អានតួអត្ថបទ
កម្ពុជា

លោក​សម រង្ស៊ី​សរសេរ​លិខិត​ម្តងទៀត ដើម្បី​សុំ​ចូល​គោរព​ព្រះវិញ្ញាណក្ខន្ធ​ព្រះមហា​វីរក្សត្រ

លោក សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង ដែល​កំពុង​ស្ថិតនៅ​ក្រៅ​ប្រទេស បាន​សេរ​សេរ​លិខិត​មួយ​ថ្មី​ទៀត ដាក់​ទៅ​កាន់​ប្រមុខ​ដឹកនាំ​ទាំង ៣ រូប របស់​គណបក្ស​កាន់អំណាច ដើម្បី​ស្វែងរក​ផ្លូវ ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅ​ព្រះបរមរាជវាំង ក្នុង​ទីក្រុង​ភ្នំពេញ​។ មកដល់​ថ្ងៃ​២៤​តុលា​នេះ មិនទាន់​មាន​ការ​ឆ្លើយ​តប​បែបណា​ទេ តែ​បើ​តាម​លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្តីសង្ឃឹម​របស់​លោក សម រង្ស៊ី ហាក់ដូចជា នឹង​មិន​អាច​ទៅ​រួច​ឡើយ​។​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោកសម រង្ស៊ី (រូបថតឯកសារ)
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោកសម រង្ស៊ី (រូបថតឯកសារ)
ផ្សាយពាណិជ្ជកម្ម

​អស់​ពី​លិខិត​ថ្វាយ​ព្រះមហាក្សត្រ និង​លិខិត​ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​១៧​តុលា គឺ​នៅ​ពេល​នេះ លោក សម រង្ស៊ី បាន​សរសេរ​លិខិត​ជាថ្មី​ម្តងទៀត ផ្ញើ​ជូន​ប្រមុខ​ដឹកនាំ​កំពូល​ទាំងបី​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​តែ​ដឹកនាំ​ប្រទេស ដឹកនាំ​ទាំង​ព្រឹទ្ធសភា ទាំង​រដ្ឋសភា និង​ទាំង​រដ្ឋាភិបាល។​

​លិខិត​រួម​របស់​លោក សម រង្ស៊ី ធ្វើ​នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១២ បាន​ផ្ញើជូន​សម្តេច​ទាំងបី របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងនាម​ជា​ប្រធាន និង​អនុប្រធាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរមសព​សម្តេច​ព្រះ​មហា​វីរក្សត្រ​។ លិខិត​នោះ ត្រូវបាន​មន្ត្រី​ខុទ្ទកាល័យ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលយក​កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១២។​

​ម្តងនេះ លោក សម រង្ស៊ី បាន​ទទូច​សុំ​អន្តរាគមន៍​ដោយ​ទឹកចិត្ត​យោគយល់​ពី​ប្រមុខ​ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​លោក​បាន​វិល​ចូល​ប្រទេស​កម្ពុជា ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ និង​ឃើញ​ព្រះ​ភក្ត្រ​ចុងក្រោយ​របស់​សម្តេច​ព្រះ​មហា​វីរក្សត្រ សម្តេចឪ នរោត្តម សីហនុ នៅ​ព្រះបរមរាជវាំង។ 

​លោក​សម​ រង្ស៊ី ក៏​បាន​ជម្រាបជូន​សម្តេច​ទាំង​បី​ថា ព្រះករុណា សម្តេចឪ មាន​ព្រះ​មហាករុណា​ទិ​គុណដ៏​ធំធេងចំពោះ​រូប​លោក និង​ក្រុមគ្រួសារ​លោក។​

​ក្នុងស្ថានភាព​ដែល​កម្ពុជា​រង​នូវ​ព្រះរាជ​អវត្តមាន​ជា​រៀង​រហូត​របស់​ព្រះវររាជបិតា សម្តេចឪ លោក សម រង្ស៊ី អះអាងថា ក្នុងនាម​លោក​ជា​កូន​ខ្មែរ​មួយ​រូប លោក​ចាំបាច់​ត្រូវតែ​ខិតខំ​ជួយ​ពង្រឹងការផ្សះផ្សា​ជាតិ រួបរួម​ជាតិ ឯកភាព​ជាតិ និង​ជួយ​ដោះស្រាយ​បញ្ហា​ខ្មែរ ដោយ​ខ្មែរ​គ្នាឯង ស្រប​តាម​ព្រះរាជ​តំរិះ និង​ព្រះរាជ​ជំហរ​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះអង្គ។​

​មកដល់​រសៀល​នេះ មិនទាន់​មាន​ការ​ឆ្លើយ​តប​បែប​ណា​ពី​ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា នៅឡើយ​ទេ​។ ក៏​ប៉ុន្តែ​លោក ផៃ ស៊ីផា​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុក​លិខិត​របស់​លោក​សម​ រង្ស៊ីថា​ជា​ការធ្វើ​នយោបាយ​លើ​ព្រះ​បរមសព​ព្រះករុណា ហើយ​ថា រដ្ឋាភិបាល ពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​ប្រកាន់​យក​នយោបាយ​បង្រួបបង្រួម និង​ផ្សះផ្សា​ជាតិ តាំងពី​មុន​ឆ្នាំ​១៩៩០ ពោល​គឺ​ មុន​ថ្ងៃ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១​។ នយោបាយ​រួបរួម និង​ផ្សះផ្សាជាតិ ក៏​ត្រូវ​រដ្ឋាភិបាល​ប្រកាន់​យក​ជា​ដរាប បើទោះបីជា​ព្រះមហាវីរក្សត្រ បាន​យាង​ចូល​ទិវង្គត​ក៏ដោយ។​

​លោក ផៃ ស៊ីផា​ន បាន​បន្ថែមថា "​រាជរដ្ឋាភិបាល បាន​ដង្ហែ​តាម​ព្រះទ័យ​របស់​ព្រះករុណា​សម្តេច​ព្រះមហាវីរក្សត្រ​... ហើយ​រាជរដ្ឋាភិបាល នៅតែ​គោរព​នូវ​ការបង្រួបបង្រួម ការផ្សះផ្សាជាតិ តាម​ព្រះរាជ​តំរិះ​របស់​ព្រះអង្គ​ដដែល​។ មិនមែន​បានសេចក្តីថា ព្រះមហាវីរក្សត្រ កាល​ពី​លោក​នៅ​មាន​ព្រះជន្ម គណបក្សប្រឆាំង​ឆក់​ឱកាស​រំលោភច្បាប់ ហើយ​នៅពេល​ដែល​ព្រះអង្គ​យាង​ចូល​ទិវង្គត គណបក្សប្រឆាំង នៅតែ​ឆក់​ឱកាស រំលោភ​ច្បាប់​នោះ​ទេ​។ អីចឹង ការគោរព​នេះ រាជរដ្ឋាភិបាល​ត្រូវតែ​គោរព​ជានិច្ចជា​កាល ចំពោះ​នីតិរដ្ឋ"។​

​ការលើកឡើង​របស់​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបា​ល​ដូច្នេះ ក៏​ជា​ការឆ្លើយតប​ទៅ​កាន់​មេដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ពិធី​ជួបជុំ​រម្លឹក​ខួប​ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ ថ្ងៃ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ដែល​បាន​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​២៤​តុលា ឆ្នាំ​២០១២ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សមរង្ស៊ី ក្នុង​រាជធានី​ភ្នំពេញ​។ គណបក្សប្រឆាំង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​នយោបាយ​បង្រួបបង្រួម និង​ផ្សះផ្សា​ជាតិ ដោយ​បើកផ្លូវ​ឲ្យ​លោក​សម ​រង្ស៊ី ដែល​តុលាការ​កម្ពុជា​ផ្តន្ទាទោស​កំបាំងមុខ ដាក់ពន្ធនាគារ ១២ ឆ្នាំ ក្នុង​រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម បាន​វិលត្រឡប់​ចូល​ស្រុក​ឡើងវិញ។​

​ក្នុងអំឡុងពេល​ការយាង​ចូល​ព្រះ​ទិវង្គត របស់​សម្តេច​ព្រះមហាវីរក្សត្រ គឺ​រដ្ឋាភិបាល តាមរយៈ​ក្រសួង​មហាផ្ទៃ មិន​បាន​រៀបចំ​ឲ្យមាន​ការលើកលែងទោស​ដល់​អ្នកទោស​ឡើយ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​ឧត្តមសេនីយ៍ គុយ ប៊ុនសន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ របស់​ក្រសួង​មហាផ្ទៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ