាប់​នេះ មាន​ទិសដៅ​ផ្តល់​សិទ្ធិ​អោយ​គ្រប់ក្រសួង​​ទាំងអស់​កំណត់​យក​​​ថា តើ​ព័ត៌មាន​ណា​ជា​ព័ត៌មាន​សំងាត់​របស់​ជាតិជប៉ុន។ ព័ត៌មាន​ដែល​អាច​ចាត់ទុក​ថា ជាការសំងាត់​ជាតិបាន​ គឺជាព័ត៌មាន​ដែល​មានលក្ខណៈ​ប៉ះពាល់​ផ្នែក​ការពារជាតិ ប៉ះពាល់​ផ្នែកការទូត​ ពាក់ព័ន្ធ​នឹង​ការ​ប្រឆាំង​​ការស៊ើបការណ៍​ រឺ​ការ​ប្រយុទ្ធ​អំពើភេរវកម្ម​ជាដើម។ ប៉ុន្តែ គំរោង​ច្បាប់​នេះ​ មិនទាន់​កំណត់​គោលការណ៍ជាក់លាក់​ទាក់ទង​នឹង​លក្ខណៈ​នៃព័ត៌មាន​សំងាត់​នេះ​នៅឡើយទេ។

អ្នកសារព័ត៌មាន​ជប៉ុន​យល់ថា ច្បាប់នេះ​នឹងអនុញ្ញាត​​អោយ​មន្ត្រី​រាជការ​​ណាមួយ​​ បោះត្រា​​លើ​ព័ត៌មាន​​ណាមួយ​ទោះជា​ព័ត៌មាន​អ្វីក៏ដោយចុះ​ ថា​ជាព័ត៌មាន​សំងាត់ជាតិ​ ដូច្នេះ​នៅពេលមន្ត្រី​នោះ​បោះត្រា​រួច ច្បាប់ថ្មី​នេះ​នឹង​ដាក់ទោស​អ្នកចុះផ្សាយ​ព័ត៌មាន​នោះ ១០ឆ្នាំ​ភ្លាម​តែម្តង។ ​សូម្បី​តែ​សមាជិក​សភា​ជប៉ុន ជា​អ្នកដែល​ត្រួតពិនិត្យ​ប្រតិបត្តិការ​រដ្ឋាភិបាល ក៏​​ត្រូវ​បាន​ច្បាប់​នេះរឹតបន្តឹង​សិទ្ធិ​ក្នុង​ការ​ទទួលយក​ព័ត៌មាន​​ផងដែរ។

គំរោង​ច្បាប់​នេះ​ធ្វើអោយ​​អ្នកសារព័ត៌មាន​ជប៉ុន​មួយចំនួន​គិតថា ​នាយករដ្ឋមន្ត្រី​ស៊ីនសូ អាបេ ចង់​ធ្វើអោយច្បាប់​ជប៉ុន​មានលក្ខណៈ​ដូចជាច្បាប់​អាមេរិក​​ដូច្នោះដែរ។ សំរាប់​ពួកគេ លោក​អាបេ​ធ្លាប់​ចង់​បង្កើត​ក្រុមប្រឹក្សា​សន្តិសុខជាតិ​មួយ ដែល​មាន​បែបផែន​ដូចគ្នា ទៅនឹង​​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​​អាមេរិក៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ