អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ផលវិបាក​នៃ​ការ​ដកទ័ព​ដ៏​ប្រញាប់ប្រញាល់​របស់​អាមេរិក​ពី​អ៊ីរ៉ាក់​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

​ការវាយលុក​របស់​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម​​​​​អ៊ីរ៉ាក់ នៅ​អ៊ីរ៉ាក់​​ ដណ្តើម​កាន់កាប់​បាន​ដែនដី​មួយ ចំនួន​ធំ តែ​ក្នុងរយៈពេលខ្លី ​ស​បញ្ជាក់​ពី​ស្ថានភាព​​សន្តិសុខ​ដុនដាប​​ខ្លាំង ​គិត​ចាប់​ពី​ពេល​អាមេរិក​ដក​កងទ័ព​អស់​ចេញ​ពី​អ៊ីរ៉ាក់​ នៅចុង​ឆ្នាំ​​២០១១មក។ ​ឥឡូវនេះ ​សហគមន៍​អន្តរជាតិ​កំពុង​បារម្ភ​​មិនត្រឹម​តែ​ស្ថិរភាព​នៅ​អ៊ីរ៉ាក់​ប៉ុណ្ណោះទេ​​​​ តែ​គឺ​ស្ថិរភាព​សន្តិសុខ​នៅតំបន់​ដើម​បូព៌ា​ទាំង​មូល​តែម្តង។

ទាហាន​អ៊ីរ៉ាក់​រដ្ឋាភិបាល​ម៉ាលិគី នៅ​ខ្វះ​បទពិសោធន៍​និង​សមត្ថភាព​​នៅឡើយ។ ​
ទាហាន​អ៊ីរ៉ាក់​រដ្ឋាភិបាល​ម៉ាលិគី នៅ​ខ្វះ​បទពិសោធន៍​និង​សមត្ថភាព​​នៅឡើយ។ ​ REUTERS/Mushtaq Muhammed
ផ្សាយពាណិជ្ជកម្ម

​ការដែល​​ក្រុមជីហាត​បាន​ដណ្តើម​កាន់កាប់​ដែនដី​មួយចំនួន​ធំ​ នៅ​អ៊ីរ៉ាក់ បច្ចុប្បន្ន ​​​បញ្ជាក់​ច្បាស់​​​ពី​អស្ថិរភាព​​សន្តិសុខ​​អ៊ីរ៉ាក់ ភាពអសមត្ថភាពរបស់កងទ័ព​​រដ្ឋាភិបាល​​​​ស៊ីអ៊ីត ដែល​អាមេរិក​ធ្លាប់​ចំណាយ​ថវិកា​រាប់ពាន់​លានដុល្លារ ជ្រោមជ្រែង​បណ្តុះបណ្តាល​​ក្រោយ​ពេល​​របប​លោក​សាដាំ​ហ៊ូសេន​ ត្រូវ​​​ដួល​រលំ​ ក្នុង​ឆ្នាំ​២០០៣។ ពេលនេះ ​ការវាយលុក​របស់​ក្រុម​ជីហាត​ ក៏​គំរាម​​ស្ថិរភាព​តំបន់​ដើមបូព៌ា​ផងដែរ។ ​ផលវិបាក​ទាំង​នេះ បើ​មើលអោយ​ដិតដល់ ក៏អាច​​មកពី​ថា ​អាមេរិក​ឆាប់​ដក​កងទ័ព​ចេញអស់​ពី​អ៊ីរ៉ាក់​ពេក ទើប​ធ្វើអោយ​អាមេរិក​បាត់បង់​ឥទ្ធិពល​នៅ​ដើមបូព៌ា​ ធ្វើ​អោយ​​ក្រុមជីហាត​​ឡើង​ចាង ​បង្កើន​សកម្មភាព​វាយប្រហារ​ក្នុង​តំបន់។  

គួរ​រំលឹក​​​ថា កាលពី​ឆ្នាំ​២០០៧ ស្ថិរភាព​សន្តិសុខ​​​អ៊ីរ៉ាក់​ហាក់​ចាប់​ផ្តើម​មាន​លំនឹង​ឡើងវិញ​​ ក្រោយ​ពេល​អាមេរិក​បាន​​បញ្ជូន​កងកម្លាំងពង្រឹង​សន្តិសុខ​​២ម៉ឺននាក់​ សម្រាប់​ប្រតិប​ត្តិការ​​​ប្រឆាំង​​ក្រុម​អាល់កៃដា។ ប៉ុន្តែ នៅ​ឆ្នាំ​២០០៨ ​ក្រោយ​ពេល​​​លោក​អូបាម៉ា ជាប់ឆ្នោត​​ជា​ប្រធានាធិបតី​អាមេរិក​មក អាមេរិក​បាន​ប្តូរ​ជំហរ​​នយោបាយ​ថ្មី ដោយ​ផ្តោត​​ការងារ​​សំខាន់ តែ​លើ​នយោបាយ​​​​ក្នុង​ស្រុក ដូចជា​កំណែទម្រង់​សុខភាព រឺ​ក៏​ការ​ជំរុញ​​សេដ្ឋកិច្ច​ជាដើម។​ លោក​អូបាម៉ា​បាន​សម្រេច​​ដក​កងទ័ព​អាមេរិក​​ចេញ​អស់​ពី​អ៊ីរ៉ាក់ កាលពី​ចុង​ឆ្នាំ​២០១១។ ​

នយោបាយ​ការបរទេស​លោក​អូបាម៉ា​​​ ​​​ផ្តល់​អាទិភាព​លើ​គោលការណ៍​​សន្តិភាព ព្រោះ​ថា លោក​អូបាម៉ា​មិនចង់​ឃើញ​សង្គ្រាម​បំផ្លិចបំផ្លាញ​​ស្ថិរភាព​ប្រទេស​ដទៃ​ ដូច​​អាមេរិក​​​អាណត្តិ​ប្រធានា​ធិបតី​ប៊ុស ដែល​បាន​ផុសផុល​ធ្វើ​សង្គ្រាម​នៅ​អ៊ីរ៉ាក់​​ឆ្នាំ​២០០៣ ឡើយ។ ​​ ហេតុ​ដូច្នេះ​ហើយ ​ទើប​​លោក​អូបាម៉ា​​ចៀសវាង​នយោបាយ​សង្គ្រាម​ ដោយ​បានដកទ័ព​ចេញ​អស់​ពី​អ៊ីរ៉ាក់។ ក្រោយ​កាន់កាប់​​បូរណភាព​អ៊ីរ៉ាក់​៨ឆ្នាំ​មក ​​ក្រោយ​​​គាស់​រំលើង​កងទ័ព​ ប៉ូលិស ​ក្នុង​ស្រុក ​​ក្រោយ​​បាន​​ជួយ​​​បណ្តុះ​បណ្តាល​កងកម្លាំង​អ៊ីរ៉ាក់​ថ្មីៗ​ ក្រោយ​ជ្រោមជ្រែង​រដ្ឋាភិបាលចំរុះ​អ៊ីរ៉ាក់​ ​អាមេរិកគិតថា ​​​អាច​ផ្តល់​ទំនុកចិត្ត​ដល់​​រដ្ឋាភិបាល​លោក​ម៉ាឡាគិ​ ​ក្នុង​ការ​​ដឹកនាំ​អ៊ីរ៉ាក់​ទៅ​រក​​​សុខ​សន្តិភាពឡើងវិញ។

ប៉ុន្តែ ​អ្វី​ដែល​រដ្ឋាភិបាល​អូបាម៉ា​មិន​បានគិត​​ស៊ីជម្រៅ​នោះ​​​​ គឺ​ថា​រដ្ឋាភិបាល​អ៊ីរ៉ាក់​ថ្មី​ដែល​អាមេរិក​ជួយជ្រោមជ្រែង​កន្លង​មក​នោះ​ ជា​រដ្ឋាភិបាល​និកាយ​ស៊ីអ៊ីត។ ការ​ដែល​អាមេរិក​ជួយ​រដ្ឋាភិបាល​និកាយ​ស៊ីអ៊ីត​ ក៏​​អាច​ធ្វើ​អោយ​គេ​និយាយ​បាន​ថា​ អាមេរិកបាន​​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​និកាយ​ស៊ុននីត​ដូច្នោះ​ដែរ។ លើស​ពី​នេះទៀត ​ក្រោយ​ពេល​អាមេរិក​ដក​ទ័ពចេញ​អស់​ពី​អ៊ីរ៉ាក់​​ ​រដ្ឋាភិបាល​​អ៊ីរ៉ាក់​និកាយ​ស៊ីអ៊ីត ​បាន​រើសអើង​អ្នកនយោបាយ​និកាយ​ស៊ុននីតរបស់​លោក​សាដាំ​ហ៊ូសេន។ រដ្ឋាភិបាល​អ៊ីរ៉ាក់​ថ្មី​ប្រកាន់​បក្ស​ពួក ពុក​រលួយ ធ្វើ​អោយ​អ្នក​កាន់​​និកាយ​ស៊ុននីត​​ខកចិត្ត​ទាំងស្រុង។ អតីត​មន្ត្រី​និង​កងទ័ពនិកាយ​ស៊ុននីត​ជំនាន់​លោក​សាដាំ​ ខឹងសម្បារ​​ ​និង​បាន​ចុះ​ចូល​ជាមួយ​ក្រុម​ជីហាត​និកាយ​ស៊ុននីត​ ដែល​កំពុង​វាយ​លុក​នៅ​ស៊ីរី​។ ហេតុ​ដូច្នេះ​ហើយ ទើប​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​អ៊ីរ៉ាក់​​​​បាន​ឡើង​ឥទ្ធិពល​ខ្លាំង​ក្លា ក្នុង​តំបន់​តែ​ក្នុង​រយៈពេល​ខ្លី។ ​ឃើញ​រដ្ឋាភិបាល​អ៊ីរ៉ាក់​ថ្មី​ធ្លាក់​ចុះខ្សោយ ​ក្រុម​ជីហាត​​ក៏​​​​ឆ្លៀត​​បង្វែរ​ទិស​ប្រយុទ្ធ​ ទៅ​​វាយលុក​​នៅ​​​​អ៊ីរ៉ាក់​វិញ​ម្តង ហើយ​ពួកគេ​​វាយយក​ដែនដី​អ៊ីរ៉ាក់​បាន​​​ស្រួល​ដូច​បកចេក​ ព្រោះថា កងកម្លាំង​អ៊ីរ៉ាក់​ដែល​ទទួល​​​បាន​ការបណ្តុះបណ្តាល​ពី​អាមេរិក​កន្លងមក​នោះ នៅ​មិនទាន់​មាន​​បទពិសោធន៍​សមត្ថភាព​គ្រប់គ្រាន់​ ដូចកងទ័ព​របប​លោក​ហ៊ូសេន ដែល​ចុះចូល​ជាមួយ​ក្រុម​ជីហាត​ទេ។ ​​នេះហើយ​ជា​​បញ្ហា​ដែល​អាមេរិក​ភ្លេចគិត​អោយ​ដិតដល់។

ដូច្នេះ នយោបាយ​ការបរទេស​​បែប​សន្តិភាពលោក​អូបាម៉ា​ ​នយោបាយ​ដកកងទ័ព​អាមេរិក​ពី​ដើមបូព៌ា មាន​តែ​ធ្វើ​អោយ​​ស្ថិរភាព​​​តំបន់រងការគំរាម​កំហែង​ទៅវិញទេ។ ​​កន្លងមក​ ​មាន​​ការ​រិះគន់​ថា​​នយោបាយ​បរទេស​លោក​អូបាម៉ា​​ ​ទន់ជ្រាយ។ ​ការរិះគន់​នេះ​​ក៏​មិនខុស​ទាំងស្រុង​​​ដែរ​ ជាក់ស្តែង​​ ក្នុង​​វិបត្តិ​សង្គ្រាម​ស៊ីរី ​ប្រទេស​លោកខាងលិច​​ធ្លាប់​ប្រាប់​ថា មាន​ភស្តុតាង​​​​ថា​ រដ្ឋាភិបាល​លោក​អាសាដ​ប្រើ​អាវុធ​គីមី​សម្លាប់​មនុស្ស​ តែ​អាមេរិក​បាន​សម្រេច​ថា​ ​មិន​ធ្វើ​អន្តរាគមន៍​យោធា​នៅ​ស៊ីរីទេ។ អាមេរិក​​សុខចិត្ត​ស្របតាម​រុស្ស៊ី ​តំរូវ​អោយ​មាន​ផែនការ​កំទេច​អាវុធ​​គីមី​នៅ​ស៊ីរី​វិញ។ ​

ទោះបី​ជា​នយោបាយ​​​​អាមេរិក​​របស់​លោក​អូបាម៉ា ​ផ្តោត​លើ​ឥទ្ធិពល​អាមេរិក​នៅ​​អាស៊ី​ប៉ាស៊ីហ្វិក គាំទ្រប្រទេស​ដៃគូ ប្រឈម​នឹង​ឥទ្ធិពល​ចិន ក៏​នយោបាយអាមេរិក​ហាក់​នៅ​ទន់ជ្រាយ​ដែរ ព្រោះ​ថា ​​​អាមេរិក​​ចង់​កាត់បន្ថយ​យុទ្ធសាស្ត្រ​​ និង​ចំណាយ​យោធា នៅពេល​ចិន​ដំឡើង​ថវិកា​យោធា​រៀងរាល់​ឆ្នាំ។  ​

ប៉ុន្មាន​ខែ​ចុងក្រោយនេះ​​ នៅអ៊ីរ៉ាក់ ​ពេល​ក្រុម​ជីហាត​វាយ​យក​បាន​តំបន់​ហ្វាលូចា ​រដ្ឋាភិបាល​​លោក​ម៉ាលិគី ​​​បាន​សុំ​អោយ​អាមេរិក​ជួយ​អ៊ីរ៉ាក់ ​ប៉ុន្តែ អាមេរិក​ហាក់​នៅញញើត​ យឺតយ៉ាវ​​នឹង​សម្រេច​​វិធានការ​ជាក់ស្តែង។ ​​​​ ​​​​ក្រុមជីហាត​ដណ្តើម​ដែនដី​កាន់កាប់​មួយចំនួន​ធំ តែ​ក្នុង​រយៈ​ពេលខ្លី ​ក៏អាមេរិក​នៅ​តែ​មិន​សម្រេច​ធ្វើ​​​​ប្រតិបត្តិការ​ទ័ព​​អាកាស​​​​ ​ទប់ស្កាត់​​ក្រុមជីហាត​ដែរ។ ​​ប្រាកដណាស់ កន្លងមក ​អាមេរិក​​បានគាំទ្រ​​ក្រុម​ឧទ្ទាម​​​នៅ​​ស៊ីរី ​ដែល​ប្រយុទ្ធ​ជាមួយ​​​កងទ័ព​លោក​អាសាដ។ ​ក្នុង​ចំណោម​​ក្រុម​ឧទ្ទាម​ដែល​ប្រយុទ្ធ​នៅស៊ីរី​នោះ​​ ក៏​​​​មាន​ក្រុមជីហាត​ដែល​កំពុង​វាយ​អ៊ីរ៉ាក់​បច្ចុប្បន្ន​នេះ​ដែរ។ ដូច្នេះ នេះ​ជា​ផលវិបាក​​​​​​ធ្លាក់​​មក​ត្របាក់​រដ្ឋាភិបាល​លោក​អូបាម៉ា​ខ្លួនឯង​វិញ។ ​

​លោក​អូបាម៉ា​នៅតែ​បញ្ជាក់​ថា អាមេរិក​មិន​វាយប្រហារ​តាម​ជើងគោក​ទេ ក្រោយ​ពេល​ដកទ័ព​អស់​ពី​អ៊ីរ៉ាក់មក។ ​​នយោបាយ​​ញញើត​សង្គ្រាម​​នេះ​បាន​ធ្វើ​​អោយ​​​​​អ៊ីរ៉ង់​ដែល​បាន​ខិតជិត​អាមេរិក​ ​និង​សន្យា​​សហការ​ជាមួយ​អាមេរិក​ជួយ​អ៊ីរ៉ាក់​ដែរ​នោះ​ ​​រិះគន់​​​លោក​អូបាម៉ា​​ថា ខ្វះ​​ឆន្ទៈច្បាស់លាស់ ​​​ក្នុង​​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​​ភេរវកម្ម។ ​

សូម​បញ្ជាក់​ដែរ​ថា អាមេរិក​ចៀសវាង​​នយោបាយ​យោធា​ជ្រុល​ហួស​ នៅដើមបូព៌ា។ រដ្ឋាភិបាល​​​លោក​អូបាម៉ា​មិនចង់​អោយ​​​អាមេរិក​ពឹងផ្អែក​លើ​​តែ​លើ​ប្រេង​​ក្នុង​​តំបន់​ដើមបូព៌ា​ទៀតទេ។ អាមេរិក​ពេលនេះ​ កំពុង​តែ​សម្លឹង​​ឃើញ​ធនធាន​ឧស្ម័ន​ក្នុង​ស្រុក​​ម្យ៉ាង​ឈ្មោះ​ថា ស្ហ៊ីស ជួយ​អោយ​អាមេរិក​អភិវឌ្ឈន៍​ប្រទេស​ ​ស្របតាម​នយោបាយ​សន្តិភាពរបស់​លោក​អូបាម៉ា។ ​ថ្វី​បើ​​រដ្ឋាភិបាល​អូបាម៉ា​អាច​​ពេញចិត្ត​នឹង​នយោបាយបែបផែន​​​សន្តិភាព​​ក៏ពិតមែន​ តែ​នយោបាយ​​​ឆាប់ដក​ទ័ព​ចេញ​អស់​ពី​អ៊ីរ៉ាក់ កន្លងមក ​មិនបាន​ជួយ​អ៊ីរ៉ាក់​ទៅ​រក​សន្តិភាពដូច​ការ​ស្រមៃ​នោះទេ​ ក្រៅ​តែ​ពី​បង្ក​អោយ​មាន​ការ​រើស​អើង​​និកាយ​សាសនា ​ ការ​រំលោភ​​សិទ្ធិមនុស្ស ​​លើស​ពី​នេះទៀត ​ពេលនេះ ​សន្តិសុខ​ដើម​បូព៌ា​កំពុង​រង​ការ​គំរាមកំហែង​ដោយ​ការ​ឡើង​ឥទ្ធិពល​​របស់​ក្រុម​ជីហាត៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ