មេក្រុមឧទ្ទាមម្នាក់ទទួលស្គាល់ថា មានមីស៊ីលប៊ូកនៅក្នុងទឹកដីភាគខាងកើត នៅថ្ងៃធ្លាក់យន្តហោះម៉ាឡេស៊ី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:១៥
រុស្ស៊ីនៅថ្ងៃព្រហស្បតិ៍ទី ២៤កក្កដា បានចេញមុខបដិសេធថា ខ្លួនមិនបានបាញ់ទម្លាក់យន្តហោះចម្បាំងពីរគ្រឿងរបស់អ៊ុយក្រែន។ តាមទីក្រុងគៀវ អ្នកបើកបរយន្តហោះបានរួចជីវិត ដោយមកពីពួកគេចុចគន្លឹះធាក់កៅអីមុនពេលយន្តហោះត្រូវគ្រាប់មីស៊ីល កាលពីថ្ងៃពុធ។ ពួកឧទ្ទាមចង់ផ្តាច់ខ្លួនពីទឹកដី អ៊ុយក្រែនប្រកាសថា ខ្លួនជាអ្នកបាញ់ទម្លាក់យន្តហោះចម្បាំងរបស់អ៊ុយក្រែន ប៉ុន្តែ ក្រសួងការពារអ៊ុយក្រែនវិញអះអាងថា មីស៊ីលបាញ់ចេញពីទឹកដីរុស្ស៊ី។ នៅថ្ងៃពីថ្ងៃពុធម្សិលមិញដែរ មេដឹកនាំក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលអ៊ុយក្រែន ម្នាក់ចេញមុខទទួលស្គាល់ថា ក្រុមឧទ្ទាមធ្លាប់មានមីស៊ីលប្រភេទប៊ូក SA ១១ ដែលអាមេរិកវាយតម្លៃថា ជាអ្នកវាយប្រហារយន្តហោះដឹកអ្នកដំណើរម៉ាឡេស៊ី MH ១៧ កាលពីថ្ងៃព្រហស្បតិ៍ ទី ១៧កក្កដា។
ជាលើកទីមួយ ដែលក្រុមឧទ្ទាមអ៊ុយក្រែនប្រកាសទទួលស្គាល់ថា ក្រុមខ្លួនធ្លាប់មានមីស៊ីលប្រភេទ ប៊ូក ដែលអាចជាមីស៊ីលបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ី។ អ្នកដែលអះអាងថា ក្រុមឧទ្ទាមមានមីស៊ីលប៊ូក ហើយមីស៊ីលប៊ូកអាចទទួលបានពី រុស្ស៊ី គឺលោកAlexander Khodakovsky ដែលជាមេបញ្ជាការកងវរសេនាតូចរបស់ពួកក្រុមឧទ្ទាមម្នាក់ ក្នុងចំណោមមេដឹកនាំសំខាន់ៗរបស់ចលនាក្រុមឧទ្ទាមផ្តាច់ទឹកដីនៅតំបន់ភាគខាងកើតអ៊ុយក្រែន។
សុំបញ្ជាក់ថា នៅតំបន់ទាមទារផ្តាច់ទឹកដីភាគខាងកើតអ៊ុយក្រែន ក្រុមឧទ្ទាមមានបែងចែកជាច្រើនបក្ស ជាច្រើនក្រុម។ លោក Alexander គឺជា មេបញ្ជាការទ័ពរបស់កងវរសេនាតូច មួយនៅតំបន់ខាងកើត ដែលមិនសូវចុះសម្រុងប៉ុន្មានជាមួយរដ្ឋមន្រ្តីការពារជាតិរបស់រដ្ឋាភិបាលដែលបង្កើតឡើងដោយពួកឧទ្ទាម។
នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters លោក Alexander Khodakovsky បាននិយាយថា លោកធ្លាប់លឺគេនិយាយពីមីស៊ីលប៊ូក ដែលត្រូវដឹកមកពីតំបន់លូអង់ ដែលជាតំបន់មួយទៀតរបស់ក្រុមឧទ្ទាម។ តាមលោក Alexander នៅថ្ងៃដែលយន្តហោះម៉ាឡេស៊ីផ្ទុះធ្លាក់ មីស៊ីលប៊ូកមានវត្តមាននៅក្នុងតំបន់ដូណេស ប៉ុន្តែ លោកជឿថា គេបានបញ្ជូនវាចេញរួចទៅហើយ ពីតំបន់នោះដើម្បីបំបាត់ភស្តុតាង។
បើទោះជាមេក្រុមឧទ្ទាមទទួលស្គាល់ថា មីស៊ីលប៊ូកមាននៅក្នុងដៃរបស់ឧទ្ទាមនៅភាគខាងកើតអ៊ុយក្រែន ប៉ុន្តែលោកបានទម្លាក់កំហុសទៅលើរដ្ឋាភិបាលអ៊ុយក្រែន ដែលតាមលោក គឺជាអ្នកញុះញង់ឲ្យពួកឧទ្ទាមប្រើមីស៊ីល។ តាមលោក Alexander កងទ័ពអ៊ុយក្រែន ដឹងថា ពួកឧទ្ទាមមានមីស៊ីលទំនើបនៅតំបន់ដូណេស។ នៅថ្ងៃធ្លាក់យន្តហោះម៉ាឡេស៊ី កងទ័ពអ៊ុយក្រែនបានបង្កើនការវាយប្រហារយ៉ាងសន្ធប់ទៅលើមូលដ្ឋានទ័ពរបស់ក្រុមឧទ្ទាម។ ពោលគឺចង់ញុះញង់ឲ្យក្រុមឧទ្ទាមបាញ់គ្រាប់មីស៊ីលតបតវិញ ហើយគ្រាប់មីស៊ីលមួយអាចរត់ទៅកម្ទេចយន្តហោះដឹកជនស៊ីវិលរបស់ម៉ាឡេស៊ីដែលកំពុងរត់នៅលើអាកាសនៅថ្ងៃនោះ។
បើទោះបីជាលោក Alexander Khodakovsky មិនដឹងច្បាស់ទេថា តើក្រុមឧទ្ទាមផ្សេងទៀត ដែលមិនស្ថិតនៅក្រោមបញ្ជារបស់លោកអាចបាញ់មីស៊ីលប៊ូក ឬក៏អត់នោះ ប៉ុន្តែលោកបញ្ជាក់ថា ជាយថាហេតុ ពួកឧទ្ទាមបានទទួលមីស៊ីលពី រុស្ស៊ី ដើម្បីការពារទីតាំងរបស់ខ្លួនពីការវាយប្រហាររបស់ទ័ពអាកាសអ៊ុយក្រែន។ បើសិនជាអ៊ុយក្រែនមិនវាយប្រហារតាមជើងអាកាស ក្រុមឧទ្ទាមក៏មិនរត់រក មីស៊ីលពីរុស្ស៊ីដែរ។
លោកAlexander Borodai វិញ ដែលជានាយករដ្ឋមន្រ្តីរបស់តំបន់ដូណេស ដែលប្រកាសឯករាជ្យ និងស្និទនឹងទីក្រុងម៉ូស្គូ បានប្រាប់ទូរស្សន៍អង់គ្លេស BBCថា ក្រុមឧទ្ទាមមានគ្រាប់មីស៊ីល។
យ៉ាងណាក៏ដោយ ការប្រកាសទទួលស្គាល់របស់មេបញ្ជាការទ័ពឧទ្ទាមដែលថាក្រុមឧទ្ទាមមានមីស៊ីលប្រភេទប៊ូក រឹតតែធ្វើឲ្យការសន្និដ្ឋានរបស់អាមេរិកកាន់តែច្បាស់ប្រាកដជាងមុន។ អាមេរិកវាយតម្លៃ ថា យន្តហោះម៉ាឡេស៊ីត្រូវបំផ្លាញដោយគ្រាប់មីស៊ីល ដែលអាចបាញ់ចេញដោយភាន់ច្រលំរបស់ក្រុមឧទ្ទាម។ ក្រុមឧទ្ទាមអ៊ុយក្រែនដែលយល់ស្មានថា យន្តហោះដឹកអ្នកដំណើរម៉ាឡេស៊ីជាយន្តហោះចម្បាំងរបស់កងទ័ពអ៊ុយក្រែន។
មិនដល់មួយខែផង យន្តហោះចម្បាំង៤គ្រឿងត្រូវពួកឧទ្ទាមបាញ់ទម្លាក់
មន្រ្តីស៊ើបការណ៍សម្ងាត់អាមេរិកកំពុងសិក្សាលើសម្មតិកម្មដែលរដ្ឋាភិបាលអ៊ុយក្រែនបានលើកឡើង ដែលថា មីស៊ីលដែលបាញ់ទម្លាក់យន្តហោះចម្បាំងអ៊ុយក្រែន កាលពីថ្ងៃពុធ បាញ់ចេញពីទឹកដីរុស្ស៊ី។ តាមអាមេរិក កន្លែងដែលយន្តហោះចម្បាំងអ៊ុយក្រែនត្រូវរងការវាយប្រហារ គឺស្ថិតនៅភាគខាងកើត ក្នុងតំបន់ដូនេស ដែលជាប់ជាមួយព្រំដែនរុស្ស៊ី។ អស្ថិរភាពនយោបាយ និងអសន្តិសុខបច្ចុប្បន្ន នៅអ៊ុយក្រែនបានធ្វើឲ្យរុស្ស៊ីឆ្លៀតបញ្ជូនទាហានរបស់ខ្លួនទៅបង្កប់បន្តិចម្តងៗ ក្នុងទឹកដីភាគខាងកើតអ៊ុយក្រែន គឺទៅជួយច្បាំងក្រុមឧទ្ទាមនិយមរុស្ស៊ី ដែលកំពុងប្រយុទ្ធ ទាមទារបំបែកទឹកដីពីរដ្ឋាភិបាលអ៊ុយក្រែន។ នេះបើតាមការអះអាងរបស់មន្រ្តីអាមេរិក ទៅទូរទស្សន៍អាមេរិក CNN។
តាមមន្រ្តីអាមេរិកដដែល ទ័ពរុស្ស៊ីពី១២ ០០០ ទៅ១៥ ០០០នាក់មិនបានចាកចេញពីព្រំដែនរុស្ស៊ី អ៊ុយក្រែន ដូចការប្រកាសរបស់លោកប្រធានាធិបតីរុស្ស៊ីកន្លងមកទេ។ ទ័ពរុស្ស៊ីជាងមួយម៉ឺននាក់ បានបំបែកខ្លួន ជាក្រុមតូចៗ និងបន្លំខ្លួនចូលក្នុងទឹកដីអ៊ុយក្រែន ដោយក្រុមខ្លះចូលទៅបង្វឹកហាត់ក្រុមឧទ្ទាមឲ្យចេះប្រើសព្វាវុធ ចំណែកក្រុមខ្លះបោះទីតាំងនៅលើព្រំដែនរុស្ស៊ីអ៊ុយក្រែនតែម្តង។ បោះទីតាំងផ្ទាល់នៅលើព្រំដែនរុស្ស៊ី អ៊ុយក្រែននឹងអាចធ្វើឲ្យទ័ពរុស្ស៊ី អាចបាញ់គ្រាប់មីស៊ីល វាយប្រហារទៅលើយន្តហោះរបស់ទ័ពអ៊ុយក្រែន ដោយមិនអាចឲ្យគេដឹងថា គ្រាប់នោះបាញ់ចេញពីទឹកដីរុស្ស៊ី ហើយគឺទ័ពរុស្ស៊ីដែលជាអ្នកបាញ់នោះ។
មន្រ្តី របស់អង្គការអូតង់ និងអាមេរិកបានសំដែងការព្រួយបារម្ភដែលឃើញរុស្ស៊ីនៅតែបន្តផ្តល់សព្វាវុធទៅឲ្យក្រុមឧទ្ទាម នៅក្រោយ យន្តហោះម៉ាឡេស៊ី ផ្ទុះធ្លាក់ នៅតំបន់ភាគខាងកើត អ៊ុយក្រែន រុស្ស៊ី។ ប្រទេសលោកខាងលិច ជាពិសេសអាមេរិកបានចោទក្រុមឧទ្ទាមថា ជាអ្នកបាញ់មីស៊ីលទម្លាក់យន្តហោះម៉ាឡេស៊ីដឹកអ្នកដំណើរ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ប៉ុន្តែ រុស្ស៊ីបានបដិសេធតាំងពីដំបូងទីថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងរឿងផ្ទុះធ្លាក់យន្តហោះម៉ាឡេស៊ីទេ។ ផ្ទុយទៅវិញ ក្នុងរឿងផ្ទុះធ្លាក់ឆេះយន្តហោះដែលសម្លាប់អ្នកដំណើរទាំងអស់ ២៩៨នាក់ រុស្ស៊ីនៅតែចោទប្រកាន់ថា គឺយន្តហោះចម្បាំងរបស់រដ្ឋាភិបាលអ៊ុយក្រែនដែលជាអ្នកបាញ់យន្តហោះម៉ាឡេស៊ី។
កាលពីថ្ងៃអង្គារ លោកប្រធានាធិបតីរុស្ស៊ីបានប្រកាសពង្រឹងកងទ័ពយោធាឡើងវិញ។ តាមរដ្ឋមន្រ្តីការពារជាតិរុស្ស៊ី ទឹកប្រាក់ប្រមាណ១,៧៥លានអឺរ៉ូ នឹងត្រូវចំណាយពីពេលនេះ ដល់ឆ្នាំ ២០២០ ដើម្បីកែលម្អ ពង្រឹងវិស័យយោធារុស្ស៊ីនៅតំបន់សមុទ្រខ្មៅ ជាពិសេសនៅតំបន់គ្រីមេដែលរុស្ស៊ីទើបភ្ជាប់ក្នុងទឹកដីរបស់ខ្លួន។
រុស្ស៊ីចាប់ពង្រឹងវត្តមានទ័ពរបស់ខ្លួននៅសមុទ្រខ្មៅ ដោយសារតែរុស្ស៊ីចង់ទប់ទល់នឹងការគំរាមកំហែងរបស់អង្គការអូតង់ របស់ប្រទេសលោកខាងលិច ដែលបានតាមទីក្រុងម៉ូស្គូ កំពុងពង្រឹងទ័ពរបស់ខ្លួន នៅក្នុងប្រទេសក្បែរ ទៅរកព្រំដែនរុស្ស៊ី។ ម្យ៉ាងទៀត ដោយគាំទ្រ ផ្តល់អាវុធដល់ក្រុមឧទ្ទាម រុស្ស៊ីសង្ឃឹមឃើញអស្ថិរភាព ចលាចលនៅក្នុងប្រទេសអ៊ុយក្រែន ពោលគឺធ្វើយ៉ាងណាដើម្បីកុំឲ្យប្រទេសនេះស្ងប់សុខ ដើម្បីរួមដៃជាមួយប្រទេសលោកខាងលិច មកគំរាមកំហែងរុស្ស៊ី។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ