អានតួអត្ថបទ
អ៊ីរ៉ាក់-អារ៉ាប៊ីសាអូឌីត

បាកដាត​ចោទ​អារ៉ាប៊ី សាអ៊ូឌីត​ថា ជាអ្នកផ្តល់​លុយ​ដល់​ក្រុមជីហាត​នៅ​អ៊ីរ៉ាក់

កាលពី​ថ្ងៃ​អង្គារ​ទី ១៧​មិថុនា រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​ចោទ​ប្រកាន់​ ទីក្រុង​រីយ៉ាត ជា​ផ្លូវការ​ថា ជា​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​ស្មារតី​ដល់​ក្រុមជីហាត មកពី​រដ្ឋអ៊ីស្លាម​អ៊ីរ៉ាក់ និង​ឡឺវ៉ង់ ដែល​កំពុង​វាយ​ចូល​កាន់កាប់​ទីក្រុង​ជាច្រើន​របស់​ប្រទេស​អ៊ីរ៉ាក់។ គិត​មក​ត្រឹម​ថ្ងៃ​អង្គារ​ទី ១៧​មិថុនា ក្រុម​អ៊ីស្លាម​ជ្រុលនិយម ជីហាត​​បាន​ខិត​ចូល​ទីក្រុង​បាកដាត និង​វាយ​យក​បាន​ច្រក​ត្រួតពិនិត្យ​ថ្មី​មួយ នៅ​ព្រំដែន​អ៊ីរ៉ាក់ និង​ស៊ីរី បន្ទាប់ពី​វាយ​យក​បាន​ទីក្រុង​ធំទីពីរ របស់​អ៊ីរ៉ាក់ កាលពី​សប្តាហ៍មុន។  

អនុរដ្ឋមន្រ្តីការបរទេស​អារ៉ាប៊ីសាអូឌីត​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ប្រទេស​អារ៉ាប់​ផ្សេងទៀត មក​ពី​តំបន់​ឈូងសមុទ្រ​ពែរ្ស៍
អនុរដ្ឋមន្រ្តីការបរទេស​អារ៉ាប៊ីសាអូឌីត​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ប្រទេស​អារ៉ាប់​ផ្សេងទៀត មក​ពី​តំបន់​ឈូងសមុទ្រ​ពែរ្ស៍ ©REUTERS/Faisal Al Nasser
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​ទីក្រុង​បាកដាត​មិន​ខ្វះសំដី និង​អំណះអំណាង​ដើម្បី​ចោទប្រកាន់​អារ៉ាប៊ី សាអ៊ូឌីត។ នៅក្នុង​សេចក្តី​ថ្លែងការណ៍​ចេញផ្សាយ​ដោយ​ខុទ្ធការល័យ​របស់​នាយក​រដ្ឋមន្រ្តី ​កាលពីថ្ងៃ​អង្គារ បាកដាត​បាន​និយាយ​ចោទ រដ្ឋាភិបាល​អារ៉ាប៊ី សាអូឌីត​ចំៗ​ថា បាន​ចូលដៃ ចូលជើង​ជាមួយ ក្រុមភេរវករ​ដែល​កំពុង​វាយប្រហារ ចូល​ដណ្តើម​កាន់កាប់​ទីក្រុង​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់។

 
តាមសេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់ អារ៉ាប៊ី សាអ៊ូឌីត ដែល​ជា​ប្រទេស​ជិតខាង​របស់​អ៊ីរ៉ាក់ ជា​អ្នកទទួល​ខុសត្រូវ ផ្តល់​លុយកាក់ និង​លើកទឹកចិត្ត​ផ្នែក​ស្មារតី ដល់​ក្រុមជីហាត។ កាលពី​ខែ​មីនា​កន្លងទៅ លោកនាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់ នូរី អាល់ម៉ាលិគិ​ធ្លាប់​បាន​ចោទ​អារ៉ាប៊ី សាអ៊ូឌីត និង​កាតារ​ម្តងហើយ ពីបទ​ជួយ​គាំទ្រ​ក្រុមភេរវជន​នៅក្នុង​ទឹកដី​អ៊ីរ៉ាក់។

រដ្ឋាភិបាល​អ៊ីរ៉ាក់​ចេញមុខ​ចោទប្រកាន់​ទីក្រុង​រីយ៉ាត នៅថ្ងៃ​អង្គារ បន្ទាប់ពី​អារ៉ាប៊ី សាអ៊ូឌីត​បាន​រិះគន់​ដោយ​ចំហរ រដ្ឋអំណាច​ក្រុង​បាកដាត កាលពី​ថ្ងៃ​ចន្ទ​ដើមសប្តាហ៍នេះ។ តាម​រដ្ឋាភិបាល​អារ៉ាប៊ី សាអ៊ូឌីត រដ្ឋាភិបាល​អ៊ីរ៉ាក់​បច្ចុប្បន្ន​កំពុង​រុញច្រាន​ប្រទេស​ឲ្យ​ធ្លាក់​ចូល​ក្នុង​ភ្នក់ភ្លើង​សង្រ្គាម ដោយ​អនុវត្ត​នយោបាយ​បោះបង់​ចោល​ក្រុមមនុស្ស​មក​ពី​និកាយ​ស៊ុននីត។ ដូច្នេះ ទីក្រុង​រីយ៉ាត​ទាមទារ​ឲ្យ​គេ​បង្កើត​រដ្ឋាភិបាល​អ៊ីរ៉ាក់​ថ្មី​មួយ ដែល​អាច​នាំ​ឯកភាព​ជាតិ មិន​ប្រកាន់​និកាយ​សាសនា សម្រាប់​ប្រទេស​អ៊ីរ៉ាក់។

ក្នុង​រយៈពេល​មិន​ដល់​មួយ​សប្តាហ៍ ក្រុមជីហាត មក​ពី​រដ្ឋអ៊ីស្លាម​អ៊ីរ៉ាក់ និង​ឡឺវ៉ង់ ដែល​ធ្លាប់​សកម្មប្រយុទ្ធ​នៅក្នុង​ទឹកដី​ស៊ីរី​ បាន​វាយ​ចូល​កាន់កាប់​ទីក្រុង និង​ខេត្ត​សំខាន់ៗ​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់ យ៉ាង​តិច​ចំនួន ៦។ មន្រ្តី​អាមេរិក​ធ្លាប់​វាយតម្លៃ​ថា ក្រុម​ជីហាត​នេះ​ធ្លាប់​​ទទួល​លុយ​ពី​ក្រុម​ឯកជន​របស់​ប្រទេស​អារ៉ាប់ នៅ​សមុទ្រ​ពែរ្ស៍ ដើម្បី​ធ្វើការ​ប្រយុទ្ធ​ជាមួយ​ក្រុមប្រឆាំង នៅ​ក្នុង​ទឹកដី​ស៊ីរី ដើម្បី​ប្រយុទ្ធ​តទល់​នឹង​រដ្ឋាភិបាល​បាស្ហា អាល់​អាសាដ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ