អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

​បដិវត្តន៍អ៊ីស្លាម​ រុញច្រានសេដ្ឋកិច្ចឱ្យកាន់តែដុនដាប

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ទម្លាក់លោក​ ម៉រស៊ី ​​ ​ ពី​តំណែងប្រធានាធិបតី​​​អេហ្ស៊ីប ​ របស់ ក្រុមយោធា ដែល​​​មាន​កម្លាំង​ប្រជាជន​នៅ​ពីក្រោយ​ បាន​​និង​កំពុង​ក្លាយ​ជា​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ និង​សង្គម​អេហ្ស៊ីប ឱ្យ​​​កាន់​តែ​ធ្លាក់​ចុះ​ដុនដាប​​​។ បណ្តា​ជន​អេហ្ស៊ីប​ជាង​៨០​លាន​នាក់ ដែល​ជិត​ពាក់​កណ្តាល​រស់​ជាមួយ​នឹង​ប្រាក់​២​ដុល្លារអាមេរិក​ក្នុង​មួយ​ថ្ងៃ កំពុង​ត្រដរ​រស់​ជាមួយតែ​នឹង​ជំនួយ​បរទេស? តើ​ជីវិត​បែប​នេះ​អាច​យឺនយូរ​បាន​ដល់​​ណា ?!

ច្រក​ចូល​អាកាស​យានដ្ឋាន​អន្តរជាតិ​ក្រុង​គែរ ស្ងប់ស្ងាត់​លែង​សូវ​មាន​សកម្មភាព​ ព្រោះ​ខ្សត់​ទេសចរ​
ច្រក​ចូល​អាកាស​យានដ្ឋាន​អន្តរជាតិ​ក្រុង​គែរ ស្ងប់ស្ងាត់​លែង​សូវ​មាន​សកម្មភាព​ ព្រោះ​ខ្សត់​ទេសចរ​ © Ad Meskens / Wikimedia Commons
ផ្សាយពាណិជ្ជកម្ម

ប្រជាជន​អេហ្ស៊ីប​រាប់​លាន​នាក់​ដែល​បាន​នាំ​គ្នា​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម​ ប្រឆាំង​នឹង​លោក​ម័រស៊ី រហូត​ដល់​​​យោធា​ចេញ​មុខ​ជួយ​ទម្លាក់​អតីត​ប្រធានាធិបតី ​ចេញ ពី​តំណែង ​ ​ ​ នៅ​ថ្ងៃ​ទី​៣​កក្កដា​ ​ ក៏​ព្រោះ​តែ​​ដោយ​បុព្វហេតុ​សេដ្ឋកិច្ច​។ ពួក​គេខក​ចិត្ត​ និង​បានចោទ​រដ្ឋាភិបាលអ៊ីស្លាម​ជ្រុលនិយម​ប្រសូត​ចេញ​ពី​សន្លឹក​ឆ្នោត​​​នេះ ថា​គ្មាន​បទ​ពិសោធន៍​ដឹកនាំ​ ​​បណ្តែត​បណ្តោយ​ឱ្យ​សេដ្ឋកិច្ច​ធ្លាក់​ចុះ មាន​ឱនភាព​ថវិកា និង​ភាព​អត់ការងារ​ធ្វើ​​កំរិត​ខ្ពស់​ ព្រមទាំង​កង្វះថាមពល​ប្រេង​ឥន្ធនៈ​​យ៉ាង​រ៉ាំរៃ​បំផុត។ ហើយ​គ្មាន​សមត្ថភាព​បង្ហាញ​​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ច្បាស់​លាស់។

ប៉ុន្តែ​ក្នុង​ស្ថានភាព​ អសន្តិសុខ​ និង​អស្ថិរភាព​នយោបាយដូច​ពេល​បច្ចុប្បន្ន​នេះ ទស្សនវិស័យ​ផ្នែក​ទេសចរណ៍​ដែល​ជា​ប្រភព​នាំ​ចំណូលដល់​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់អេហ្ស៊ីប និង​ការ​វិនិយោគ​បរទេស​ កាន់​តែ​​រសាត់​ឃ្លាត​ឆ្ងាយ​ និង​តិច​ស្តួច​ស្តើង​ទៅៗ ពោល​គឺ​ធ្លាក់​ចុះ​អន់​ថយ​ជាង​ក្រោយ​ការ​ដួល​រំលំ​របប​លោក​ ហូស្នី មូបារ៉ាក់​ កាលពី​ឆ្នាំ​២០១១​ទៅ​ទៀត។

ម្យ៉ាង​វិញ​ មិន​ថា​នៅ​ប្រទេស​ណា​ ជា​ប្រទេស​ណា​ទេ ឱ្យ​តែ​មាន​វិបត្តិ​នយោបាយហើយ​នោះ​អ្វីៗ​ក៏​មិន​អាច​សម្រេច​ឬ​ប្រព្រឹត្ត​ទៅ​បាន​ដូច​ការ​គ្រោង​ទុកបាដែរ។ យ៉ាងណាមិញ​ក្នុង​ករណី​ប្រទេស​អេហ្ស៊ីប​ពេល​នេះ​​ គ្មាន​រដ្ឋាភិបាល​ត្រឹម​ត្រូវ​ វិបត្តិ​នយោបាយ​បាន​ត្រឹម​តែ​ជួយ​ពន្យឺត​ដំណើរ​ការ​ចរចា​ខ្ចី​ប្រាក់​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ដែល​អូស​បន្លាយ​អស់​ពីរ​ឆ្នាំ​មក​ហើយ ឱ្យ​កាន់​តែ​យឺតយ៉ាវ​ថែម​ទៀត​ប៉ុណ្ណោះ។ កម្ចី​៤៨០០​ពាន់​លាន​ដុល្លារ​អាមេរិក​ អាច​នឹង​ត្រូវ​កក​ស្ទះ​​ ព្រោះ​អេហ្ស៊ីប​​មិន​អាច​ផ្តល់​ផែនការ​ធ្វើ​កំណែទម្រង់​​អ្វី​មក​ធ្វើ​ជា​សំអាង​បាន។ ហើយ​បើ​ថា​មូលនិធិ​រូបិយវត្ថុ​ចិត្ត​ល្អ ព្រម​ឱ្យ​ខ្ចី​ទៅ​ចុះ ក៏​កម្ចី​ទាំង​នោះ​មិន​ទាក់ទាញ​ឱ្យ​មាន​ការ​វិនិយោគ​ឈូរឆ​ទៅកើត​ដែរ​ ព្រោះ​ប្រទេស​នេះ​ទើប​ក្រឡាប់​ចាក់​ចេញ​ពី​ភាព​វឹកវរ​ ហើយ​មាន​រដ្ឋាភិបាល​មិន​ទាន់​បាន​មួយ​ឆ្នាំ​ស្រួល​បួល​ផង​ មាន​រដ្ឋ​ប្រហារ​កើត​ឡើង។ ការ​បាញ់​ប្រហារ​មនុស្ស​ធ្វើ​ឡើង​ត្រង់ៗ​កណ្តាល​ផ្លូវ តើ​ធ្វើ​ដូចម្តេច​នឹង​អាច​​និយា​យ​អំពី​ភាព​ទាក់ទាញ​បាន​នោះ?!

មួយ​វិញ​ទៀត​ បើ​ឧបមា​ថា​បាន​ទទួល​ប្រាក់​កម្ចី​FMIនេះ​ទៅ​ចុះ​ តែ​បើ​គ្មាន​ យុទ្ធសាស្ត្រ​​អភិវឌ្ឍន៍ឱ្យ​​ស៊ី​គ្នា​ អប​ជាមួយទេ នោះគឺ​ពិត​ជា​មិន​គ្រប់​គ្រាន់​សម្រាប់​​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ និង​បំពេញ​កង្វះ​ហិរញ្ញវត្ថុ​ដែល​ក្រហត​អស់​ពី​រ​ឆ្នាំ​មក​ហើយ​នេះ​ឡើយ។ ប្រាក់​បំរុង​​រដ្ឋ​ ដែលកាលពី​ចុង​ខែ​មិថុនា ​មាន​នៅ​សល់ក្នុង​ធនាគារ​តែ​ប្រមាណ​ ១៤​៩០០​លាន​ដុល្លារ​ (៣៦០០០​លាន​កាលពី​ឆ្នាំ​២០១១)។

តាម​ការពិត​ ក្រោយ​ការ​ឃាត់​ខ្លួន​លោក​ម៉រស៊ី បាន​ភ្លាម បណ្តា​រាជាណាចក្រ​​ប្រេង​កាត​ ក្នុង​តំបន់ឈូង​សមុទ្ទ​ពែក្ស​ បាន​ប្រកាសសន្យា​​ផ្តល់​ជំនួយ​សរុប​ ១២​ពាន់​លាន​ដុល្លារ​ ដល់​អេហ្ស៊ីប ៖ ៥ពាន់​លាន​ពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ៤ពាន់​លាន​ពី​ប្រទេស​កូវ៉ែត និង​៣​ពាន់​លាន​ពី​ប្រទេស​អេមីរ៉ាត់អារ៉ាប់រួម។ ​ជំនួយ​ហិរញ្ញវត្ថុ​នេះ ​ជា​ដំណោះស្រាយ​​​ខ្លី ចំពោះ​មុខ ប្រៀប​ដូច​ជា​ការ​បណ្តោក​​​​ខ្យល់​អុកស៊ីអែន​​ឱ្យអេហ្ស៊ីប​ ដែល​មក​ដល់​មាត់​ជ្រោះ​នៃ​ការ​ក្ស័យ​ធន​អាច​ត្រដរ​រស់​​មួយ​រយៈ។ កញ្ចប់​ថវិកា​ជំនួយ​របស់​ប្រទេស​ទាំង​បី​នេះ ​បាន​ត្រឹម​ជួយ​ប្រទេស​អេហ្ស៊ីប​អាច​បន្ត​នាំ​ចូល​ស្រូវ​សាលី អាហារ​ចាំ​បាច់​បំផុត​របស់​ប្រជាជន​ និង​ប្រេង​ម៉ាហ្សូត​ បានពីរបី​ខែ​បន្ថែម​ទៀត។ សូម​បញ្ជាក់​ថា ​អេហ្ស៊ីប​ប្រជាជន​សរុប​ជាង​៨០​លាននាក់ តែ​មួយ​ភាគ​បួន​រស់​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ និង​រំពឹង​លើ​ជំនួយ​ឧបត្ថម្ភ​ស្រូវ​ពីរដ្ឋ​។ ការ​បន្តក់​ប្រាក់​ជំនួយ​ពី​បរទេស​ មិន​មែន​ជា​ដំណោះស្រាយ​យូរអង្វែង​សម្រាប់​អេហ្ស៊ីប​ឡើយ។

ចំណាត់​ការ​សេដ្ឋកិច្ច​មិន​ល្អ បាន​ដុំ​ស្នឹម​ ចាក់​ឬស​ក្នុងប្រទេសនេះ​រាប់​ទសវត្សរ៍​មក​ហើយ ហើយលោក​ម័រស៊ី ជា​អ្នកទទួល​រង​ថ្ម​បាក់​មុន​គេ។ អេហ្ស៊ីប ចាំ​បាច់​ត្រូវ​​ធ្វើ​​កំណែទម្រង់​ លើ​ប្រព័ន្ធសេដ្ឋកិច្ច​ ​ ប្រព័ន្ធសុខាភិបាល - ​​​អប់រំ ដែល​​​មិនទិសដៅ​បំពាក់បំប៉ន​តែ​ធនធាន​មនុស្ស​កំរិត​ជាន់​ខ្ពស់​​ និង​របប​ឧបត្ថម្ភធន​ចាស់​គំរិល​​ដែល​ស្រូប​យក​ថវិកា​រដ្ឋ​អស់​ប្រមាណ​ពី​២០​ទៅ​៣០%។
ភាព​លំបាក​របស់​អេហ្ស៊ីប​មិន​មែន​មាន​ត្រឹម​វិបត្តិ​នយោបាយ​ ក្នុង​ថ្ងៃ​នេះ​ទេ អនាគត​រដ្ឋាភិបាល​ថ្មី​នឹង​មាន​បន្ទុក​ធ្ងន់​ ព្រោះ​សម្ពាធ​ប្រជាជន និង​សេដ្ឋកិច្ច​ នឹង​បន្ត​ចោទ​ជា​បញ្ហា​កាន់​តែ​ខ្លាំង​ឡើយ​ រហូត​ ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ នេះ​បើ​តាម​កំណត់​ហេតុ​ថ្មី​ចុង​ក្រោយ​របស់​វិទ្យាស្ថាន​អាមេរិក Stratfor៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ