អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តាមរយៈ​បេកកម្ម​របស់​យាន Philae ពិភពលោក​អាច​នឹង​ស្គាល់​ប្រវត្តិពិត​នៃ​ការកកើត​ប្រភព​ជីវិត​មនុស្សលោក​សព្វថ្ងៃ

ចុះផ្សាយ​នៅ​ថ្ងៃ៖

គឺ​នៅ​ថ្ងៃ​ពុធ ទី១២ វិច្ឆិកា​នេះ​ឯង​ដែល​បេសកកម្ម​របស់​យានអវកាស​រ៉ូសេតា (Rosetta) បាន​ឈាន​ចូល​ដល់​ដំណាក់​ទី២ ដែល​ពិភពលោក​ចាត់​ទុក​ជា​ដំណាក់កាល​ដ៏​សំខាន់​នៅ​ក្នុង​ប្រវត្តិ​អវកាស។ ដូច​ដែល​បាន​គ្រោង​ទុក យានអវកាស​រ៉ូសេតា (Rosetta) ទើប​បាន​ទម្លាក់​យាន​តូច​មួយ​ទៀត​ឈ្មោះ ហ្វីឡាអេ (Philae) ទៅ​ក្នុង​លំហអាកាស និង​ដែល​ហ្វីឡាអេ​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ចុះ​ចត​លើ​ផ្ទៃផ្កាយដុះកន្ទុយ​ដែល​គេ​ហៅ​ថា​ជូរី (Churyumou-Gerasimenko)។ យាន​ហ្វីឡាអេ​ត្រូវ​ការ​ពេល ៧ម៉ោង​ដើម្បី​អាច​ទៅ​ដល់​ផ្កាយដុះកន្ទុយ​ជូរី។

តាមរយៈ​បេកកម្ម​របស់​យាន Philae ពិភពលោក​អាច​នឹង​ស្គាល់​ប្រវត្តិពិត​នៃ​ការកកើត​ប្រភព​ជីវិត​មនុស្សលោក​សព្វថ្ងៃ
តាមរយៈ​បេកកម្ម​របស់​យាន Philae ពិភពលោក​អាច​នឹង​ស្គាល់​ប្រវត្តិពិត​នៃ​ការកកើត​ប្រភព​ជីវិត​មនុស្សលោក​សព្វថ្ងៃ ESA/ATG medialab
ផ្សាយពាណិជ្ជកម្ម

បេសកកម្ម​អវកាស​នេះ ជា​បេសកកម្ម​ដែល​បាន​រៀបចំ​ធ្វើ​ឡើង​ដោយ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប និង​ដែល​បាន​ត្រូវ​ចំណាយ​លុយ​សរុប ១ ៣០០លានអឺរ៉ូ​សម្រាប់​រយៈពេល ២០ឆ្នំា។ កាល​ពី ១០ឆ្នំា​មុន ពោល​ក្នុង​ខែ​មីនា ឆ្នំា ២០០៤ ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​បាន​បាញ់​បញ្ជូន​យានអវកាស​រ៉ូសេតា (Rosetta) ដោយ​នំា​ទៅ​ជាមួយ​នូវ​យានតូច​មួយ​ទៀត​ឈ្មោះ ហ្វីឡាអេ (Philae) ដែល​មាន​ទម្ងន់​ប្រមាណ​ជា ១០០គីឡូក្រាម និង​ដែល​មាន​បំពាក់​ដោយ​ឧបករណ៍​វិទ្យាសាស្រ្ត ឬ​មួយ​ក៏​ប្រដាប់វាស់ស្ទង់​ជា​ច្រើន​ទៀត។ គោលដៅ​របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប គឺ​បញ្ជូន​យានហ្វីឡាអេ​ទៅ​ចុះ​ចត​នៅ​លើ​ផ្ទៃផ្កាយដុះកន្ទុយ​ដែល​មាន​ឈ្មោះ​ថា ជូរី (Tchourioumov-Guérassimenko)។ ឈ្មោះ​នេះ​យក​តាម​ឈ្មោះ​តារាវិទូ​អ៊ុយក្រែន​ពីរ​រូប​ដែល​បាន​រកឃើញ​ផ្កាយដុះកន្ទុយ​នេះ​កាល​ពី​ឆ្នាំ​១៩៦៩។

កាល​ពី​នៅ​ថ្ងៃ​ពុធ ទី៦ សីហា ឆ្នំា ២០១៤ និង​ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​អស់​រាប់ពាន់លាន​គីឡូម៉ែត្រ​នៅ​ក្នុង​គន្លង​ជុំវិញ​ព្រះអាទិត្យ​មក ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ចូល​ក្នុង​គន្លង​នៃ​ផ្កាយដុះកន្ទុយ​ជូរី​របស់​យានអវកាស​រ៉ូសេតា។ នៅ​ថ្ងៃ​ពុធ ទី១២ វិច្ឆិកា​នេះ និង​ជាង​៣ខែ​ក្រោយ​ពី​បាន​ចូល​ក្នុង​គន្លង​នៃ​ផ្កាយដុះកន្ទុយ​ជូរី​មក យានអវកាស​រ៉ូសេតា​ទើប​បាន​ទម្លាក់​កូនយាន​ហ្វីឡាអេ​ទៅ​ក្នុង​លំហអាកាស​ប្រកប​ដោយ​ជោគជ័យ​ក្នុង​ចម្ងាយ​ជាង ២២គីឡូម៉ែត្រ​ពី​ផ្កាយដុះកន្ទុយ​ជូរី។ នៅ​ពេល​នេះ កូនយាន​ហ្វីឡាអេ​កំពុង​ធ្វើ​ដំណើរ​ដោយ​ខ្លួន​ឯង​ក្នុង​ល្បឿន​ជាង ៣គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ឆ្ពោះ​ទៅ​ចុះ​ចត​លើ​ផ្ទៃ​ផ្កាយដុះកន្ទុយ​ជូរី។ បើ​អ្វីៗ​មាន​ដំណើរការ​ល្អ​ដូច​បាន​គ្រោង​ទុក យាន​ហ្វីឡាអេ​នឹង​ត្រូវ​ទៅ​ដល់​ផ្កាយដុះកន្ទុយ​ជូរី​ក្នុង​ថ្ងៃទី១២ វិច្ឆិកា​នេះ។

អ្វី​ទៅ ជា​បេសកកម្ម​របស់​យាន​ហ្វីឡាអេ (Philae) ទៅ​កាន់​ផ្កាយដុះកន្ទុយ​ជូរី?

បេសកកម្ម​របស់​យាន​ហ្វីឡាអេ​គឺ​ស្វែង​យល់​អំពី​ប្រវត្តិពិត​របស់​ផ្កាយដុះកន្ទុយ​ជូរី ពោល​គឺ​សំដៅ​សិក្សា​ឲ្យ​កាន់​តែ​ច្បាស់​អំពី​សណ្ឋានដី និង​ធាតុផ្សំ​នៃ​ផ្កាយដុះកន្ទុយ​នោះ។ សព្វថ្ងៃ​នេះ ផ្កាយដុះកន្ទុយ​ជូរី​កំពុង​ស្ថិត​ចម្ងាយ​ជាង ៥០០លានគីឡូម៉ែត្រ​ពី​ភពផែនដី និង​ជិត ២០០លាន​គីឡូម៉ែត្រ​ពី​ព្រះអាទិត្យ។ បើ​ធៀប​នឹង​ភព​ផ្សេងៗ​ទៀត​ដែល​កំពុង​មាន​វត្តមាន​នៅ​ជុំវិញ​ភពផែនដី ភពផ្កាយដុះកន្ទុយ​ជូរី​មាន​ពណ៌​ខ្មៅ​ដូច​ធ្យូង មាន​ទំហំ​មិន​ធំ​ទេ និង​មាន​បណ្តោយ​ប្រមាណ​ជា ៤គីឡូម៉ែត្រ។ ក៏​ប៉ុន្តែ វា​ជា​ភព​មួយ​ដែល​ក្រុមអ្នកវិទ្យាសាស្រ្ត​កំពុង​នំា​គ្នា​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លំាង ពិសេស​គឺ​ក្រុម​តារាវិទូ​តែ​ម្តង។ មូលហេតុ មក​ពី​ផ្កាយដុះកន្ទុយ​ជូរី​មួយ​នេះ​ជា​វត្ថុធាតុដើម​ដែល​សល់​ពី​ការ​បង្កើត​ប្រព័ន្ធ​ព្រះអាទិត្យ​កាលពី ៤ ៦០០លានឆ្នំា​មុន។

ក្រុមអ្នកវិទ្យាសាស្រ្ត ក៏​ដូច​ជា​ក្រុមតារាវិទូ​បាន​ចោទ​សួរ​ថា តើ​ផ្កាយដុះកន្ទុយ​ជូរី​មិនមែន​ជា​បិតា​នៃ​ការ​បង្កើត​ភពផែនដី និង​ជីវិត​មនុស្សលោក សត្វលោក​សព្វថ្ងៃ​ទេ ឬ​យ៉ាង​ណា?។ បើ​មិន​ដូច្នោះ តើ​វត្តមាន​នៃ​ភពផែនដី និង​ព្រះអាទិត្យ​បាន​កើត​ឡើង​យ៉ាង​ដូចម្តេច និង​មាន​ប្រភព​ចេញ​មក​ពី​ណា?។ តើ​វត្តមាន​ម៉ូឡេគុល​ទឹក​ដែល​មាន​នៅ​លើ​ភពផែនដី​សព្វថ្ងៃ​នេះ មិនមែន​មាន​ប្រភព​ដើម​ចេញ​ពី​ផ្កាយ​ដុះកន្ទុយ ទេ ឬ​យ៉ាង​ណា?។ គឺ​មាន​តែ​បេសកកម្ម​របស់​យាន​ហ្វីឡាអេ​ទេ​ដែល​អាច​ឆ្លើយ​នឹង​សំណួរ​ទំាង​អស់​នេះ​បាន។

ការ​ដែល​គេ​នំា​គ្នា​ផ្តោតសំខាន់​លើ​ផ្កាយដុះកន្ទុយ​ជូរី​ក៏​ដោយសារ​ថា តំាង​ពី ៤ ៦០០លានឆ្នំា​កន្លង​ទៅ វត្ថុធាតុដើម​ដែល​សល់​ពី​ការ​បង្កើត​ប្រព័ន្ធ​ព្រះអាទិត្យ​មួយ​នេះ​បាន​រក្សា​ទុក​ពត៌មានដើម និង​អាថ៌កំបំាង​ជា​ច្រើន​ដែល​អាច​បញ្ជាក់​ពី​វត្តមានទឹក និង​ជីវិត​របស់​មនុស្សលោក​សព្វថ្ងៃ។ នេះ​ក៏​ដោយសារ​ថា សីតុណ្ហភាព​នៅ​ផ្ទៃក្នុង​ផ្កាយដុះកន្ទុយ​ជូរី​នោះ​នៅ​ឋេរ គឺ ២៧០អង្សារ​ក្រោម​សូន្យ។ គឺ​ជា​កម្រិត​សីតុណ្ហភាព​មួយ​ដែល​អនុញ្ញាត​ឲ្យ​ផ្កាយដុះកន្ទុយ​អាច​រក្សា​ភាពដើម​របស់​ខ្លួន​សឹង​តែ​ទំាងស្រុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ