អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ម៉ូស្គូ​អះអាង​ថា អូតង់​ជាគ្រោះថ្នាក់​ដល់​រុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពេញ​មួយ​សប្តាហ៏​កន្លង​ទៅ តាំងពី​អូតង់ ក្នុងជំនួប​កំពូល ថ្ងៃ៨-៩កក្កដា​ នៅក្រុង​វ៉ារសូវី​ បាន​អនុម័ត​សេចក្តី​សម្រេច ពង្រឹង​ទីតាំង​យោធា​នៅតាម​ព្រំប្រទល់​ខាងកើត​របស់ខ្លួន​ ដោយ​ប្រកាស ដាក់ឲ្យ​ឈរជើង​ប្រចាំការ​ជាអចិន្ត្រៃយ៏​ ចាប់ពី​ឆ្នាំ២០១៧​ ទៅ​គឺ​អង្គភាព​ទ័ព​ពហុជាតិ​ របស់​បណ្តាប្រទេស​សមាជិក​អូតង់ ចំនួន​ដល់​ទៅ​៤កងវរសេនា​តូច ឬ ៤.០០០នាក់​ នៅជាប់​នឹង​ព្រំដែន​ខាងលិច​របស់​រុស្ស៊ីផ្ទាល់ ដើម្បី​ទប់នឹង​“ការគម្រាម​ពី​ខាងរុស្ស៊ី”​ - បញ្ហានេះ ​ញ៉ាំង​ឲ្យ​កើតឡើង​ ជាប្រតិកម្ម​ពុះខ្ជោល​ ពីខាង​មជ្ឈដ្ឋាន​ប្លែកៗ​នៃ​ប្រទេស​រុស្ស៊ី​ ដែល​មើលឃើញ​ ​ការ​ពង្រាយ​ទ័ព​អូតង់នេះ​ ជា​គ្រោះថ្នាក់​ដល់​សន្តិសុខជាតិ​រុស្ស៊ី​តែម្តង។​

ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន
ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ©REUTERS/RIA Novosti/Mikhail Klimentyev
ផ្សាយពាណិជ្ជកម្ម

ជាបឋម​ គឺ​ប្រតិកម្ម​វិមាន​ក្រេមឡាំង។​ អ្នកនាំពាក្យ​​ផ្លូវការ​របស់​ប្រធានាធិបតី​រុស្ស៊ី​ គឺ​លោកឌ្មីទ្រី ពេស្កូវ​ កត់​សម្គាល់​ថា ៖  

-សេចក្តី​ថ្លែងការណ៍ក្តែងៗ​របស់អូតង់​ ស្តីអំពី​ការ”គម្រាម”​ ពី​ខាង​រុស្ស៊ី​ គឺគ្រាន់តែ​ជាលេស​ប្រឌិត​ចេញមក​​សម្រាប់​លាក់បំបាំង​សកម្មភាព​បក្ស​សម្ព័ន្ធនេះ​ ដើម្បី​រំកិល​ ហេដ្ឋា​រចនា​សម្ព័ន្ធ​យោធា​របស់អូតង់​ផ្ទាល់​ មកកាន់តែ​ជិតនឹង​ព្រំប្រទល់​រុស្ស៊ី​ ហើយ​សកម្មភាព​នេះ​ ប្រាកដ​ជា​ញ៉ាំង​ឲ្យមាន​​សកម្មភាពបកវិញ​ចៀសមិន​ផុតទេ​​ពីខាងក្រុង​ម៉ូស្គូ​ ដ្បិតវា​ជា​គ្រោះថ្នាក់​ដល់​ សន្តិសុខ​រុស្ស៊ី។​

-កា​រ​ពង្រាយទ័ព​អូតង់​ឲ្យឈរជើង​ប្រចាំការជាអចិន្ត្រៃយ៏​ នៅប៉ូឡូញ​ និង​៣ប្រទេស​បាល់ទ៏​គឺ ឡេតូនី​ លីទុយអានី​ អេស្តូនី​ មានព្រដែន​ជាប់ផ្ទាល់​នឹងរុស្ស៊ី​ វាមិនមែន​ជា​គម្រោង​ផែនការថ្មី​ទេ​ វាត្រូវបាន​អូតង់​ចិញ្ចឹមទុក​អស់រាប់​ទសវត្សរ៍​មកហើយ​ ម៉្លោះហើយ​ បានជា​ញ៉ាំងឲ្យ​មានតែ​ ការ​សោកស្តាយ​ប៉ុណ្ណោះ។​ ទោះយ៉ាងណា​ក្តី រុស្ស៊ី​ត្រូវតែ​បង្ខំចិត្ត​ឈានជំហាន​តបវិញ​ ដើម្បី​ស្តារ​ឲ្យមាន​តុល្យភាព​និង​យុគភាព​ឡើងវិញ - តុល្យភាពនិង​យុគភាពដែល​ត្រូវការ​ជា​ចាំបាច់។​

-ប្រទេសរុស្ស៊ី​ ដែល​កំពុងងើបឡើងវិញ​ មិនពាំនាំ​ជា​ការគម្រាមអ្វីណា​ដល់​នរណាឡើយ​ ហើយ​​តែង​ប្រកាន់យក​យ៉ាងខ្ជាប់ខ្ជួន​ បន្ទាត់​ឆ្ពោះទៅ​ធ្វើ​សហប្រតិបត្តិការ​ដែលនាំ​ជាគុណ​ ប្រយោជន៍​ទៅវិញ​ទៅមក​ ដោយគោរព​ផលប្រយោជន៍​នៃរាល់​ប្រទេសដៃគូ​ខ្លួន ព្រមទាំង​ ចេញមុខ​ធ្វើដំណោះស្រាយ​ស្ថានការណ៍​ជម្លោះ​ដោយរួមជាមួយ​សាមីភាគី​ទាំងអស់។​

-ប៉ុន្តែ​សកម្មភាពណា​ក៏ដោយ ដែលជា​គ្រោះថ្នាក់ត្រង់​ផ្ទាល់ ឫ​ដែលបង្កប់​ទៅដោយ​ គ្រោះថ្នាក់​ ដល់​ផលប្រយោជន៍ជាតិ​រុស្ស៊ី មិនអាច​ត្រូវក្រុងម៉ូស្គូ​ ទុកឲ្យ​នៅបណ្តែត​បណ្តោយ​ ឡើយ។​

ជាការ​រំលឹក ថ្លែងក្នុង​ថ្ងៃ២២​មិថុនា​កន្លងទៅ ដែលជា​ទិវាខួប ៧៥ឆ្នាំ​នៃការ​វាយលុក​ឈ្លានពាន​​​យ៉ាងគំហុក​​ដោយកងទ័ព​អាល្លឺម៉ង់ហ្វាស៊ីស្ត​ មកលើ​សហភាពសូវៀត​​ លោក​ពូទីន​ប្រមុខរដ្ឋ​រុស្ស៊ី ជា​ប្រទេស​បន្តកេរ្ត៏ពី​សហភាព​នេះ​បានរិះគន់​ថា ៖ ​

 
-បក្ស​សម្ព័ន្ធអូតង់​ ចេះតែ​ដំឡើង​គ្មានឈប់​វោហា​ឈ្លានពាន និង​បង្កើន​សកម្មភាព​ឈ្លានពាន​នៅក្បែរ​ព្រំប្រទល់​រុស្ស៊ីតែម្តង​ ម៉្លោះហើយ​បានជា​រុស្ស៊ី​ ត្រូវតែ​ផ្តោតការ​យកចិត្ត​ទុកដាក់​ពិសេស​ទៅលើការ​ពង្រឹង​សមត្ថភាព​ការពារប្រទេស​របស់​ខ្លួន។ ​ព្រមជាមួយ​នេះ លោក​ពូទីន​ បាន​ចោទអូតង់​ថាចេះតែ​អូសទាញ​ប្រទេសរុស្ស៊ី​ទៅក្នុង​ការរត់ប្រណាំង​បំពាក់​សព្វាវុធ​យ៉ាងវក់វី និងថា​អូតង់​មានចេតនា​បំផ្លាញ​“សមតា​យោធា” ​ដែល​សណ្ឋិតនៅ​សព្វថ្ងៃ​នៅអឺរ៉ុប​ ក្រោយពី​សហភាពសូវៀត​លែងមាន​អត្ថិភាព​ទៅ។​

ចំណែកលោក​ហ្គ័របាឆេវ​ ជាអតីត​ប្រធានាធិបតី​សហភាព​សូវៀត​ ដែលឥឡូវ​មាន​ជន្មាយុ​៨៥ឆ្នាំ និង​ល្បីខាងធ្វើ​កំណែទម្រង់​រដ្ឋនេះ​ លុះទាល់តែ​វារលំរលាយទៅ បាន​ថ្លែងថា៖

-វោហាដែល​មានបន្លឺ​ឡើង ក្នុង​ជំនួបកំពូល​អូតង់​នៅ​ក្រុងវ៉ារសូវី​ មួយ​សប្តាហ៏មុន​ គឺ​ស​ឲ្យ​ឃើញថា​​បក្សសម្ព័ន្ធនេះ​ កំពុង​រៀបចំ​ធ្វើ​សង្គ្រាម​ក្តៅតែម្តង​ ទល់នឹង​រុស្ស៊ី​បច្ចុប្បន្ន​ ពីព្រោះ​សម្តី​របស់​​ពួកគេ ដែលខាង​សំបកក្រៅ​និយាយតែ​អំពី​ការ​ការពារ ប៉ុន្តែ​តាម​ធាតុពិត​ដែលមាន​ គឺឆ្លុះ​ឲ្យឃើញ​ពីការ​ត្រៀមទុក​ជាក់លាក់​មែន សកម្មភាពវាយលុក​នៅចាំ​តែថ្ងៃ​ ប្រកាស​សង្គ្រាម​ទល់នឹង​រុស្ស៊ី​ប៉ុណ្ណោះ។​

លោករដ្ឋមន្ត្រីកាបទេសរុស្ស៊ីស៊ែរហ្គៃ ឡាវ្រ៉ូវ   ថ្លែងក្នុង​សន្និសីទកាសែត​ថ្ងៃ១២កក្កដា​កន្លងទៅ បានទាមទារ​ពីអូតង់​ឲ្យពន្យល់បំភ្លឺ​អំពី​សេចក្តីសម្រេចផង​ទាំងឡាយ​ ដែល​បក្សសម្ព័ន្ធ​នេះ​​បាន​អនុម័ត​យក ក្នុង​ជំនួបកំពូល​នៅក្រងវ៉ារសូវី ជុំវិញ​ការពង្រាយ​ទ័ពខ្លួន ​ចំនួន៤​កង​វរសេនាតូច​ ឲ្យប្រចាំការ​ជាប់​ជាអចិន្ត្រៃយ៏​ នៅក្បែរ​ព្រំដែនខាងលិច​របស់​រុស្ស៊ី​ ចាប់ពីឆ្នាំ​២០១៧ទៅ។​ តាមសម្តី​ប្រមុខ​ការទូតរុស្ស៊ី​ អូតង់​កំពុង​គ្រប​ដណ្តប់ ដោយ​គំនិត​ បកស្រាយ​អំពី​ប្រទេសរុស្ស៊ី​ថាជាខ្មាំង​ ដើម្បី​ដោយឈរ​លើ​មូលដ្ឋាន​នេះ ប្រមូលផ្តុំ​ជួរខ្លួន ឲ្យ​រួមគ្នា​ជាធ្លុងមួយ។

ថ្លែងទៅ​ពួកអ្នកកាសែត នៅក្រុង​​ព្រុចសែល បន្ទាប់ពី​កិច្ចប្រជុំ​រុស្ស៊ី-អូតង់​ ថ្ងៃ១៣​កក្កដា លោក អគ្គរដ្ឋទូត Alexandre Grushko តំណាងអចិន្ត្រៃយ៏​របស់រុស្ស៊ី​ប្រចាំនៅ​អូតង់​ កត់សម្គាល់​ថា ផ្លូវឆ្ពោះ​ទៅ​ផ្តល់ស្ថិរភាពដល់​ស្ថានការណ៍​នៅអឺរ៉ុប ត្រូវឆ្លងកាត់​តាមរយៈ​​ការបន្ទាប​ឲ្យបាន​ មែនទែន​​ហានិភ័យនៃ​គ្រោះថ្នាក់​ឧប្បត្តិហេតុ​យោធា ក្នុងន័យ​ថា ត្រូវបង្កក​ទុកទៅ​សេចក្តី សម្រេច​អនុម័តយក​ដោយ​ជំនួបកំពូល​អូតង់​ពេលថ្មីៗ​ ខាង​ពង្រាយទ័ព​នៅ​អឺរ៉ុប​ខាងកើត​ នៅ ជាប់នឹង​ព្រំប្រទល់​រុស្ស៊ី ត្រូវ​បញ្ឈប់ភាព​សកម្ម​យោធា​នៅទីនោះ​ ហើយដកចេញ​ទៅវិញ​ទៅ អង្គភាព​ទ័ពណា​ ដែលមាន​ពង្រាយទៅហើយ​ ដើម្បី​បង្កើតជា​បរិយាកាស​ជឿទុកចិត្ត​គ្នា។

ក្រោយពីឮ​សេចក្តីសម្រេចចេញ​ពេលថ្មីៗ​ ដោយ​ជំនួបកំពូល​អូតង់ ពេលថ្លែង​តាម​កាណាល់ ទូរទស្សន៍​របស់​សាលាក្រុង​ម៉ូស្គូ លោកអនុ​ប្រធាន​គណៈកម្មការ​ព្រឹទ្ធសភា​រុស្ស៊ី​ខាងកិច្ចការ អន្តរជាតិ​  Andrei Klimov បាន​បរិហារកលល្បិច​បក្សសម្ព័ន្ធនេះ​ ដែលស្ថិត​នៅក្រោម​ ខ្សែញាក់​​របស់ស.រអា.។ កលល្បិច​នេះ គឺនៅត្រង់​អូតង់​ខំរកវិធីដោះសា​​អត្ថិភាពខ្លួន ទោះបី បច្ចុប្បន្ន​លែងមាន​សហភាពសូវៀត​ លែងមាន​អង្គការ​កតិកា​សញ្ញាវ៉ារសូវី​ ដឹកនាំ​ដោយ​សូវៀត ដែលជា​លេស​នាំឲ្យលេចចេញមក​ជា​បក្សសម្ព័ន្ធអូតង់​សម្រាប់តទល់។

ម៉្លោះហើយ​បានជាអូតង់​ប្រឌិត​ជា “ទីងមោងរុស្ស៊ី” បំភ័យ​ពិភពលោក។​ ឥឡូវ អូតង់​តម្រូវឲ្យ​ប្រទេស​និមួយៗជា​សមាជិក ចំណាយ​មិនតិចជាង​២%ឡើយ​នៃ GDP ខ្លួន​ សម្រាប់​បំពាក់​អាវុធ​ប្រឈមនឹង​ទីងមោង​នេះ ហើយអាវុធដែលគេ​ទិញនោះ​ គឺទិញពី​អាមេរិក​តែម្តង​ ដើម្បី​ឆ្លើយឲ្យបាន​ស្របនឹង​ស្តង់ដារ​អូតង់ ដែល​បង្កើតឡើង​ដោយស.រ.អា.។​ ជាសក្ខីកម្ម​ ក្នុង​ឆ្នាំមុន អាមេរិក​បន្តជាប់​ចំណាត់ថ្នាក់​ទី១ ដដែល​នៅក្នុង​លោក ខាងលក់​សព្វាវុធ​ បានទឹកប្រាក់​ដល់ ៤៦.៨០០លាន​ដុល្លារ​ឯណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ