អានតួអត្ថបទ
អេហ្ស៊ីប

អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​​ William​ Burns​ ទស្សនកិច្ច​នៅ​​អេហ្ស៊ីប​ ក្នុងពេល​ដែល​បាតុកម្ម​នៅតែ​បន្ត​ធ្វើ​

នៅ​ថ្ងៃ​ចន្ទនេះ អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​​បាន​​បំពេញ​ទស្សនកិច្ចសំរាប់​​រយៈ​ពេល​ពីរថ្ងៃ​ នៅ​អេហ្ស៊ីប​ ដើម្បី​ជួបជាមួយ​សមាជិក​រដ្ឋាភិបាល​បណោ្តះអាសន្ន​ប្រទេស​នេះ​ ព្រមទាំង​អ្នកទទួល​ខុសត្រូវ​សង្គម​ស៊ីវិល​និង​សហគ្រាស​ផ្សេងៗ​ទៀត​ផងដែរ។ អាមេរិក​​​​​ចង់​អោយ​​​​អំពើហិង្សា​បិទបញ្ចប់​​​ និង​ចង់​​អោយ​​អេហ្ស៊ីប​បង្កើត​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​​មួយ​អោយ​បាន​ឆាប់​រហ័ស​។​ ​​ដោយឡែក នៅ​ថ្ងៃ​ចន្ទនេះ នៅ​ក្រុងគែរ បាតុករ​​គាំទ្រ​អតីត​ប្រធានាធិបតី​​មរស៊ី​នៅ​តែ​បន្ត​ក្បួន​បាតុកម្ម​របស់​ខ្លួន។ នៅ​ខាង​ជើង​ស៊ីណៃ​ ជន​ប្រដាប់​អាវុធ​មួយ​ចំនួន​បាន​ធ្វើការ​វាយប្រហារ​រថយន្ត​ក្រុង​ដឹក​កម្មករ​មួយគ្រឿង​ ធ្វើ​អោយ​ស្លាប់​​មនុស្ស​៣នាក់​​​ ​និង​របួស​១៧​នាក់ផ្សេងទៀត​​។

អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ លោក William Burns
អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ លោក William Burns REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

ទស្សនកិច្ច​របស់​អនុរដ្ឋមន្ត្រីការបរទេស​អាមេរិក​​ William Burns នៅ​ប្រទេស​អេហ្ស៊ីប ធ្វើឡើង​ចំពេល​អេហ្ស៊ីប​កំពុង​​រៀបចំ​សមាសភាព​​​រដ្ឋាភិបាល​បណ្តោះអាសន្ន​​របស់​ខ្លួន។ ក្រុង​វ៉ាស៊ីនតោន​​ចង់​អោយ​ក្រុងគែរ​បង្កើត​នូវ​​រដ្ឋាភិបាល​​បែបប្រជាធិបតេយ្យ​​​​ចេញ​ពីការ​បោះ​ឆ្នោតមួយ​​ ​ អោយ​បាន​ឆាប់​រហ័ស​បំផុត។

គួរ​​​រំលឹក​ថា​ កាល​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន ប្រធានាធិបតី​ស្តីទី​ អាដលី ម៉ាន់សួរ​ បាន​​សន្យា​ថា​​​រៀបចំ​​អោយ​មាន​​ការ​បោះឆ្នោត​ បាន​មុន​ឆ្នាំ​២០១៤។ ​​នៅ​ពេល​នេះ នៅ​ក្នុង​រដ្ឋាភិបាល​បណ្តោះអាសន្ន​​អេហ្ស៊ីប​គេ​ឃើញ​​​មាន ​នាយករដ្ឋមន្ត្រី​ Hazem Beblawi ដែល​ជា​អតីត​រដ្ឋមន្ត្រី​​ហិរញ្ញវត្ថុ​អេហ្ស៊ីប។ ម្ចាស់ពានរង្វាន់​សន្តិភាព​ពិភពលោក​​ Mohamed El Baradei ​ ​ បាន​ត្រូវតែងតាំង​អោយ​គ្រប់គ្រង​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ។ អតីត​ឯក​អគ្គរដ្ឋទូត​អាមេរិក​នៅ​ក្រុង​វ៉ាស៊ីនតោន​ Nabil Fahmy កាន់កាប់​​​ក្រសួងការបរទេស ហើយ​នៅ​ទីបញ្ចប់​ Ahemed Galal​ អតីត​បុគ្គលិក​ធនាគារ​ពិភពលោក បាន​ទទួលតំណែង​​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ។ យោងតាម​នាយករដ្ឋមន្ត្រី​ Beblawi សមាសភាព​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​អាច​នឹង​ត្រូវ​​ប្រកាសអោយ​ដឹង​​នៅ​​ថ្ងៃ​អង្គារ​ស្អែក​​​ រឹ​ក៏​ថ្ងៃ​ពុធ​ខានស្អែក។

ដោយឡែក បាតុកម្ម​​របស់​សកម្មជន​គាំទ្រ​លោក​មរស៊ី​នៅតែ​បន្ត​ធ្វើ​នៅទីក្រុងគែរ។​ កាល​ពី​ថ្ងៃ​អាទិត្យ​​ម្សិលមិញ​ តុលាការអេហ្ស៊ីប​​បាន​សួរចំលើយ​លោក​មរស៊ី​ និង​សមាជិក​បក្ស​ភាតរ​អ៊ីស្លាម​មួយ​ចំនួន​ទៀត ដើម្បី​​វាយតំលៃ​​ពីស្ថានភាព​ដែល​លោក​មរស៊ី​និង​បក្សពួកខ្លួន​​បាន​​លួចរត់​ចេញ​ពី​ពន្ធនាគារ​ នៅ​ពេល​ដែល​ប្រទេស​អេហ្ស៊ីប​កំពុង​តែ​បះបោរ​ទំលាក់​អតីតប្រធានាធិបតី​ អូស្ន៊ី មូបារ៉ាក់​ នា​ដើម​ឆ្នាំ​២០១១។ ផ្នែកសន្តិសុខ​ក្នុង​ប្រទេស​​​ចង់​ដឹង​ថា តើ​សកម្មជន​ភាតរអ៊ីស្លាម​ទាំងនេះ​មាន​បាន​ទទួល​ជំនួយ​ពី​ក្រុម​ឧទ្ទាម​បរទេស​នានា​ ដូច​ជា​ក្រុម​ហាម៉ាស ​រឺ​ក៏​ក្រុ​ម​អេស្បូឡា ដែរ​រឺទេ។

ទន្ទឹម​នេះ​ដែរ តុលាការ​អេហ្ស៊ីប​បាន​សំរេច​បង្កកប្រាក់កាស​របស់​អ្នកទទួលខុសត្រូវ​​បក្ស​ភាតរអ៊ីស្លាម​ចំនួន​១៤​នាក់។ មូលហេតុ​​​មក​ពី​​មាន​មនុស្ស​ស្លាប់​៥៣​នាក់ ​ក្នុង​អំពើ​ហិង្សា កាល​ពី​ថ្ងៃ​៨​កក្កដា​ កន្លង​ទៅ​ ​​ក្នុង​ការ​ប្រឈមមុខ​រវាង​កងទ័ព​អេហ្ស៊ីប​និង​បាតុករ​គណបក្ស​នេះ។ ការ​ស៊ើបអង្កេត​របស់​អាជ្ញាធរ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​អេហ្ស៊ីប លើ​អំពើ​ហិង្សា​ថ្ងៃ​៨​កក្កដា​នេះ​​​ ត្រូ​វ​បាន​ទទួលការ​រិះគន់​ពី​អង្គការ​សិទ្ធិមនុស្ស​​ Human Rights Watchs៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ